ភ្នំពេញៈ ក្នុង​រយៈពេល​ប្រមាណ ៣ ​ខែ ឆ្នាំ​ ២០២២ ​នេះ យ៉ាង​ហោចណាស់​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​ ៨៥៩ ​លើក​បណ្តាល​ឱ្យមាន​អ្នកស្លាប់​ ៤៨៦ ​នាក់ អ្នករបួសធ្ងន់​ ៧៧៩ ​នាក់ និង​របួសស្រាល​ ៤៥៩​ នាក់​ដែល​តួលេខ​ទាំងនេះ​មាន​ការកើនឡើង​គួរឱ្យ​ព្រួយបារម្ភ បើ​ប្រៀបធៀប​ក្នុង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​ ២០២១​។

លោកស្រី មឹន មាណវី រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ជា​អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ (​គសចគ​) ​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ៣១ ខែមីនា ថា ដោយ​ផ្អែកលើ​របាយការណ៍​បណ្តោះអាសន្ន​របស់​អគ្គស្នងការ​នគរបាល​ជាតិ​រយៈពេល​ ២ ​ខែ​ និង​ ៣០ ​ថ្ងែ​ [​ប្រមាណ​ ៣ ​ខែ​] ​ដើមឆ្នាំ​ ២០២២ ​នេះ​មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​ ៨៥៩ ​លើក អ្នក​ស្លាប់​ ៤៨៦ ​នាក់ អ្នករបួសធ្ងន់​ ៧៧៩​ នាក់ របួសស្រាល ​៤៥៩​ នាក់ និង​មិន​ពាក់មួក​សុវត្ថិភាព​ពេល​មាន​គ្រោះថ្នាក់ ៨៦៦ ​នាក់​។

លោកស្រី​បាន​បញ្ជាក់ថា ចំនួន​នេះ​បើ​ប្រៀបធៀប​រយ:ពេល​ដូចគ្នា​នឹង​ឆ្នាំ​ ២០២១ ​គឺ​គ្រោះថ្នាក់​កើនឡើង​ចំនួន​ ១០៥​ លើក អ្នកស្លាប់​​កើន​ ៦៥ ​នាក់ អ្នករបួសធ្ងន់​កើន​ ១២៤ ​នាក់ របួសស្រាល​កើន​ ៦​ នាក់ និង​មិន​ពាក់​មួកសុវត្ថិភាព​ពេល​មាន​គ្រោះថ្នាក់​កើន​ ៨៩ ​នាក់​។

លោកស្រី​ថ្លែងថា​៖ «​នេះ​ជា​ទិន្នន័យ​គួរឱ្យ​ព្រួយបារម្ភ​បំផុត ដែល​ទាមទារ និង​សំណូមពរ​ដល់​អ្នកប្រើប្រាស់​ផ្លូវ​ទាំងអស់​មេត្តា​ចូលរួម​គោរព​ច្បាប់ និង​បទដ្ឋាន​សុវត្ថិភាព​ចរាចរណ៍​ទាំងអស់​គ្នា​ទើប​យើង​អាច​កាត់បន្ថយ​គ្រោះថ្នាក់ និង​អ្នកស្លាប់ និង​របួស​លើ​ដងផ្លូវ ក៏ដូចជា​ភាពសុខសាន្ត​ក្នុង​គ្រួសារ និង​សង្គម​ជាតិ​ទាំងមូល ដើម្បី​បន្ត​ទទួលផល​នៃ​ការអភិវឌ្ឍ​ក្រោម​ម្លប់​សន្តិភាព​ដូច​បច្ចុប្បន្ន​បាន​»​។

លោក​ គឹម បញ្ញា នាយក​អង្គការ​មូលនិធិ​បង្ការ​របួស​អាស៊ី​ (AIP)​ ប្រចាំ​ប្រទេស​កម្ពុជា​បាន​ថ្លែង​នៅ​ថ្ងៃទី​ ៣១ ខែមីនា​ថា ការកើនឡើង​ចំនួន​គ្រោះថ្នាក់​ចរាចរណ៍​មាន​អ្នកស្លាប់ និង​របួស​នេះ​ជា​សញ្ញា​មួយ​ទាមទារ​ឱ្យមាន​ការយកចិត្ត​ទុកដាក់​ក្នុងការ​ឆ្លើយតប​ឱ្យបាន​ខ្លាំង​បន្ថែមទៀត​ស្រប​ពេលដែល​កម្ពុជា​បាន​វិល​មករក​ប្រក្រតីភាព​នៃ​ការរស់នៅ និង​ការធ្វើដំណើរ​ដែលមាន​យានយន្ត​ច្រើន​គ្រឿង​រត់​លើ​ដងផ្លូវ​។

លោក​បាន​បន្តថា គ្រោះថ្នាក់​ចរាចរណ៍​មាន​ចំនួន​ច្រើន​បែបនេះ​ ដោយសារ​តែមាន​រំហូរ​ចរាចរណ៍​ច្រើន ដែល​រៀងរាល់ថ្ងៃ​​មាន​យានយន្ត​រាប់លាន​គ្រឿង​ធ្វើដំណើរ​លើ​ដងផ្លូវ​។ ​ក្រៅពី​រំហូរ​ចរាចរណ៍​ក៏មាន​ទាក់ទង​នឹង​វិធានការ​រឹតបន្ដឹង​ច្បាប់​ចរាចរណ៍​​ផងដែរ ប្រសិនបើ​មានការ​ចាត់​វិធានការ​កាន់តែខ្លាំង និង​ទូលំ​ទូលាយ នឹង​អាច​មើលឃើញ​ចំនួន​គ្រោះថ្នាក់​មានការ​ថយចុះ​វិញ​។

លោក​ថ្លែងថា​៖ «​វិធានការ​​ដែល​យើង​នឹង​អនុវត្ត គឺមាន​សារៈសំខាន់​នៅក្នុង​ការឆ្លើយតប​ចំពោះ​រំហូរ​នៃ​ចរាចរណ៍​​ដែលមាន​ការកើនឡើង​ចំពោះ​កំណើន​នៃ​យានយន្ត​រៀងរាល់ខែ​ឆ្នាំ​។ អ៊ីចឹង​ជា​ទស្សនៈ​របស់ខ្ញុំ​គឺ​អត់​មានអី​ក្រៅពី​ការបន្ត​រឹតបន្ដឹង​ការអនុវត្ត​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក​ឱ្យបាន​កាន់តែ​ទូលំទូលាយ កាន់តែ​ម៉ឺងម៉ាត់ ជាប់លាប់ ហើយ​ធ្វើ​ទាំង​ថ្ងៃ​ទាំងយប់​ប្រកបដោយ​តម្លាភាព​» ។

លោក​ គឹម បញ្ញា បាន​ថ្លែង លើកទឹកចិត្ត​ឱ្យ​ប្រជាពលរដ្ឋ ក៏​ដូចជា ស្ថានប័ន​អង្គភាព​នានា ទាំង​រដ្ឋាភិបាល និង​មិនមែន​រដ្ឋាភិបាល​ឱ្យចូល​រួមចំណែក​បន្ថែម​លើ​វិធានការ​ដែល​នឹង​អនុវត្ត​ដោយ​រដ្ឋាភិបាល និង​ដៃគូ​ពាក់ព័ន្ធ​ធ្វើយ៉ាងណា​ដើរតួនាទី​ក្នុង​នាម​ជា​ពលរដ្ឋ ជា​អង្គភាព​ ឬ​ស្ថាប័ន​មួយ រួមចំណែក​ក្នុងការ​កាត់​បន្ថយ​ការស្លាប់ និង​រងរបួស​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ តាមរយៈ​ការជំរុញ​ការអប់រំ​ផ្សព្វផ្សាយ ការកែប្រែ​ឥរិយាបថ​ក្នុង​​ចំណោម​គ្រួសារ និង​អង្គភាព​ការងារ​ជាដើម​។

លោក​ថ្លែងថា​៖ «​គួរ​មានការ​ផ្សព្វផ្សាយ ការ​ដាស់តឿន​ក្រើន​រំឭក​ដោយ​មាតាបិតា បងប្អូន​សាច់ញាតិ ជាពិសេស​យើង​ចាប់ផ្តើម​ពី​ឥរិយាបថ​ងាយៗ ឧទាហរណ៍ ពេល​ឃើញ​ចេញទៅ​ក្រៅ​អត់​ពាក់មួក គឺ​តម្រូវ​ត្រូវតែ​ឱ្យ​កូនចៅ​ខ្លួន​ពាក់មួក ដោយឡែក​អង្គភាព​ស្ថាន​ប័ន​គួរ​មាន​ការផ្សព្វផ្សាយ ឃ្លីប​វីដេអូ ឯកសារ​ចូលក្នុង group ការងារ​បង្កើត​បទបញ្ជា​ផ្ទៃក្នុង អ៊ីចឹងទៅ​» ។

លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​​នៅ​ថ្ងៃទី​ ៣០ ខែមីនា​ថា គ្រោះថ្នាក់​ចរាចរណ៍​នៅតែ​ជា​បញ្ហា​ប្រឈម​យូរអង្វែង​។ រាល់ថ្ងៃ​ចំនួន​អ្នកស្លាប់​ជា​មធ្យម នៅតែមាន​ចំនួន​ ៥​ នាក់ និង​របួស​ ១០​ នាក់ និង​កំពុង​កើនឡើង​ជាថ្មីទៀត​នា​ត្រីមាស​ទី​ ១ ឆ្នាំ​ ២០២២​ នេះ​នៅក្នុង​ពេលដែល​គ្រោះថ្នាក់​សង្គម​ផ្សេងទៀត ដូចជា គ្រាប់មីន ជំងឺអេដស៍ ឬ​ជំងឺ​កូវីដ​ ១៩ កំពុង​ថយចុះ​យ៉ាងខ្លាំង​។

លោក ស ខេង បាន​អំពាវនាវ​ជាថ្មី​ដល់​អ្នកប្រើប្រាស់​ផ្លូវ​ទាំងអស់​មេត្តា​បន្ត​ចូលរួម​គោរព​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក និង​ប្រកាន់​នូវ​សីលធម៌​យោគយល់​អាធ្យាស្រ័យ​ក្នុង​ការបើកបរ​។

ជាមួយ​គ្នា​នោះ​លោក​ក៏បាន​ក្រើនរំឭក​ដល់​អនុគណៈកម្មការ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​រាជធានី​ខេត្ត​ទាំង​ ២៥ ត្រូវ​បន្ត​ខិតខំ​ទប់ស្កាត់​កំណើន​គ្រោះថ្នាក់​ចរាចរណ៍ ដោយ​ត្រូវអនុវត្ត​ឱ្យ​បាន​ជោគជ័យ​តាម​ទិសដៅ​ការងារ​ឆ្នាំ​ ២០២២ ​របស់​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ដើម្បី​ការពារ​ជីវិត និង​ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ​​ និង​ព្រមទាំង​អនុវត្ត​ឱ្យបាន​ជោគជ័យ​នូវ​អនុសាសន៍​ណែនាំ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​គឺ «​ថ្ងៃនេះ ថ្ងៃស្អែក កុំឱ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​»​។

លោក ស ខេង បាន​ថ្លែងថា​៖ «​កន្លងមក​សៀវភៅ​ច្បាប់​ចរាចរណ៍​ផ្លូវគោក​រាប់សែន​ក្បាល​បាន​ចែក​ឥតគិតថ្លៃ រួមទាំង​ខិត្តប័ណ្ណ បដា ពាក្យស្លោក​ជាច្រើន​ត្រូវបាន​ផ្សព្វផ្សាយ​យ៉ាង​ទូលំទូលាយ​ទូទាំងប្រទេស​។ ប៉ុន្តែ​ទោះជា​យ៉ាងណា នៅតែមាន​អ្នកប្រើប្រាស់​ផ្លូវ​មួយចំនួន​មិនបាន​យកចិត្តទុកដាក់​ទទួល​យក​ការអប់រំ​ផ្សព្វផ្សាយ​នេះ រីឯ​មួយចំនួនទៀត​បាន​យល់ដឹង​ច្បាប់​ហើយ​តែ​បាន​បំពាន​ច្បាប់​​បង្កកំហុស ឬ​គ្រោះថ្នាក់​ពេល​បើកបរ​»៕