The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ក្រសួង​បរិស្ថាន​ទទួល​ញត្តិ​ពី​អង្គការ​-​សហគមន៍ ស្នើសុំ​ឱ្យ​បើក​លម្ហ​ក្នុង​ការចុះ​ល្បាត​ព្រៃ

ក្រសួង​បរិស្ថាន​ទទួល​ញត្តិ​ពី​អង្គការ​-​សហគមន៍ ស្នើសុំ​ឱ្យ​បើក​លម្ហ​ក្នុង​ការចុះ​ល្បាត​ព្រៃ

Content image - Phnom Penh Post
តំណាង​អង្គការ​សង្គម​ស៊ីវិល និង​សហគមន៍​ទៅ​ដាក់​ញត្តិ​នៅ​ក្រសួង​កសិកម្ម​ពីថ្ងៃ​ទី​ ២៩ ​មីនា​។ រូបថត សហការី​

ក្រសួង​បរិស្ថាន​ទទួល​ញត្តិ​ពី​អង្គការ​-​សហគមន៍ ស្នើសុំ​ឱ្យ​បើក​លម្ហ​ក្នុង​ការចុះ​ល្បាត​ព្រៃ

ភ្នំពេញៈ ក្រសួង​បរិស្ថាន​បាន​ទទួល​ញត្តិ​របស់​អង្គការ​សង្គម​-​ស៊ីវិល និង​សហគមន៍ ជាង ២០ ​ស្ថាប័ន ដែល​ស្នើ​សុំឱ្យ​បើក​លម្ហ​សិទ្ធិសេរីភាព​ក្នុង​ការចុះ​ល្បាត​ព្រៃឈើ​នៅ​តាម​តំបន់​ការពារ​ធម្មជាតិ និង​តំបន់​ផ្សេងៗ​ឡើងវិញ និង​សូមឱ្យ​បង្កើន​ការយកចិត្ត​ទុកដាក់​ក្នុង​ការទប់ស្កាត់​បទល្មើស​ធនធាន​ធម្មជាតិ និង​រឹតបន្ដឹង​ការអនុវត្ត​ច្បាប់​។

ប៉ុន្តែ​ក្រសួង​បរិស្ថាន​បញ្ជាក់​ថា ទោះបីជា​គ្មាន​ញត្តិ​នេះ​ក៏​ក្រសួង​បាននិង​កំពុង​អនុវត្ត​គោលនយោបាយ និង​យុទ្ធសាស្ត្រ​នានា​លើ​ការការពារ និង​អភិរក្ស​ធនធាន​ធម្មជាតិ​ប្រកប​ដោយ​ការទទួល​ខុសត្រូវ និង​វិជ្ជាជីវៈ​រួចជាស្រេច​ទៅហើយ​ដែរ​។

លោក នេត្រ ភក្ត្រា អ្នក​នាំពាក្យ​ក្រសួង​បរិស្ថាន ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ២៩ ខែមីនា​ថា នៅក្នុង​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​រយៈពេល​វែង​ប្រកបដោយ​អព្យាក្រឹត​កាបូន​នៅ​ឆ្នាំ​ ២០៥០ កម្ពុជា បាន​ប្តេជ្ញាចិត្ត​ខ្ពស់​ក្នុង​វិស័យ​ព្រៃឈើ និង​ការប្រើប្រាស់​ដី​ផ្សេងទៀត ដោយ​ក្នុងនោះ ប្តេជ្ញាចិត្ត​ក្នុង​កា​កាត់បន្ថយ​អត្រា​នៃ​ការបាត់បង់​ព្រៃឈើ​ឱ្យបាន​ពាក់កណ្តាល​នៅ​ឆ្នាំ​ ២០៣០ និង​បញ្ឈប់​ការបាត់បង់​ព្រៃឈើ​នៅ​ឆ្នាំ ​២០៤៥​។ លោក​បន្តថា ជាមួយ​គ្នា​នេះ ដើម្បី​សម្រេចបាន​គោលដៅ​បង្កើន​ឡើង​នូវ​គម្រោង​ព្រៃឈើ​ជាតិ កម្ពុជា​នឹង​ជំរុញ​លើ​ការដាំ​ដើមឈើ ការកែលម្អ​ការគ្រប់គ្រង​ព្រៃឈើ និង​ការស្តារ ព្រៃឈើ​ឡើងវិញ​កសិរុក្ខកម្ម និង​ចម្ការ​ឈើ​ពាណិជ្ជកម្ម ព្រមទាំង​ការអនុវត្ត​ពេញលេញ​នៃ​ផែនការ​វិនិយោគ REDD+ ត្រឹម​ឆ្នាំ​ ២០៥០​។

បើតាម​លោក នេត្រ ភក្ត្រា បច្ចុប្បន្ននេះ​កម្ពុជា​មាន​គម្រប​ព្រៃឈើ​លើ​ផ្ទៃដី​ជាង ៨,៥ ​លាន​ហិកតា​ស្មើ​ប្រមាណ ៤៦,៨៦% ក្នុងនោះ ៤១% ស្ថិតក្រោម​ការការពារ និង​អភិរក្ស​របស់​ក្រសួងបរិស្ថាន​ហើយ​ជាមួយ​ការការពារ​ និង​អភិរក្ស​មាន​ភាពល្អប្រសើរ កម្ពុជា​បាន​ឈានដល់​ការលក់​ឥណទាន​កាបូន​នៅក្នុង​ទីផ្សារ​ស្ម័គ្រចិត្ត​អន្តរជាតិ យក​ថវិកា​មក​ពង្រឹង​ការគ្រប់គ្រង​អភិរក្ស និង​អភិវឌ្ឍ​សហគមន៍​មូលដ្ឋាន​។ កម្ពុជា​មាន​សុទិដ្ឋិនិយម​នឹង​ទទួល​បាន​ថវិកា​បន្ថែមទៀត​ពី​ការលក់​ឥណទាន​កាបូន​ក្រោម​ទិស​ស្លោក​រក្សា​ឈើ​ឈរ ដើម្បី​រក​ចំណូល​តាមរយៈ​ការលក់​ឥណទាន​កាបូន និង​ទេសចរណ៍​ធម្មជាតិ​។

សមាគម​អង្គការ​សង្គម​ស៊ីវិល សកម្មជន​បរិស្ថាន​សិស្ស​និស្សិត និង​ប្រជាពលរដ្ឋ​ខ្មែរ​អ្នក​ស្រឡាញ់​ធនធាន​ធម្មជាតិ មកពី​ ២០ ​ស្ថាប័ន​នៅ​ថ្ងៃទី​ ២៩​ មីនា ឆ្នាំ​ ២០២២ បានរួម​គ្នា​ដាក់​ញត្តិ​នៅ​ក្រសួង​បរិស្ថាន និង​ក្រសួង​​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ស្នើឱ្យ​អនុវត្ត​ការប្តេជ្ញាចិត្ត​របស់ខ្លួន​ឱ្យបាន​ខ្ជាប់ខ្ជួន ដូច​មាន​ចែង​នៅក្នុង​កម្មវិធី​ព្រៃឈើ​ជាតិ សម្រាប់​ដាក់ឱ្យ​អនុវត្ត​ពី​ឆ្នាំ​ ២០១០ ដល់ ២០២៩ ដែល​សន្យា​ថែរក្សា​គម្រប​ព្រៃឈើ​ឱ្យបាន ៦០ ​ភាគរយ ត្រឹម​ឆ្នាំ​ ២០២៩​។

ខ្លឹមសារ​នៃ​ញត្តិ​នោះ​សរសេរថា​៖ «​យកចិត្ត​ទុកដាក់​ក្នុង​ការទប់ស្តាត់​បទល្មើស​ធនធាន​ធម្មជាតិ ផ្តន្ទាទោស​ដល់​អ្នកទិញ-​លក់​ឈើ​ខុសច្បាប់ ព្រមទាំង​ស៊ើបអង្កេត​រក​អ្នកពាក់ព័ន្ធ និង​អនុវត្ត​ច្បាប់​ដោយ​ខាន​ពុំបាន​ចំពោះ​ការប្រព្រឹត្ត​អំពើពុករលួយ​គ្រប់​ប្រភេទ​ដែល​បណ្តាលឱ្យមាន​ការបាត់បង់​ធនធាន​ធម្មជាតិ​នៅ​កម្ពុជា​»​។

ខ្លឹមសារ​នៃ​ញត្តិ​នោះ​បន្តថា ត្រួតពិនិត្យ​តាមដាន​ការអនុវត្ត​កិច្ចសន្យា និង​អាជ្ញាប័ណ្ណ​របស់​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច និង​ជំរុញ​ឱ្យមាន​ការបើក​ទូលាយ​ឱ្យ​អង្គការ​សង្គម​ស៊ីវិល សហគមន៍-​មូលដ្ឋាន​ចូលរួម​អង្កេត ដើម្បី​ធានា​នូវ​តម្លាភាព និង​ចៀសវាង​ការឃុបឃិត​គ្នា​ជា​ប្រព័ន្ធ និង​បើក​ការស៊ើបអង្កេត និង​ផ្សព្វផ្សាយ​ជា​ចំហ​នូវ​របាយការណ៍​ពាក់ព័ន្ធ​នឹង​ការរត់ពន្ធ​ឈើ​ដោយ​ខុសច្បាប់​ទាំង ២១១ ​តោន ដែល​ត្រូវបាន​រកឃើញ​ដោយ​អាជ្ញាធរ​គយ​ហុងកុង​។

ទោះយ៉ាងណា លោក​ នេត្រ ភក្ត្រា បានស្នើ​ដល់​ក្រុម​ដែល​លោក​ហៅថា​ «​សកម្មជន​នយោបាយ​ជ្រក​ក្រោម​ស្លាក​បរិស្ថាន​ និង​ធនធាន​ធម្មជាតិ ប្រែក្លាយ​ពី​ការនិយាយ​ឱ្យតែ​ពីរោះ និង​ធ្វើ​សកម្មភាព​ដើម្បី​គ្រាន់តែ​បំពេញចិត្ត​ម្ចាស់ជំនួយ​ខ្លួន​មកជា​សកម្មភាព​ពិតប្រាកដ​ក្នុងការ​ចូលរួម​ដាំ​ស្តារ​ព្រៃឈើ​ឡើងវិញ​» ជួយ​ស្វែងរក​ដំណោះស្រាយ​លើ​ការផ្លាស់ប្តូរ​ជីវភាព​ផ្តល់​ជម្រើស​ថ្មី​ជូន​ប្រជាពលរដ្ឋ​ដូចដែល​ក្រសួង​បរិស្ថាន បាននិង​កំពុង​ធ្វើ​ដើម្បី​បង្កើន​ជីវភាព​ពលរដ្ឋ​ដែល​រស់នៅ​ជុំវិញ​តំបន់​អភិរក្ស​កុំឱ្យ​បន្ត​ពឹង​អាស្រ័យ​លើ​ធនធាន​ធម្មជាតិ​ទាំងស្រុង​។

លោក​ថ្លែងថា​៖ «​ពួកគេ​កុំ​ឈរ​ថា និង​កុំ​គ្រាន់តែ​បង្ហាញ​ការសោកស្តាយ តែ​ត្រូវធ្វើ​សកម្មភាព​ពិត ចូលរួម​ឱ្យ​ពិតប្រាកដ និង​ប្រាប់​ម្ចាស់ជំនួយ​ខ្លួន​ឱ្យចូលរួម​ធ្វើ​សកម្មភាព​ពិតជា​មួយ​រាជរដ្ឋាភិបាល​ការពារ និង​អភិរក្ស​ធនធាន​ធម្មជាតិ ចៀសវាង​គ្រាន់តែ​បង្ហាញ​ការស្រឡាញ់​ធនធាន​ធម្មជាតិ​តែ​សម្បក​ក្រៅ​»​។

បើតាម​លោក នេត្រ ភក្ត្រា ក្រសួង​បរិស្ថាន ស្វាគមន៍​រាល់​ការចូលរួម​របស់​គ្រប់ភាគី​ទាំងអស់​ដោយ​គ្រាន់តែ​ពួកគេ​អនុវត្ត​ស្រប​តាមច្បាប់​ដែលមាន​ជា​ធរមាន និង​សូម​មាន​ភាពស្មោះត្រង់​ក្នុង​កិច្ចសហការ និង​គោរព​គ្នា​ជា​ដៃគូ​សហការ​ពិតប្រាកដ ហើយ​ក្រសួងបរិស្ថាន បាននិងកំពុង​ធ្វើ​កិច្ចសហការ​យ៉ាង​ស្អិតល្មួត​ជាមួយ​សមាគម និង​អង្គការ​ក្រៅ​រដ្ឋាភិបាល និង​សហគមន៍​តំបន់​ការពារ​ធម្មជាតិ​ក្នុង​កិច្ចការពារ និង​អភិរក្ស​ធនធាន​ធម្មជាតិ​។ លោក​ថ្លែងថា​៖ «​យើងខ្ញុំ​គ្មាន​ជំងឺ​តួឯក ដូច​ក្រុម​ជន​ខ្លះ​នោះឡើយ​»៕

វីដេអូ៖

អត្ថបទគួរចាប់អារម្មណ៍