ស្វាយរៀងៈ កម្មករ​កម្មការិនី​ ១៦ នាក់ ក្នុងចំណោម​ ៦៨​ នាក់ រងរបួស​ធ្ងន់ និង​ស្រាល បន្ទាប់ពី​រថយន្ត​ដែល​ពួកគេ​ជិះ​ចេញពី​ធ្វើការ​តាម​រោងចក្រ​បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍ ដោយ​ក្រឡាប់​រថយន្ត​កាលពី​ល្ងាច​ថ្ងៃទី​ ៣០ មីនា ឆ្នាំ​ ២០២២ នៅ​ចំណុច​ភូមិ​ត្រពាំង​កំពឹស ឃុំ​ខ្សែ​ត្រ ស្រុក​កំពង់រោទ៍ ខេត្ត​ស្វាយរៀង​។ នេះ​បើតាម​មន្ត្រីនគរបាល​ជំនាញ​។

លោក​ ឈឹម រតនៈ អធិការរង​នគរបាល​ស្រុក​កំពង់រោទ៍ ទទួល​បន្ទុក​ផ្នែក​ចរាចរណ៍ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា នៅពេលនេះ​ជនរងគ្រោះ​ស្ទើរតែ​ទាំងអស់​បានចេញ​ពី​មន្ទីរពេទ្យ​ត្រឡប់ទៅផ្ទះ​វិញ​ហើយ បន្ទាប់ពី​បាន​សម្រាក​ព្យាបាល​របួស​ពេញ​ ១​ យប់​នៅ​មន្ទីរពេទ្យ​ស្រុក​ស្វាយទាប លើកលែង​តែ​ស្ត្រី​ម្នាក់ ឈ្មោះ​ប៊ុន សុផល ដែល​រងរបួស​ធ្ងន់​ជាងគេ​ប៉ុណ្ណោះ​កំពុង​បន្ត​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្តស្វាយរៀង​។

លោក​បញ្ជាក់ថា​៖ «​កាលពី​ល្ងាច​ថ្ងៃកើតហេតុ ក្រុមការងារ​យើង​បាន​រកឃើញ​មូលហេតុ​បឋម​នៃ​គ្រោះថ្នាក់​ចរាចរណ៍ គឺ បណ្ដាល​មកពី​អ្នកបើកបរ​ខ្វះ​ការប្រុងប្រយ័ត្ន និង​បើក​វ៉ា​ជែង​ក្នុង​ស្ថានភាព​ផ្លូវ​គ្រោះថ្នាក់​»​។

បើតាម​លោក​អធិការរង​នៅ​ព្រឹក​ថ្ងៃទី​ ៣១ ខែមីនា ឆ្នាំ ២០២២ ក្រុមការងារ​របស់លោក បាន​បន្ត​កិច្ចសហការ​ជាមួយ​កម្លាំង​ការិយាល័យ​ចរាចរណ៍​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្វាយរៀង ចុះពិនិត្យ​អង្កេត​នៅ​កន្លែង​កើតហេតុ ដើម្បី​ស្រាវជ្រាវ និង​ប្រមូល​វត្ថុតាង​នានា​មក​ធ្វើ​របាយការណ៍​សំយោគ​ឱ្យបាន​ច្បាស់លាស់ ដើម្បី​រកឱ្យឃើញ​មូលហេតុ​ពិតប្រាកដ​នៃ​គ្រោះថ្នាក់​ចរាចរណ៍​ក្រឡាប់​រថយន្ត​នេះ​។

លោក​បន្តថា​៖ «​នៅ​ព្រឹក​នេះ ​[៣១ មីនា ឆ្នាំ​ ២០២២] កម្លាំង​ការិយាល័យ​ជំនាញ បាន​រកឃើញ​វត្ថុតាង​ថ្មី​មួយចំនួន​ទៀត ដែល​បង្ហាញថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បង្កឡើង​ពី​កត្តា​យានយន្ត គឺ​បាក់​ដាច់​កុងឌា​ផ្នែក​ខាងក្រោយ​»​។

លោក​ រតនៈ ​ប្រាប់ថា អ្នកបើកបរ​ និង​ជា​ម្ចាស់​រថយន្ត​ដឹក​កម្មករ ដែល​ត្រូវបាន​គេ​ស្គាល់ ឈ្មោះ​ ម៉ឹក រតនា អាយុ​ ២៤​ ឆ្នាំ មាន​លំនៅ​ភូមិ​បន្ទាយក្រាំង ឃុំ​បន្ទាយក្រាំង ស្រុក​កំពង់រោទ៍​ ខេត្ត​ស្វាយរៀង​បាន​គេច​ខ្លួន​ភ្លាម ក្រោយ​ជួប​ឧបទ្ទវហេតុ​គ្រោះថ្នាក់​ចរាចរណ៍​នោះ​។ ទោះយ៉ាងណា កម្លាំង​សមត្ថកិច្ច​បាន​ស្ទូច​យក​វត្ថុតាង រថយន្ត​ដឹក​កម្មករ ម៉ាក Hyundai ចំណុះ​ ៥​ តោន ពណ៌​ស ពាក់​ស្លាក​លេខ​ស្វាយរៀង ៣A-២៤៥៨ ​នោះ​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់រោទ៍​ជា​បណ្ដោះអាសន្ន ដើម្បី​រង់ចាំ​ដំណោះស្រាយ​ជាមួយ​ជនរងគ្រោះ​តាម​នីតិវិធី​ច្បាប់​។

ចំណែក​លោក​ ហ៊ាង សុលីដែត ប្រធាន​សាខា​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​ (​បសស​) ខេត្ត​ស្វាយរៀង ប្រាប់​ភ្នំពេញ-ប៉ុស្តិ៍​ថា បើទោះជា​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បង្កឡើង​ពី​អ្នកបើកបរ​ធ្វេសប្រហែស​ និង​វ៉ា​ជែង​ក្នុងស្ថានភាព​ផ្លូវ​ជង្ហុក​គ្រោះថ្នាក់ និង​កត្តា​យានយន្ត​ខូច ជួសជុល​មិនបាន​ត្រឹមត្រូវ​តាម​ស្តង់ដា​បច្ចេកទេស​ក៏ដោយ ក៏​កម្មករ​រងគ្រោះ​ទាំងអស់​ទទួលបាន​អត្ថប្រយោជន៍​ពី​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​ផងដែរ​។

លោក​បញ្ជាក់ថា​៖ «​ក្រុមការងារ​របស់​យើង​រួមសហការ​ជាមួយ​កម្លាំង​អាជ្ញាធរ​មូលដ្ឋាន ចុះជួយ​អន្តរាគមន៍​នាំ​កម្មករ​រងគ្រោះ​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ ដែល​ថ្លៃ​ព្យាបាល​របស់​កម្មករ​រងគ្រោះ​ទាំង​ ១៦ ​នាក់​នោះ ជា​បន្ទុក​របស់​អង្គភាព ប.ស.ស​.»​។

បើតាម​លោក​ សុលីដែត នៅពេល​នេះ​ក្រុមការងារ​របស់​លោក​កំពុង​បន្ត​តាមដាន​ពី​អាការ​របស់​កម្មការិនី ឈ្មោះ​ ប៊ុន សុផល ដែលមាន​ស្ថានភាព​របួស​ធ្ងន់ធ្ងរ​ជាងគេ​៕