ភ្នំពេញៈ ពេល​មាន​សង្គ្រាម​ទើប​ឃើញ​សន្តិភាព​មានតម្លៃ ឯ​កម្ពុជា​បាន​មើលឃើញ​តម្លៃ​នៃ​សន្តិភាព តាំងពី​សង្គ្រាម​ចាប់ផ្តើម នា​ឆ្នាំ​ ១៩៧០ គឺ​ ៥២ ​ឆ្នាំមុន ប៉ុន្តែ​គ្មាន​ជម្រើស​ទេ ព្រោះ​ពេលនោះ​ពលរដ្ឋ​ជា​ចំណាប់ខ្មាំង​នៃ​សង្គ្រាម ទៅណា​ក៏​គេ​ចាប់ធ្វើ​ទាហាន វ៉ៃ​គ្នា ពេញ​ប្រទេស​។ ដូច្នេះ​បានជា​កត្តា​សន្តិភាព​ត្រូវ​មើល​ឱ្យឃើញ​ចាប់ផ្តើម​ពី​ចំណុច​សន្តិភាព​នេះហើយ​ដែលមាន​លទ្ធភាព​ដើម្បី​អភិវឌ្ឍ​។ នេះ​ជា​ការថ្លែង​របស់លោក​ ហ៊ុន សែន​។

ក្នុង​ឱកាស​អញ្ជើញ​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ស្ពាន​អាកាស និង​ផ្លូវ​ក្រោម​ដី​ចោមចៅ នា​ថ្ងៃទី​ ៣១ មីនា លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ថ្លែងថា​បើ​គ្មាន​សន្តិភាព កុំ​និយាយ​ពី​ការអភិវឌ្ឍ ហើយ​កុំ​និយាយ​ពី​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​។ ក្នុងន័យ​នេះដែរ លោក​បាន​ប្រៀបធៀប​ទៅ​ប្រទេស​អ៊ុយក្រែន​ដែល​កំពុង​ញាំញី​ដោយ​ភ្លើងសង្គ្រាម​ជាមួយ​ប្រទេស​រុស្ស៊ី ធ្វើឱ្យ​បាត់បង់​ទីជម្រក បែកបាក់​គ្រួសារ បាត់បង់​ការគោរព​សិទ្ធិ​មនុស្ស​ផងដែរ​។

លោក​ថ្លែងថា​៖ «​ឥឡូវ​សូម​ទៅ​សួរ​អ៊ុយក្រែន តើ​សិទ្ធិមនុស្ស​នៅ​កន្លែង​ណា បើ​គ្រាប់បែក គ្រាប់ផ្លោង កុមារ​នៅក្រោម​ដី អត់​សាលារៀន អត់​ទឹកស្អាត​ប្រើប្រាស់​។ ជនភៀសខ្លួន​ចេញពី​អ៊ុយក្រែន គឺមាន​ជនជាតិ​អ៊ុយក្រែន​ផង និង​មាន​និស្សិត​នៃ​បណ្តា​ប្រទេស​អាហ្វ្រិក ដែល​រៀន​នៅ​អ៊ុយក្រែន​ផង​ត្រូវ​បានទទួល​ការរើសអើង​នៅ​ទ្វីបអឺរ៉ុប​ដែល​ជា​ប្រទេស ដែល​ចាត់ទុកថា ប្រទេស​ប្រកាន់​លទ្ធិ​ប្រជាធិបតេយ្យ និង​គោរព​សិទ្ធិមនុស្ស​»​។

ត្រង់ចំណុច​នេះ​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បានដាក់​ជា​សំណួរ​ទៅកាន់​ប្រទេស​ក្នុង​សហភាព​អឺរ៉ុប​ថា​៖ «​ប៉ុន្តែ​នៅមាន​រឿង​មួយទៀត គឺ​ជនភៀសខ្លួន​ស៊ីរី និង​លីប៊ី​កំពុង​រស់នៅ​ជំរំ​ភៀសខ្លួន​នៅឡើយ​ទេ​។ អ៊ីចឹង​នេះ ជា​ចំណោទ​ដែល​ចោទសួរ​ទៅ​ប្រទេស​អឺរ៉ុប ថា តើ​ហេតុអ្វី​បានជា​អ្នកឯង​មាន​ស្តង់ដា​ ២ ឬ​ស្តង់ដា​ ៣​។ ចំណុច​នេះ​មិន​ប្រាកដថា​អ្នក​និយាយ​ពី​បញ្ហា​រើសអើង អ្នក​និយាយ​ពី​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​ល្អ​ទេ រឿង​ទង្វើ​ជាក់ស្តែង​ទើប​ជា​ការត្រឹមត្រូវ​»​។

លោកនាយក​រដ្ឋមន្ត្រី​ប្រាប់​ឱ្យ​ពលរដ្ឋ​ត្រូវ​មើល​ឱ្យឃើញ​ពី​តម្លៃ​នៃ​សន្តិភាព ខណៈ​នៅលើ​ពិភពលោក​កំពុងតែ​ស្រែក​រក​សន្តិភាព​កំពុង​ខិតខំ​ការពារ​សន្តិភាព ក្នុងពេល​ដែលមាន​អស្ថិរភាព ដោយសារ​សង្គ្រាម​អ៊ុយក្រែន និង​ដោយសារ​លទ្ធភាព​នៃ​ការកើតឡើង​នៃ​សង្គ្រាម​លោក​លើកទី​ ៣​ និង​កើតឡើង​នូវ​សង្គ្រាម​នុយក្លេអ៊ែរ​។

លោក​ ហ៊ុន សែន បញ្ជាក់ថា​៖ «​អ៊ីចឹង​ទេ តម្លៃ​សន្តិភាព​ដែល​ថ្ងៃនេះ ខ្ញុំ​និយាយ មិនមែនជា​បញ្ហា​ដាច់​ដោយឡែក​របស់ខ្លួន​ខ្ញុំ​ទេ​ហើយ​ចង់​លើក​តម្លៃ​ខ្លួន​ខ្ញុំ​ទេ​។ ​ប៉ុន្តែ​ខ្ញុំ​បានរួម​ចំណែក​ជាមួយ​ប្រជាជន​កម្ពុជា ដើម្បី​នាំមក​នូវ​សន្តិភាព​ដែល​រកបាន​ដោយ​លំបាក ដូច្នេះហើយ​បានជា​យើង​ចាប់ផ្តើម​និយាយ​ពី​សន្តិភាព​មុនគេ​បង្អស់​»​។

លោក​បន្តថា​៖ «​អ៊ីចឹង​សម្រាប់​យើង​កាលពី​ពេលមុន យើង​ទាមទារ​រក​សន្តិភាព​។ ក្រោយ​រក​សន្តិភាព​បាន​ហើយ យើង​ខិតខំ​និយាយ​ធ្វើ​ម៉េច​ការពារ​សន្តិភាព​ឱ្យបាន​ដោយ​តម្លៃ​ណាក៏ដោយ​រហូត​ដល់​គេ​និយាយថា យើង​គិតតែ​និយាយ​ពី​សន្តិភាព ភ្លេច​គិតពី​ប្រជាធិបតេយ្យ និង​សិទ្ធិ​មនុស្ស​។ បាទ​ខ្ញុំ​ទទួល​ស្គាល់​ហើយ តែ​ខ្ញុំ​និយាយ​រឿង​សន្តិភាព​មុន​»​។

ទន្ទឹមនឹង​ការថ្លែង​សារ​ពាក់ព័ន្ធ​សន្តិភាព​នេះ លោកនាយក​រដ្ឋមន្ត្រី​ក៏បាន​បញ្ជាក់​ជាថ្មី​ថា លោក​នឹង​បន្ត​ឈរឈ្មោះ​ជា​បេក្ខភាព​នាយករដ្ឋមន្ត្រី សម្រាប់​ការបោះ​ឆ្នោត​ឆ្នាំ​ ២០២៣ ខាងមុខនេះ​។ ចំណែក លោក​ ហ៊ុន ម៉ាណែត ​ជា​កូនប្រុស​ច្បង​របស់លោក គឺជា​បេក្ខជន​បន្តវេន ដែល​ត្រូវបាន​ត្រៀម​បម្រុង​ទុក ហើយ​នេះ​ជា​រឿង​ធម្មតា​របស់​គណបក្ស​នយោបាយ​នីមួយៗ​។

លោក​ គិន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណិ្ឌត្យ​សភា​កម្ពុជា គាំទ្រ​ប្រសាសន៍​របស់​ថ្នាក់ដឹកនាំ​ដែល​តែង​លើកឡើង​ពី​គុណតម្លៃ​នៃ​សន្តិភាព ដើម្បីឱ្យ​គ្រប់គ្នា​ការពារ​សន្តិភាព​នេះ​។

លោក​ថ្លែងថា​៖ «​ពាក់ព័ន្ធ​តម្លៃ​សន្តិភាព​នេះ​ជា​តម្លៃ​សកល​មួយ​ដែល​បណ្តា​ប្រជាជាតិ​ទាំងអស់​នៅក្នុង​ពិភពលោក​តែងតែ​ផ្តល់​តម្លៃ​ខ្ពស់​។ នៅពេលដែល​យើង​អត់​មាន​សន្តិភាព គឺ​យើង​អត់​អាច​និយាយ​ពីអ្វី​បានទេ សិទ្ធិ​មនុស្ស​ក្តី លទ្ធិប្រជាធិបតេយ្យ​ក្តី និរន្តរភាព​ក្តី​អាច​រីកដុះដាល​បាន លុះត្រា​តែមាន​សន្តិភាព​។ អ្វី​ដែលជា​សិទ្ធិ​មូលដ្ឋាន​សំខាន់​បំផុត​នោះ​គឺ សិទ្ធិ​រស់រាន​មានជីវិត​នេះហើយ​»​។

លោក​បន្ថែមថា​៖ «​បើសិនជា​ប្រទេសជាតិ​មួយ​មិនមាន​សន្តិភាព សួរថា តើ​សិទ្ធិ​រស់រាន​មានជីវិត ឬ​អាយុជីវិត​របស់​ប្រជាពលរដ្ឋ​អាច​ធានាបាន​ដែរឬទេ​? ​គឺ​ពិតជា​មិនអាច​ត្រូវបាន​ធានា​ទេ​។ អ៊ីចឹង​ហើយ​បានជា​តម្លៃ​នៃ​សន្តិភាព​នេះ​មាន​សារៈសំខាន់​ណាស់​សម្រាប់​ការអភិវឌ្ឍ ដែលជា​ចំណុច​សំខាន់​»​។

ម្យ៉ាងទៀត​លោក​លើកឡើង​ថា នៅ​បណ្តា​ប្រទេស​លោក​ខាងលិច​តែងតែ​ផ្តល់នូវ​មេរៀន​មិនចេះចប់ មិនចេះហើយ​អំពី​សិទ្ធិមនុស្ស ប្រជាធិបតេយ្យ អំពី​សមភាព​នៃ​សេរីភាព​របស់​មនុស្ស ក៏ប៉ុន្តែ​ក៏​ជា​បណ្តា​ប្រទេស​ដែល​មាន​ការរើសអើង​ជាងគេ​ដែរ​។ គាត់​ផ្តល់​តម្លៃ​ខ្ពស់​សម្រាប់តែ​ប្រជាជាតិ​អឺរ៉ុប​គ្នា​គាត់ ចំណែក​ប្រជាជាតិ​ផ្សេងទៀត ក្រោម​ក្រសែ​ភ្នែក​របស់​ពួកគាត់ គឺជា​ជាតិ​ដែល​អន់ថយ​ជាង​ពួកគាត់​។

លោក​ គិន ភា បាន​បញ្ជាក់ថា​៖ «​ហើយ​យើង​ឃើញជាក់ស្តែង​វិបត្តិ​ជនភៀសខ្លួន​ពី​ប្រទេស​ស៊ីរី​ពី​ប្រទេស​ផ្សេងៗ​ទៀត​នៅ​មជ្ឈិមបូព៌ា ដែល​ជួប​សង្គ្រាម​ និង​អំពើហិង្សា ហើយ​នាំឱ្យមាន​លំហូរ​ជនភៀសខ្លួន​ត្រូវ​បាន​ប្រទេស​អឺរ៉ុប​រើសអើង​ខ្លាំង​មែនទែន​»៕