ភ្នំពេញៈ លោក កែ គឹមយ៉ាន ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ជំរុញ​ឱ្យ អាជ្ញាធរ​ថ្នាក់ក្រោម​ជាតិ​ត្រូវ​បន្ត​ពង្រឹង​យន្តការ​ត្រួតពិនិត្យ​គ្រឿងញៀន ដែលមាន​ស្រាប់​នៅតាម​មូលដ្ឋាន រាជធានី-​ខេត្ត ស្រុក ក្រុង ឃុំ សង្កាត់ ភូមិ និង​ត្រូវ​ម្ចាស់ការ​ក្នុង​ការទទួល​ខុសត្រូវ​ដោះស្រាយ​បញ្ហា​គ្រឿងញៀន​នៅតាម​មូលដ្ឋាន​របស់ខ្លួន​ស្របតាម​ខ្លឹមសារ​នៃ​បទបញ្ជា​ស្តីពី​ការពង្រឹង​វិធានការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន និង​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ខុសច្បាប់​របស់​រាជរដ្ឋាភិបាល​។

ក្នុង​សន្និបាត បូកសរុប​លទ្ធផល​ការងារ​ត្រួតពិនិត្យ​គ្រឿងញៀន​ឆ្នាំ ​២០២១ និង​លើក​ទិសដៅ​ការងារ​សម្រាប់​ឆ្នាំ​ ២០២២ របស់​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន នៅ​ថ្ងៃទី ៣០ ខែមីនា លោក កែ គឹមយ៉ាន ថ្លែងថា អាជ្ញាធរ​ថ្នាក់​ក្រោម​ជាតិ ក៏ត្រូវ​បន្ត​លើកកម្ពស់​ការយល់ដឹង​ជា​សាធារណៈ​ពី​បញ្ហា​គ្រោះថ្នាក់​ដែល​បណ្តាលមកពី​គ្រឿងញៀន​ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព​បន្ថែមទៀត​តាម​គ្រប់​រូបភាព គ្រប់​ទីកន្លែង និង​បន្ត​យកចិត្ត​ទុកដាក់​ធ្វើការ​ផ្សព្វផ្សាយ​អប់រំ​អំពី​ច្បាប់​ស្តីពី​ការត្រួតពិនិត្យ​គ្រឿងញៀន រួមទាំង​ការអំពាវនាវ​ដល់​តួអង្គ​ពាក់ព័ន្ធ​ទាំងអស់​ឱ្យចូល​រួម​សកម្មភាព​ក្នុង​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ខុសច្បាប់ សំដៅ​កាត់បន្ថយ​បទល្មើស​គ្រឿងញៀន ការពារ​សុខុមាលភាព និង​សុវត្ថិភាព​សង្គម ឱ្យបាន​ជ្រួតជ្រាប​គ្រប់​ទីកន្លែង ដោយ​ប្រើប្រាស់​គ្រប់​មធ្យោបាយ គ្រប់​រូបភាព ចំ​គោលដៅ និង​មុខសញ្ញា ព្រមទាំង មាន​វិធីសាស្ត្រ​សមស្រប​ក្នុងការ​ផ្សព្វផ្សាយ​អប់រំ ងាយ​ស្តាប់ ងាយ​យល់ និង​ងាយ​ទទួល​យកបាន​។

លោក កែ គឹមយ៉ាន ថា អាជ្ញាធរ​ថ្នាក់ក្រោម​ជាតិ​ត្រូវ​បន្ត​ពង្រឹង​សមត្ថភាព​ការងារ​របស់​ខ្លួន ក្នុង​ការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ជាពិសេស​ការងារ​ត្រួតពិនិត្យ​សារធាតុ​គីមី​ផ្សំ​គ្រឿងញៀន ការងារ​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ឆ្លងដែន ការដាំដុះ ការផលិត និង​ការប្រើប្រាស់​គ្រឿងញៀន​។ ការពង្រឹង​នូវ​ការអនុវត្ត​វិធានការ​រដ្ឋបាល ចំពោះ​សណ្ឋាគារ ផ្ទះសំណាក់ កន្លែង​សប្បាយដ្ឋាន និង​ការពន្លឿន​នីតិវិធី​នៃ​ការរឹបអូស​ទ្រព្យសម្បត្តិ ដែល​បានមកពី​បទល្មើស​គ្រឿងញៀន​។

លោក​ស្នើ​អាជ្ញាធរ​ថ្នាក់ក្រោម​ជាតិ​ត្រូវ​បន្ត​ពង្រឹង​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ ទ្វេភាគី ត្រីភាគី ជាមួយ​ប្រទេស​ជាប់​ព្រំដែន ជាពិសេស​ព្រំដែន​កម្ពុជា​-​ឡាវ តាមរយៈ​ការអនុវត្ត​ស្មារតី​ដែល​បាន​ព្រមព្រៀង​គ្នា ស្តីពី​ការត្រួតពិនិត្យ​គ្រឿងញៀន និង​ការអនុវត្ត​យន្តការ​ភូមិ ឃុំ សង្កាត់ ស គ្មាន​គ្រឿងញៀន​នៅ​តំបន់​ជាប់​ព្រំដែន​។

លោក មាស វីរិទ្ធ អគ្គលេខាធិការ​នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀនប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ថា នៅក្នុង​ផែនការ​លេខ ០១ ​របស់​រាជរដ្ឋាភិបាល​តម្រូវឱ្យ​គណៈកម្មការ​ត្រួតពិនិត្យ​គ្រឿងញៀន​រាជធានី​-​ខេត្ត រៀបចំ​ផែនការ​សកម្មភាព ក្នុង​ការត្រួតពិនិត្យ​គ្រឿងញៀន​ក្នុង​ដែន​សមត្ថកិច្ច​របស់ខ្លួន​ឱ្យបាន​ត្រឹមត្រូវ និង​មាន​ប្រសិទ្ធភាព ជាពិសេស​រៀបចំ​ឱ្យមាន​យន្តការ​ដោះស្រាយ​បញ្ហា​គ្រឿងញៀន​នៅក្នុង​មូលដ្ឋាន​ស្រុក ខណ្ឌ ក្រុង​។

ក្រៅពីនោះ អាជ្ញាធរ​ថ្នាក់ក្រោម​ជាតិ​ត្រូវ​រៀបចំ​យន្តការ​ត្រួតពិនិត្យ​គ្រឿងញៀន​នៅតាម​ឃុំ​សង្កាត់​ជាពិសេស គឺ​ការបង្កើត​គណៈកម្មការ​ត្រួតពិនិត្យ​គ្រឿងញៀន ក្រុង ស្រុក ខណ្ឌ និង​ឃុំ ឱ្យបាន​ច្បាស់លាស់ ដើម្បី​ធានាថា យន្តការ​ទាំងអស់​នឹង​អាច​ដោះស្រាយ​បញ្ហា​បាន​នូវ​គ្រឿងញៀន​នៅ​ថ្នាក់មូលដ្ឋាន​។ រៀបចំ​ឱ្យមាន​ភូមិ​ឃុំ​សង្កាត់ ស នៅតាម​បន្ទាត់​ព្រំដែន​៕