​រដ្ឋមន្ត្រី​សម្របសម្រួល​គោលនយោបាយ​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​កូរ៉េ និង​ប្រតិភូ បានមក​បំពេញ​ទស្សនកិច្ច​នៅ​សារមន្ទីរ​ឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍​ទួលស្លែង ដើម្បី​ស្វែងយល់​អំពី​លទ្ធផល​នៃ​ការអនុវត្ត​គម្រោង​អភិរក្ស​ និង​ថតចម្លង​បណ្ណសារ​សារមន្ទីរ​ទួលស្លែង ដែល​គាំទ្រ​ហិរញ្ញវត្ថុ​ដោយ​ភ្នាក់ងារ​សហប្រតិបត្តិកា​រ​អន្តរជាតិកូរ៉េ (KOICA) ក្រោម​ការសម្របសម្រួល​ជាមួយ​អង្គការ​យូណេស្កូ​។​

​កាលពី​ថ្ងៃទី​ ២៩ ខែ មីនា ឆ្នាំ ​២០២២ លោក ហាប់ ទូច រដ្ឋលេខាធិការ​តំណាង​លោកស្រី ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ បានទទួល​ស្វាគមន៍​នូវ​ដំណើរ​ទស្សនកិច្ច របស់លោក KOO Yun Cheol រដ្ឋមន្ត្រី​សម្របសម្រួល​គោលនយោបាយ​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​កូរ៉េ និង​ប្រតិភូ ដែល​មក​បំពេញ​ទស្សនកិច្ច​នៅ​សារមន្ទីរ​ឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍​ទួលស្លែង​។

​យោងតាម​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​បានឱ្យដឹងថា ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ គណៈប្រតិភូ​ក៏បាន​ទស្សនា និង​ស្វែងយល់​អំពី​លទ្ធផល​នៃ​ការអនុវត្ត​គម្រោង​អភិរក្ស​និង​ថតចម្លង​បណ្ណសារ​សារមន្ទីរ​ទួលស្លែង​។​

​លោក ហាប់ ទូច និង​ប្រតិភូ​អមដំណើរ បាន​សម្ដែង​នូវ​ការ​សាទរ​ចំពោះ​ភាពជោគជ័យ​នៃ​កិច្ចសហប្រតិបត្តិការ​លើគ​ម្រោ​ង​អភិរក្ស​និង​ថតចម្លង​បណ្ណសារ​សារមន្ទីរ​ទួលស្លែង ព្រមទាំង​កោតសរសើរ​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ និង សារមន្ទីរ​ទួលស្លែង ក្នុងការ​អភិរក្ស​បេតិកភណ្ឌ​ឯកសារ​ប្រវត្តិសាស្ត្រ​និង​ពង្រីក​ការអប់រំ​ផ្សព្វផ្សាយ​អំពី​ប្រវត្តិសាស្ត្រ​នៃ​អំពើ​ប្រល័យពូជសាសន៍​ខ្មែរក្រហម​៕