​ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា មាន​ព្រះបន្ទូល​ថា ក្រោម​ការដឹកនាំ និង​គ្រប់គ្រង​ដោយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន មាតុភូមិ បានទទួល​នូវ​ជ័យជម្នះ​យ៉ាង​ត្រចះត្រចង់​ក្នុងការ​ប្រយុទ្ធប្រឆាំង​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ ​១៩​។

​សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី មាន​ព្រះបន្ទូល​ដូចនេះ​តាមរយៈ​ព្រះរាជសារ​ក្នុងឱកាស​ការបើក​បវេសនកាល​នៃ​រដ្ឋសភា សម័យប្រជុំ​រដ្ឋសភា​លើក​ទី​៧ នីតិកាល​ទី​៦ ដែល​បាន​បើក​សម័យប្រជុំ លើក​ទី​៧ នីតិកាល​ទី​៦​នា​ព្រឹក​ថ្ងៃទី​០១ ខែមេសា នេះ​។​

​សម័យប្រជុំ​រដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ប្រព្រឹត្តឡើង​ក្រោម​អធិបតីភាព​លោក ហេង សំរិន ប្រធានរដ្ឋសភា ដោយមាន​វត្តមាន​សមា​ជិ​ក​សមាជិកា​រដ្ឋសភា ពេល​ចាប់ផ្តើម​សម័យប្រជុំ ចំនួន ៩៣​រូប ចូលរួម​ផងដែរ​។​

​ព្រះមហាក្សត្រ សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី មាន​ព្រះរាជបន្ទូល​ថា ៖ «​ដោយបាន​ឆ្លងកាត់​ដំណាក់កាល​នៃ​ការ​រាតត្បាត​ជំងឺ​កូ​វីដ​១៩ ដូច​ជនរួមជាតិ​ទាំងអស់គ្នា​ដែរ រដ្ឋសភា នៅតែ​បន្ត​ដំណើរការ​យ៉ាង​ស្វាហាប់​លើ​ភារកិច្ច ក្នុងនាម​ជា​ស្ថាប័ន​នីតិប្បញ្ញត្តិ ដើម្បី​កសាង​គោលនយោបាយ និង​ច្បាប់​រដ្ឋ​ឱ្យបាន​ត្រឹមត្រូវ ធ្វើឱ្យមាន​សង្គតិភាព​ទៅនឹង​ការអភិវឌ្ឍ​របស់​ប្រទេសជាតិ សមាហរណកម្ម​តំបន់ និង​នៅលើ​សកលលោក​»​។

​សមិទ្ធផល​ទាំងអស់នេះ បាន​ផ្តល់ជូន​ប្រជាពលរដ្ឋ​កម្ពុជា​គ្រប់រូប បានរស់នៅ​ប្រកបដោយ​ភាព​សុខក្សេមក្សាន្ត មាន​សន្តិសុខ​សណ្តាប់ធ្នាប់​ល្អ ស័ក្តិ​សមជា​ព្រះរាជាណាចក្រ​រុងរឿង និង​ខ្ព​ស់មុខ​ខ្ពស់​មាត់​លើ​ឆាក​អន្តរជាតិ​។​

​ព្រះអង្គ​បាន​កោតសរសើរ​ចំពោះ​ការដឹកនាំ​ប្រទេស ប្រកបដោយ គតិបណ្ឌិត​របស់លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​បានធ្វើ​ពលិកម្ម​កម្លាំងកាយ​កម្លាំង​ចិត្ត​ឥតឈប់ឈរ​។​

​សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី មានបន្ទូលថា ៖ «​នាយករដ្ឋមន្ត្រី​កម្ពុជា មានការ​សម្រេចចិត្ត​ខាង​នយោបាយ​ដ៏​ត្រឹមត្រូវ ក្នុង​ភារកិច្ច​ថែរក្សា​សន្តិភាព ស្ថិរភាព​សង្គម និង​ការអភិវឌ្ឍ​រីកចម្រើន​លើ​គ្រប់​វិស័យ ជាអាទិ៍ ការការពារ​ខឿនសេដ្ឋកិច្ច​ជាតិ​បាន​យ៉ាងរឹងមាំ ទប់ស្កាត់​អតិផរណា មាន​សុខដុម​នីយកម្ម​លើ​គ្រប់​ជាតិ​សាសន៍ និង​ការលើកកម្ពស់​សុខុមាល​ភាព​ជូន​ប្រជាពលរដ្ឋ​»​។​

​ព្រះអង្គ​បន្តថា៖ «​ការលើក​ឧ​ត្ត​ម​ប្រយោជន៍​ដែល​ប្រជាជាតិ​ទាំងអស់​បានទទួល នាំឱ្យ​ប្រជារាស្ត្រ​កម្ពុជា​ក៏ដូចជា ខ្ញុំព្រះករុណា ខ្ញុំ​មានការ​ពេញចិត្ត ពេញ​ព្រះទ័យ​ណាស់ ចំពោះ​វឌ្ឍន​ភាពជា​បន្តបន្ទាប់​រហូត​មកនេះ​»​។​

​ទន្ទឹមនឹង​នេះដែរ ព្រះអង្គ​បាន​អំពាវនាវ​ឱ្យ​បងប្អូន ជនរួមជាតិ​ទាំងអស់ មេត្តា​បន្ត​អនុវត្ត​នូវ​វិធានការ​សុខាភិបាល​ឱ្យបាន​ខ្ជាប់ខ្ជួន និង​ហ្មត់ចត់ ដើម្បី​ទទួលបាន​សុខភាព​ល្អប្រសើរ បន្ត​ប្រតិបត្តិ​ការងារ និង​ប្រកប​ជីវភាព​ប្រចាំថ្ងៃ ទៅតាម​គន្លង​ថ្មី​ជាមួយនឹង​ជំងឺ​រាតត្បាត​កូ​វីដ​១៩ ដែល​មិនទាន់​រលត់​សាបសូន្យ​នៅឡើយ​។​

​ជាមួយគ្នានេះដែរ សម្រាប់​របៀបវារៈ​សម័យ​ប្រជុំ​រដ្ឋសភា​លើក​ទី​៧ នីតិកាល​ទី​៦ មាន​ចំនួន ៤ ក្នុងនោះ​មាន ទី​១​គឺ​ព្រះរាជសារ ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជូន​សម័យប្រជុំ​រដ្ឋសភា​លើក​ទី​៧ នីតិកាល​ទី​៦​។​

​របៀបវារៈ​ទី​២​គឺ របាយការណ៍​សង្ខេប​ស្តីពី សកម្មភាព​ការងារ​របស់​រដ្ឋសភា​ចន្លោះ​សម័យប្រជុំ​រដ្ឋសភា​លើក​ទី​៦ និង​លើក​ទី​៧ នីតិកាល​ទី​៦​។ ចំណែក​ទី​៣ គឺ​ការបោះឆ្នោត​ជ្រើសតាំង ឯកឧត្តម អ៊ុជ គឹម​អន ជា​សមាជិក​ក្រុមប្រឹក្សាធម្មនុញ្ញ​អាណត្តិ​ថ្មី សម្រាប់​អាណត្តិ ៩​ឆ្នាំ ជ្រើសតាំង​ដោយ​រដ្ឋសភា នីតិកាល​ទី​៦ និង​ទី​៤ គឺ​ការពិភាក្សា និង​អនុម័ត​សេចក្តីព្រាងច្បាប់​ស្តីពី ការការពារ​រុក្ខជាតិ និង​ភូតគាម​អនាម័យ​៕