កំពង់ធំៈ ​មន្ត្រីជាន់ខ្ពស់​នៃ​មន្ទីរ​សុខាភិបាល​ខេត្តកំពង់ធំ​បាន​អំពាវនាវ​ឱ្យ​គ្រប់​មន្ទីរ​ និង​កន្លែងធ្វើការ​ទាំងអស់​គួរ​រៀបចំ​បន្ទប់​សម្រាប់​បំបៅ​ដោះ​កូន ដើម្បី​សម្រួល​ឱ្យ​ស្ត្រី​ដែល​ត្រឡប់មក​ធ្វើការ​វិញ​អាច​បន្ត​ការបំបៅ​ដោះ​កូន​ ដើម្បី​ចូលរួម​អនុវត្ត​ការប្តេជ្ញាចិត្ត​របស់​កម្ពុជា​ក្នុង​ការបង្កើន​អត្រា​ការ​បំបៅកូន​ដោយ​ទឹកដោះ​ម្តាយ​តែ​ ១ ​មុខ​គត់​សម្រាប់​ទារក​ និង​កុមារ​អាយុ​ពី​សូន្យ​ដល់ ៦ ​ខែ ឱ្យបាន​ដល់​ ៨៥% នៅ​ឆ្នាំ​ ២០៣០​។

នេះ​ជា​ការលើកឡើង​របស់​លោក កែវ ដាវីន អនុប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​កំពង់ធំ ក្នុង​ពិធី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​បន្ទប់​បំបៅ​ដោះ​កូន​ជា​លើកដំបូង​នៅ​សាលាខេត្ត និង​មន្ទីរ​កិច្ចការនារី​ខេត្តកំពង់ធំ​ពីថ្ងៃ​ទី​ ២៩ ​ខែមីនា ឆ្នាំ​ ២០២២ ដោយមាន​ការសហការ​ជាមួយ​ក្រុមប្រឹក្សា​ស្តារ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម​និង​ជនបទ អង្គការ​ហេទ្បែន ខេលល័រ និង​គម្រោង​ MUSEFO នៃ​អង្គការ GIZ​។

លោក​ កែវ ដាវីន បាន​ថ្លែងថា​៖ «​ក្នុងនាម​មន្ទីរ​សុខាភិបាល​ខ្ញុំ​សូម​អំពាវនាវ​ដល់​មន្ទីរ និង​កន្លែងធ្វើការ​ដទៃ​ទៀត មេត្តា​ពិចារណា​ក្នុងការ​រៀបចំ​បន្ទប់​បំបៅ​​ដោះ​កូន​ដើម្បី​សម្រួល​ឱ្យ​ស្ត្រី​ដែល​ត្រឡប់​មក​ធ្វើការ​វិញ​អាច​បន្ត​ការ​បំបៅ​ដោះ​កូន​តទៅទៀតបាន​ស្របតាម​មាត្រា​ ១៨៤ ​និង​ ១៨៥ នៃ​ច្បាប់​ការងារ​របស់​ព្រះរាជាណាចក្រ​កម្ពុជា​យើង​»​។

នៅក្នុង​ពិធី​នោះ លោក ​ជូ ប៊ុនហៀង អគ្គលេខាធិការរង​ក្រុមប្រឹក្សា​ស្តារ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម និង​ជនបទ​ក៏​​បាន​លើកឡើង​ដែរ​ថា ការលើកកម្ពស់​អាហារូបត្ថម្ភ​ និង​ការចិញ្ចឹម​ទារក​ និង​កុមារ​គឺជា​បញ្ហា​អន្តរ​វិស័យ​ដែល​តម្រូវ​ឱ្យ​មាន​កិច្ចសហការ​ល្អ​ និង​ការចូលរួម​ដោយ​យកចិត្ត​ទុកដាក់​ពី​គ្រប់ភាគី​ទៅលើ​កិច្ចអន្តរាគមន៍​ចាំបាច់​ និង​ការវិនិយោគ​ជាក់ស្តែង​លើ​វិស័យ​ពាក់ព័ន្ធ​ជាពិសេស​វិស័យ​សុខាភិបាល អប់រំ យេនឌ័រ សេដ្ឋកិច្ច និង​ការងារ​គាំពារ​សង្គម​។

លោក​បាន​បន្តថា កន្លងមក​ដោយ​មើលឃើញ​ពី​គុណ​តម្លៃ​ និង​ភាព​ចាំបាច់​ក្នុង​ការលើកកម្ពស់​ការ​ចិញ្ចឹម​ទារក និង​កុមារ​ដែលជា​មូលដ្ឋានគ្រឹះ​ក្នុងការ​អភិវឌ្ឍ​មូលធន​មនុស្ស និង​សេដ្ឋកិច្ចជាតិ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ជ្រើសរើស​យក​ប្រធានបទ ការបំបៅកូន​ដោយ​ទឹកដោះ​ម្តាយ សម្រាប់​​ទិវា​ជាតិ​អាហារូបត្ថម្ភ​ចំនួន​ ២ ​លើក​គឺ​ខែវិច្ឆិកា​ឆ្នាំ​ ២០១៥ និង​ខែវិច្ឆិកា ឆ្នាំ​ ២០១៩ កន្លង​ទៅនេះ​។

នាយិកា​អង្គការ​ហេទ្បែន ខេលល័រ លោកស្រី Gwyneth Cotes បាន​ថ្លែង​ក្នុង​ឱកាស​សម្ពោធ​បន្ទប់​សម្រាប់​បំបៅ​ដោះ​កូន​នោះដែរ​ថា តាម​ការសិក្សា​នៅ​ប្រទេស​ផ្សេង​កន្លងមក បាន​​រកឃើញថា គម្រោង​លើកកម្ពស់​អាហារូបត្ថម្ភ និង​ការចិញ្ចឹម​ទារក​ និង​កុមារ​នៅតាម​រោងចក្រ​សហគ្រាស​ និង​កន្លែង​ធ្វើការ បានផ្តល់​នូវ​ដំណោះស្រាយ​សមស្រប​ដ៏សំខាន់​មួយ​ដែល​​មានការ​ចំណាយ​តិច​ហើយ​អនុញ្ញាត​​ឱ្យ​និយោជិត​ជា​ស្ត្រី​នៅតែ​អាច​បន្ត​បំបៅកូន​ដោយ​ទឹកដោះ​ម្តាយ​នៅពេល​ពួកគេ​ត្រឡប់មក​ធ្វើការ​វិញ​។

គម្រោង​ដូចនេះ​ក៏បានផ្តល់​ជា​វេទិកា​​មួយ​ដល់​ស្ត្រី​ដើម្បី​ពួកគេ​មានឱកាស​ចូលរួម​ក្នុង​កម្មវិធី​សំខាន់​ផ្សេងៗ​ដូចជា​ការអប់រំ​អាហារូបត្ថម្ភ​ និង​អនាម័យ ការអប់រំ​ការចិញ្ចឹម​ទារក​ និង​កុមារ ការប្រឹក្សា​លើ​របប​អាហារ​ និង​សុខភាព​របស់​ស្ត្រី​ និង​ច្បាប់​ការងារ​។

លោកស្រី​បាន​មានប្រសាសន៍​ថា​៖ «​ចំពោះ​គម្រោង​សាកល្បង​នៅ​កម្ពុជា ខ្ញុំ​សង្ឃឹមថា មេរៀន​ល្អៗ​នឹង​ត្រូវបាន​ប្រើប្រាស់​ក្នុងការ​ពិចារណា​ការសម្រួល​ខ្លឹមសារ​ខ្លះៗ​លើ​រយៈពេល​លម្ហែ​មាតុភាព និង​តម្រូវ​ការរៀបចំ​បន្ទប់​បំបៅ​ដោះ​កូន​នៅ​កន្លែងធ្វើការ​ក្នុងការ​ផ្តល់​​ឱកាស​ដល់​ស្ត្រី​ជា​ម្តាយ​អាច​បន្ត​ការ​បំបៅកូន​ដោយ​ទឹកដោះ​ម្តាយ​តែមួយ​មុខ​គត់​រយ:ពេល​ ៦​ ខែ ស្របតាម​គោលនយោបាយ​របស់​ក្រសួង​សុខាភិបាល​ផង​ និង​ស្របតាម​ការប្តេជ្ញា​ចិត្ដ​​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ផង​»​។

រីឯ​លោកស្រី Sanne Sigh តំណាង​គម្រោង MUSEFO នៃ​អង្គការ GIZ បាន​ថ្លែង​ដែរ​ថា​៖ «​ឧបសគ្គ​មួយ​សម្រាប់​ម្តាយ​គឺ​ពួកគេ​មាន​ពេល​សម្រាកលម្ហែ​មាតុភាព​តែ​ ៣ ​ខែ​ប៉ុណ្ណោះ​ជាមួយនឹង​ការទូទាត់​ត្រឹមតែ​ ៥០ ​ភាគរយ​នៃ​ប្រាក់បៀវត្សរ៍​របស់​ពួកគេ​ដែល​ធ្វើឱ្យមាន​បញ្ហា​សេដ្ឋកិច្ច​ក្នុងពេល​ និង​ក្រោយ​សម្រាលកូន​រួច​»​។

លោកស្រី​ថា បន្ទប់​បំបៅ​ដោះ​កូន​នៅ​កន្លែងធ្វើការ​អាចជួយ​ឱ្យ​ស្ត្រី​បន្ត​ការ​បំបៅកូន​ដោយ​ទឹកដោះ​តែ​ ១ ​មុខ​គត់​រយ:ពេល​ ៦ ​ខែ​ និង​បន្ត​ដល់​អាយុ​ ២​ ឆ្នាំ​ និង​លើសពីនេះ​។ ​ការ​បំបៅកូន​ដោយ​ទឹកដោះ​ម្តាយ និង​ចំណង​រវាង​ម្តាយ​ និង​កុមារ​មាន​សារៈសំខាន់​សម្រាប់​ការអភិវឌ្ឍ​ និង​ការលូតលាស់​នៅ​ដំណាក់កាល​ដំបូង​នៃ​ជីវិត​របស់​កុមារ​។

ចំណែក​លោកស្រី ស៊ិន ស៊ីផាន ប្រធាន​មន្ទីរ​កិច្ចការនារី​ខេត្តកំពង់ធំ​​ក៏បាន​លើកឡើង​ផងដែរ​ថា ការលើក​កម្ពស់​អាហារូបត្ថម្ភ​ និង​ការចិញ្ចឹម​ទារក​និង​កុមារ​នៅ​កន្លែងធ្វើការ​រួមទាំង​​ការរៀបចំ​បង្កើត​បន្ទប់​បំបៅ​ដោះ​កូន​​នឹងចូលរួម​ចំណែក​ក្នុងការ​អនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​នារីរតនៈ ទី​ ៥ លើ​មុំ​ទី​ ២​ ស្តីពី​ការលើកកម្ពស់​ការអប់រំ​របស់​ស្ត្រី​ និង​ក្មេងស្រី និង​មុំ​ទី​ ៣ ​ស្តីពី​ការលើក​កម្ពស់​សុខភាព​ស្ត្រី និង​ក្មេងស្រី បង្ការ និង​ទប់ស្កាត់​ការឆ្លង​មេរោគ​អេដស៍ និង​បញ្ហា​អាហារូបត្ថម្ភ​។

លោកស្រី​បាន​ថ្លែងថា​៖ «​ដើម្បី​ចូលរួម​អនុវត្ត​ការប្តេជ្ញាចិត្ត​របស់​កម្ពុជា​ក្នុង​ការបង្កើន​អត្រា​ការ​បំបៅកូន​ដោយ​ទឹកដោះ​ម្តាយ​តែមួយ​មុខ​គត់​សម្រាប់​ទារក​ និង​កុមារ​អាយុ​ពី​សូន្យ​ដល់​ ៦ ​ខែ​ឱ្យបាន​ដល់​ ៨៥​ ភាគរយ នៅ​ឆ្នាំ​ ២០៣០ មន្ទីរ​កិច្ចការនារី​ខេត្តកំពង់ធំ​បាន​ផ្តួចផ្តើម​គំនិត​ក្នុងការ​បង្កើត​បន្ទប់​បំបៅ​ដោះ​កូន​នេះ ដើម្បី​សម្រួល​ដល់​ម្តាយ​ដែល​បម្រើ​ការងារ​អាចមាន​កន្លែង​សមរម្យ​ក្នុង​ការបន្ត​បំបៅ​ដោះ​កូន​ប្រកប​ដោយ​អារម្មណ៍​កក់ក្តៅ​»​។

គួរ​បញ្ជាក់ថា កាលពី​ថ្ងៃទី​ ៤ ខែមីនា​កន្លង​ទៅនេះ មជ្ឈមណ្ឌល​ជាតិ​គាំពារ​មាតា​ និង​ទារក​នៃ​ក្រសួង​សុខាភិបាល​ក៏បាន​ដាក់ឱ្យ​ដំណើរការ​នូវ​បន្ទប់​បំបៅ​ដោះ​កូន​ផងដែរ​ ដើម្បី​សម្រួល​ដល់​ម្តាយ​ដែល​បម្រើ​ការងារ​នៅ​មជ្ឈមណ្ឌល​នេះ​ផ្ទាល់​ និង​ម្តាយ​ដែល​មក​ពិនិត្យ​សុខភាព​​ដែលមាន​កូនតូច​មក​ជាមួយ​៕