ព្រះវិហារៈ គម្រោង​ព្រៃឡង់​បៃតង​កំពុង​ការពារ​ត្រពាំង​ដែលមាន​ហានិភ័យ​ខ្ពស់ជាង​ ១០០ ​ត្រពាំង នៅក្នុង​ដែន​ជម្រក​សត្វព្រៃ ព្រះរកា គូលែន​ព្រហ្មទេព ឆែប និង​តំបន់​បេតិកភណ្ឌ​ធម្មជាតិ​ភ្នំ​ត្បែង ចាប់ពី​ដើមខែ​កុម្ភៈ ដល់​ចុងខែ​ឧសភា ខណៈ​ក្រសួង​បរិស្ថាន និង​អ្នក​ពាក់ព័ន្ធ​កំពុងបើក​យុទ្ធនាការ​អន្ទាក់​សូន្យ​ក្នុង​តំបន់​ការពារ​​ធម្មជាតិ ​ដើម្បី​ផ្តល់​សុវត្ថិភាព​បន្ថែម​ដល់​សត្វព្រៃ​។

គម្រោង​ USAID ព្រៃឡង់-​បៃតង បាន​សរសេរ​នៅលើ​​ហ្វេសប៊ុក​របស់ខ្លួន​កាលពី​ថ្ងៃទី​ ២៩ ខែមីនា​ថា ត្រពាំង​គឺជា​ប្រភពទឹក​សំខាន់​មួយ​នៅក្នុង​ព្រៃ ជាពិសេស​នៅ​រដូវប្រាំង​​ព្រោះ​សត្វព្រៃ​ជាច្រើន​ប្រភេទ​នឹង​មក​អាស្រ័យ​ប្រើប្រាស់​​ក្នុងអំឡុងពេល​ហួតហែង​ប្រចាំឆ្នាំ​។ ដោយសារ​មាន​សត្វព្រៃ​ជាច្រើន​តម្រង់​ទៅរក​ត្រពាំង​ ដើម្បី​ផឹកទឹក អ្នកប្រមាញ់​បានកំណត់​តំបន់​ទាំងនោះ​ជា​កន្លែង​ដាក់​ថ្នាំ​បំពុល ដាក់​អន្ទាក់ និង​ដាក់មង​ទាក់​ចាប់យក​សត្វព្រៃ​។

ដើម្បី​ការពារ​សត្វព្រៃ​ទាំងនោះ​គម្រោង​ USAID ​ព្រៃឡង់-​បៃតង​កំពុង​ដឹកនាំ​កិច្ចខិតខំ​ប្រឹងប្រែង​ ដើម្បី​ការពារ​ត្រពាំង​ដែលមាន​ហានិភ័យ​ខ្ពស់ជាង​ ១០០ ​ដែល​ស្ថិតនៅក្នុង​ដែន​ជម្រក​សត្វព្រៃ ព្រះរកា គូលែន​ព្រហ្មទេព ឆែប និង​តំបន់​បេតិកភណ្ឌ​ធម្មជាតិ​ភ្នំ​ត្បែង ចាប់ពី​ដើមខែ​កុម្ភៈ ដល់​ចុងខែ​ឧសភា ឆ្នាំ​ ២០២២ ​នេះ​។

បើតាម​គម្រោង​មួយ​នេះ សមាជិក​សហគមន៍​ចំនួន​ ១៤ ​នាក់​ត្រូវបាន​ចុះកិច្ចសន្យា​ ដើម្បី​ការពារ​ត្រពាំង​ដែលជា​ប្រភពទឹក​ដ៏​សំខាន់​សម្រាប់​សត្វព្រៃ​ក្នុង​រដូវប្រាំង​។ ​ចំណែក​បុគ្គលិក​របស់​គម្រោង​ USAID ​ព្រៃឡង់​បៃតង​ក៏​តាមដាន​ត្រពាំង​ទាំងនោះ​ក្នុង​ ១ ​ខែ ១ ​សប្តាហ៍​ផងដែរ​។

គម្រោង​នេះ​បញ្ជាក់ថា​ «​ដូច្នេះ​​ការការពារ​ត្រពាំង​ដែល​ប្រឈម​ខ្ពស់​គឺជា​ធាតុ​ដ៏សំខាន់​ក្នុងការ​ទប់ស្កាត់​ការបរបាញ់​សត្វព្រៃ​ខុសច្បាប់​នៅក្នុង​រដូវ​ប្រាំង​»​។

លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន​ថ្លែង​នៅ​ថ្ងៃទី​ ៣០ ខែមីនា​ថា ចំពោះ​ការការពារ​សត្វព្រៃ​ពី​ព្រាន គឺ​មន្ត្រី​ឧទ្យានុរក្ស​ក៏ដូចជា សហគមន៍​តំបន់​ការពារ​ធម្មជាតិ​តែងតែ​ចុះ​ល្បាត​យកចិត្ត​ទុកដាក់​លើ​កិច្ចការពារ​ជាប្រចាំ​ក្នុង​តំបន់​ការពារ​ធម្មជាតិ ជាពិសេស​តំបន់​ប្រភពទឹក​។

លោក​បន្តថា មិនតែ​ប៉ុណ្ណោះ​កន្លងមក តំបន់​មួយចំនួន​ក៏​​មានការ​ស្តារ​ត្រពាំង​ឡើងវិញ​ផងដែរ ដូចជា នៅ​ភូមិភាគ​ឦសាន និង​នៅ​តំបន់​ឱរ៉ាល់​ដែលមាន​តំបន់​ខ្វះ​ទឹក​។ ​យ៉ាងណា​ក៏ដោយ នៅក្នុង​ឆ្នាំនេះ មិនមាន​បញ្ហា​ចោទ​ដោយសារ​ទឹក​នោះ​​ទេ ពីព្រោះ​មានការ​ធ្លាក់ភ្លៀង​កក់ខែ​ជាច្រើន ដែល​នាំឱ្យ​មានទឹក​ដក់​សម្រាប់​ជា​ប្រភពទឹក​មួយចំនួន​បន្ថែម​សម្រាប់​សត្វព្រៃ​។

លោក​ថ្លែងថា​៖ «​មុខសញ្ញា​យើង​ភ្លាម​ហ្នឹង គឺ​នៅ​កន្លែង​ជុំវិញ​មាត់បឹង មាត់​ត្រពាំង​ហ្នឹងហើយ ប្រភពទឹក​ហ្នឹងហើយ​ដែលជា​ចំណុច​សំខាន់ ហើយ​អន្ទាក់​ក៏​ច្រើនតែ​ដាក់​នៅ​ជុំវិញ​តំបន់​ប្រភពទឹក​ហ្នឹង​ដែរ បាទ​»​។

អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន​បានឱ្យដឹង​ទៀតថា កាលពី​ថ្ងៃទី​ ៣ ខែមីនា ក្រសួងបរិស្ថាន និង​អង្គការ​ដៃគូ​ព្រមទាំង​អ្នកពាក់ព័ន្ធ​បាន​បើក​យុទ្ធនាការ​អន្ទាក់​សូន្យ​នៅក្នុង​តំបន់​ការពារ​ធម្មជាតិ​ ដើម្បី​ផ្តល់​សុវត្ថិភាព​បន្ថែមទៀត​ទៅដល់​សត្វព្រៃ​។

លោក​ថ្លែងថា គោលបំណង​សំខាន់​នៃ​តំបន់​ការពារ​ធម្មជាតិ​គឺ​មិន​ត្រឹមតែ​ជា ជម្រក ប្រភព​ចំណី ប្រភពទឹក​សម្រាប់​សត្វ​ព្រៃ​នោះទេ ប៉ុន្តែ​វា​ជា​កន្លែង​ដែល​​មាន​សុវត្ថិភាព​សម្រាប់​សត្វព្រៃ​ផងដែរ​។

អន្ទាក់​គឺជា​ឃាតករ​លាក់​មុខ​ដែល​បានសម្លាប់​សត្វព្រៃ​ដែលមាន​សត្វ​ខ្លះ​ជា​សត្វ​កម្រ​ជិត​ផុត​ពូជ​នៅលើ​ពិភពលោក​​កំពុង​មាននៅ​កម្ពុជា ហេតុនេះ​ត្រូវតែ​​មានការ​ការពារ​អភិរក្ស​ឱ្យបាន​ល្អ​។

លោក​បាន​បញ្ជាក់ថា​៖ «​រយៈពេល​ ៦​ ខែ​នៃ​យុទ្ធនាការ​អន្ទាក់​សូន្យ​គឺ​ចាប់ផ្តើម​នៅ​ថ្ងៃទី​ ៣ [​ខែមីនា​]​ នៅ​ភ្នំពេញ​ហើយ យើង​នឹង​បន្តទៅ​ធ្វើ​នៅ​ខេត្តស្ទឹងត្រែង​នៅ​ថ្ងៃទី ​៧ ខែមេសា​ខាងមុខ បន្ទាប់មក​នឹង​បន្តទៅ​ធ្វើ​នៅ​រតនគិរី មណ្ឌលគិរី ក្រចេះ ព្រះវិហារ និង​នៅ​កំពង់ធំ​បន្ថែមទៀត ដើម្បី​ចូលរួម​ក្នុង​ការទប់ស្កាត់ និង​បំបាត់​នូវ​អន្ទាក់ ដែលជា​ផ្នែក​មួយ​បំផ្លាញ​សត្វព្រៃ​របស់​យើង​»៕