ភ្នំពេញៈ បណ្ឌិត្យសភា​បច្ចេកវិទ្យា​ឌីជីថល​កម្ពុជា​នៃ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​បាន​ធ្វើការ​បណ្តុះបណ្តាល​ជំនាញ​ឌីជីថល​ដល់​មន្ត្រី​រាជការ​ក្រសួង​ប្រៃសណីយ៍​បាន​ចំនួន ៦៥០ ​នាក់ គិត​ចាប់ពី​ខែវិច្ឆិកា ឆ្នាំ​ ២០២១ រហូតមកដល់​ថ្ងៃទី​ ២៩ ខែមីនា​។ សិក្ខាកាម​ដែល​បាន​ចូលរៀន​ភាគច្រើន​ទទួលបាន​លទ្ធផល​ល្អប្រសើរ និង​ត្រូវ​ទទួលបាន​វិញ្ញាបនបត្រ​ទទួលស្គាល់​ជំនាញ​ឌីជីថល​ចាំបាច់​ផងដែរ​។

លោក តុល ញ៉ាក់ អគ្គនាយក​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ បានឱ្យដឹង​នៅ​ថ្ងៃ​​ទី​ ៣០ ខែមីនា​ថា ការដែល​ក្រសួង​ប្រៃសណីយ៍​បើក​វគ្គ​បណ្តុះបណ្តាល​មន្ត្រី​ក្រោមឱវាទ​នេះ​ឡើង​គឺ​ដើម្បី​ពង្រឹងសមត្ថភាព​ឌីជីថល​ដល់​ពួកគាត់ និង​ដើម្បី​ភាពងាយស្រួល​ទៅ​ថ្ងៃក្រោយ​ក្នុង​ការបំពេញ​ការងារ​ដោយ​ប្រើ​ឧបករណ៍​ឌីជីថល​។

លោក​ថ្លែងថា​៖ «​យើង​ចង់​រុញ​គោលនយោបាយ​អភិវឌ្ឍន៍​ឌីជីថល​ទាល់តែ​រុញ​មនុស្ស​ឌីជីថល អ៊ីចឹង​ផ្តើមចេញពី​ក្រសួង​ក៏បាន​បើក​វគ្គ​បណ្តុះបណ្តាល​ដល់​មន្ត្រី​ក្រោមឱវាទ ដើម្បី​ថ្ងៃក្រោយ​ទៅ​ក្រសួង​នឹង​ធ្វើជា​​ឯកសារ​អេឡិចត្រូនិក​អី ពួកគាត់​អាចមាន​បំណិន​លើ​ការប្រើប្រាស់​ឌីជីថល​បាន​»​។

យោងតាម​ហ្វេសប៊ុក​ក្រសួង​ប្រៃសណីយ៍​នៅ​ថ្ងៃទី​ ២៩ ខែមីនា​បានឱ្យដឹងថា គិត​ចាប់ពី​ខែវិច្ឆិកា ឆ្នាំ​ ២០២១ រហូតមកទល់​ពេលនេះ បណ្ឌិត្យ​សភា​បច្ចេកវិទ្យា​ឌីជីថល​កម្ពុជា​នៃ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​បាន​រៀបចំ​វគ្គ​បណ្ដុះបណ្ដាល​ជំនាញ​ឌីជីថល​ចាំបាច់​ជូន​មន្ត្រីរាជការ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​សរុប​ចំនួន ៦៥០ ​នាក់​។

សិក្ខាកាម​ដែល​ចូលរួម​វគ្គ​បណ្តុះបណ្តាល​ត្រូវបាន​ឆ្លងកាត់​ការប្រឡង​សមត្ថភាព​ក្នុងការ​ប្រើប្រាស់​បច្ចេកវិទ្យា​ឌីជីថល ហើយ​ជា​លទ្ធផល​សិក្ខាកាម​ភាគច្រើន​ទទួលបាន​លទ្ធផល​ល្អប្រសើរ និង​ត្រូវ​ទទួល​បាន​វិញ្ញាបនបត្រ​ទទួល​ស្គាល់​ជំនាញ​ឌីជីថល​ចាំបាច់​ផងដែរ​។ វគ្គ​បណ្តុះបណ្តាល​ជំនាញ​ឌីជីថល​ចាំបាច់​នេះ រៀបចំឡើង​ក្នុង​គោលបំណង​បង្កើន​សមត្ថភាព​មន្ត្រីរាជការ ទាំង​វ័យក្មេង និង​វ័យ​ចំណាស់ ក្នុងការ​ប្រើប្រាស់​ព័ត៌មានវិទ្យា​បម្រើ​ដល់​ការអនុវត្ត​ការងារ​ប្រចាំថ្ងៃ ការគ្រប់គ្រង និង​ការ​ផ្តល់​សេវាសាធារណៈ ប្រកប​ដោយ​ប្រសិទ្ធភាព​សុវត្ថិភាព និង​ស័ក្តិសិទ្ធិភាព​។

ក្រសួង​បញ្ជាក់ថា​៖ «​ជាពិសេស នេះ​គឺជា​ការចូលរួម​ចំណែក​អនុវត្ត​គោលនយោបាយ​រដ្ឋាភិបាល ឌីជីថល និង​គោលនយោបាយ​សេដ្ឋកិច្ច និង​សង្គម​ឌីជីថល និង​ជាការ​អនុវត្ត​ស្របតាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​តែងតែ​ឱ្យ​តម្លៃ​លើ​សារៈសំខាន់​នៃ​ការប្រើប្រាស់​ប្រព័ន្ធ​ព័ត៌មានវិទ្យា​»​។

បើតាម​ក្រសួង​ប្រៃសណីយ៍ វគ្គ​ជំនាញ​ឌីជីថល​ចាំបាច់​នេះ​មាន​កម្មវិធីសិក្សា​សំខាន់ៗ​ដែល​រៀបចំ​តម្រូវ​ដល់​សិក្ខាកាម​ជា​មន្ត្រីរាជការ និង​បុគ្គលិក ក្រសួង​ស្ថាប័ន​នានា​របស់​រដ្ឋ​អាច​ទទួលបាន​ការយល់​ដឹង​ពី​ការប្រើប្រាស់ និង​ការថែទាំ​​កុំព្យូទ័រ ការប្រើប្រាស់​មុខងារ​សំខាន់ៗ​នៅលើ​អ៊ីនធឺណិត ការកំណត់​អត្តសញ្ញាណ ស្វែងរក វាយតម្លៃ និង​ប្រើប្រាស់​ព័ត៌មាន​ប្រកបដោយ​ប្រសិទ្ធភាព ព្រមទាំង​យល់ដឹង​អំពី​វិធី​ការពារ​សុវត្ថិភាព និង​ឯកជនភាព​របស់ខ្លួន​។

វគ្គ​នេះ​ក៏​ផ្តល់នូវ​ជំនាញ​បង្កើត និង​រៀបចំ​ឯកសារ តារាងបញ្ជី និង​បច្ចេកទេស​វិភាគ​ទិន្នន័យ​បានល្អ លឿន និង​មាន​ប្រសិទ្ធភាព​ខ្ពស់ ដោយ​ប្រើប្រាស់​កម្មវិធី​ក្នុង​កុំព្យូទ័រ ទូរស័ព្ទ​ឆ្លាតវៃ និង​បច្ចេកវិទ្យា​ពពក ព្រមទាំង​ជំនាញ​ក្នុងការ​បង្កើត​មាតិកា​​ឌីជីថល​ផងដែរ​។

លោក ង៉ែត ម៉ូសេ អ្នក​ប្រឹក្សា​ផ្នែក​សន្តិសុខ​ឌីជីថល​ថ្លែង​នៅ​ថ្ងៃទី​ ៣០ ​មីនា​ថា ការសិក្សា​ពី​ឌីជីថល​នេះ​គឺ​ជួយ​សម្រួល​ទៅដល់​កិច្ចការងារ​ការិយាល័យ​បាន​ងាយស្រួល​ច្រើនជាង​មុន​។ «​ពីមុន​ការសរសេរ​ឯកសារ​គឺ​នៅលើ​ក្រដាស​សៀវភៅ ប៉ុន្តែ​ឌីជីថល​គឺ​សរសេរ​នៅលើ​ម៉ាស៊ីន​កុំព្យូទ័រ វិញ វា​នឹង​អាចជួយ​សម្រួល​ដល់​ការទុកដាក់​ឯកសារ​»៕