ភ្នំពេញៈ មន្ទីរពេទ្យ និង​គ្លីនិក​ចំនួន​ ២០ ចូលរួម​អនុវត្ត​គម្រោង​ស្តីពី​ការប្រើប្រាស់​បច្ចេកវិទ្យា ដើម្បី​លើកកម្ពស់​គុណភាព​សេវា​សុខាភិបាល និង​មន្ទីរពេទ្យ​វៃឆ្លាត​បៃតង ដែល​បានដាក់​ឈ្មោះថា «​បណ្តាញ សមាជិក​មន្ទីរពេទ្យ​វៃឆ្លាត​បៃតង​» ​ដោយបាន​ផ្លាស់ប្តូរ​មន្ទីរពេទ្យ​របស់​ខ្លួន​ពី​ការប្រើប្រាស់​ក្រដាស​មកជា​ឌីជីថល​វិញ​។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ពេទ្យ​យើង​ស្តីពី​ការប្រើ​បច្ចេកវិទ្យា ដើម្បី​លើកកម្ពស់​គុណភាព​សេវា​សុខាភិបាល និង​មន្ទីរពេទ្យ​វៃឆ្លាត​បៃតង ពីថ្ងៃ​ទី​ ២៩ ​មីនា ឱ្យដឹងថា គម្រោង​បណ្តាញ​មន្ទីរពេទ្យ​វៃឆ្លាត​បៃតង​បាន​ចាប់ផ្តើម​កាលពី​ខែតុលា ឆ្នាំ​ ២០២០ និង​បញ្ចប់​នៅ​ដំណាច់​ខែមីនា ឆ្នាំ​ ២០២២​ នេះ​។ គម្រោង​នេះ​ចូលរួម​ប្រើប្រាស់​ពី​វេជ្ជបណ្ឌិត និង​បុគ្គលិក​មន្ទីរពេទ្យ ៨៦៧ ​នាក់ ព្រមទាំង​គ្រប់គ្រង​ទិន្នន័យ​ប្រវត្តិ​អ្នកជំងឺ​ចំនួន​ ១០៨ ៧៥០ ​នាក់ ដែល​ភាគច្រើន​ជា​ស្ត្រី​។

បណ្តាញ​មន្ទីរពេទ្យ​វៃឆ្លាត​បៃតង គឺជា​បណ្តាញ​សមាជិក​មន្ទីរពេទ្យ​ និង​គ្លីនិក​ចំនួន​ ២០ ដែល​បាន​ចូលរួម​ក្នុង​យុទ្ធនាការ​ស្តីពី​បរិស្ថាន ទីក្រុង​ស្អាត និង​បៃតង ដោយបាន​ផ្លាស់ប្តូរ​ពី​ការប្រើប្រាស់​ក្រដាស ការព្រីន​ឯកសារ និង​កាត់បន្ថយ​ការប្រើប្រាស់​សម្ភារ​នានា​ក្នុង​មន្ទីរពេទ្យ ងាក​មកប្រើប្រាស់​ប្រព័ន្ធ​គ្រប់គ្រង​មន្ទីរពេទ្យ​ឌីជីថល «​ពេទ្យ​យើង​» ​ដើម្បី​លើកកម្ពស់​បច្ចេកវិទ្យា​ក្នុង​មន្ទីរពេទ្យ​បៃតង​។

សេចក្តី​ប្រកាស​ព័ត៌មាន​បញ្ជាក់​ថា តាមរយៈ​ការប្រើប្រាស់​ប្រព័ន្ធ​គ្រប់គ្រង​មន្ទីរពេទ្យ​ឌីជីថល ពេទ្យយើង មិន​ត្រឹមតែ​ចូលរួម​ក្នុង​យុទ្ធនាការ​បរិស្ថាន ទីក្រុង​ស្អាត និង​បៃតង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​បាន​ជួយ​ពន្លឿន​រាល់​ប្រតិបត្តិការ​ទាំងអស់ ក្នុង​មន្ទីរពេទ្យ ​ឬ​គ្លីនិក តាមរយៈ​ប្រព័ន្ធ​ឌីជីថល​ដើម្បី​ជំរុញ​ការព្យាបាល​កាន់តែ​លឿន​រហ័ស ទំនើប ចំណេញ ពេលវេលា និង​ថវិកា​សម្រាប់​អ្នកផ្តល់​សេវា និង​អ្នកជំងឺ ជាពិសេស​អ្នកជំងឺ​ជា​ស្ត្រី និង​កុមារ​។

លោកស្រី ប៉ុង លីមសាន ស្ថាបនិក និង​ជា​នាយិកា​ប្រតិបត្តិ​កម្មវិធី​ពេទ្យ​យើង​នៃ​ក្រុមហ៊ុន ហ្វឺសវីម៉ិន ថេក អេស៊ា ថ្លែង​ក្នុង​សិក្ខា​សាលា​ផ្សព្វផ្សាយ​លទ្ធផល​គម្រោង​ស្តីពី​ «​ការប្រើប្រាស់​បច្ចេកវិទ្យា ដើម្បី​លើកកម្ពស់​គុណភាព​សេវា​សុខាភិបាល និង​មន្ទីរពេទ្យ​វៃឆ្លាត​បៃតង​» ថា គម្រោង​បណ្តាញ​មន្ទីរពេទ្យ​វៃឆ្លាត​បៃតង (Green Network Hospital) ​មាន​គោលបំណង បង្កើន​គុណភាព​នៃ​ការព្យាបាល តាមរយៈ​ប្រព័ន្ធ​ឌីជីថល​។

លោកស្រី​ថ្លែងថា​៖ «​មានន័យថា មន្ទីរពេទ្យ​ទាំងអស់​ធ្វើ​ប្រតិបត្តិការ​ចាប់ពី​អ្នកជំងឺ​ចូល​រហូតដល់​អ្នកជំងឺ​ចេញ រួមទាំង​ប្រតិបត្តិការ​ផ្នែក​ផ្សេងទៀត​នៅក្នុង​មន្ទីរពេទ្យ តាម​ប្រព័ន្ធ​ឌីជីថល​។ យើង​ក៏មាន​គោលបំណង​មួយទៀត គឺ​ចូលរួម​ជួយ​ដល់​បរិស្ថាន ព្រោះ​យើង​ដឹង​ហើយ​ថា កន្លងមក​តាម​មន្ទីរពេទ្យ​ប្រើប្រាស់​ក្រដាស​ក្នុងការ​បំពេញ​ឯកសារ​អ្នកជំងឺ និង​ប្រតិបត្តិការ​នានា ប៉ុន្តែ​នៅពេលនេះ យើង​ជំនួស​ប្រតិបត្តិការ​ទាំងអស់​នោះ​តាម​ប្រព័ន្ធ​ឌីជីថល​»​។

រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល​លោកស្រី ឱ វណ្ណឌីន ដែល​បាន​ចូលរួម​ក្នុង​អង្គ​សិក្ខាសាលា លើកឡើង​ដែរ​ថា គម្រោង​ «​ការប្រើប្រាស់​បច្ចេកវិទ្យា​សម្រាប់ ដំណើរការ​មន្ទីរពេទ្យ​វៃឆ្លាត​បៃតង​» ​សំដៅ​ចូលរួម​ចំណែក​ក្នុង​ការធ្វើ​ទំនើបកម្ម​បច្ចេកវិទ្យា​ឌីជីថល ក្នុង​វិស័យ​សុខាភិបាល​កម្ពុជា​។

លោកស្រី​បន្តថា វា​ក៏​ជាការ​បោះជំហាន​ជា​វិជ្ជមាន​មួយទៀត​ក្នុង​ការ​រួមចំណែក​អនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​សុខាភិបាល​ជាតិ ដែល​បាននិង​កំពុង​តែ​ផ្តោត​ការយក​​ចិត្ត​ទុកដាក់​ខ្ពស់​លើ​ការធ្វើ​ទំនើបកម្ម​បច្ចេកវិទ្យា​ឌីជីថល នៅ​តាម​មន្ទីរពេទ្យ​រដ្ឋ និង​ឯកជន​។

លោកស្រី ឱ វណ្ណឌីន ថ្លែងថា​៖ «​ដំណើរការ​គម្រោងការ​ប្រើប្រាស់​បច្ចេកវិទ្យា សម្រាប់​ដំណើរការ​មន្ទីរពេទ្យ​វៃឆ្លាត​បៃតង​ក្នុង​ផ្នែក​ឯកជន​នៅ​កម្ពុជា ជា​ចំណែក​មួយ​ក្នុង​ការបង្កើន​សក្តានុពល​ដ៏វិសេស​វិសាល​ទៅលើ​ការផ្តល់​សេវា​ពិគ្រោះ និង​ព្យាបាល​ជំងឺ​តាមបែប​ឌីជីថល​ជូន​ដល់​ប្រជាពលរដ្ឋ ដែល​ប្រើប្រាស់​សេវា​មន្ទីរពេទ្យ​ឯកជន និង​ជាការ​ចូលរួមចំណែក​មួយ​ផងដែរ នៅក្នុង​ការអភិវឌ្ឍ​វិស័យ​សុខាភិបាល​កម្ពុជា តាម​បែប​ឌីជីថល​»​។

គម្រោង​នេះ​បាន​ជួយ​ដល់​មន្ទីរពេទ្យ​ឯកជន​នៅ​រាជធានី​ភ្នំពេញ ខេត្តបាត់ដំបង និង​ខេត្តសៀមរាប​ឱ្យ​ដំណើរការ​គ្រប់គ្រង​សេវា​ព្យាបាល​ជំងឺ​បែប​ឌីជីថល និង​នាំឱ្យ​មន្ទីរពេទ្យ និង​គ្លីនិក​ឯកជន​ទាំងអស់​នោះ មាន​តួនាទី​មិន​ត្រឹមតែ​ជា​អ្នកផ្តល់​សេវា​ប្រកប​ដោយ​ការទទួល​ខុសត្រូវ​ទេ ប៉ុន្តែ​បានក្លាយ​ជា​មន្ទីរពេទ្យ និង​គ្លីនិក​មានការ​ទទួល​ខុសត្រូវ​ចូលរួម​កសាង​ទីក្រុង​បៃតង និង​បរិស្ថាន​ស្អាត​ទៀតផង​។

លោកស្រី​ ឱ វណ្ណឌីន បន្តថា ការប្រើប្រាស់​បច្ចេកវិទ្យា​ឌីជីថល​ទំនើប​សម្រាប់​លើកកម្ពស់​គុណភាព​សេវា​សុខាភិបាល​ក៏​ជា​ចំណុច សំខាន់​មួយ​ដែល​ត្រូវបាន​រាប់បញ្ចូល គិតគូរ និង​ផ្តួចផ្តើម​ក្នុង​គោលនយោបាយ​យុទ្ធសាស្ត្រ​របស់​ក្រសួង​សុខាភិបាល ហើយ​ក៏​កំពុងតែ​គាំទ្រ និង​ជំរុញ​លើក​ទឹកចិត្ត​ឱ្យមាន​ការចូលរួម​ឱ្យបាន​ពេញលេញ​ពី​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំង​ស្ថាប័នរដ្ឋ វិស័យ​ឯកជន និង​អង្គការ​ដៃគូ​នានា​ផងដែរ​។

លោក W. Patrick Murphy ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា ក៏បាន​ប្រកាស​ចូលរួម អបអរសាទរ​ដល់​មន្ទីរពេទ្យ និង​គ្លីនិក​ទាំង​ ២០ ដែល​បាន​អនុវត្ត​គម្រោង​បណ្តាញ​មន្ទីរពេទ្យ​វៃឆ្លាត​បៃតង ដោយ​ជោគជ័យ​នាពេលនេះ​។ លោក​រំពឹងថា គម្រោង​នេះ​នឹងចូលរួម​ចំណែក​យ៉ាងខ្លាំង​ជួយ​ជ្រោមជ្រែង​ដល់​ការផ្តល់​សេវា​ជូន​អតិថិជន​ព្រមទាំង​ចូលរួម​ចំណែក​ក្នុងការ​កាត់បន្ថយ​ផលប៉ះពាល់​បរិស្ថាន និង​ការប្រែប្រួល​អាកាសធាតុ​ផងដែរ​។

លោក​ឯកអគ្គរដ្ឋទូត​ថ្លែងថា​៖ «​គម្រោង​ដើម​របស់​យើង គឺ​យើង​ចង់ឱ្យមាន​កំណត់ត្រា​អ្នកជំងឺ​ត្រឹមតែ ៣៥ ០០០ ​នាក់​ប៉ុណ្ណោះ ប៉ុន្តែ​ក្នុងពេល​អនុវត្ត​គម្រោង​នេះ​សម្រេច​បាន​ដល់​ទៅ​ជាង​ ១០ ​ម៉ឺន​នាក់​»​។

ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​បញ្ជាក់ថា គម្រោង​នេះ​មិន​ត្រឹមតែ​ជា​គំនិត​ផ្តួចផ្តើម​គម្រោង​ទាក់ទង​នឹង​សុខភាព​ក្នុង​វិស័យ​សុខាភិបាល​នោះទេ តែ​ក៏​គិតដល់​វិស័យ​ផ្សេងៗ​ទៀត​ក្នុង​វិស័យនេះ​ទាក់ទង​នឹង​គម្រោង​ទីក្រុង​ឆ្លាត​វៃ ទាក់ទង​នឹង​គម្រោង​សេដ្ឋកិច្ច​ឌីជីថល និង​ពង្រឹង​ភាពអង់អាច​របស់​ស្ត្រី រួមទាំង​ការប្រយុទ្ធ​ប្រឆាំងនឹង​ការប្រែប្រួល​អាកាសធាតុ​។

លោក​ ប៊ិន សុជាតិ ទីប្រឹក្សា​ស្ថាបនិក និង​គ្រប់គ្រង​អាជីវកម្ម «​ពេទ្យ​យើង​» របស់​ក្រុមហ៊ុន ហ្វឺស វីម៉ិន ថេក អេស៊ា បាន​ឱ្យដឹងថា មន្ទីរពេទ្យ និង​គ្លីនិក​ទាំង​ ២០ ​នេះ​ជា​មន្ទីរពេទ្យ និង​គ្លីនិក​ឯកជន​ទាំងអស់ ដោយសារ​គម្រោង​នេះ​ផ្តោត​ទៅលើ​វិស័យ​ឯកជន​។ ក្នុងនោះ​មាន ១២ ​នៅ​ភ្នំពេញ ៤​ នៅ​ខេត្ត​សៀមរាប និង​ ៤ ​ផ្សេងទៀត​នៅ​ខេត្តបាត់ដំបង​។

លោក​បញ្ជាក់ថា​៖ «​យើង​កំពុងតែ​រៀបចំ​គម្រោង​ស្នើសុំ​ការគាំទ្រ​ជំហាន​ទី​ ២ ប៉ុន្តែ​យើង​នៅ​មិនទាន់​ដឹងថា តើ​ខាង​ម្ចាស់​គម្រោង​សម្រេច​បែបណា​នៅឡើយ​ទេ​។ បើ​ជោគជ័យ យើង​នឹង​គាំទ្រ ​២៦​ មន្ទីរពេទ្យ និង​គ្លីនិក​ឯកជន​ថ្មី​ផ្សេងទៀត ហើយ​បន្ថែម​ក្រុង​គោលដៅ​វៃឆ្លាត​ថ្មី​នៅ​ខេត្ត​កណ្តាល កំពត និង​ខេត្ត​កែប​»៕