ភ្នំពេញៈ បើទោះជា​ពុំមាន​ឈាមជ័រ​ធ្វើជា​ទាហាន ហើយ​ខ្លួន​ជា​ស្ដ្រី​ក៏ដោយ ប៉ុន្តែ​ភាពអង់អាច​ក្លាហាន​ប្រកប​ដោយ​ការទទួល​ខុសត្រូវ​របស់​កញ្ញា​ ជា ម៉ៃសារ៉ស់ បាន​រុញច្រាន​កញ្ញា​ឱ្យ​ក្លាយជា​នារី​រក្សា​សន្តិភាព​កម្ពុជា​ដ៏ឆ្នើម​ ១​ រូប​ដែលមាន​ការទទួលស្គាល់​ទាំង​ក្នុង​តំបន់​ និង​ពិភពលោក ដោយ​ទទួល​បាន​មេដាយ​ពី​អង្គការ​សហប្រជាជាតិ ហើយ​ថ្មីៗ​នេះ នាង​ត្រូវបាន​ជ្រើសរើស​មក​ផ្សព្វផ្សាយ​ក្នុង​យុទ្ធនាការ​ «​ស្ត្រី​ដើម្បី​ពហុភាគី​និយម​» ក្នុង​ទីក្រុង​ហ្សឺណែវ​ទៀតផង​។

យោងតាម​បេសកកម្ម​អចិន្រៃ្តយ៍​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​ការិយាល័យ​អង្គការ​សហប្រជាជាតិ​នៅ​ទីក្រុង​ហ្សឺណែវ យុទ្ធនាការ​ «​ស្ត្រី​ដើម្បី​ពហុភាគី​និយម​ [Women4Multilateralism]» ​បាន​ប្រារព្ធ​ធ្វើឡើង​រយៈពេល​ ៣ ​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​ ៨-១០ ខែមីនា​ឆ្នាំ​ ២០២២​ ក្នុង​គោលបំណង​បញ្ជាក់​​ពី​តួនាទី​ដ៏សំខាន់ និង​ប្រកប​ដោយ​អត្ថន័យ​របស់​ស្ត្រី​ជាង​ ១១០ ​រូប​ជាមួយ​នឹង​ការប្តេជ្ញាចិត្ត​យ៉ាង​មុតមាំ​របស់​ពួកគេ​ក្នុង​ «​ការកសាង​ពិភពលោក​ដ៏ល្អ​ប្រសើរ​សម្រាប់​ទាំងអស់​គ្នា​»​។

កញ្ញា ជា ម៉ៃសារ៉ស់ មាន​ឋានន្តរស័ក្តិ​វរសេនីយ៍ទោ និង​ជា​មេបញ្ជាការរង​កងវិស្វកម្ម​ពហុជំនាញ​លេខ​ ៩២៨ ទើប​វិលត្រឡប់​ពី​បំពេញ​បេសកកម្ម​រក្សា​សន្តិភាព​របស់​អង្គការ​សហប្រជាជាតិ​នៅ​ប្រទេស​លីបង់​កាលពី​ថ្ងៃទី​ ៣ ខែកុម្ភៈ ឆ្នាំ​ ២០២២​។ ​បេសកកម្ម​ក្នុង​ប្រទេស​លីបង់ កញ្ញា​ទទួល​បន្ទុក​គ្រប់គ្រង​ស្បៀងអាហារ​ និង​ការបោសសម្អាត​មីន​លើដី​ស្រែចម្ការ និង​តំបន់​លំនៅឋាន​សម្រាប់​ប្រជាជន​ក្នុង​តំបន់​ UNIFIL​ ដែល​ស្ថិតនៅ​ព្រំដែន​លីបង់ និង​អ៊ីស្រាអែល​។

កាលពី​ខែមេសា ឆ្នាំ ​២០១២ កញ្ញា​ធ្លាប់បាន​ទៅ​ចូលរួម​បំពេញ​បេសកកម្ម​រក្សា​សន្តិភាព​របស់​អង្គការ​សហប្រជាជាតិ​នៅ​ប្រទេស​ស៊ូដង់​ខាងត្បូង​ផងដែរ ដោយ​ទទួលបន្ទុក​ផ្នែក​ត្រួតពិនិត្យ​ និង​ស៊ើបអង្កេត​លើ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ហើយ​កញ្ញា​ជា​ស្ត្រី​តែ​ម្នាក់​គត់​នៅក្នុង​ក្បួន​ល្បាត​ទៅកាន់​ទីតាំង​ទីវាល​ជាក់ស្ដែង ។

កញ្ញា ជា ម៉ៃសារ៉ស់ បាន​ចូល​បម្រើ​ការងារ​ក្នុង​វិស័យ​ការពារ​ជាតិ​នៅ​ឆ្នាំ ​២០១០ បន្ទាប់ពី​កញ្ញា​បានឃើញ​កង​ទាហាន​ក្លាហាន​កម្ពុជា​បង្ហាញ​សមត្ថភាព​​នៅក្នុង​សមយុទ្ធ​យោធា​ «​ឆ្មាំ​អង្គរ​ ២០១០» ជាមួយ​កងទាហាន​នៃ​បណ្ដា​ប្រទេស​មួយចំនួន​នៅក្នុង​តំបន់​ក្នុង​គោលបំណង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​រក្សា​សន្តិភាព​ និង​សន្តិសុខ​ក្នុង​តំបន់ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​។

១ ​ឆ្នាំ​ក្រោយពី​ទទួលបាន ការហ្វឹកហ្វឺន​ក្បួន​យុទ្ធសាស្ត្រ​កងទ័ព​ជា​មូលដ្ឋាន និង​ការបណ្ដុះបណ្ដាល​មុខជំនាញ​ឯកទេស​មួយចំនួន​នៅ​ឆ្នាំ​ ២០១១ កញ្ញា​ត្រូវបាន​ជ្រើសរើស​ឱ្យ​ចូលរួម​បង្ហាញ​សមត្ថភាព និង​ភាព​អង់អាច​ក្លាហាន​នៅក្នុង​លំហាត់​សមយុទ្ធ​យោធា​ដ៏អស្ចារ្យ​ចំនួន​ ២ ដែល​បាន​ធ្វើឡើង​នៅក្នុង​ប្រទេស​ថៃ និង​ក្នុងប្រទេស​ម៉ុងហ្គោលី​ស្ដីពី​ «​ការពង្រឹង​កិច្ចសហប្រតិបត្តិការ​រក្សា​សន្តិភាព​ក្នុង​តំបន់​» ។ ​ភាពអង់អាច​ក្លាហាន​ដ៏គួរឱ្យ​ស្ញប់ស្ញែង​របស់​កញ្ញា​ទាំង​អម្បាលម៉ាន បានបង្ហាញ​ឱ្យឃើញថា​ «​ស្ត្រី​មិន​ទន់ខ្សោយ​ឡើយ​»​។

យ៉ាងណា​ក៏ដោយ មានរឿង​ជាច្រើន​ដែល​មហាជន​មិនទាន់​បានដឹង ជាពិសេស​បុព្វហេតុ​នៃ​ការសម្រេចចិត្ត​ចូល​បម្រើ​ការងារ​ក្នុង​វិស័យ​ការពារជាតិ​របស់​កញ្ញា ជា ម៉ៃសារ៉ស់ ខណៈ​ក្នុង​ចង្កោម​សែ​លោហិត​របស់​កញ្ញា​គ្មាន​នរណាម្នាក់​ធ្វើជា​ទាហាន​ផង​នោះ​។

ក្នុង​បទសម្ភាស​ជាមួយ​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃទី​ ១៥ ខែ​​មីនា ឆ្នាំ​ ២០២២ កញ្ញា ជា ម៉ៃសារ៉ស់ ដែល​ឆ្នាំនេះ​មាន​អាយុ​ ៣៩ ​ឆ្នាំ​មាន​លំនៅ​ក្នុង​សង្កាត់​ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ​បាន​រៀបរាប់ថា ដំបូង​ឡើយ​នាង​ឃើញ​កងកម្លាំង​​ទាហាន​កម្ពុជា​មួយក្រុម​ដែល​ក្នុងនោះ​មាន​ទាំង​ស្ត្រី​ផងដែរ បាន​ធ្វើការ​រួមគ្នា​ជាមួយ​កងកម្លាំង​ទាហាន​នៃ​បណ្ដា​ប្រទេស​ក្នុង​តំបន់​ក្នុង​លំហាត់​សមយុទ្ធ​យោធា​ «​ឆ្នាំ​អង្គរ ​២០១០» ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​។ ក្នុងអំឡុង​ពេលនោះ ក្រុម​ទាហាន​ទាំងអស់​ (​កម្ពុជា និង​បទេស​) ​មាន​ការជួយ​គ្នា​ទៅវិញ​ទៅមក​ក្នុង​ភាព​រួសរាយ​រាក់ទាក់ និង​ពោរពេញ​ដោយ​ក្ដី​គោរព​។

ម៉ៃសារ៉ស់ បាន​បញ្ជាក់ថា​៖ «​នៅពេលនោះ​ខ្ញុំ​រំភើបចិត្ត​ណាស់ ហើយ​គិតថា ប្រសិនបើ​ខ្ញុំ​ចូល​បម្រើកងទ័ព ខ្ញុំ​នឹង​អាច​សម្រេច​ក្ដី​ស្រមៃ​ដែល​ចង់​ធ្វើ​ការងារ​ជាមួយ​មនុស្ស​គ្រប់​ជាតិ​សាសន៍​ និង​អាច​ចូលរួម​ក្នុង​បេសកកម្ម​ការងារ​នៅឯ​ក្រៅ​ប្រទេស ជាពិសេស​បេសកកម្ម​រក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ​»​។

ដោយ​មាន​ស្រុកកំណើត​នៅ​សង្កាត់​ចុងឃ្នៀស ក្រុង​ខេត្តសៀមរាប កញ្ញា ម៉ៃសារ៉ស់ ដែលជា​កូន​ទី ​២ នៃ​គ្រួសារ​ដែលមាន​បងប្អូន​ស្រី​ ៤​ នាក់ ​និង​ប្រុស​ម្នាក់​បាន​ថ្លែងបន្តថា ក្រោយពី​ព្រឹត្តិការណ៍​សមយុទ្ធ​យោធា «​ឆ្មាំ​អង្គរ​ ២០១០» បាន​បិទ​បញ្ចប់ កញ្ញា​បាន​ព្យាយាម​ទាក់ទង​ស្វែងរក​ព័ត៌មាន​ស្ដីពី​ការដាក់​ពាក្យ​ប្រឡង​ចូលក្នុង​ក្របខ័ណ្ឌ​ក្រសួង​ការពារជាតិ​។ ​មិនយូរ​ប៉ុន្មាន​កញ្ញា​បានដាក់​ពាក្យ​ប្រឡង​ចូល​ជា​មន្ត្រី​កងរាជ​អាវុធហត្ថ​នៃ​ក្របខ័ណ្ឌ​ក្រសួង​ការពារ​ជាតិ​នៅក្នុង​ឆ្នាំ​ ២០១០ ​នោះ ហើយ​ទទួលបាន​លទ្ធផល​ជាប់​ដូច​បំណង​។

បន្ទាប់មក កញ្ញា​បានទទួល​ការហ្វឹកហ្វឺន​ជំនាញ​ជា​មូលដ្ឋាន​​សម្រាប់​កងកម្លាំង​ និង​បានទទួល​​ការបណ្ដុះបណ្ដាល​លើ​មុខ​ជំនាញ​មួយចំនួន​បន្ថែម​រួមទាំង​ជំនាញ​ផ្នែក​ច្បាប់​ផងដែរ​។

ដោយ​ពិនិត្យឃើញ​ភាព​អង់អាច​ក្លាហាន​ប្រកបដោយ​ការទទួល​ខុសត្រូវ​ក្នុងពេល​បំពេញ​តួនាទី​ និង​ភារកិច្ច​ជា​កងកម្លាំង​បាន​​ល្អ​នៅ​ឆ្នាំ​ ២០១១ កញ្ញា ម៉ៃសារ៉ស់ ត្រូវបាន​ជ្រើសរើស​ឱ្យចូល​​រួម​ក្នុង​លំហាត់​សមយុទ្ធ​យោធា​ដ៏អស្ចារ្យ​ចំនួន​ ២ ដែល​បាន​ធ្វើឡើង​នៅក្នុង​ប្រទេស​ថៃ​ និង​ក្នុងប្រទេស​ម៉ុងហ្គោលី ស្ដីពី «​ការពង្រឹង​កិច្ច​សហប្រតិបត្តិការ​រក្សា​សន្តិភាព​ក្នុង​តំបន់​» ។

ម៉ៃសារ៉ស់ បាន​បញ្ជាក់ថា​៖ «​ខ្ញុំ​រីករាយ​ណាស់​នៅពេលនោះ​ ព្រោះ​ខ្ញុំ​មិន​នឹកស្មាន​ថា​ក្ដី​ស្រមៃ​របស់​ខ្ញុំ​បានក្លាយ​ជាការ​ពិត​»​។

តាមរយៈ​ការចូលរួម​ក្នុង​លំហាត់​សមយុទ្ធ​យោធា​នៅក្នុង​ប្រទេស​ទាំង ​២ ​ខាងលើ​នេះ​បាន​ជំរុញ​ឱ្យ​កញ្ញា​មាន​ភាព​អង់អាច​ក្លាហាន​កាន់តែ​ខ្លាំង​ឡើង​។

កញ្ញា​បាន​ហ្វឹកហ្វឺន​ពង្រឹង​​សមត្ថភាព​ជាប្រចាំ​ ដើម្បី​ទទួល​​បាន​សុខភាព​រាងកាយ​ និង​ស្មារតី​​រឹងមាំ​ព្រមទាំង​ខិតខំ​រៀនសូត្រ​នូវ​មុខជំនាញ​ឯកទេស​ផ្នែក​ភាសា​អង់គ្លេស គណនេយ្យ និង​ផ្នែក​គ្រប់គ្រង​។ នៅ​ឆ្នាំ​ ២០១២ កញ្ញា​បានបញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​ផ្នែក​គណនេយ្យ​នៅ​មហាវិទ្យាល័យ​អាស៊ី​អឺរ៉ុប​។

កញ្ញា​បាន​បញ្ជាក់ថា​៖ «​នៅ​ខែមេសា​ឆ្នាំ​ ២០១២​ ខ្ញុំ​ត្រូវបាន​ជ្រើសរើស​ឱ្យ​ចូលរួម​ក្នុង​បេសកកម្ម​រក្សា​សន្តិភាព​របស់​អង្គការ​សហប្រជាជាតិ​នៅក្នុង​ប្រទេស​ស៊ូដង់​ខាងត្បូង​។ នៅ​ទីនោះ​​ខ្ញុំ​ទទួលបន្ទុក​ផ្នែក​ល្បាត​ត្រួតពិនិត្យ និង​ស៊ើបអង្កេត​ករណី​គ្រោះថ្នាក់​ចរាចរណ៍​»​។

បើតាម​កញ្ញា ម៉ៃសារ៉ស់ ប្រជាជន​នៃ​ប្រទេស​ស៊ូដង់​ភាគច្រើន​ខ្វះ​ការយល់ដឹង​ពី​ច្បាប់​ចរាចរណ៍ ហើយ​ផ្លូវ​នៅក្នុង​ប្រទេស​នេះ មាន​ស្ថាន​ភាពលំបាក​ខ្លាំង និង​ពុំ​សូវ​មាន​សុវត្ថិភាព សន្តិសុខ​នោះដែរ​។

កញ្ញា​បាន​បញ្ជាក់ថា​៖ «​នៅពេល​ចុះ​ល្បាត​ម្ដងៗ យើង​ជួប​ការពិបាក​ខ្លាំងណាស់ ព្រោះ​ស្ថានភាព​ផ្លូវ​មិនល្អ​។ ម្យ៉ាងទៀត​ខ្ញុំ​គឺជា​ស្ត្រី​តែ​ម្នាក់​គត់​នៅក្នុង​កង​ល្បាត​នោះ​»​។

ទោះយ៉ាងណា បេសកកម្ម​ក្នុង​​ប្រទេស​ស៊ូដង់​ខាងត្បូង​ពុំ​សូវ​មាន​បញ្ហា​ប្រឈម​ដូច​នៅ​ប្រទេស​​លីបង់​ដែល​កញ្ញា​ទើបតែ​បាន​​បញ្ចប់​បេសកកម្ម​កាលពី​ថ្ងៃទី​ ៣ ខែកុម្ភៈ ឆ្នាំ​ ២០២២ ​ឡើយ​។

ម៉ៃសារ៉ស់ បានបញ្ជាក់​ទៀត​​ថា​៖ «​បេសកកម្ម​រក្សា​សន្តិភាព​របស់​អង្គការ​សហប្រជាជាតិ​ក្នុង​ប្រទេស​លីបង់ ដែល​ខ្ញុំ​បាន​ចូលរួម​កាលពី​ឆ្នាំ​ ២០២១ ​នោះ​​គឺមាន​បញ្ហា​ប្រឈម​មួយចំនួន​ជាពិសេស​បញ្ហា​ឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ ​១៩​។ ប៉ុន្តែ​ក្រោម​ការយកចិត្ត​ទុកដាក់​ផ្ទាល់​ពី​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​យើង កងកម្លាំង​យើង​ទាំងអស់​ទទួលបាន​សុវត្ថិភាព និង​វ៉ាក់សាំង​ការពារ​គ្រប់ៗ​គ្នា​»​។

បេសកកម្ម​នៅក្នុង​ប្រទេស​លីបង់ កញ្ញា ម៉ៃសារ៉ស់ មាន​តួនាទី​ជា​មេបញ្ជាការរង​កងវិស្វកម្ម​ពហុជំនាញ​លេខ ៩២៨ ​ទទួលបន្ទុក​ផ្នែក​ដោះមីន អាហារ និង​ភ័ស្តុភារ ដែលមាន​បុរស​ ១៨០ នាក់ និង​ស្ត្រី​ ៣០ ​នាក់​នៅក្នុង​ជំរំ​ក្នុងប្រទេស​លីបង់​។ កញ្ញា និង​ក្រុមការងារ​ត្រូវបាន​បញ្ជូន​ទៅ​ធ្វើការ​នៅ​​តាម​បណ្តោយ​ព្រំដែន​លីបង់​ និង​អ៊ីស្រាអែល​។

ម៉ៃសារ៉ស់ ​បាន​បន្តថា​៖ «​បេសកកម្ម​របស់​យើង​នៅ​ទីនោះ​គឺ​បោសសម្អាត​មីន​នៅតាម​ព្រំដែន និង​ធ្វើឱ្យ​វា​មាន​សុវត្ថិភាព​សម្រាប់​ប្រជាជន​ក្នុងការ​សាងសង់​ផ្ទះ ឬ​ដាំ​ដំណាំ​»​។ កញ្ញា​​បាន​បន្តថា​៖ «​កាលពីមុន មនុស្ស​​តែងតែ​គិតថា មនុស្ស​ស្រី​ខ្សោយ​ហើយ​មិនអាច​ធ្វើការ​ធ្ងន់​ដូច​បុរស​នោះទេ​»​។

បើតាម​ការរៀបរាប់​របស់​​កញ្ញា ម៉ៃសារ៉ស់ ក្នុង​ពេល​ធ្វើការ​នៅលើ​ទីវាល បញ្ហា​ដែល​ស្ត្រី​ប្រឈមមុខ គឺ​គ្មាន​បន្ទប់​សម្រាក​។ ​ពួកគេ​ក៏​ប្រឈម​នឹង​អាកាសធាតុ​ក្តៅ​និង​បញ្ហា​សុខភាព ប៉ុន្តែ​បាន​ស៊ូទ្រាំ ដើម្បី​សម្រេច​ការងារ​។ ​ក្នុង​បេសកកម្ម​នៅក្នុង​ប្រទេស​លីបង់​កញ្ញា​មិនឃើញ​មាន​មេបញ្ជាការរង​ស្ត្រី​ផ្សេងទៀត​ទេ ពោលគឺ​​មានតែ​បុរស​កាន់តំណែង​ខ្ពស់​ប៉ុណ្ណោះ​។ នេះ​ជា​មូលហេតុ​​ដែល​មេបញ្ជាការ​បេសកកម្ម​រក្សា​សន្តិភាព​របស់​អង្គការ​សហប្រជាជាតិ​ប្រចាំ​ប្រទេស​លីបង់​ប្រគល់​មេដាយ​សម្រាប់​ការសរសើរ​មេបញ្ជាការ​កងកម្លាំង​ដល់​នាង​។

កញ្ញា​បាន​និយាយថា​៖ «​វា​ជា​មោទនភាព​សម្រាប់​ប្រទេស​យើង​ដែល​បានទទួល​មេដាយ​បែបនេះ​»​។

យោងតាម​របាយការណ៍​​របស់​មជ្ឈមណ្ឌល​ជាតិ​គ្រប់គ្រង​កងកម្លាំង​រក្សា​សន្តិភាព បោសសម្អាត​មីន និង​កាកសំណល់​សង្គ្រាម​ប្រទេស​កម្ពុជា​​បានដាក់​ពង្រាយ​កងរក្សា​សន្តិភាព​ជិត​ ៨ ០០០ ​នាក់ ទៅកាន់​ប្រទេស​ចំនួន​ ៩ ចាប់តាំងពី​ឆ្នាំ ២០០៦ មក​។

ព្រះរាជាណាចក្រ​កម្ពុជា​ពិតជា​មាន​មោទនភាព ជាពិសេស​​ដែល​កងកម្លាំង​ជា​ស្ត្រី​របស់ខ្លួន​បាន​ចូលរួមចំណែក​ក្នុង​ប្រតិបត្តិការ​រក្សា​សន្តិភាព​នៅក្នុង​តំបន់​ជាច្រើន​នៃ​ពិភពលោក​។

នេះ​ជា​ប្រសាសន៍​របស់​លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​។

លោក​បាន​បញ្ជាក់ថា​៖ «​យើង​មាន​មោទនភាព​ចំពោះ​អ្នក​ និង​មនុស្ស​ជាច្រើន​ទៀត​ដែល​កំពុង​បំពេញបេសកកម្ម​ដ៏ថ្លៃថ្នូរ​ដើម្បី​បុព្វហេតុ​សន្តិភាព និង​សន្តិសុខ​ពិភពលោក​»៕