ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​អនុញ្ញាត​ឱ្យមាន​ការរៀបចំ​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណីជាតិ​ខ្មែរ​ដែល​នឹង​មកដល់​នៅ​ពាក់កណ្តាល​ខែមេសា​ខាងមុខ​នេះ ប៉ុន្តែ​លោក​បាន​ណែនាំ​ឱ្យ​បន្ត​អនុវត្ត​នូវ​វិធាន​សុខាភិបាល​ ជាពិសេស​វិធានការ​ ៣ ​កុំ និង​ ៣ ​ការពារ ក្នុងពេល​ជួបជុំ​កម្សាន្ត​នានា ក្នុង​ពិធីបុណ្យ​នេះ ដើម្បី​ចៀសវាង​ការ​ផ្ទុះឡើង​ជាថ្មី​នៃ​ការឆ្លង​រាលដាល​មេរោគ​កូវីដ​ ១៩​។

លោក​បាន​ថ្លែង​ដូចនេះ នា​ព្រឹក​ថ្ងៃទី​ ៣១ ខែមីនា ឆ្នាំ​ ២០២២ ក្នុង​ពិធី​បើកសម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​ស្ពាន​អាកាស និង​ផ្លូវ​ក្រោម​ដី​ចោមចៅ​។ លោក ហ៊ុន សែន បានប្រកាស​ឱ្យ​ប្រជាពលរដ្ឋ​នាំគ្នា​លេង​ឱ្យ​សប្បាយ​ចុះ​ក្នុង​ពិធីបុណ្យ​ចូលឆ្នាំថ្មី ប្រពៃណី​ខ្មែរ​នៅ​ឆ្នាំនេះ ប៉ុន្តែ​លោក​នៅតែ​រំឭក​ដល់​ប្រជាពលរដ្ឋ​នៅ​គ្រប់កន្លែង​ទូទាំងប្រទេស ត្រូវតែ​ប្រកាន់ខ្ជាប់​នូវ​វិធានការ​សុខាភិបាល​។

លោក​មាន​ប្រសាសន៍ថា​៖ «​អ្វីដែល​ខ្ញុំ​ស្នើឱ្យ​យកចិត្ត​ទុកដាក់ ទី​ ១ ​ត្រូវ​បន្ត​ការខិតខំ​អនុវត្ត​វិធានការ​សុខាភិបាល​ជាពិសេស​ ៣ ​កុំ ៣ ​ការពារ ដែល​យើង​បាននិង​កំពុង​ធ្វើ​ទាំងអស់គ្នា​។ ជោគជ័យ​នៃ​ការ​គ្រប់គ្រង​កូវីដ​នៅ​កម្ពុជា មិនមែន​បានមកពី​តួអង្គ​ ហ៊ុន សែន ​តែម្នាក់ឯង​នោះទេ​គឺ​បានមកពី​ការចូលរួម​គ្រប់ផ្នែក​ទាំងអស់​»​។

លោកនាយក​រដ្ឋមន្ត្រី​ក៏បាន​ធ្វើការ​ផ្តាំផ្ញើ​ផងដែរ​ថា កុំឱ្យ​មាន​ការផ្ទុះ​ឡើងជា​ថ្មី​ម្តងទៀត​នូវ​ការរីករាលដាល​នៃ​មេរោគ​កូវីដ ​១៩ បន្ទាប់ពី​បញ្ចប់​នៃ​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណីជាតិ​នេះ ដូចនេះ​គ្រប់​ទីកន្លែង​ទាំងអស់​ត្រូវតែមាន​វិធានការ​ឱ្យបាន​ហ្មត់ចត់​ទាំងអស់ មិនមែន​គ្រាន់តែ​ទាក់ទង​នឹង​ការការពារ​សណ្តាប់ធ្នាប់​ទេ ប៉ុន្តែ​អាជ្ញាធរ​គ្រប់​ទីកន្លែង​ទាំងអស់​ត្រូវតែ​គ្រប់គ្រង​ទាំង​កម្លាំង​សន្តិសុខ និង​សុខាភិបាល​ផងដែរ​។

លោក ហ៊ុន សែន បាន​បញ្ជាក់ថា​៖ «​ត្រូវមាន​ពេទ្យ​មាន​កន្លែង​ធ្វើតេស្ត​រហ័ស ដោយសារ​ប្រជាពលរដ្ឋ​យើង​ខ្លះ​មិនមាន​តេស្ត​រហ័ស​នៅ​ជាមួយ​ខ្លួន​ទេ​។ ដូចនេះ​យើង​ត្រូវតែ​ត្រៀម​ឱ្យមាន​គ្រូពេទ្យ និង​ត្រូវ​បំប៉ន​គ្រូពេទ្យ​យ៉ាងណា​ដើម្បីឱ្យ​ពួកគាត់​មានលទ្ធភាព​ធ្វើការ​ក្នុង​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​នេះ​»​។

លោក​បាន​លើកឡើងថា ក្នុង​រយៈពេល​ ៣ ​ខែ​ដើម​ឆ្នាំនេះ បើ​ប្រៀបធៀប​ជាមួយនឹង​ ៣ ​ខែ​ដើមឆ្នាំ​ ២០២១ កន្លងទៅ មាន​ស្ថានភាព​ខុសគ្នា​ដាច់​ស្រលះ ដែល​មុនពេល​កម្ពុ​ជាមាន​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​ ១៩​ ចាក់​ជូន​ប្រជាពលរដ្ឋ អាជ្ញាធរ​ត្រូវ​ធ្វើការ​ឃុំគ្រង​ប្រជាពលរដ្ឋ​ ដើម្បី​ធានាថា ប្រជាពលរដ្ឋ​មិនត្រូវ​ស្លាប់​ដោយសារ​ការឆ្លង​កូវីដ​ ១៩ ​នោះឡើយ​។

លោក ហ៊ុន សែន បាន​ថ្លែងថា៖ «​ពេលនោះ យើង​ប្រើ​វិធានការ​ច្រើនណាស់​រាប់ទាំង​វិធាន​ការបិទខ្ទប់​ទីក្រុង​ភ្នំពេញ បិទខ្ទប់​តាម​គោលដៅ ដែលមាន​ទាំង​តំបន់​ក្រហម លឿងទុំ និង​តំបន់​លឿង ដើម្បី​ធានាថា អាយុជីវិត​របស់​ប្រជាពលរដ្ឋ​យើង​ត្រូវបាន​ធានា​។ ទោះបីជា​មានការ​ខិតខំ​ប្រឹងប្រែង​យ៉ាងណា​ក៏ដោយ តែ​ប្រជាពលរដ្ឋ​របស់​យើង​បានទទួល​មរណភាព​នៅ​ទូទាំង​ប្រទេស​មាន​ជាង​ ៣ ០០០ ​នាក់ និង​មាន​អ្នក​ឆ្លង​ជាង​ ១៣ ​ម៉ឺន​នាក់​ផងដែរ​»​។

ពលរដ្ឋ​ឡើង​ជិះឡាន​តាក់ស៊ី​ទៅ​ស្រុក​បុណ្យចូលឆ្នាំ​នៅតាម​ផ្លូវជាតិ​លេខ​ ៦ ​អា កាលពី​បុណ្យចូលឆ្នាំ នាពេល​កន្លងមក​។ហុង មិនា

រាជរដ្ឋាភិបាល​កម្ពុជា ក្រសួង​សុខាភិបាល និង​អាជ្ញាធរ​ពាក់ព័ន្ធ​បាន​ប្រឹងប្រែង​ជម្នះ​រក​វ៉ាក់សាំង​ចាក់​ជូន​ប្រជាពលរដ្ឋ ហើយ​មកដល់​ពេលនេះ ប្រជាពលរដ្ឋ​ជាង​ ៩២% បានទទួល​ការចាក់​វ៉ាក់សាំង​រួចស្រេច​ទៅហើយ ដែល​ធ្វើឱ្យមាន​ភាពស៊ាំ​នៅក្នុង​សហគមន៍​របស់​ប្រជាពលរដ្ឋ​បានល្អ​។

មកដល់​ពេលនេះ កម្ពុជា​មាន​វ៉ាក់សាំង​ស្តុក​ក្នុង​ឃ្លាំង​រហូត​ដល់​ជិត​ ១២​ លាន​ដូស ហើយ​នៅ​ថ្ងៃទី​ ០៦ ​ខែមេសា ប្រសិនបើ​មិនមាន​ការប្រែប្រួល​ទេ វ៉ាក់សាំង​មកពី​ប្រទេស​អ៊ីតាលី​ជាង​ ១​ លាន​​ស​ទៀត បូក​បន្ថែម​ទៅនឹង​វ៉ាក់សាំង​ដែល​ប៉ូឡូញ​កំពុង​ត្រៀម​រៀបចំ​ផ្តល់ជូន​ចំនួន​ ១​ លាន​ដូស និង​មានការ​សន្យា​ផ្តល់​ពី​សហរដ្ឋអាមេរិក​ចំនួន​ ៧,៥​ លាន​ដូស​នៅ​ឆ្នាំនេះ ដែល​អាច​នឹង​មកដល់​នៅ​ខែមេសា ឧសភា កក្កដា និង​ខែកញ្ញា​។

លោក ហ៊ុន សែន បាន​លើកឡើង​ថា៖ «​អ៊ីចឹង​! យើង​មាន​វ៉ាក់សាំង​គ្រប់គ្រាន់ ដើម្បី​នឹង​ការពារ​ប្រជាពលរដ្ឋ​របស់​យើង​តាមរយៈ​ដូស​ជំរុញ ឬ​ដូស​ទី​ ៣ និង​ដូស​ទី​ ៤​។ ចំនួន​ឆ្លង​វីរុស​កូវីដ​ ១៩ នៅក្នុង​ប្រទេស​របស់​យើង​មានការ​ថមថយ​ច្រើន ហើយ​ខេត្ត​ខ្លះ ក៏​មិនមាន​ឆ្លង​ដែរ ប៉ុន្តែ​ក៏ត្រូវ​តែ​បន្តធ្វើ​ការការពារ​ និង​អនុវត្ត​វិធានការ​សុខាភិបាល​ផងដែរ​»​។

ជាមួយ​គ្នានេះដែរ លោក អ៊ិត សំហេង រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ក៏បាន​ជូនដំណឹង​ដល់​ម្ចាស់​ ឬ​នាយក​រោងចក្រ សហគ្រាស ទាំងអស់​អនុញ្ញាត​ឱ្យ​កម្មករនិយោជិត​របស់​ខ្លួន​ឈប់សម្រាក​ដោយមាន​ប្រាក់​ឈ្នួល​នាឱកាស​បុណ្យ​ចូលឆ្នាំ​ខ្មែរ​ខាងមុខនេះ​ក្នុង​រយៈពេល ៣ ​ថ្ងៃ​គឺ​ពីថ្ងៃ​ទី​ ១៤-១៥ និង​ថ្ងៃទី​ ១៦ ខែមេសា​។

លោក​បាន​លើកឡើងថា ចំពោះ​រោងចក្រ សហគ្រាស​ទាំងឡាយណា ដែល​កម្មវត្ថុ​អាជីវកម្ម​មាន​ចរិតលក្ខណៈ​សកល​ត្រូវ​ប្រព្រឹត្តទៅ​ជាប្រចាំ និង​មិនអាច​បញ្ឈប់​សកម្មភាព​បាន​ត្រូវ​រៀបចំ​បែងចែក​ឱ្យ​កម្មករនិយោជិត​បាន​ឈប់សម្រាក​ទៅតាម​ថ្ងៃបុណ្យ នីមួយៗ​ដោយ​ផ្លាស់​វេន​គ្នា​។

លោក​ថា៖ «​កម្មករនិយោជិត​ដែល​ធ្វើការ​ថ្ងៃ​ឈប់​បុណ្យចូលឆ្នាំ​ខ្មែរ​ឆ្នាំនេះ​មាន​សិទ្ធិ​ទទួល​នូវ​ប្រាក់​បំណាច់​បន្ថែម​ដែលមាន​ចំនួន​ស្មើនឹង​ប្រាក់​ឈ្នួល​ថ្ងៃ​ធ្វើការ​ធម្មតា​។ ម្ចាស់ ឬ​នាយក​រោងចក្រ សហគ្រាស ត្រូវ​រៀបចំ​បញ្ជី​ឈ្មោះ​កម្មករនិយោជិត ដែល​ត្រូវ​ផ្លាស់ប្តូរ​គ្នា​ឈប់​សម្រាក​តាម​កាលបរិច្ឆេទ​នីមួយៗ និង​រក្សាទុក​ជាប្រចាំ​សម្រាប់​ការត្រួតពិនិត្យ​របស់​អធិការ​ការងារ​»​។

ក្នុង​ករណី​មានការ​ព្រមព្រៀង​គ្នា​រវាង​​កម្មករនិយោជិត​សាមី​ និង​និយោជក ការឈប់​សម្រាក​របស់​កម្មករនិយោជិត​អាចអនុវត្ត​នៅពេលណា មួយ​ផ្សេង​ទៀត ដែល​ខុសពី​ថ្ងៃ​ឈប់សម្រាក​បុណ្យ​។ ទន្ទឹមនឹង​នេះដែរ លោក អ៊ិត សំហេង ក៏បាន​ក្រើនរំឭក​ដល់​ម្ចាស់ ឬ​នាយក​រោងចក្រ សហគ្រាស និង​កម្មករនិយោជិត​ទាំងអស់​ត្រូវ​បន្ត​ចូលរួម​​អនុវត្ត​វិធានការ ៣ ​ការពារ និង​ ៣​ កុំ និង​វិធានការ​សុខាភិបាល​ចាំបាច់​ផ្សេងទៀត​ឱ្យបាន​ខ្ជាប់ខ្ជួន​៕