
សវនាការ គ.ជ.ប ដោះស្រាយបណ្ដឹងគណបក្សនយោបាយកន្លងមក។ រូបថត NEC
ភ្នំពេញ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ. ជ.ប) គ្រោងនឹងបញ្ចប់ការដោះស្រាយបណ្តឹងពាក់ព័ន្ធនឹងបញ្ជីបេក្ខជនឈរឈ្មោះគណបក្សនយោបាយ ដែលឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់នៅក្នុងសប្ដាហ៍ទី ១ នៃខែមេសា ដែលការបោះឆ្នោតនេះនឹងប្រព្រឹត្តទៅនៅថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ២០២២។
លោក សោម សូរីដា អ្នកនាំពាក្យ គ.ជ.ប ប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ៣១ ខែមីនា នេះថា គិតត្រឹមថ្ងៃទី ៣០ ខែមីនា បណ្តឹងដែលបានដាក់នៅទីស្នាក់ការ គ.ជ.ប សរុបមានចំនួន ១៤៧ បណ្តឹងតែប៉ុណ្ណោះពាក់ព័ន្ធនឹងបញ្ជីបេក្ខជនឈរឈ្មោះគណបក្សនយោបាយដែលភាគច្រើនបានដោះស្រាយបញ្ចប់រួចអស់ពោលនៅសល់តែប៉ុន្មានបណ្តឹងទៀតតែប៉ុណ្ណោះ នឹងត្រូវដោះស្រាយចប់សព្វគ្រប់នៅថ្ងៃទី ៦ ខែមេសា ឆ្នាំ ២០២២ ខាងមុខនេះ។ បណ្តឹងទាំង ១៤៧ នោះមានបណ្តឹងតវ៉ាពាក់ព័ន្ធនឹងបដិសេធបញ្ជីបេក្ខជន បណ្តឹងជំទាស់ទៅនឹងបេក្ខជន មិនគ្រប់លក្ខខណ្ឌ ឈរឈ្មោះជាបេក្ខជន បណ្តឹងជំទាស់ទៅនឹងបញ្ជីបេក្ខជនដំបូង បណ្តឹងសុំដកបេក្ខភាព ឈរឈ្មោះរបស់បេក្ខជនដែលមានច្រើនជាងគេ និងបណ្តឹងផ្តន្ទាទោសដែលមាន ១ ករណី មកពីខេត្តប៉ៃលិន។
បើតាម លោក សោម សូរីដា សម្រាប់លទ្ធផលនៃការដោះស្រាយបណ្តឹងនៅ គ.ជ.ប គឺ គ.ជ.ប បានសម្រេចលុបបញ្ជីបេក្ខជនគណបក្សនយោបាយចំនួន ៣ ឃុំសង្កាត់មានគណបក្សភ្លើងទៀន គណបក្សឆន្ទៈខ្មែរ និងគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ។ ដោយឡែក បណ្តឹង លុបបេក្ខភាពឈរឈ្មោះរបស់បេក្ខជន គ.ជ.ប បានសម្រេចលុបបេក្ខជនចំនួន ១១៣ នាក់ចេញពីបញ្ជីបេក្ខជនបញ្ជីដំបូង។ អ្វីដែល គ.ជ.ប បាននិងកំពុងអនុវត្តគឺយកគោលការណ៍ច្បាប់ជាធំ និងមានយន្តការចំនួន ៣ ត្រូវបានរៀបចំ មុននឹងធ្វើការបើកសវនាការដោះស្រាយបណ្តឹង ទី ១ ចាត់មន្ត្រីជំនាញចុះអង្កេតស្រាវជ្រាវទៅតាមទីតាំងជាក់ស្តែងនៃបណ្តឹងដែលកើតឡើង ទី ២ គឺនាយកដ្ឋានជំនាញ គឺនាយកដ្ឋាន សេវាកម្មច្បាប់ និងវិវាទកម្ម ដើម្បីពិនិត្យទៅលើអង្គហេតុ និងអង្គច្បាប់ និងយន្តការទី ៣ គឺជាសវនាការសម្រេចសេចក្តីទៅលើបណ្តឹងនោះ។
លោកថ្លែងថា៖ «អ៊ីចឹងទេ ពុំមានអ្វីដែលធ្វើឱ្យភាគីពាក់ព័ន្ធមានកង្វល់នោះទេ មានន័យថា យន្តការទី ១ និងទី ២ បានរៀបចំឯកសារគ្រប់ សម្រាប់សវនាការ គ.ជ.ប ដែលជាយន្តការចុងក្រោយ ដើម្បីពិនិត្យលើអង្គហេតុ និងអង្គច្បាប់មុននឹងសម្រេច ប៉ុន្តែទន្ទឹមការពិនិត្យលើអង្គហេតុ និងអង្គច្បាប់ក៏សវនាការជាសាធារណៈនេះ ក៏អនុញ្ញាតឱ្យដើមបណ្តឹង ភាគីចុងចម្លើយ មេធាវីដើមបណ្តឹង មេធាវីចុងចម្លើយ លើកឡើងនូវការសន្និដ្ឋាន និងផ្តល់ធាតុចូលសំខាន់សម្រាប់ជាមូលដ្ឋានដល់ គ.ជ.ប ក្នុងការពិចារណាសម្រេចយល់ព្រម ឬបដិសេធ ទៅតាមបណ្តឹង»។
លោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀន ប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ៣១ មីនាថា ចំពោះការដោះស្រាយបណ្តឹងរបស់ គ.ជ.ប នេះ មានភាពត្រឹមត្រូវខ្លះ និងក៏មិនមានភាពត្រឹមត្រូវក៏វាច្រើនដែរ។ ភាពត្រឹមត្រូវ នោះ គឺ គ.ជ.ប សម្រេច មិនឱ្យបេក្ខជនមាននៅក្នុងបញ្ជីបោះឆ្នោត ព្រោះតែមិនចេះ អក្សរ គឺគណបក្សក៏មិនជំទាស់ទេ ក្រោយពីគណបក្សស្រាវជ្រាវឃើញពិតដូច្នោះមែន។ ទោះជាយ៉ាងណា អ្វីដែលគណបក្សភ្លើងទៀនពិបាកទទួលយកបាន គឺ បេក្ខជនដូចគ្នាមកពីគណបក្សប្រជាជនកម្ពុជា ប្តឹងរំលាយបញ្ជីបេក្ខជនរបស់គណបក្សភ្លើងទៀនដែលធ្វើឱ្យបេក្ខជនគណបក្សភ្លើងទៀននៅក្នុងឃុំសង្កាត់នោះមិនមានសម្រាប់ការបោះឆ្នោតនៅពេលខាងមុខ។
លោកថ្លែងថា៖ «វាជាប្រវត្តិសាស្ត្រ និងមិនដែលមានកាលពីកន្លងមកប៉ុន្មានអាណត្តិ កុំថាឡើយប្តឹងរំលាយបញ្ជី សូម្បីប្តឹងបេក្ខជនក៏អត់មានដែរ។ ស្រាប់តែមកដល់អាណត្តិនេះ វាជារឿងមួយចម្លែក។ រឿងមួយទៀត យកទៅជម្រះដែរ នោះ គឺគេសុំបដិសេធមិនឱ្យឈរឈ្មោះ ជាបេក្ខជនភ្លើងទៀន គឺវាអត់ត្រឹមត្រូវទេ។ ពួកគាត់ផ្តិតមេដៃយល់ព្រមរួចហើយ ប៉ុន្តែពីរ ឬបីថ្ងៃក្រោយមកសុំលាលែងវិញ»។
បើតាម លោក សេដ្ឋា មានករណីប្តឹងរំលាយបញ្ជីបេក្ខជនថាគេមិនចេះអក្សរ ប៉ុន្តែសាមីខ្លួនបញ្ចប់ថ្នាក់បរិញ្ញាបត្រដែលរៀនខ្ពស់ជាងអ្នកប្តឹងទៀត ខណៈ គ.ជ.ប មិនបានចុះស្រាវជ្រាវឱ្យបានគ្រប់ជ្រុងជ្រោយ ក៏សម្រេចទៅតាមបណ្តឹង វាដូចជាមិនសមហេតុផល។ ដោយឡែក ករណីនៅពោធិ៍សាត់ វាមិនពាក់ព័ន្ធជាមួយនឹងសមត្ថកិច្ច វាពាក់ព័ន្ធតែជាមួយនឹងគណៈកម្មការឃុំ-សង្កាត់រៀបចំការបោះឆ្នោត រឿងស្នាមមេដៃ ប៉ុន្តែសមត្ថកិច្ចចាប់យកទៅបាត់។
លោក សំ សុគន្ធាមី ប្រធានអង្គការឃ្លាំមើលការបោះឆ្នោតនីកហ្វិកថ្លែងថា ចំពោះការដោះស្រាយបណ្តឹងមួយចំនួនរបស់ គ.ជ.ប សម្រាប់ឃុំសង្កាត់មួយចំនួន វាមានភាពអយុត្តិធម៌របស់គណបក្សនយោបាយ ប៉ុន្តែគណបក្សនយោបាយ ដែលមានបេក្ខជនជួបបញ្ហាប្រឈម គួរតែជជែក ជាមួយ គ.ជ.ប ដើម្បីសម្រួលធ្វើយ៉ាងណារៀបចំបេក្ខជនឈរឈ្មោះថ្មី ដើម្បីកុំឱ្យបាត់ឈ្មោះនៅក្នុងឃុំសង្កាត់នោះ។ លោកថា៖ «មានបេក្ខជនរបស់គណបក្សមួយចំនួនទទួលរងនូវការគំរាមកំហែង ជាពិសេសគណបក្សភ្លើងទៀន ព្រោះគណបក្សនេះឈរនៅលំដាប់លេខ ២»៕