«​សេចក្តីព្រាងច្បាប់​ស្តីពី​សុវត្ថិភាព​ម្ហូបអាហារ​» ត្រូវបាន​កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី ដែល​ដឹកនាំ​ដោយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នា​ព្រឹក​ថ្ងៃទី​ ០១ ខែ មេសា ឆ្នាំ​ ២០២២​ នេះ បានសម្រេច​អនុម័ត​ទាំងស្រុង​។ នេះ​បើ​យោងតាម​ការលើកឡើងរ​ប​ស់លោក ផៃ ស៊ី​ផាន អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា​។​

​លោក​បាន​សរសេ​រលើប​ណ្តា​ញ​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់លោក​ថា សេចក្តីព្រាងច្បាប់​នេះ ត្រូវបាន​រៀបចំឡើង​ដោយ​យោងតាម​ការតម្រូវ​នៃ​និន្នាការ​សកល​នៃ​ពាណិជ្ជកម្ម​អន្តរជាតិ និង​ស្របទៅតាម​កម្មវិធី​ការងារ​របស់​រាជរដ្ឋាភិបាល​ឆ្នាំ​ ២០១២-២០១៥ ពាក់ព័ន្ធ​នឹង​វិស័យ​ពាណិជ្ជកម្ម ដែល​កម្ពុ​ជាមាន​កាតព្វកិច្ច​ត្រូវ​រៀបចំ​ប្រព័ន្ធ​ច្បាប់​ឱ្យបាន​រឹងមាំ ដើម្បី​ឆ្លើយតប​ទៅនឹង​ឧ​ត្ត​មា​នុ​វត្ត​ន៍​អន្តរជាតិ នៃ​ការធ្វើសមាហរណកម្ម​សេដ្ឋកិច្ចកម្ពុជា ទៅក្នុង​តំបន់​និង​សកល​។​

​លោក ផៃ ស៊ី​ផាន បាន​បន្ថែមថា ដោយ​យល់ឃើញ​អំពី​សារៈសំខាន់​នេះ និង​ដើម្បីឱ្យ​ស្របតាម​គោលការណ៍​នៃ​ប្រព័ន្ធ​ច្បាប់​ពិភពលោក ក្រសួងពាណិជ្ជកម្ម បាន​សហការ​រៀបចំសេចក្តី​ព្រាង​ច្បាប់​ស្តីពី​សុវត្ថិភាព​ម្ហូបអាហារ​នេះ​ឡើង ដើម្បី​គ្រប់គ្រង​ប្រតិបត្តិ​ករ​អាជីវកម្ម​ម្ហូបអាហារ​នៅ​គ្រប់​ដំណាក់កាល​នៃ​ខ្សែ​ច្រវាក់​ផលិតកម្ម និង​ធានាថា​ផលិតផល​ម្ហូបអាហារ​ទាំ​ង​អស់ ដែល​ចរាចរ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា មានគុណ​ភាព សុវត្ថិភាព និង​អនាម័យ​ល្អ សម្រាប់​ប្រជាពលរដ្ឋ​គ្រប់ៗ​រូប​។​

​ទាក់ទង​នឹង​សារៈប្រយោជន៍​នៃ​សេចក្តីព្រាងច្បាប់​ស្តីពី​សុវត្ថិភាព​ម្ហូបអាហារ លោក ផៃ ស៊ី​ផាន បាន​លើកឡើងថា សេចក្តីព្រាងច្បាប់​នេះ មាន​សារៈសំខាន់​ក្នុងការ​កំណត់​គោលការណ៍​ជា​មូលដ្ឋាន​ដើម្បី​ជំរុញ​ឱ្យ​ផលិតផល​ម្ហូបអាហារ​មាន​សុវត្ថិភាព​និង​ស្របតាម​ស្តង់ដា​កំណត់​សំដៅ​ធានា​កម្រិត​នៃ​ការការពារ​អាយុជីវិត​និង​សុខភាព​ប្រជាពលរដ្ឋ ធានា​ប្រសិទ្ធភាព​នៃ​ការការពារ​ផលប្រយោជន៍​អ្នកប្រើប្រាស់ រួមចំណែក​យ៉ាងសំខាន់​ក្នុងការ​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ​។​

​ម្យ៉ាងវិញទៀត តម្រូវការ​ក្នុង​ផលិតកម្ម​និង​ពាណិជ្ជកម្ម​ម្ហូបអាហារ តម្រូវឱ្យមាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ស្តីពី​អនាម័យ និង​ភូតគាម​អនាម័យ (SPS) និង​របាំង​បច្ចេកទេស​ចំពោះ​ពាណិជ្ជកម្ម (TBT) ដែលជា​កម្លាំងចលករ​ជំរុញឱ្យមាន​កំណើន​វិនិយោគ ជំរុញ​ប្រសិទ្ធភាព​នៃ​ការនាំចេញ​ម្ហូបអាហារ និង​ធានាបាន​នូវ​ការប្រកួតប្រជែង​ប្រកបដោយ​សមធម៌​និង​យុត្តិធម៌ ក្នុង​វិស័យ​ផលិតកម្ម​និង​ពាណិជ្ជកម្ម​ម្ហូបអាហារ​។​

​លក្ខណពិសេស​នៃ​សេចក្តីព្រាងច្បាប់​ស្តីពី​សុវត្ថិភាព​ម្ហូបអាហារ​សុវត្ថិភាព​ម្ហូបអាហារ គឺជា​ការទទួលខុសត្រូវ​រួម និង​មាន​លក្ខណៈ​ពហុ​វិស័យ ដែល​ចាំបាច់​តម្រូវឱ្យ​មានការ​ចូលរួម​ពី​គ្រប់ភាគី​ពាក់ព័ន្ធ ត្រូវ​ទទួលបន្ទុក​អនុវត្ត​ការគ្រប់គ្រង និង​ត្រួតពិនិត្យ​គុណភាព សុវត្ថិភាព​ម្ហូបអាហារ នៅតាម​គ្រប់​ដំណាក់កាល​នៃ​ខ្សែចង្វាក់​ផលិតកម្ម​។

​លោក លឹម ហេង អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា បាន​លើកឡើងថា ម្ហូបអាហារ​មាន​សុវត្ថិភាព​នាំឱ្យ​ប្រជាពលរដ្ឋ​មាន​សុខភាព​ល្អ ចូលរួម​កាត់បន្ថយ​ការចំណាយ​ពេលវេលា និង​ថវិកា​ព្យាបាល​...( កាត់បន្ថយ​ភាពក្រីក្រ និង អត្រា​ស្លាប់​តាមរយៈ​ម្ហូបអាហារ​មាន​សុវត្ថិភាព​)៕