ភ្នំពេញៈ លោក កឹម គុណវឌ្ឍន៍ រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន​បាន​ជំរុញ​ឱ្យ​អ្នកសារព័ត៌មាន បន្តធ្វើ​ការសិក្សា​រៀនសូត្រ​បន្ថែមទៀត​ក្នុងសម័យ​បច្ចេកវិទ្យា​ថ្មី ដើម្បី​ទទួលបាន​ចំណេះដឹង​ជ្រៅជ្រះ​ទូលំទូលាយ និង​ផ្តល់​ព័ត៌មាន​សម្បូរបែប គ្រប់​ជ្រុងជ្រោយ ទៅដល់​សាធារណជន​។

ការជំរុញ​របស់​លោក កឹម គុណវឌ្ឍន៍ ទៅកាន់​អ្នក​សារព័ត៌មាន​បែបនេះ​ធ្វើ​ឡើង​ក្នុង​ពិធី​បើក​វគ្គ​បណ្តុះបណ្តាល​ស្តីពី «​តួនាទី​អ្នកសារព័ត៌មាន ក្រោម​ប្រធានបទ ទន្លេ​តែមួយ អនាគត​តែមួយ​» ​នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ នៅ​ថ្ងៃទី​ ២៩ ខែមីនា ឆ្នាំ ២០២២ ។ លោក​បាន​រំឭក​ដល់​អ្នកសារព័ត៌មាន និង​អង្គភាព​សារព័ត៌មាន​ត្រូវ​ចាត់វិធានការ​ឱ្យបាន​ម៉ឺងម៉ាត់ ដើម្បី​ពង្រឹង​គុណភាព​ព័ត៌មាន និង​ត្រូវ​ផលិត​មាតិកា ដែល​គួរឱ្យ​ទាក់ទាញ​មាន​ភាពពាក់ព័ន្ធ​ការពិត​សម្រាប់​បម្រើ​ប្រយោជន៍​សាធារណៈ ពីព្រោះ​ស្ថាប័ន​ព័ត៌មាន​មាន​តួនាទី​សំខាន់​ក្នុងការ​លុបបំបាត់​ដំណឹង​ក្លែងក្លាយ និង​ព័ត៌មាន​មិន​ពិត ព្រោះ​សង្គមជាតិ​ត្រូវការ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន ដែល​រឹងមាំ និង​អាច​ទុកចិត្តបាន​ដែល​ផ្សព្វផ្សាយ​អំពី​ព្រឹត្តិការណ៍​បច្ចុប្បន្ន និង​និន្នាការ​នៃ​ថ្ងៃ​អនាគត​។

លោក​ថា​៖ «​ការសិក្សា​រៀនសូត្រ គឺ​គ្មាន​ទីបញ្ចប់​នោះឡើយ ការសិក្សា​អស់​ ១ ​ជីវិត​ជា​ត្រីវិស័យ​ចង្អុលបង្ហាញ​ប្រាប់ថា ដើម្បី​មានចំណេះដឹង ចំណេះធ្វើ ចំណេះ​ក្នុង​ការគិត គឺ​មានតែ​ការសិក្សា​រៀនសូត្រ​ ១ ​គត់ ដែល​នឹង​នាំ​យើង​ទៅកាន់​ទីតាំង​មួយ​ដែល​សង្គម​ត្រូវការ និង​ផ្តល់​តម្លៃ​»​។

បើតាម​លោក កឹម គុណវឌ្ឍន៍ ប្រព័ន្ធ​ផ្សព្វផ្សាយ និង​ព័ត៌មាន​បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​ការបង្កើន​ការយល់ដឹង​របស់​សាធារណជន​ចំពោះ​កិច្ចសហប្រតិបត្តិការ​ឡានឆាង​-​មេគង្គ (LMC) និង​ជា​មធ្យោបាយ​ដ៏​មាន​សារៈសំខាន់​ក្នុង​ការចែករំលែក​នូវ​ព័ត៌មាន​ពី​សេដ្ឋកិច្ច នយោបាយ សង្គម និង​វប្បធម៌ នៃ​ប្រទេស​ជា​សមាជិក​។ តម្លៃ និង​សារៈសំខាន់​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​សារព័ត៌មាន​ត្រូវបាន​មើលឃើញ​រឹតតែ​ច្បាស់​នៅពេល​ប្រទេសជាតិ​ជួបប្រទះ​នូវ​បញ្ហា​អសន្តិសុខ សង្គ្រាម ឬ​វិបត្តិ​សុខភាព​សាធារណៈ ដូចជា​ជំងឺ​កូវីដ ១៩ ជាដើម​។ លោក​ថា ប្រព័ន្ធ​ផ្សព្វ​ផ្សាយបាន​ដើរតួ​យ៉ាង​លេចធ្លោ​ក្នុង​ការផ្សព្វផ្សាយ​ព័ត៌មាន​ត្រឹមត្រូវ​តាម​វិជ្ជាជីវៈ​ក្នុងអំឡុង​ពេល​មានការ​ផ្ទុះឡើង​នៃ​ជំងឺ​រាតត្បាត​នេះ និង​ជួយ​ផ្សព្វផ្សាយ​ពី​សេចក្តីណែនាំ​ផ្នែក​សុខាភិបាល​វិធាន ការបង្ការ និង​ការពារ​ដល់​សាធារណជន​បាន​ទាន់​ពេលវេលា ខណៈ​មានការ​កើនឡើង​នៃ​ដំណឹង​ក្លែងក្លាយ និង​ព័ត៌មាន​មិន​ពិត​។

ការជួបជុំ​អ្នកសារព័ត៌មាន​ជាតិ និង​អ្នកសារព័ត៌មាន​មកពី​តាម​បណ្តា​ប្រទេស​សមាជិក LMC នៅក្នុង​វគ្គ​បណ្តុះបណ្តាល​នេះ គឺជា​ការចាប់ផ្តើម​មួយ​ដ៏ល្អ​ ដើម្បី​ពង្រឹង​ចំណេះដឹង និង​វិជ្ជាជីវៈ​ក្នុងចំណោម​អ្នកសារព័ត៌មាន LMC ហើយ​ជា​វេទិកា​សម្រាប់​អ្នកសារព័ត៌មាន រៀនសូត្រ​ពីគ្នា ពិភាក្សា​ពីគ្នា បង្កើត​បណ្តាញ និង​ចែករំលែក​បទពិសោធ​គ្នា​ទៅវិញ​ទៅមក អំពី​តួនាទី​ជា​អ្នក​សារព័ត៌មាន​ក្នុងការ​ចូលរួមចំណែក​ពង្រឹង​នូវ​កិច្ចសហប្រតិបត្តិការ LMC លើកកម្ពស់​សន្តិភាព វិបុលសុខ និង​ការអភិវឌ្ឍ​នូវ​សេដ្ឋកិច្ច​។ លោក កឹម គុណវឌ្ឍន៍ ថ្លែងថា​៖ «​ការពង្រឹង​កិច្ចសហប្រតិបត្តិការ​ក្នុងចំណោម​អ្នកសារព័ត៌មាន​អាច​ពង្រឹងគុណភាព និង​ភាព​សម្បូរបែប​នៃ​ព័ត៌មាន​ប្រសិទ្ធភាព​ការងារ និង​ចំណេញ​ពេលវេលា​»​។

លោកស្រី ម៉ម ដាត្ថាលីណែត ទីប្រឹក្សា​ក្រសួង​ព័ត៌មាន​ថ្លែងថា ជា​អ្នកសារព័ត៌មាន​មិនអាច​យកចិត្ត​ទុកដាក់​តែ​ទៅលើ​ព័ត៌មាន​តែមួយ​ជ្រុង​នោះទេ គឺ​ត្រូវមាន​ព័ត៌មាន​គ្រប់​ជ្រុងជ្រោយ សិក្សា​ឱ្យបាន​ច្បាស់លាស់ យល់ដឹង​ពី​ច្បាប់​គតិយុត្តិ​ផ្សេងៗ ដែល​រាជរដ្ឋាភិបាល​បានលើកឡើង និង​កិច្ចសហប្រតិបត្តិការ ឬ​ការចុះ​កិច្ចព្រមព្រៀង​ផ្សេងៗ​ជាដើម ដែល​ធ្វើឱ្យ​អ្នកសារព័ត៌មាន មានចំណេះដឹង​ទូលំទូលាយ​។ ហេតុនេះ​នៅពេល​បកស្រាយ​អ្វីមួយ ឬ​ព័ត៌មាន​អ្វីមួយ​ធ្វើឱ្យ​អ្នកព័ត៌មាន​ចាប់បាន​គ្រប់​ជ្រុង និង​អាច​ក្តាប់បាន​ព័ត៌មាន​បាន​គ្រប់គ្រាន់​ទាំង​ផ្នែក​វិជ្ជមាន និង​អវិជ្ជមាន​។ លោកស្រី​ថ្លែងថា​៖ «​យើង​មិនមែនជា​ចៅក្រម​ទេ ប៉ុន្តែ​យើង​ជា​អ្នក​ផ្តល់ព័ត៌មាន ដែល​ព័ត៌មាន​ហ្នឹង​ត្រូវតែមាន balance [​តុល្យភាព​] ហើយ​ការវិនិច្ឆ័យ​យ៉ាងណា​នោះ​គឺ អាស្រ័យ​លើ​អ្នកអាន​គាត់​នឹង​ធ្វើការ​វិនិច្ឆ័យ​។ ​ក៏ប៉ុន្តែ​ចំពោះ​យើង បើសិនជា​យើង​មាន​ការលម្អៀង យើង​ស្តាប់​ព័ត៌មាន​តែ​ម្ខាង ហើយ​យើង​យក​ព័ត៌មាន​មួយទៀត​អត់​គ្រប់ នោះ​ការផ្តល់​ព័ត៌មាន​របស់​យើង​គឺ​លម្អៀង​»

លោកស្រី​បាន​គូសបញ្ជាក់ថា ដើម្បី​មានចំណេះដឹង​ទូលំទូលាយ អ្នកសារព័ត៌មាន​ត្រូវ​បន្ត​ការរៀន​រហូត​។ ជាពិសេស​ក្នុងសម័យ​បច្ចេកវិទ្យា​នេះ គឺជា​ឱកាស​ឱ្យ​អ្នកសារព័ត៌មាន​មានចំណេះដឹង​គ្រប់គ្រាន់​ក្នុង​ការទទួល​យក​ព័ត៌មាន ហើយ​ថែមទាំង​ទទួល​បាន​ចំណេះដឹង មិន​ត្រឹមតែ​ក្នុងស្រុក​នោះទេ​គឺ​ថែមទាំង​ក្រៅ​ស្រុក​ផងដែរ​។ ការរៀន​បច្ចេកវិទ្យា ភាសាបរទេស មិនមែន​តែ​ភាសា​អង់គ្លេស​នោះទេ គួរតែ​មាន​ការចេះ​ភាសា​ផ្សេងទៀត ដូចជា​ភាសា​ចិន​ជាដើម គឺមាន​ប្រយោជន៍​សំខាន់ ដើម្បី​អ្នកសារព័ត៌មាន​អាច​ផ្សាយ​ព័ត៌មាន​កាន់តែ​ទូលំទូលាយ​ទៅកាន់​ពិភពលោក​។ លោកស្រី​ថ្លែងថា​៖ «​អ៊ីចឹង​យើង​ត្រូវមាន​លទ្ធភាព​យ៉ាងណា​ផ្តល់ព័ត៌មាន​ជា​ភាសាបរទេស ជា​ភាសា​អង់គ្លេស ឬក៏​ភាសា​ចិន​ដើម្បី​ផ្សព្វផ្សាយ​ព័ត៌មាន​ថា រដ្ឋាភិបាល​យើង​បានធ្វើ​អ្វីខ្លះ​ជូន​ទៅដល់​ពួកគាត់ អ៊ីចឹង​បាន​វា​មាន balance ក្នុងការ​ផ្សាយ​»​។

លោក ផុស សុវណ្ណ ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ព័ត៌មាន និង​សោតទស្សន៍​នៃ​ក្រសួង​ព័ត៌មាន​ថ្លែងថា នេះ​ជា​ជា​វគ្គ​បណ្តុះបណ្តាល​លើកដំបូង​ក្នុង​ចំណោម​ផែនការ​បណ្តុះបណ្តាល​របស់​ក្រសួង​ព័ត៌មាន ក្នុង​ឆ្នាំ​ ២០២២ នេះ​។ វគ្គ​នេះ​មាន​សិក្ខាកាម​ចូលរួម​សរុប ១៣៥ ​នាក់ ដែល​ភាគច្រើន​ជា​មន្ត្រី​ព័ត៌មាន និង​អ្នក​សារព័ត៌មាន​វ័យក្មេង​ដែល​មាន​អាយុ ក្រោម ៣០ ​ឆ្នាំ​។ លោក​បញ្ជាក់ថា វគ្គ​បណ្តុះបណ្តាល​នេះ​មាន​គោលបំណង​ចែករំលែក​ពុទ្ធិ និង​បទពិសោធ​ល្អៗ​ជូន​មន្ត្រី​ព័ត៌មាន និង​អ្នកសារព័ត៌មាន​វ័យក្មេង ដើម្បី​បាន​ជ្រួតជ្រាប​បន្ថែម ដើម្បី​ផ្សារភ្ជាប់​ទំនាក់ទំនង​ល្អ ការស្វែងយល់​ពី​បច្ចេកវិទ្យា​នៃ​ឌីជីថលូបនីយកម្ម និង​រួមគ្នា​ធ្វើយ៉ាងណា​លើកកម្ពស់​វិជ្ជាជីវៈ សារព័ត៌មាន​ដែលជា​វិជ្ជាជីវៈ​ជំនាញ និង​ជា​វិស័យ​អាទិភាព​មួយ ដែល​បាន​ចូលរួមចំណែក​យ៉ាងច្រើន​ក្នុង​ការអភិវឌ្ឍ​ប្រទេស​ជាតិ និង​ដើម្បី​សម្រេចបាន​តាម​វត្ថុបំណង​ «​ទន្លេ​តែមួយ​អនាគត​តែមួយ​» របស់​រដ្ឋាភិបាល និង​ប្រជាជន​នៃ​បណ្តា​ប្រទេស​ទន្លេមេគង្គ មានដូចជា កម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ វៀតណាម និង​ចិន​៕