ភ្នំពេញៈ មន្ត្រី​នាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ សម្តែង​ការសោកស្តាយ​ចំពោះ​ក្រុមបាតុករ​ជា​អតីត​បុគ្គលិក និង​បុគ្គលិក​ក្រុមហ៊ុន​ណាហ្គាវើលដ៍ ដែល​នៅ​បន្ត​ប្រមូលផ្តុំ​ធ្វើ​បាតុកម្ម​នៅតាម​ទីសាធារណៈ ខណៈ​ការចរចា​តាមរយៈ​ការ​សម្របសម្រួល​ពី​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ភាគី​ទាំង​ ២ ​នៅ​បន្ត​ខ្វែង​គំនិត​គ្នា​។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ លោក​ ម៉េត មាសភក្តី បាន​សម្តែង​ការសោកស្តាយ ចំពោះ​ក្រុមបាតុករ​ទាំងនោះ​ដែល​បន្ត​ប្រមូលផ្តុំ​បាតុកម្ម​នៅតាម​ទីសាធារណៈ​មកដល់​ថ្ងៃទី​ ២៩ ខែមីនា ដោយ​ចាត់ទុកថា សកម្មភាព​នេះ ជាការ​ប្រមូលផ្តុំ​ដោយ​ខុសច្បាប់​។ បន្ថែម​ពីនេះ អ្នកនាំពាក្យ​បាន​កត់សម្គាល់​ថា អ្វីដែល​កាន់តែ​នឹកស្មាន​មិន​ដល់​ថែមទៀត​នោះ​គឺ ក្រុមបាតុករ​បាន​ត្រៀមលក្ខណៈ​ក្រោម​ផែនការ ដែល​បានរៀបចំ​ទុកជាមុន ដើម្បី​ធ្វើ​សកម្មភាព​ផ្សេងៗ​តាម​តួនាទី​រៀងៗ​ខ្លួន ដើម្បី​បង្កើត​ព្រឹត្តិការណ៍​ចាំ​ទម្លាក់កំហុស​មកលើ​អាជ្ញាធរ​មាន​សមត្ថកិច្ច​។

សេចក្តី​ប្រកាស​បញ្ជាក់ថា​៖ «​ដោយនៅ​រសៀល​ថ្ងៃទី​ ២៩ ​មីនា ឆ្នាំ ​២០២២ ​នេះ ពួកគេ​បាន​សម្ដែង​ឈុត​ឆាក​ទៅតាម​ការរៀបចំ និង​ចាត់តាំង​តួ​អនុវត្ដ​ទុកជាមុន រួមមាន អ្នក​សម្តែង​ធ្វើជា​តួ​កម្សត់ ដោយ​រៀបចំ​ឱ្យមាន​ការ​លុតជង្គង់ សំពះ យំ​អង្វរ និង​តួ​ជនរងគ្រោះ​ធ្វើជា​ដួលសន្លប់​»​។

មន្ត្រី​នាំពាក្យ​បន្តថា​៖ «​ហើយ​អ្នក​ខ្លះទៀត​ប្រើ​អំពើហិង្សា​មកលើ​សមត្ថកិច្ច​ធ្វើឱ្យមាន​រូបភាព​ប្រតាយប្រតប់ ក្រញាំ​ឱ្យមាន​របួសស្រាល បញ្ឆេះ​កំហឹង ជេរប្រមាថ មាក់ងាយ​មើលថោក ប្រើពាក្យ​សម្ដី​អសុរោះ កាយវិការ​អសីលធម៌​គ្រប់បែប​យ៉ាង​មកលើ​សមត្ថកិច្ច ដើម្បី​ត្រៀម​កេងចំណេញ ប្រសិន​បើ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ពុំ​អាច​អត់ទ្រាំ​នឹង​ទង្វើ​ទាំងអស់​នោះ ហើយ​ធ្វើ​សកម្ម​ភាពមិនប្រក្រតី​ណាមួយ ដែល​នឹង​ក្លាយទៅជា​ចំណី​របស់​តួ​ដែល​ត្រៀមចាំ​ប្រមាញ់​យក​រូបភាព​ដូចដែល​ធ្លាប់​បានធ្វើ​កន្លងមក​»​។

ជាក់ស្តែង​មកដល់​ពេលបច្ចុប្បន្ន​រាល់​ការចោទប្រកាន់​ថា​សមត្ថកិច្ច​បាន​ប្រើ​អំពើហិង្សា និង​បៀតបៀន​ផ្លូវភេទ​លើ​ស្ត្រី​ជា​ក្រុមបាតុករ​មិនទាន់​មាន​ជនរងគ្រោះ​ណា​ម្នាក់​បាន​ដាក់​ពាក្យបណ្ដឹង​ទៅ​ស្ថាប័ន​តុលាការ ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ណាមួយ ដើម្បី​ស្វែងរក​អ្នកប្រព្រឹត្ត​មក​ទទួល​ខុសត្រូវ​នៅឡើយ​ទេ​។ នេះ​សបញ្ជាក់​ឱ្យឃើញថា គឺជា​ការចោទប្រកាន់​ដែល​ប្រាសចាក​ពី​ការពិត​។ ចំណែក​កិច្ចចរចា​រវាង​ភាគី​តំណាង​ឱ្យ​ក្រុមហ៊ុន​ណាហ្គាវើលដ៍ និង​តំណាង​សហជីព តំណាងឱ្យ​កម្មករនិយោជិត​កាលពី​ថ្ងៃទី​ ២៩ ខែមីនា នៅ​មិនទាន់​រក​ចំណុច​ឯកភាព​រួម​ណាមួយ​ឡើយ​។ នេះ​បើតាម​សេចក្តី​ប្រកាស​ដដែល​។

តាម​សេចក្តី​ជូនដំណឹង​របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ស្តីពី​វឌ្ឍនភាព​នៃ​ការដោះស្រាយ​វិវាទ​ការងារ​នេះ​បាន​ឱ្យដឹងថា ភាគី​តំណាង​សហជីព សង្ឃឹមថា​នឹងមាន​ពន្លឺ​ខ្លះ​ក្នុង​ការទទួល​បានការ​ដោះស្រាយ និង​បាន​ពិភាក្សាគ្នា​អំពី​ជម្រើស​ដែល​អាច​ទទួលបាន​លទ្ធផល​ឈ្នះ-ឈ្នះ សម្រាប់​ភាគី​វិវាទ​ទាំងសងខាង​។ តាមរយៈ​កិច្ចប្រជុំ​នោះ ភាគី​តំណាង​កម្មករនិយោជិត នៅតែ​បន្ត​ទាមទារ​ឱ្យ​ក្រុមហ៊ុន​ណាហ្គាវើលដ៍​ទទួល​បុគ្គលិក ដែល​បញ្ឈប់​ពី​ការងារ​ចូលធ្វើការ​វិញ រីឯ​ចំណុច​វិវាទ​ផ្សេងទៀត​អាច​ពិភាក្សា​បន្ទាប់​។

ចំណែក​ភាគី​តំណាង​ក្រុមហ៊ុន​ណាហ្គាវើលដ៍ បាន​បញ្ជាក់​ជំហរ​ថា ក្រុមហ៊ុន​មិនអាច​ទទួលយក​កម្មករ​និយោជិត​ដែល​ត្រូវបាន​បញ្ឈប់​ពី​ការងារ​ឱ្យចូល​ធ្វើការ​វិញ​បាន​នោះទេ ហើយក៏​មិន​ពិចារណា ក្នុងការ​ដោះដូរ តាម​សំណើ​របស់​តំណាង​កម្មករ​និយោជិត​នោះដែរ​។ តាមរយៈ​សេចក្តី​ជូនដំណឹង​នេះ ភាគី​ក្រុមហ៊ុន​នៅតែមាន​ជំហរ​ដោះស្រាយ​ឱ្យបាន​លឿន​ជាមួយ​នឹង​សហជីព​។ ប៉ុន្តែ​ឱ្យ​តំណាង​កម្មករនិយោជិត​លើកឡើង​នូវ​ជម្រើស​ផ្សេងទៀត​ដែលជា​ជម្រើស​ដែល​អាចទៅរួច ប្រសើរ​ជាង​ជម្រើស​បច្ចុប្បន្ន ដើម្បី​យកមក​ពិភាក្សា ហើយ​ក្រុមហ៊ុន​នឹង​រង់ចាំ​ទទួល​ព័ត៌មាន​ថ្មី​ពី​ខាង​តំណាង​កម្មករនិយោជិត​។

តាមរយៈ​សេចក្តី​ជូនដំណឹង​ដដែល​នេះ ក្រុមហ៊ុន​យល់ថា គួរតែ​ពិភាក្សា​លើ​បញ្ហា ដែល​នៅ​សេសសល់​ទាំងនោះ ព្រោះថា​ទោះបីជា​ដោះស្រាយ​នៅទីណា ឬ​ទៅ​ស្ថាប័ន​តុលាការ​ក៏ដោយ បញ្ហា​ទាំងអស់​នៅក្នុង​វិវាទ ក៏​មុខតែ​នឹង​លើក​ឡើងមក​ពិភាក្សា​ដដែល​។

ក្រោយពី​ការពិភាក្សាគ្នា​យ៉ាង​ផុលផុស​ភាគី​ទាំង​ ២ ​នៅ​មិនទាន់​ឈានដល់​ចំណុច​ព្រមព្រៀងគ្នា​នៅឡើយ​ទេ​។ ចំណែក​ក្រសួង​ការងារ​ក៏​បានកំណត់​កាលបរិច្ឆេទ​ប្រជុំ​បន្ទាប់​ទៀត នៅ​ថ្ងៃទី​ ៦ ខែមេសា ឆ្នាំ​ ២០២២ វេលា​ម៉ោង​ ១៤:៣០ ​នាទី ដើម្បីឱ្យ​ភាគី​ទាំង​ ២ មានឱកាស​ពិចារណា​ឡើងវិញ​អំពី​លទ្ធភាព​នៃ​ការធ្វើ​សម្បទាន​គ្នា​ទៅវិញ​ទៅមក ដែល​នឹង​អាច​ឈានទៅ​បញ្ចប់​វិវាទ​នេះ​។

ឆ្លៀត​ក្នុងឱកាស​នេះ ក្រសួង​ការងារ​បញ្ជាក់ដែរថា បើ​ទោះបី​ជា​មិនទាន់​មាន​ការឯកភាព​គ្នា​ក៏​ក្រសួង​នឹង​នៅ​បន្ត​ខិតខំ​ធ្វើការ​សម្របសម្រួល និង​កំណត់​កាលបរិច្ឆេទ​ប្រជុំ​បន្តបន្ទាប់​ទៀត ស្រប​តាម​តួនាទី​ដែល​បាន​កំណត់​ដោយ​ច្បាប់ ក៏ដូចជា​ការទាមទារ​របស់​គូភាគី​។ ជាថ្មី​ម្តងទៀត ក្រសួង​ស្នើឱ្យ​ភាគី​ទាំង​ ២ ​មានការ​យោគយល់​គ្នា​ខ្ពស់​ក្នុង​ការចូលរួម​ដោះស្រាយ​បញ្ចប់​វិវាទ​ការងារ​នេះ​។ បន្ត​សហការ​ជិតស្និទ្ធ​ជាមួយ​អាជ្ញាធរ​មាន​សមត្ថកិច្ច និង​ភាគី​ពាក់ព័ន្ធ​ដោយ​សន្តិវិធី និង​ថែរក្សា​សន្តិសុខ សណ្ដាប់ធ្នាប់​សាធារណៈ​។

ពាក់ព័ន្ធ​បញ្ហា​នេះដែរ ក្រុម​អង្គការសិទ្ធិមនុស្ស និង​មន្ត្រី​-​អង្គការ​សង្គម​ស៊ីវិល​ធ្វើការ​លើ​សិទ្ធិ​ការងារ​ជំរុញ​ដល់​ភាគី​ពាក់ព័ន្ធ រួមគ្នា​ដោះស្រាយ​វិវាទ​នេះ​ឱ្យបាន​ឆាប់​ចប់ ដើម្បី​កុំឱ្យ​មាន​បាតុភាព​ណាមួយ​កើតឡើង ដែល​អាច​ជះឥទ្ធិពល​ដល់​សង្គម កាន់តែ​អាក្រក់​ឡើង ខណៈ​ស្ថាប័នរដ្ឋ​កំពុង​បន្ត​សម្របសម្រួល​ជូន​ភាគី​ទាំង ​២៕