ភ្នំពេញៈ តុលាការ​កំពូល​នៅ​ថ្ងៃទី​ ៣០ ​មីនា បានប្រកាស​សាលដីកា​បង្វិល​សំណុំរឿង​គ្រឿងញៀន​ជិត​ ៥៥​ គីឡូក្រាម​ទៅ​សាលាឧទ្ធរណ៍​ភ្នំពេញ​ជម្រះ​ឡើងវិញ បន្ទាប់ពី​ជំនុំជម្រះ​កាលពី​ថ្ងៃទី​ ២៣ ​មីនា ពាក់ព័ន្ធ​ជន​ចាប់​ចោទ​ ៥​ នាក់​ដែល ក្នុង​ម្នាក់ៗ​ត្រូវបាន​តុលាការ​ថ្នាក់ក្រោម​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ ១​ ជីវិត​។

លោក​ចៅក្រម សឹង បញ្ញាវុឌ្ឍ នៅ​ថ្ងៃទី​ ៣០ មីនា បានប្រកាស​សាលដីកា​កំបាំងមុខ ជនជាប់ចោទ និង​មេធាវី​ការពារ​សិទ្ធិ​ឱ្យ​ជនជាប់ចោទ​ថា សំណុំ​រឿងនេះ​មាន​ជនជាប់ចោទ​ទី ១- លី យ៉ុន ភេទ ប្រុស អាយុ ៤២ ឆ្នាំ​ជា​ជនជាតិ​ចិន​,​ទី​ ២- តឹង យ៉ានភីង ភេទ​ប្រុស អាយុ ៥៤ ឆ្នាំ​,​ទី ៣- លី ស៊ឺ ភេទ​ប្រុស អាយុ ៤៣ ឆ្នាំ​ជា​ជនជាតិខ្មែរ ទី​ ៤- ​ឈ្មោះ ដាំ ញ៉ា ភេទ ប្រុស អាយុ ៥៥ ឆ្នាំ​ជា​ជនជាតិខ្មែរ រស់នៅ​ខេត្ត​ស្ទឹងត្រែង និង​ឈ្មោះ ផល រ៉ានី ភេទ ស្រី អាយុ​ ២៨ ឆ្នាំ​ជា​ជនជាតិខ្មែរ​ (​អវត្តមាន​ពេល​សវនាការ​)​។ លោក​ថា ក្រោយពី​បាន​ស្តាប់​ការឆ្លើយបំភ្លឺ​ពី​ជនជាប់ចោទ​កាលពី​ថ្ងៃ​ជំនុំជម្រះ និង​ក្រោយពី​បាន​ស្តាប់​សេចក្តីសន្និដ្ឋាន​របស់​មេធាវីកា​ និង​ស្តាប់​សេចក្តីសន្និដ្ឋាន​របស់​តំណាង​មហាអយ្យការ​មក​ក្រុមប្រឹក្សា​ជំនុំជម្រះ​យល់ឃើញ​ថា​៖ «​សាលដីកា​របស់​សាលា​ឧទ្ធរណ៍​ភ្នំពេញ​បានសម្រេច​មកនេះ មិន​ត្រឹមត្រូវ​តាមច្បាប់​នៅឡើយ​ទេ​។ ដូច្នេះ​បដិសេធ​សាលដីកា​ចុះ​ថ្ងៃទី ២៣ កញ្ញា ឆ្នាំ​ ២០២១ ចោល និង​បង្វិល​សំណុំ​រឿងនេះ​ទៅ​សាលាឧទ្ធរណ៍​ភ្នំពេញ​ជំនុំជម្រះ​ឡើងវិញ​»​។

ពាក់ព័ន្ធ​ការប្រកាស​សាលដីកា​របស់​តុលាការ​កំពូល​នេះ​ត្រូវបាន​លោក​ ឡោ គីមហ្គិច ដែល​ការពារ​សិទ្ធិ​ឱ្យ​ជនជាប់ចោទ​ឈ្មោះ តឹង យ៉ានភីង និង​ឈ្មោះ លី ស៊ឺ ប្រាប់​តាម​ទូរស័ព្ទ​នៅ​ថ្ងៃទី​ ៣០​ មីនា ថា កូនក្តី​លោក​ឈ្មោះ​ តឹង យ៉ានភីង គឺ​គាត់​មាន​លិខិត​ពេទ្យ​បញ្ជាក់ថា គាត់​មាន​ជំងឺមហារីក​ខួរក្បាល​ដែល​ធ្វើឱ្យ​គាត់​ឈឺចាប់​ខ្លាំង​។ ហេតុ​ដូច្នេះហើយ ទើប​គាត់​ទិញ​គ្រឿងញៀន​យកមក​ជក់ ដើម្បី​កាត់បន្ថយ​ការឈឺចាប់ ដោយមាន​ដាក់​គ្រឿងញៀន​នៅជាប់​នឹង​ខ្លួន​របស់គាត់​ចំនួន​ ១០២ ​ក្រាម​។

លោក​បន្តថា ក្នុង​ចំនួន​គ្រឿងញៀន​នេះ តុលាការ​មិនបាន​ផ្តន្ទាទោស​កូនក្តី​របស់​លោក​ទៅតាម​ចំនួន​គ្រឿងញៀន​ជាក់ស្តែង​នោះទេ តែ​បែរជា​ចោទថា កូនក្តី​លោក​ផលិត​គ្រឿងញៀន​ទៅវិញ ដែល​ផ្ទុយ​អំពី​ច្បាប់​។ ដោយ​ប្រហែលជា​ត្រង់ចំណុច​នេះហើយ ទើបបានជា​តុលាការ​កំពូល បង្វិល​សំណុំ​រឿងនេះ​ទៅ​សាលាឧទ្ធរណ៍​ភ្នំពេញ​ជម្រះ​ឡើងវិញ ព្រោះ​បើតាម​ច្បាប់​គ្រឿងញៀន ដែល​កូនក្តី​របស់លោក​មាន​ ១០២ ​ក្រាម​នេះ គឺ​ត្រូវ​ជាប់ទោស​តែ​ពី​ ៥​ ទៅ​ ១០​ ឆ្នាំ​ទេ​។ ចំពោះ​កូនក្តី​លោក​ឈ្មោះ ​លី ស៊ឺ គឺ​គាត់​ជាប់ពន្ធនាគារ​ពី​ខែមេសា​ឆ្នាំ​ ២០១៥ ហើយ​រឿង​ដែល​កើតឡើង​នេះ គឺ​នៅ​ថ្ងៃទី​ ១៥ មិថុនា ឆ្នាំ​ ២០១៥​។ ដូចនេះ​កូនក្តី​របស់លោក​ជាប់​ពន្ធនាគារ​ ២​ ខែ​ទើបបាន​មាន​រឿងនេះ​កើតឡើង ដែល​ត្រូវ​ស្ត្រី​ឈ្មោះ​ ផល រ៉ានី ដែល​សមត្ថកិច្ច​ចាប់បាន​ឆ្លើយ​ទម្លាក់កំហុស​ដាក់ឈ្មោះ​ លី ស៊ឺ​។

លោក​ថា៖ «​តុលាការ​កំពូល មាន​ភាពសុក្រឹត និង​ផ្តល់​យុត្តិធម៌​ត្រឹមត្រូវ​តាមផ្លូវ​ច្បាប់ ដែល​បង្វិល​សំណុំរឿង​របស់​កូនក្តី​លោក​ទៅ​សាលាឧទ្ធរណ៍​ភ្នំពេញ​ជំនុំជម្រះ​ឡើងវិញ ដើម្បី​ស៊ើប​អំពី​បទល្មើស​ដែល​បាន​ចោទប្រកាន់​លើ​កូនក្តី​របស់ខ្ញុំ​»​។

តាម​អង្គហេតុ​របស់​តុលាការ​កំពូល​បង្ហាញថា កាលពី​ថ្ងៃទី ១៦ មិថុនា​ឆ្នាំ ២០១៥ នគរបាល​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​បាន​បង្ក្រាប​ករណី​ផលិត​កែច្នៃ និង​ជួញដូរ​គ្រឿងញៀន​លើ​ជនជាប់ចោទ​ទាំង ៥ នាក់​។ សមត្ថកិច្ច​រឹបអូស​បាន​គ្រឿងញៀន​ប្រភេទ​មេតំហ្វេតាមីន និង​ហេរ៉ូអ៊ីន​ជិត ៥៥ គីឡូក្រាម​។

សំណុំ​រឿងនេះ​ត្រូវ​សាលាដំបូង​រាជធានី​ភ្នំពេញ​បើកសវនាការ​ជំនុំជម្រះ និង​ប្រកាស​សាលក្រម​នៅ​ថ្ងៃទី​ ២០ កញ្ញា ឆ្នាំ​ ២០១៦ ផ្តន្ទាទោស​ជន​ទាំង ៥ នាក់ ដាក់​ពន្ធនាគារ​ក្នុង​ម្នាក់ៗ​អស់ ១ ជីវិត និង​ពិន័យ​ជា​ប្រាក់​ចូល​ថវិការដ្ឋ​ម្នាក់ ៦០ លាន​រៀល​។ ដោយ​មិន​សុខចិត្ត​នឹង​សាលក្រម​នេះ ជនជាប់ចោទ​ទាំង ៥ នាក់​បាន​ប្តឹង​មក​សាលា​ឧទ្ធរណ៍​ភ្នំពេញ ហើយ​ត្រូវបាន​សាលា​ឧទ្ធរណ៍​ភ្នំពេញ បើកសវនាការ​ជំនុំជម្រះ និង​ប្រកាស​សាលដីកា​នៅ​ថ្ងៃទី​ ២៣ កញ្ញា ឆ្នាំ​ ២០២១ សម្រេច​តម្កល់​សាលក្រម​របស់​សាលាដំបូង​រាជធានី​-​ភ្នំពេញ​នៅ​ដដែល​៕