សៀមរាបៈ បុរស​បើករថយន្ត​ដឹក​ដី​ម្នាក់​ត្រូវបាន​នគរបាល​ចរាចរណ៍​ខេត្ត​សៀមរាប​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្ត​នៅ​ថ្ងៃទី​ ៣១ ​មីនា បន្ទាប់ពី​ចាប់ខ្លួនបាន​ ២ ​ថ្ងៃ ករណី​បង្ក​គ្រោះថ្នាក់​ចរាចរណ៍ បុក​មនុស្ស​ឱ្យ​របួស​ម្នាក់​ហើយ​បើករថយន្ត​រត់គេច ប្រព្រឹត្ត​នៅ​ភូមិ​ខ្នារ សង្កាត់​ជ្រាវ ក្រុង​សៀមរាប​។

លោក ជឹម សុវណ្ណ ស្នងការរង​ទទួល​ផែន​នគរបាល​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​បានឱ្យដឹង​នៅ​ថ្ងៃទី​ ៣១ ​មីនា​ថា សមត្ថកិច្ច​បាន​កសាង​សំណុំរឿង​បញ្ជូន​បុរស​ឈ្មោះ​ ទឹម ថាវ អាយុ​ ៣៥ ​ឆ្នាំទៅ​តុលាការ​។ ជនសង្ស័យ​បាន​បើករថយន្ត​ដឹក​ដី​ហើយ​បាន​កៀរ​ឱ្យ​រងរបួស​នគរបាល​ក្រុង​សៀមរាប​ម្នាក់​។

លោក​ថ្លែងថា​៖ «​ករណីនេះ ខ្ញុំ​បាន​បញ្ជូន​គាត់​ទៅ​សាលាដំបូង​ខេត្ត​សៀមរាប​នៅថ្ងៃនេះ​ (​ថ្ងៃទី​ ៣១ ​មីនា​)​។ បុរស​ម្នាក់​នោះ​បើកបរ​បង្ក​របួសស្នាម​ហើយ​បើក​រត់​ទៀត​»​។

ពាក់ព័ន្ធ​ករណីនេះ​ដែរ​ត្រូវបាន​មន្ត្រី​នគរបាល​ម្នាក់​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប​ម្នាក់​បាន​ប្រាប់​ដោយ​ស្នើសុំ​មិន​បញ្ចេញ​ឈ្មោះ​តាម​សម្តី​សាក្សី​នៅ​កន្លែងកើតហេតុ​ថា នៅ​ពេលមុន​កើតហេតុ​នៅវេលា​ម៉ោងជាង​ ១​ រសៀល​ថ្ងៃទី​ ២៩ ខែមីនា គេ​បានឃើញ​រថយន្ត​បែន​ដឹក​ដី​ ១​ គ្រឿង បើកបរ​ដោយ​បុរស​ម្នាក់​។ លុះ​បើក​ដល់​ចំណុច​ផ្ទះ​ម៉ាស្សា​មួយ យីហោ​ឈ្មោះ ណាវីន​ម៉ាស្សា​កោស​ជប់ ស្រាប់តែ​រថយន្ត​ ១​ គ្រឿង​នោះ បាន​បើក​កៀរ​នគរបាល​ក្រុង​សៀមរាប​ម្នាក់​ដែល​កំពុង​ជិះ​ម៉ូតូ​តែម្នាក់ឯង​បណ្តាលឱ្យ​របួសស្រាល​ត្រង់​ជើង​ខាងស្តាំ​។

មន្ត្រី​ដដែល​នេះ​បាន​បន្តថា នៅពេល​នោះ អ្នកបើកបរ​រថយន្ត​មិនបាន​ឈប់​ដើម្បី​ចុះ​មើល​ជនរងគ្រោះ​នោះទេ​តែ​បែ​ជា​បាន​បន្ថែម​ល្បឿន​រថយន្ត​កាន់តែ​លឿន ហើយ​សមត្ថកិច្ច​នគរបាល​ដែល​ត្រូវរបួស​នោះ បាន​ទូរស័ព្ទ​រាយការណ៍​ទៅ​កម្លាំង​សមត្ថកិច្ច​នគរបាល​ក្រុង​សៀមរាប ហើយ​សមត្ថកិច្ច​បានចេញ​ដេញតាម​ឃាត់​រថយន្ត​នោះ​។

តែដោយសារ មិនអាច​បញ្ឈប់​អ្នក​បើកបរ​រថយន្ត​នោះបាន កម្លាំង​សមត្ថកិច្ច​ក៏បាន​បាញ់​បំបែក​កង់​ក្រោយ​ម្ខាង​របស់​រថយន្ត​នោះ ហើយក៏​ចាប់បាន​ជនសង្ស័យ នៅត្រង់​ចំណុច​ស្ពាន​ប៊ីឡាញ​ស្ថិតក្នុង​ភូមិក​ក្រាញ់ សង្កាត់​-​ក្រុង​សៀមរាប​។

មន្ត្រី​នគរបាល​រូបនោះ​បានបញ្ជាក់​ទៀតថា​៖ «​ជនល្មើស​ម្នាក់​នោះ នៅពេលដែល​កម្លាំង​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​បាន​ឆ្លើយ​ប្រាប់​សមត្ថកិច្ច​ថា គាត់​បើកឡាន​រត់​ដោយសារ​គាត់​ស្លន់​ហើយ​ភ័យខ្លាច​ថា ជនរងគ្រោះ​នោះ​បាន​ស្លាប់​បាត់​ទៅ​ហើយ​»៕