ហ្សឺណែវៈ លោក អាន សុខខឿន ឯកអគ្គរាជទូត និង​ជា​តំណាង​អចិន្រៃ្តយ៍​កម្ពុជា ប្រចាំ​អង្គការ​សហប្រជាជាតិ​ (UN)​ ចាត់ទុក របាយការណ៍​របស់​អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ប្រចាំ​កម្ពុជា ដែល​បាន​ថ្លែង​នៅ​ថ្ងៃទី​ ២៩ ខែ មីនា ឆ្នាំ​ ២០២២ នៅ​ទីក្រុង​ហ្សឺណែវ​នៅក្នុង​កិច្ចសន្ទនា​អន្តរសកម្ម​ស្ដីពី​របាយការណ៍​ផ្ទាល់មាត់​ស្តីពី​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ដោយបាន​បង្ហាញ​ពី​ការព្រួយបារម្ភ​មាន​ការបំភិតបំភ័យ​នោះ គឺ​ពុំ​ត្រឹមត្រូវ និង​គ្រប់​ជ្រុងជ្រោយ​នោះទេ​។

តាមរយៈ​សេចក្តី​ថ្លែងការណ៍​ពី​ទីក្រុង​ហ្សឺណែវ​កាលពី​ថ្ងៃទី ៣០ ខែ​មីនា ឆ្នាំ​ ២០២២ លោក អាន សុខខឿន បានឱ្យ​ដឹងថា​៖ «​កិច្ចខិតខំ​ប្រឹងប្រែង និង​វឌ្ឍនភាព​សិទ្ធិមនុស្ស​របស់​កម្ពុជា ត្រូវ​បាន​ប្រទេស​ជាច្រើន​ទទួលស្គាល់​នៅក្នុង​កិច្ចពិភាក្សា​របស់​អង្គការ​សហប្រជាជាតិ នាទី​ក្រុង​ហ្សឺណែវ​។ នៅក្នុង​ឱកាស​នោះ​គណៈប្រតិភូ​ពី​ប្រទេស​ចំនួន​ ២៨ បាន​ថ្លែង​គាំទ្រ​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង វឌ្ឍនភាព និង​សមិទ្ធផល​របស់​កម្ពុជា​ក្នុង​ការលើក​កម្ពស់ និង​ការពារ​សិទ្ធិមនុស្ស​»​។

លោក​បាន​បន្តថា ក្នុងនោះ គណៈប្រតិភូ​ជាច្រើន​បាន​អបអរសាទរ​ចំពោះ​វិធានការ​របស់​រាជរដ្ឋាភិបាល​ក្នុង​ការទប់ស្កាត់​ជំងឺ​រាតត្បាត​កូវីដ​ ១៩ ​រួមទាំង​អត្រា​ដ៏​ខ្ពស់​នៃ​ការចាក់​វ៉ាក់សាំង​ទូទាំងប្រទេស​ដោយ​ឥត​គិតថ្លៃ និង​កម្មវិធី​គាំពារ​សង្គម​ជាច្រើន​ដល់​ក្រុម​ងាយ​រងគ្រោះ​ព្រមទាំង​ទទួលស្គាល់​ចំពោះ​វឌ្ឍនភាព និង​សមិទ្ធផល​នានា​ក្នុង​ការលើកកម្ពស់​តួនាទី​ស្ត្រី​ក្នុង​ភាពជា​អ្នកដឹកនាំ សហគ្រិនភាព​ក្នុង​សន្តិភាព​ និង​សន្តិសុខ ក៏ដូចជា​ការលើក​កម្ពស់​សិទ្ធិ​កុមារ​។

លោក អាន សុខខឿន ថ្លែងថា ជាមួយ​គ្នានេះ គណៈប្រតិភូ​ក៏បាន​លើកសរសើរ​កម្ពុជា ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​ក្នុង​កិច្ចពិគ្រោះ​យោបល់​ជាមួយ​ភាគី​ពាក់ព័ន្ធ​យ៉ាង​ទូលំទូលាយ​ក្នុង​ការរៀបចំ​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​ស្ថាប័ន​ជាតិ​សិទ្ធិមនុស្ស ស្របតាម​គោលការណ៍​ទីក្រុង​ប៉ារីស និង​បាន​ថ្លែង​សង្កត់ធ្ងន់​លើ​របៀបរបប​ការងារ​របស់​អ្នករាយការណ៍​ពិសេស ដែល​គួរតែ​គោរព​គោលការណ៍​សត្យានុម័ត តុល្យភាព មិន​ធ្វើ​នយោបាយូបនីយកម្ម និង​មិន​ជ្រើសរើស​តែ​ ១​ ជ្រុង ដោយ​ត្រូវ​គិតគូរ​ផងដែរ​នូវ​ទស្សនៈ​របស់​រដ្ឋាភិបាល កាលៈទេសៈ​របស់​ប្រទេស និង​សារៈសំខាន់​នៃ​ប្រភពព័ត៌មាន​ដែល​អាច​ជឿជាក់​បាន និង​មាន​ការផ្ទៀងផ្ទាត់​ត្រឹមត្រូវ​ព្រមទាំង​អង្គហេតុ​ពិត​។

លោក​បញ្ជាក់ថា កិច្ចខិតខំ​ប្រឹងប្រែង​របស់​កម្ពុជា​ក្នុង​កំណែ​ទម្រង់​បោះឆ្នោត លម្ហ​នយោបាយ និង​ពហុភាព​នៃ​ទស្សនៈ​នយោបាយ​សំដៅ​ធានាថា​ការបោះឆ្នោត​នាពេល​ខាងមុខ​ប្រព្រឹត្ត​ទៅដោយ​សេរី យុត្តិធម៌ មាន​សណ្ដាប់ធ្នាប់ ដោយ​សន្តិវិធី និង​មាន​តម្លាភាព​ក៏​ត្រូវបាន​គណៈប្រតិភូ​ប្រទេស​អាស៊ាន និង​ប្រទេស​ផ្សេងទៀត​សម្តែង​ការស្វាគមន៍​ផងដែរ​។

ជាការ​កត់សម្គាល់ គណៈប្រតិភូ​ចំនួន​ ៨ ​ប្រទេស​ផ្សេងទៀត ដែល​បាន​ចូលរួម​ក្នុង​កិច្ចពិភាក្សា​ខាងលើ​បាន​បញ្ចេញ​មតិយោបល់​ទិតៀន​លម្ហ​ពលរដ្ឋ​ និង​នយោបាយ​រួមទាំង​សេរីភាព​នៃ​ការបញ្ចេញមតិ និង​ការប្រមូលផ្តុំ​ដោយ​សន្តិវិធី​។

ទន្ទឹមនេះ​គណៈប្រតិភូ​ទាំងនោះ​ស្ទើរតែ​ទាំងអស់​ក៏បាន​ស្វាគមន៍​កិច្ចសហប្រតិបត្តិការ​ដ៏យូរលង់ និង​ការចូលរួម​ប្រកប​ដោយ​ស្ថាបនា​របស់​កម្ពុជា​ជាមួយ​យន្តការ​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ​រួមទាំង​ការិយាល័យ​ឧត្តមស្នងការ​ទទួលបន្ទុក​សិទ្ធិ​មនុស្ស គណៈកម្មាធិការ​តាមដាន​ការអនុវត្ត​សន្ធិសញ្ញា និង​អ្នករាយការណ៍​ពិសេស​។ ម្យ៉ាងទៀត ក៏មាន​ការទទួលស្គាល់​ផងដែរ​លើ​វឌ្ឍនភាព​សង្គម​សេដ្ឋកិច្ច និង​កិច្ចខិតខំ​ប្រឹងប្រែង​ជាច្រើន​របស់​កម្ពុជា ក្នុង​ការអនុវត្ត​កំណែ​ទម្រង់ការ​បោះឆ្នោត​។

លោក​ថ្លែងថា​៖ «​បើទោះបី​កម្ពុជា​បានផ្តល់​នូវ​កិច្ចសហប្រតិបត្តិការ​ពិតប្រាកដ​របស់ខ្លួន​ដែល​ស្តែងឡើង​ តាមរយៈ​កិច្ចសន្ទនា​ ១៩​ លើក​ជាមួយ​អ្នក​រាយការណ៍​ពិសេស​ចាប់តាំងពី​ខែឧសភា ឆ្នាំ​ ២០២១ យ៉ាងណា​ក៏ដោយ ក៏​របាយការណ៍​របស់​អ្នករាយការណ៍​ពិសេស​ពុំបាន​លើកឡើង​ឱ្យបាន​ត្រឹមត្រូវ និង​គ្រប់​ជ្រុងជ្រោយ​ថែមទាំង​រំលង​នូវ​គោលការណ៍​សត្យានុម័ត អព្យាក្រឹត និង​មិន​ជ្រើសរើស​តែ​ ១ ​ជ្រុង​»​។

ក្នុង​កិច្ចសន្ទនា​អន្តរ​សកម្ម​ស្ដីពី​របាយការណ៍​ផ្ទាល់មាត់​របស់​អ្នករាយការណ៍​ពិសេស​ស្តីពី​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​បាន​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​ ២៩ ខែមីនា ឆ្នាំ​ ២០២២ ​នៅ​ទីក្រុង​ហ្សឺណែវ លោក ​វិទិត មុនតាប៊ន អ្នករាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ប្រចាំ​កម្ពុជា​ថ្លែងថា លម្ហ​ពលរដ្ឋ និង​នយោបាយ​នៅ​កម្ពុជា​កាន់តែ​រួម​តូច​ទៅ និង​ដើរ​ថយក្រោយ ដោយសារ​តែ​ការគ្រប់គ្រង​បែប​ឯកបក្ស​។ ​ខណៈពេល​ដែល​ប្រទេស​នេះ មាន​ការកែលម្អ​ទាក់ទង​នឹង​សេចក្តី​ព្រាងច្បាប់​ថ្មីៗ​ ដើម្បី​ការពារ​ជន​ងាយ​រងគ្រោះ កិច្ចខិតខំ​ប្រឹងប្រែង​ក្នុង​ការដោះស្រាយ​សំណុំរឿង​នៅ​តុលាការ និង​វឌ្ឍនភាព​ឆ្ពោះ​ទៅរក​ការបង្កើត​គណៈកម្មាធិការ​ជាតិ​សិទ្ធិមនុស្ស​កម្ពុជា ក៏​នៅ​មាន​ក្តីកង្វល់​មួយចំនួន ទាក់ទង​នឹង​ការបិទ​លម្ហ​ពលរដ្ឋ និង​នយោបាយ សវនាការ​លើ​សំណុំរឿង​នយោបាយ និង​ការចាប់ខ្លួន​អ្នកនយោបាយ​ជំទាស់​ដាក់ពន្ធនាគារ និង​ការបោះឆ្នោត​នាពេល​ខាងមុខ​។ ​ដោយឡែក ទិដ្ឋភាព​សិទ្ធិ​មនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​នៅក្នុង​ប្រទេស នៅតែ​បង្ក​ការព្រួយបារម្ភ​លើ​វិស័យ​ជាច្រើន ជាពិសេស​ក្នុងពេលដែល​កាន់តែ​ខិតជិត​ដល់​ការបោះឆ្នោត​ឃុំ​សង្កាត់ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ខែមិថុនា​ឆ្នាំនេះ​។

លោក អាន សុខខឿន ថា អ្នក​រាយកាណ៍​ពិសេស​ពុំបាន​ពន្យល់ អង្គហេតុ​លម្អិត​ដែល​ធាតុពិត​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការញុះញង់​ឱ្យ​យោធិន និង​ជន​ស៊ីវិល​មិន​ស្តាប់បង្គាប់​ (​រដ្ឋាភិបាល​)​ ទង្វើ​បែបនេះ សុទ្ធតែ​ត្រូវបាន​គេ​ថ្កោលទោស មេខ្លោង​រៀបចំ​ផែនការ​នេះ​។ ការ​ចោទប្រកាន់​ដោយ​មិន​ឈរលើ​ហេតុផល​អំពី​ការដឹកនាំ​ដោយ​ឯកបក្ស​នោះ ក៏​មិន​ត្រឹមត្រូវ​ដែរ ព្រោះ​ការដឹកនាំ​នៅ​កម្ពុជា គឺ​កើតចេញពី​ការបោះឆ្នោត ជ្រើសតាំង​ដោយ​ប្រជាជន​តាមបែប​ប្រជាធិបតេយ្យ និង​ស្របតាម​រដ្ឋធម្មនុញ្ញ​៕