ភ្នំពេញៈ សាលាដំបូងរាជធានីភ្នំពេញសម្រេចចេញដីកាលើកលែងការចោទប្រកាន់លើលោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ ពាក់ព័ន្ធសំណុំរឿងគ្រឿងញៀន នៅខេត្តកំពង់ស្ពឺប្រព្រឹត្តនៅភូមិទី ១ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួចកាលពីថ្ងៃទី ១ ខែមេសាឆ្នាំ ២០០៧។
លោក អ៊ី រិន្ទ អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញបានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ៣១ មីនាថា ករណីលោក ញឹក ប៊ុនឆៃ ត្រូវបានចៅក្រមស៊ើបសួរសម្រេចលើកលែងការចោទប្រកាន់ក្នុងសំណុំរឿងសមគំនិតផលិតគ្រឿងញៀន និងនាំចូលសារធាតុញៀន នៅខេត្តកំពង់ស្ពឺ ប្រព្រឹត្តនៅចំណុចភូមិទី ១ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី ១ ខែមេសា ឆ្នាំ ២០០៧។ ដីកាសម្រេចលើកលែងការចោទប្រកាន់លោកញឹក ប៊ុនឆៃ ត្រូវបានចេញដោយលោករស់ សាម៉ឺឌី ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ចុះថ្ងៃទី ២៥ ខែមីនា ឆ្នាំ ២០២២។ លោកថ្លែងថា៖ «លោក ញឹក ប៊ុនឆៃ ត្រូវបានចៅក្រមស៊ើបសួរសម្រេចលើកលែងការចោទប្រកាន់ហើយ ហើយមានការបញ្ជាក់ថា មិនមានភ័ស្តុតាងគ្រប់គ្រាន់ ដើម្បីដាក់បន្ទុកលើគាត់ទេ»។
ពាក់ព័ន្ធការលើកលែងការចោទប្រកាន់នេះនៅថ្ងៃទី ៣១ មីនា ភ្នំពេញប៉ុស្តិ៍បានទូរស័ព្ទទាក់ទងលោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិដែរ ដើម្បីសុំការបញ្ជាក់ តែទូរស័ព្ទដែលធ្លាប់បានទាក់ទងលោកពីមុនត្រូវបានបុរសម្នាក់លើក ហើយឆ្លើយថា ច្រឡំលេខ។
យោងតាមលិខិតមួយច្បាប់របស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដែលភ្នំពេញប៉ុស្តិ៍ទទួលបាននៅថ្ងៃទី ៣១ មីនា បានជូនដំណឹងជាសាធារណៈថា អយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានសម្រេចចោទប្រកាន់ឈ្មោះ ញឹក ប៊ុនឆៃ ភេទប្រុស អាយុ ៥៩ ឆ្នាំ ពីបទសមគំនិតក្នុងបទផលិតគ្រឿងញៀន និងនាំចូលសារធាតុញៀន សម្រាប់ផ្សំគ្រឿងញៀន ហើយបានបញ្ជូនសំណុំរឿងទៅចៅក្រមស៊ើបសួរដើម្បីចាត់ការតាមច្បាប់។ លិខិតបន្តថា៖ « ការចោទប្រកាន់នេះត្រូវបានធ្វើឡើងបន្ទាប់ពីមានលិខិតចុះថ្ងៃទី ២៤ ខែកក្កដាឆ្នាំ ២០១៧ របស់ទណ្ឌិតឈ្មោះ ជា ជុង ដែលបានបរិហាររៀបរាប់ឈ្មោះមេខ្លោង ផលិតគ្រឿងញៀនជាជនជាតិចិនមួយចំនួនទៀតហើយមានចំណុចពាក់ព័ន្ធដល់ឈ្មោះ ញឹក ប៊ុនឆៃ នៅក្នុងសំណុំរឿងគ្រឿងញៀនដ៏ធំមួយកាលពីឆ្នាំ ២០០៧»។
លិខិតបានបង្ហាញទៀតថា អយ្យការអមសាលាដំបូងរាជធានីភ្នំពេញជូនដំណឹងថា កាលពីថ្ងៃទី ១ មេសា ឆ្នាំ ២០០៧ សមត្ថកិច្ចបានឆែកឆេរទីតាំងកសិដ្ឋានចិញ្ចឹមគោ ១ កន្លែងស្ថិតនៅភូមិទី ១ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដោយរកឃើញនូវឧបករណ៍ផលិតគ្រឿងញៀន និងសារធាតុផលិតគ្រឿងញៀនព្រមទាំងបានឃាត់ខ្លួនជនល្មើសជាជនជាតិខ្មែរ ជនជាតិចិន ជនជាតិថៃ នៅទីតាំងខាងលើ។
បន្ទាប់ពីបានស៊ើបអង្កេត និងស្រាវជ្រាវរួចមក តុលាការបានសម្រេចផ្តន្ទាទោសឈ្មោះជា ជុង ឈ្មោះ ជិន ធានវិន ឈ្មោះ ឆាយ ខាំស៊ី ឈ្មោះ ឆះ ណាក់ឈី ឈ្មោះ ស៊ីវ ទី ឈ្មោះ រ៉ាន់ យ៉ាន់ ឈ្មោះ គួង ដាក់ពន្ធនាគារក្នុងម្នាក់ៗកំណត់ពី ២៥ ឆ្នាំដល់ ១ ជីវិត ពីបទផលិតគ្រឿងញៀន និងនាំចូលសារធាតុញៀនសម្រាប់ផ្សំគ្រឿងញៀន។
លោក ញឹក ប៊ុនឆៃ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី ៣ ខែសីហា ឆ្នាំ ២០១៧ ក្រោមការចោទប្រកាន់ពាក់ព័ន្ធករណីផលិតគ្រឿងញៀនដ៏ធំមួយនេះ នៅឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺកាលពីឆ្នាំ ២០០៧។ ប៉ុន្តែក្រោយមកចៅក្រមស៊ើបសួរលោក លី លីបម៉េង នៃសាលាដំបូងរាជធានីភ្នំពេញបានចេញដីកានៅថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០១៨ សម្រេចដោះលែងលោក ញឹក ប៊ុនឆៃ ពីពន្ធនាគាររាជធានីភ្នំពេញ (PJ) វិញ៕
វីដេអូ៖