ភ្នំពេញៈ មន្ត្រី​ជាន់ខ្ពស់​ក្រសួងការបរទេស លើកឡើងថា «​កម្ពុជា​ប្រកាន់​យ៉ាង​ខ្ជាប់ខ្ជួន​នូវ​លទ្ធិប្រជាធិបតេយ្យសេរី​ពហុបក្ស​» ​ខណៈ​អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ​ថា លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា នៅតែ​បង្ក​ការព្រួយបារម្ភ​ជាពិសេស​ក្នុងអំឡុងពេល​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​​ឃុំ សង្កាត់​កាន់តែ​ខិតជិត​ចូលមក​ដល់​។

ក្នុងជំនួប​ជាមួយ​លោក វិទិត មុនតាប៊ន (Vitit Muntarbhorn) ​អ្នករាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា កាលពី​ថ្ងៃទី​ ២៥ ខែមីនា លោក លុយ ដាវីត រដ្ឋលេខាធិការ​ក្រសួង​ការបរទេស​ថ្លែងថា​៖ «​កម្ពុជា​ប្រកាន់​យ៉ាង​ខ្ជាប់ខ្ជួន​នូវ​លទ្ធិ​​ប្រជាធិបតេយ្យ សេរី​ពហុបក្ស ដែល​បច្ចុប្បន្ន​មាន គណបក្សនយោបាយ ចំនួន​ ៤៧ ដោយ​ក្នុងនោះ​មាន​គណបក្សនយោបាយ ចំនួន ១៧ បាន​ចុះឈ្មោះ​ដើម្បី​ធ្វើការ​ប្រកួតប្រជែង​នៅក្នុង​ការបោះឆ្នោត​ឃុំ សង្កាត់​នៅក្នុង​ខែមិថុនា ឆ្នាំ​ ២០២២»​។

លោក លុយ ដាវីត បន្តថា ក្នុង​ស្មារតី​បង្រួបបង្រួម​ជាតិ រដ្ឋសភា​បានធ្វើ​វិសោធនកម្ម​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ​ក្នុង​ឆ្នាំ​ ២០១៩ ដែល​បាន​បើកផ្លូវ​ដល់​ការទទួល​បាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ​សម្រាប់​អ្នក​ដែល​បាន​បាត់បង់​សិទ្ធិ ដោយ​សាលដីកា​តុលាការ និង​សម្រាប់​អ្នក​ដែល​កំពុង​ស្នើសុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ​។

ប៉ុន្តែ​លោក មុនតាប៊ន បាន​ថ្លែង​ទៅកាន់​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ​កាលពី​ថ្ងៃទី ២៩ ខែមីនា អំពី​ស្ថានភាព​សិទ្ធិមនុស្ស​ក្នុងប្រទេស​កម្ពុជា​ថា លម្ហ​សេរីភាព​ពលរដ្ឋ និង​នយោបាយ​នៅ​កម្ពុជា​កាន់តែ​រួម​តូច​ទៅ​ និង​ដើរ​ថយក្រោយ ដោយសារតែ​ការគ្រប់គ្រង​ «​បែប​ឯកបក្ស​»​។

លោក​ថ្លែងថា​៖ «​ទិដ្ឋភាព​សិទ្ធិមនុស្ស និង​លទ្ធិ​ប្រជាធិបតេយ្យ​នៅក្នុង​ប្រទេស​កម្ពុជា​នៅតែ​បង្ក​ការព្រួយបារម្ភ​លើ​វិស័យ​ជាច្រើន ជាពិសេស​ក្នុងពេល​ដែល​កាន់តែ​ខិតជិត​ដល់​ការបោះឆ្នោត​ឃុំ សង្កាត់ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ខែមិថុនា​ឆ្នាំនេះ​»​។

លោក​ថ្លែងថា ខណៈពេល​ដែល​ប្រទេស​កម្ពុជា​មាន​ការកែលម្អ​ទាក់ទង​នឹង​សេចក្តី​ព្រាង​ច្បាប់​ថ្មីៗ​ ដើម្បី​ការពារ​ជន​ងាយ​រងគ្រោះ កិច្ចខិតខំ​ប្រឹងប្រែង​ក្នុងការ​ដោះស្រាយ​សំណុំរឿង​នៅ​តុលាការ និង​វឌ្ឍនភាព​ឆ្ពោះទៅរក​ការបង្កើត​គណៈកម្មាធិការ​ជាតិ​សិទ្ធិមនុស្ស​កម្ពុជា ក៏​នៅមាន​ក្តីកង្វល់​មួយចំនួន​ទាក់ទង​នឹង​ការបិទ​លម្ហ​សេរីភាព​ពលរដ្ឋ និង​នយោបាយ សវនាការ​លើ​សំណុំរឿង​នយោបាយ និង​ការចាប់ខ្លួន​អ្នកនយោបាយ​ជំទាស់​ដាក់ពន្ធនាគារ និង​ការបោះឆ្នោត​នាពេល​ខាងមុខ​។

លោក​អំពាវនាវ​ដល់​អាជ្ញាធរ​កម្ពុជា​គោរព​សិទ្ធិមនុស្ស​ជា​មូលដ្ឋាន និង​ច្បាប់​សិទ្ធិមនុស្ស​អន្តរជាតិ​ដែល​កម្ពុជា​ជា​រដ្ឋ​ភាគី រួមទាំង​សេរី​ភាពជា​មូលដ្ឋាន​ក្នុងការ​បញ្ចេញមតិ និង​ការជួបប្រជុំ​។

លោក ជិន ម៉ាលីន រដ្ឋលេខាធិការ​ក្រសួងយុត្តិធម៌ និង​ជា​អនុប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា មិនទាន់​បាន​ឆ្លើយតប​ទៅនឹង​សំណួរ​របស់​ភ្នំពេញ​ប៉ុស្តិ៍​នៅឡើយ​ទេ គិត​ត្រឹម​ម៉ោង​បោះពុម្ពផ្សាយ​កាសែត​នា​ថ្ងៃទី​ ៣០ ខែមីនា​។

ទោះយ៉ាងណា បើ​យោងតាម​សេចក្តី​ប្រកាស​ព័ត៌មាន ក្រសួង​ការបរទេស​នា​ថ្ងៃទី​ ២៩ ខែមីនា លោក លុយ ដាវីត បាន​បញ្ជាក់ថា ជា​លទ្ធផល អតីត​សមាជិក​គណបក្ស​ប្រឆាំង​ចំនួន​ ៣២ ​រូប​បាន​ទទួល​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ​។

លោក​មាន​ប្រសាសន៍​ថា៖ «​រាជរដ្ឋាភិបាល​កម្ពុជា ប្តេជ្ញាចិត្ត​ចំពោះ​យន្តការ​អង្គការ​សហប្រជាជាតិ ហើយ​កម្ពុជា​បាន​អនុវត្ត​សិទ្ធិ​អធិបតេយ្យ​របស់ខ្លួន​ដោយ​ឈរ​លើ​គោលការណ៍​ធម្មនុញ្ញ​របស់​អង្គការ​សហប្រជាជាតិ​»​។

លោក​បាន​បន្តថា កម្ពុជា​មាន​មោទនភាព​ដោយបាន​ប្រែក្លាយ​ពី​ប្រទេស​ដែល​ធ្លាប់​ទទួល​កងរក្សា​សន្តិភាព​ទៅជា​ប្រទេស ដែល​បញ្ជូន​កង​រក្សា​សន្តិភាព​ទៅកាន់​ប្រទេស​មាន​ជម្លោះ​នៅ​ទូទាំង​សកលលោក​ក្រោម​ឆត្រ​របស់​អង្គការ​សហប្រជាជាតិ​។

ពាក់ព័ន្ធ​ទៅនឹង​លម្ហ​សង្គម​ស៊ីវិល សិទ្ធិ​នយោបាយ និង​ប្រជាធិបតេយ្យ លោក លុយ ដាវីត​ បញ្ជាក់ថា រាល់​ការវាយតម្លៃ​ចំពោះ​កម្ពុជា គួរផ្តោត​ការយក​ចិត្ត​ទុកដាក់​លើ​ការវាយតម្លៃ​ពី​គ្រប់​មជ្ឈដ្ឋាន​ទាំងអស់​។

សូមបញ្ជាក់ថា​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រាប់​លោក មុនតាប៊ន ក្នុងជំនួប​កាលពី​ខែកញ្ញា ឆ្នាំ​ ២០២១​ ថា អ្វីដែល​កម្ពុជា​ចង់បាន​កិច្ចសហប្រតិបត្តិការ​ជាមួយ​លោក​ មុន ​តាប៊ន នោះ​គឺ​ការបង្កើត​បរិយាកាស​ដែលមាន​ជំនឿ​ជឿជាក់​លើ​គ្នា​ទៅវិញ​ទៅមក ប្រកបដោយ​ការស្ថាបនា​ឈានឆ្ពោះ​ទៅមុខ​លើ​បញ្ហា​សិទ្ធិមនុស្ស ដែល​មិន​ទម្លាក់កំហុស​ឱ្យ​គ្នា​ទៅវិញ​ទៅមក​។

ជាមួយ​គ្នានេះ លោក ស ខេង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី ក្រសួង​មហាផ្ទៃ​ក៏បាន​ប្រាប់​លោក មុន តាប៊ន ក្នុងជំនួប​កាលពី​ពាក់​កណ្តាលខែ​​មីនា​ថា ការបោះឆ្នោត​ឃុំ សង្កាត់​ឆ្នាំ ២០២២ ​នេះ គឺធ្វើឡើង​ស្របតាម​រដ្ឋធម្មនុញ្ញ​ និង​ជាការ​បង្ហាញ​ពី​ឆន្ទៈ​រដ្ឋាភិបាល​ក្នុង​ការខិតខំ​អនុវត្ត​កំណែទម្រង់ ដើម្បី​ផ្ទេរ​សិទ្ធិអំណាច​ និង​ធនធាន​ពី​ថ្នាក់ជាតិ​ទៅ​ថ្នាក់ក្រោម​ជាតិ​៕