The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - លោកនាយក​រដ្ឋមន្ត្រី​ប្រាប់​ក្រសួង​សេដ្ឋកិច្ច​ឱ្យ​ពន្លឿន​ការបង្កើន​ថវិកា​សម្រាប់​ដំឡើង​ប្រាក់​សោធន​និវត្តន៍

លោកនាយក​រដ្ឋមន្ត្រី​ប្រាប់​ក្រសួង​សេដ្ឋកិច្ច​ឱ្យ​ពន្លឿន​ការបង្កើន​ថវិកា​សម្រាប់​ដំឡើង​ប្រាក់​សោធន​និវត្តន៍

Content image - Phnom Penh Post
មន្ត្រី​មាន​ពិការភាព​ចូលនិវត្តន៍​ក្នុង​ពិធី​មួយ​នៅ​ខេត្តកំពង់ធំ​ពី​ឆ្នាំ​ ២០២១​។ រូប ក្រសួង​សង្គមកិច្ច

លោកនាយក​រដ្ឋមន្ត្រី​ប្រាប់​ក្រសួង​សេដ្ឋកិច្ច​ឱ្យ​ពន្លឿន​ការបង្កើន​ថវិកា​សម្រាប់​ដំឡើង​ប្រាក់​សោធន​និវត្តន៍

ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រាប់​ទៅ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ឱ្យ​ពនឿន​រៀបចំ​បង្កើន​ថវិកា​សម្រាប់​ដំឡើង​ប្រាក់​សោធន​និវត្តន៍​ជូន​ដល់​មន្ត្រីរាជការ និង​អតីតយុទ្ធជន ដែល​ទទួលបាន​ប្រាក់បៀវត្សរ៍​ទាប ដើម្បី​ដោះស្រាយ​វិសមភាព​ប្រាក់​ចូលនិវត្តន៍​របស់​មន្ត្រី​រាជការ​។

ថ្លែង​នៅក្នុង​ពិធី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ស្ពាន​អាកាស និង​ផ្លូវ​ក្រោម​ដី​ចោមចៅ​កាលពី​ថ្ងៃទី​ ៣១ ខែមីនា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន មានប្រសាសន៍​ថា​រាជរដ្ឋាភិបាល​កំពុង​យកចិត្ត​ទុកដាក់​ចំពោះ​មន្ត្រី​រាជធាការ​ដែល​ចូលនិវត្តន៍ និង​បាន​កំពុង​រៀបចំ​គោលនយោបាយ​ដំឡើង​ប្រាក់​សោធន​និវត្តន៍​ជូន​មន្ត្រីរាជការ​ផងដែរ​។

លោក​ថា​៖ « ខ្ញុំ​ចង់​និយាយ​ទៅកាន់​សោធន​និវត្តន៍​ទាំងអស់ ទាំង​ស៊ីវិល ទាំង​កងទ័ព ដែល​បាន​ចូលនិវត្តន៍​មុន យើង​បាន​យកចិត្ត​ទុកដាក់​ដើម្បី​ដំឡើង​ប្រាក់បៀវត្សរ៍​សម្រាប់​អ្នក​សោធន​និវត្តន៍​ដែល​ចូលនិវត្តន៍​មុន​ និង​ចូលនិវត្តន៍ ព្រោះ​អ្នក​ចូលនិវត្តន៍ អ្នក​ចូល​ក្រោយ​ក្នុងពេល​ដែលមាន​ប្រាក់បៀវត្សរ៍ ១ ​លាន​រៀល ដល់ពេល​ចូលនិវត្តន៍​បាន​ប្រាក់ ៨០ ​ម៉ឺន​រៀល ។ ឯ​អ្នក​ចូលនិវត្តន៍​មុន​ប្រាក់បៀវត្សរ៍​ត្រឹម ៥០ ​ម៉ឺន​រៀល ដល់​ពេល​ចូលនិវត្តន៍​នៅសល់​ជាង ៣០ ​ម៉ឺន​រៀល​»​។

ដោយ​មើលឃើញ​ពី​ភាពខុសគ្នា​ប្រាក់​សោធន​និវត្តន៍​រវាង​អ្នក​មុន​ និង​អ្នក​ក្រោយ លោកនាយក​រដ្ឋមន្ត្រី​បាន​ចេញ​បញ្ជា​ទៅកាន់​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ត្រូវ​ពន្លឿន​ដំឡើង​ប្រាក់​សោធន​និវត្តន៍ ដល់​មន្ត្រីរាជការ អតីតយុទ្ធជន ដែល​ទទួលបាន​ប្រាក់បៀវត្សរ៍​ទាប ដើម្បី​កុំឱ្យ​មាន​វិសមភាព​ខុសគ្នា​ឆ្ងាយ ជាពិសេស​មន្ត្រីរាជការ​ដែល​ចូល​និវវត្តន៍​មាន​ប្រាក់ខែ​គោល​តិចជាង ​១ ​លាន​រៀល​។

លោក​ថា​៖ «​អ៊ីចឹង​សូម​ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ត ដឹកនាំ​ការងារ​នេះ​ពិនិត្យ និង​ដោះស្រាយ​បញ្ហា​នេះ​ដោយ​យើង​រៀបចំ​បង្កើន​ថវិកា​ខ្ញុំ​គិតថា​មិនចាំបាច់​កែតម្រូវ​ថវិកា​ជាតិ​សម្រាប់​អ្នក​ទាំងនេះ​ទេ ព្រោះថា ចំនួន​នេះ​ក៏​មិន​ច្រើនពេក​ដែរ ព្រោះ​យើង​រើសយក​អ្នកណា ឧទាហរណ៍​ថា​អ្នក​ចូលនិវត្តន៍​ប្រាក់ខែ​គោល​ត្រឹម ៥០​ ម៉ឺន​រៀល អ៊ីចឹង​ត្រូវឱ្យ​ឡើង ៣០ ​ភាគរយ ដល់​អ្នក​ប្រាក់ខែ​គោល ៦០ ​ម៉ឺន ឱ្យ​ឡើង​ត្រឹម ២៨ ​ភាគរយ អ្នក​ប្រាក់​គោល ៧០ ​ម៉ឺន ឱ្យ​ឡើង​ត្រឹម ២៥ ​ភាគរយ អ៊ីចឹង​រក​វិធីសាស្ត្រ​ដោះស្រាយ​ ដើម្បី​រុញ ហើយ​អ្នក​ដែលមាន​ប្រាក់​ចូលនិវត្តន៍​ត្រឹម ១ ​លាន​រៀល យើង​ទុក​សិន​ចុះ​»​។ លោក​បញ្ជាក់​ផងដែរ​ថា សម្រាប់​យុទ្ធជន អតីត​យុវជន ដែល​ចូលនិវត្តន៍​មុន និង​មន្ត្រីរាជការ​ស៊ីវិល​ដែល​ចូលនិវត្តន៍​មុន គប្បី​យកចិត្ត​ទុកដាក់ លើកទឹកចិត្ត​ជំរុញ​ការដំឡើង​បៀវត្សរ៍​ដល់​អ្នក​ទាំងនោះ​។

ក្រៅពីនេះ លោកនាយក​រដ្ឋមន្ត្រី​បាន​បន្ថែមថា លោក​ក៏បាន​ចាត់ចែង​ឱ្យ​លោក គន់ គីម ​ជា​អគ្គលេខាធិការ​សមាគម​អតីតយុទ្ធជន​កម្ពុជា ពាំនាំ​ថវិកា ចុះសួរសុខទុក្ខ​ដល់​មន្ត្រីរាជការ និង​អតីត​យុទ្ធ​ដែល​ចូលនិវត្តន៍​ផងដែរ​។

លោក​ថា​៖ «​ខ្ញុំ​សូម​ផ្ញើជូន​ចំពោះ​បងប្អូន​អតីយុទ្ធជន ក៏ដូចជា​បងប្អូន បងៗ​ដែល​ចូល​សោធន​និវត្តន៍ ខ្ញុំ​ឱ្យ​ឯកឧត្តម គន់ គីម ដើរ​យក​ថវិកា​មួយ​ចំនួន​ទៅ​ជួប​ជាមួយ​ និង​អតីតយុទ្ធជន​ហើយ​ពន្យល់​ប្រាប់​គាត់ ហើយ​ថ្ងៃនេះ​ខ្ញុំ​ចេញ​សារ​មួយ​ជម្រាបជូន​បងប្អូន​ថា ខ្ញុំ​បាន​បញ្ជា​ទៅ​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ឱ្យ​បន្ថែម​បង្កើនល្បឿន​ដោះស្រាយ​បញ្ហា​នេះ ដើម្បី​ដោះស្រាយ​អំពី​វិសមភាព​នៃ​ប្រាក់​ចូលនិវត្តន៍​»​។

បើតាម​លោកនាយក​រដ្ឋមន្ត្រី៖ «​ឥឡូវ​ក្នុង​មួយឆ្នាំ​យើង​ដាក់​ក្នុង​គម្រោង​របស់​យើង​ចំនួន​ ៣០​ ពាន់​លាន​ឥឡូវ​ខ្ញុំ​សូម​ចេញ​បញ្ជា​ខ្ញុំ​ទាក់ទង​ជាមួយ​ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ឱ្យ​ពន្លឿន​ទៅលើ​កម្រិត​អ្នក​ដែលមាន​ប្រាក់​សោធន​និវត្តន៍​ទាប​ឱ្យ​កើន​បាន​ខ្ពស់​បន្តិច​»​។

លោក សេម សុវុន្ថា ដែលជា​អតីតយុទ្ធជន​ចូលនិវត្តន៍​តាំងពី​ឆ្នាំ​ ១៩៩៣ មក និង​ជា​នាយក​សមាគម​ជនពិការ​អង្គរ​នាពេល​បច្ចុប្បន្ន​បាន​ថ្លែង​អំណរគុណ​ចំពោះ​ប្រមុខ​រាជរដ្ឋាភិបាល​ដែល​តែងតែ​គិតគូរ​ពី​អតីតយុទ្ធជន​។

លោក​ថា​៖ « ខ្ញុំ​មាន​សេចក្តី​សោមន្ស​រីករាយ​យ៉ាងខ្លាំងបំផុត​ចំពោះ​បងប្អូន​អតីយុទ្ធជន​ដូចគ្នា​នៅពេល​សម្តេច​បានប្រកាស​បែបនេះ ដោយមាន​យន្ត​ការជំរុញ​ឱ្យ​លឿន អ៊ីចឹង​សប្បាយចិត្ត​ណាស់ ព្រោះ​ឥឡូវនេះ​វា​ពិបាក​មែនទែន ដោយសារ​ថវិកា​តិច សម្រាប់​ការចំណាយ​លើ​ការរស់នៅ​ជីវភាព​ប្រចាំថ្ងៃ​»​។

លោក សេម សុវុន្ថា បានឱ្យ​ដឹងថា កាល​ចូលនិវត្តន៍​ដំបូង​កាលពី​ឆ្នាំ ១៩៩៣ មក​សម្រាប់​លោក​ទទួល​បាន​ប្រាក់​សោធន​និវត្តន៍​ជាង ១០ ​ម៉ឺន​រៀល បន្ទាប់មក​ចាប់ពី​ឆ្នាំ​ ២០១២ មក​ទទួល​បាន ៣០ ​ម៉ឺន​រៀល ហើយ​ឆ្នាំ​ ២០២០ ប្រាក់បៀវត្សរ៍​ឡើង​បាន ៦៤ ​ម៉ឺន​រៀល​៕

អត្ថបទគួរចាប់អារម្មណ៍