The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - អាមេរិក​បដិសេធ​ផ្តល់​ទិដ្ឋាការ​ដល់​មន្ត្រី​ការបរទេស​កម្ពុជា​ ដោយសារ​កម្ពុជា​ពន្យារពេល​ទទួលយក​ខ្មែរ​និរទេស​ពី​អាមេរិក

អាមេរិក​បដិសេធ​ផ្តល់​ទិដ្ឋាការ​ដល់​មន្ត្រី​ការបរទេស​កម្ពុជា​ ដោយសារ​កម្ពុជា​ពន្យារពេល​ទទួលយក​ខ្មែរ​និរទេស​ពី​អាមេរិក

Content image - Phnom Penh Post
បុរសម្នាក់ជិះកាត់ស្ថានទូត​សហរដ្ឋអាមេរិកប្រចាំ​កម្ពុជា នាពេលកន្លងទៅ។ ហេង ជីវ័ន

អាមេរិក​បដិសេធ​ផ្តល់​ទិដ្ឋាការ​ដល់​មន្ត្រី​ការបរទេស​កម្ពុជា​ ដោយសារ​កម្ពុជា​ពន្យារពេល​ទទួលយក​ខ្មែរ​និរទេស​ពី​អាមេរិក

ភ្នំពេញៈ មន្ត្រី​កុងស៊ុល​នៃ​ស្ថានទូត​សហរដ្ឋអាមេរិក ប្រចាំ​កម្ពុជា​បាន​បដិសេធ​ផ្តល់​ទិដ្ឋាការ​ប្រភេទ B1 ប្រភេទ B2 និង​ប្រភេទ B1/B2 ដល់​មន្ត្រី​នៃ​ក្រសួង​ការបរទេស​កម្ពុជា​ដែលមាន​តួនាទី​ចាប់ពី​ថ្នាក់​អគ្គនាយក​រហូតដល់​ថ្នាក់ដឹកនាំ​កំពូល​នៃ​ក្រសួង​នេះ និង​សមាជិក​ក្រុម​គ្រួសារ​របស់​ពួកគេ ដោយ​លើក​ហេតុផល​ថា ដោយសារតែ​កម្ពុជា «​បាន​បដិសេធ​ ឬ​ប្រើប្រាស់​ហេតុផល​មិន​សមស្រប ពន្យារពេល​ទទួលយក​ពលរដ្ឋ​របស់ខ្លួន​ដែល​ត្រូវ​និរទេស​ពី​សហរដ្ឋអាមេរិក​»​។

ការបដិសេធ​នេះ យោងតាម​លិខិត​របស់​មន្ត្រី​កុងស៊ុល​នៃ​ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា​ដែល​ភ្នំពេញ​-​ប៉ុស្តិ៍​បានទទួល​កាលពី​ថ្ងៃទី​ ៣១ ខែមីនា ឆ្នាំ​ ២០២២ ដោយ​ខាង​ស្ថានទូត​បាន​លើកឡើង​តាមរយៈ​លិខិត​នេះ​ថា ស្ថានទូត​មិនអាច​ផ្តល់​ទិដ្ឋាការ​ជូន​បានទេ ដោយយោង​ទៅតាម​បម្រាម​ស្ដីពី​ការផ្អាក​ទិដ្ឋាការ​ជា​បណ្តោះអាសន្ន​តាមរយៈ​មាត្រា​ ២៤៣ (d) នៃ​ច្បាប់​អន្តោប្រវេសន៍ និង​សញ្ជាតិ​។

លិខិត​ដដែល​បន្តថា៖ «​រដ្ឋមន្ត្រី​ក្រសួង​សន្តិសុខ​មាតុភូមិ​បាន​ផ្តល់ព័ត៌មាន​ដល់​រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋអាមេរិក​ថា ប្រទេស​កម្ពុជា​បាន​បដិសេធ​ ឬ​ប្រើប្រាស់​ហេតុផល​មិន​សមស្រប ពន្យារពេល​ទទួលយក​ពលរដ្ឋ​របស់ខ្លួន​ដែល​ត្រូវ​និរទេស​ពី​សហរដ្ឋអាមេរិក​»​។

ប្រភព​ដដែល​បន្តទៀត​ថា៖ «​ដូច្នេះ​រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋអាមេរិក​បាន​បញ្ជា​ឱ្យ​មន្ត្រី​កុងស៊ុល​នៅ​ប្រទេស​កម្ពុជា​បញ្ឈប់​ការផ្តល់​ទិដ្ឋាការ​ប្រភេទ B1 ប្រភេទ B2 និង​ប្រភេទ B1/B2 ដល់​មន្ត្រី​នៃ​ក្រសួង​ការបរទេស​កម្ពុជា ដែលមាន​តួនាទី​ចាប់ពី​ថ្នាក់​អគ្គនាយក​រហូតដល់ ថ្នាក់​ដឹកនាំ​កំពូល​នៃ​ក្រសួង​នេះ និង​សមាជិក​ក្រុមគ្រួសារ​របស់​ពួកគេ​»​។

ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា​បាន​បញ្ជាក់ថា ដោយសារ​មូលហេតុ​នេះ ស្ថានទូត​មិនអាច​ផ្តល់​ទិដ្ឋាការ​បានទេ ហើយ​បេក្ខជន​ក៏​មិន​អាច​ធ្វើការ​តវ៉ា​ចំពោះ​ការផ្អាក​ទិដ្ឋាការ​នេះ​បានដែរ ហើយ​ខាង​ស្ថានទូត​ក៏​មិនអាច​បង្វិលប្រាក់​ថ្លៃ​ដាក់ពាក្យ​សុំ​ទិដ្ឋាការ​ជូន​វិញ​បានដែរ​។

ប្រសិនបើ​រដ្ឋមន្ត្រី​ក្រសួង​សន្តិសុខ​មាតុភូមិ​ផ្តល់​ព័ត៌មាន​ដល់​រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋអាមេរិក​ថា ប្រទេស​កម្ពុជា​បាន​អនុលោម​ទៅតាម​សំណើ​របស់​សហរដ្ឋអាមេរិក​ស្តីពី​ការយល់ព្រម​ទទួលយក​ពលរដ្ឋ​របស់​ខ្លួន​វិញ​ហើយ​នោះ ខាង​ស្ថានទូត​នឹង​បន្ត​ដំណើរការ​ចេញ​ទិដ្ឋាការ​ជាធម្មតា​ឡើងវិញ​។ ស្ថានទូត​សហរដ្ឋអាមេរិក​បញ្ជាក់​ថា៖ «​មន្ត្រី​កុងស៊ុល​នឹង​បន្ត​ពិនិត្យមើល​ពាក្យសុំ​ទិដ្ឋាការ​របស់​អ្នក​សាជាថ្មី ហើយ​អាច​នឹង​ទាក់ទង​ទៅ​អ្នក​ប្រសិនបើ​ចាំបាច់​»​។

អ្នកនាំពាក្យ​ក្រសួង​ការបរទេស​លោក ជុំ សុន្ទរី បាន​ប្រាប់​ ភ្នំពេញ ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ៣១ ខែមីនា ថា​លោក​កំពុង​ធ្វើការ​លើ​ករណីនេះ ហើយ​លោក​នឹង​ប្រាប់​បន្ថែម​នៅពេល​ក្រោយ​។

អ្នកនាំពាក្យ​នៃ​ស្ថានទូត​អាមេរិក លោក Chad Roedemeier បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ៣១ ខែមីនា ថា តាមច្បាប់​លោក​មិន​អាចធ្វើ​អត្ថាធិប្បាយ​លើ​ករណី​ទិដ្ឋាការ​បុគ្គល​បានទេ​។ លោក​បាន​លើកឡើង​ថា នៅ​ខែកញ្ញា ឆ្នាំ​ ២០១៧ សហរដ្ឋ-អាមេរិក​បាន​បញ្ឈប់​ការចេញ​ទិដ្ឋាការ​ប្រភេទ B1/B2 ដល់​មន្ត្រី​នៃ​ក្រសួង​ការបរទេស​កម្ពុជា ដែលមាន​តួនាទី​ចាប់ពី​ថ្នាក់​អគ្គនាយក​រហូតដល់​ថ្នាក់ដឹកនាំ​កំពូល​នៃ​ក្រសួង​នេះ និង​សមាជិក​ក្រុមគ្រួសារ​របស់​ពួកគេ​ដោយសារ​តែ​ប្រទេស​កម្ពុជា​បដិសេធ ឬ​ពន្យារពេល​ដោយ​មិន​សម​ហេតុផល​ក្នុង​ការទទួល​យក​ពលរដ្ឋ​របស់ខ្លួន ដែល​ត្រូវបាន​បញ្ជា​ឱ្យ​ដក​ចេញពី​សហរដ្ឋអាមេរិក​។

លោក Chad Roedemeier បាន​បញ្ជាក់ថា៖ «​គោលការណ៍​នេះ​បាន​ចាប់ផ្តើម​នៅ​ឆ្នាំ​ ២០១៧ ហើយ​មិនមាន​ការផ្លាស់ប្តូរ​ទេ​។ ចាប់តាំងពី​ឆ្នាំ ២០១៧ មក​យើង​ឈប់​ផ្តល់​ទិដ្ឋាការ​ទេសចរណ៍​ដល់​មន្ត្រី​ក្រសួង​ការបរទេស ដែលមាន​ឋានៈ​ពី​អគ្គនាយក​រហូត​ដល់​ថ្នាក់ដឹកនាំ​កំពូល ដោយសារ​ហេតុផល​ដែល​ខ្ញុំ​បានលើកឡើង​ខាងលើ​អ៊ីចឹង​»​។

លោក យង់ ពៅ អគ្គលេខាធិការ​រាជបណ្ឌិត្យ​សភា​កម្ពុជា​បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ថា​៖ «​ខ្ញុំ​គិតថា សហរដ្ឋ​អាមេរិក ដែល​តាំងខ្លួន​ជា​ប្រទេស​ដែល​គោរព​សិទ្ធិមនុស្ស​ខ្លាំងជាងគេ​នោះ គួរតែ​ព្យាយាម​អប់រំ​មនុស្ស​ទាំងនោះ​ឱ្យ​បាន​ជោគជ័យ ហើយ​ផ្តល់​សិទ្ធិ​ជ្រកកោន​ឱ្យ​ពួកគាត់​តាមច្បាប់​អាមេរិក​ជា​ជាង​បញ្ជូន​ពួកគាត់​ត្រលប់មក​ប្រទេស​កំណើត​វិញ​»​។

លោក​បាន​ចោទ​សួរថា​៖ «​គាត់​ (​អាមេរិក​)​ ទុក​តែម​នុស្ស​ល្អ តែ​បែរជា​មនុស្ស​ធ្វើ​ខុស មិន​ព្រម​ធ្វើការ​អប់រំ​ទេ បែរជា​បញ្ជូន​ពួកគាត់​មកវិញ​។ ចឹង​! សួរថា តើ​ប្រទេស​ដែល​គោរព​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ជាងគេ​ហ្នឹង វា​យ៉ាងម៉េច​វិញ​? តែ​បែរជា​បញ្ជូន​ពួកគាត់​ទាំងនោះ​មកវិញ ដោយ​មិន​គិតពី​មនុស្សធម៌ ហើយ​មនុស្ស​មួយចំនួន​ដែល​ត្រូវបាន​​បញ្ជូន​មកវិញ​មាន​ការបាក់​ទឹកចិត្ត ពិបាក​រកមុខរបរ​ចិញ្ចឹមជីវិត​ជាដើម​»​។ លោក​បន្តថា សហរដ្ឋ​អាមេរិក​គិតតែ​ច្បាប់​របស់ខ្លួន តែ​មិនបាន​គិតពី​សិទ្ធិមនុស្ស ​និង​មនុស្សធម៌​នោះឡើយ​។

លោក​លើកឡើងថា ការពន្យារ​ការទទួល​យក និង​ការបញ្ជូន ប្រជាពលរដ្ឋ​កម្ពុជា ដោយយោង​លើ​ហេតុផល​នៃ​ការរីក​រាលដាល​នៃ​មេរោគ​កូវីដ ហើយ​សហរដ្ឋអាមេរិក​បានចេញ​នូវ​ការហាម​ប្រាម​ការផ្តល់​ទិដ្ឋាការ​នេះ គឺ​សហរដ្ឋអាមេរិក​​ផ្អែកលើ​ហេតុផល​មួយចំនួន​។

លោក​មានប្រសាសន៍​ថា​៖ «​អាមេរិក​ចេញ​ការហាម​ប្រាម​នេះ​ដោយ​ផ្អែកលើ​ហេតុផល​នៃ​ការព្រមព្រៀង​គ្នា ទី​ ២ មាន​ស្តង់ដា​ផ្សេងគ្នា និង​ទី​ ៣ អាច​ប្រហែល​អនុលោម​ទៅលើ​បញ្ហា​ភូមិសាស្ត្រ​នយោបាយ​ផ្សេងទៀត​ដែល​ធ្វើឱ្យ​អាមេរិក​សម្រេច​បែបនេះ​»​។

លោក យង់ ពៅ បាន​បន្ថែមថា ប្រសិនបើ​និយាយថា អាមេរិក​យក​កម្ពុជា​ជា​ចំណាប់ខ្មាំង វា​អាក្រក់​ស្តាប់​ពេក ក៏ប៉ុន្តែ​សហរដ្ឋអាមេរិក តែងតែ​ចាត់ទុក​កម្ពុជា​ជា​របាំង​នៃ​ភូមិសាស្ត្រ​នយោបាយ នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍​រវាង​ទំនាក់​ទំនង​សហរដ្ឋអាមេរិក​ជាមួយ​នឹង​ចិន ជាមួយ​នឹង​រុស្ស៊ី​ជាដើម​។

លោក​បញ្ជាក់ថា៖ «​ប៉ុន្តែ​ជាមួយ​នឹង​រុស្ស៊ី យើង​បានបង្ហាញ​ឆន្ទៈ​របស់​យើង​រួចហើយ ប៉ុន្តែ​ផ្អែកលើ​បញ្ហា​ជាមួយនឹង​ចិន​ច្រើនជាង​ជាមួយ​នឹង​បញ្ហា​សមុទ្រ​រាម​ជាដើម​»​។ លោក យង់ ពៅ បាន​សង្កត់ធ្ងន់​ថា៖ «​វា​ជា​ចេតនា​របស់​សហរដ្ឋអាមេរិក​ក្នុង​ការ​ធ្វើឱ្យមាន​ការរាំងស្ទះ​ទៅដល់​កិច្ចប្រជុំ​អាស៊ាន​-​អាមេរិក នាពេល​ខាងមុខ​ផងដែរ ដោយសារ​ច្បាស់​ណាស់​ថា កិច្ចប្រជុំ​នេះ​ត្រូវ​មាន​មន្ត្រី​សំខាន់ៗ​របស់​ក្រសួង​ការបរទេស ដែល​បំពេញ​កិច្ចការងារ​នេះ​ចូលរួម​»​។

ចំណែក លោក ប៉ា ចន្ទរឿន ប្រធាន​វិទ្យាស្ថាន​ប្រជាធិបតេយ្យ​កម្ពុជា​បាន​ថ្លែង​ដែរ​ថា ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ទំនាក់​ទំនង​រវាង​កម្ពុជា និង​សហរដ្ឋ​អាមេរិក មិនសូវមាន​ភាពរលូន​ប៉ុន្មាន​នោះទេ ដោយសារ​មាន​បញ្ហា​ខ្វែង និង​ទាស់គំនិត​គ្នា​ជាច្រើន ដែល​នៅ​ក្នុងនោះ​ក៏មាន​គោលការណ៍​ក្នុង​ការទទួល​យក​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ត្រូវ​និរទេស​ខ្លួន​ពី​សហរដ្ឋអាមេរិក​ផងដែរ​។

លោក​បាន​បញ្ជាក់ទៀត​ថា៖ «​ខ្ញុំ​មើលឃើញថា​ការជូន​ដំណឹង​របស់​ស្ថានទូត​អាមេរិក​ក្នុង​ការបញ្ឈប់​ការផ្តល់​ទិដ្ឋាការ​ដល់​មន្ត្រី​នៃ​ក្រសួង​ការបរទេស និង​សមាជិកគ្រួសារ​នេះ គឺជា​ការដាក់​សម្ពាធ​មួយ ដើម្បី​ជំរុញ​ឱ្យ​កម្ពុជា​ប្រើប្រាស់​ហេតុផល​ឱ្យបាន​សមស្រប ក៏ដូចជា​ពិចារណា​ឡើងវិញ នៅក្នុង​ការទទួល​យក​ពលរដ្ឋ​ខ្មែរ ដែល​ត្រូវបាន​និរទេស​ខ្លួន​ពី​សហរដ្ឋ-​អាមេរិក​»៕

វីដេអូ៖

អត្ថបទគួរចាប់អារម្មណ៍