ភ្នំពេញៈ ក្រសួង​អប់រំ យុវជន និង​កីឡា និង​ជា​តំណាង​ជាតិ​សម្រាប់​សហគមន៍​សង្គម​-​វប្បធម៌​អាស៊ាន បានរៀបចំ​កិច្ចប្រជុំ​ចំនួន​ ៣ កាល​ថ្ងៃទី​ ២៨-៣០ ខែមីនា ឆ្នាំ​ ២០២២ ដោយ​អង្គប្រជុំ​ក៏បាន​ឯកភាព​លើ​សំណើ​របស់​កម្ពុជា ក្នុង​ការពន្លឿន​បេសកកម្ម​ស្វែងរក​ការពិត​ក្នុងប្រទេស Timor-Leste និង​បាន​ជំរុញ​លើកទឹកចិត្ត​ឱ្យ​ស្ថាប័ន​នានា​របស់​អាស៊ាន​អញ្ជើញ​ប្រទេស​នេះ​ចូលរួម​ក្នុង​គំនិត​ផ្តួចផ្តើម ដែល​មិន​ពាក់ព័ន្ធ​នឹង​ការរៀបចំ​គោលនយោបាយ​ផងដែរ​។

កិច្ចប្រជុំ​ចំនួន​ ៣ ​នោះ រួមមាន កិច្ចប្រជុំ​លើក​ទី​ ៥ នៃ​ក្រុមការងារ​អាស៊ាន​សម្រាប់​ការអនុវត្ត​សេចក្តីថ្លែងការណ៍​ស្តីពី​វប្បធម៌​នៃ​ការបង្ការ (5thWG on CoP) កិច្ចប្រជុំ​ឧត្តមមន្ត្រី​សហគមន៍​សង្គម-​វប្បធម៌​អាស៊ាន លើក​ទី​ ៣២ (32nd SOCAMeeting) និង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​សហគមន៍-​សង្គម-​វប្បធម៌​អាស៊ាន​លើក​ទី​ ២៧ (27th ASCC Council Meeting)​។ យោងតាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា កាលពី​ថ្ងៃទី​ ៣០ ខែមីនា ឆ្នាំ ២០២២ ស្តីពី​លទ្ធផល​នៃ​កិច្ចប្រជុំ​ទាំង​ ៣ បានឱ្យដឹងថា អង្គប្រជុំ​បាន​កត់សម្គាល់​ប្រកប​ដោយ​ការពេញចិត្ត​ជាមួយ​នឹង​វឌ្ឍនភាព​នៃ​ការបន្ត​អនុវត្ត​ផែនការ​មេ​សហគមន៍​សង្គម-​វប្បធម៌​អាស៊ាន ឆ្នាំ​ ២០២៥​។

លទ្ធផល​បាន​បន្តថា អង្គ​ប្រជុំ​ឯកភាព​ចំពោះ​គំនិត​ផ្តួចផ្តើម​បង្កើត​សេចក្តីណែនាំ​តំបន់​អាស៊ាន​ស្តីពី ការបើក​សាលារៀន​ឡើងវិញ​ប្រកបដោយ​សុវត្ថិភាព ការស្តារ​ឡើងវិញ​នូវ​ការសិក្សា និង​ភាពធន់​ក្នុង​វិស័យ​អប់រំ ដែលជា​ផ្នែក​មួយ​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​ក្នុងការ​ជម្នះ​ឱ្យបាន​នូវ​ឧបសគ្គ ដែល​បណ្តាលមកពី​ជំងឺ​រាតត្បាត​សកល​កូវីដ​ ១៩​។

សេចក្ដី​ប្រកាស​ព័ត៌មាន​ថា​៖ «​អង្គប្រជុំ​បាន​គូសបញ្ជាក់​អំពី​សារៈសំខាន់​នៃ​ការប្រកាស​យក​ឆ្នាំ​ ២០២២ ជា​ឆ្នាំ​នៃ​យុវជន​អាស៊ាន តាមរយៈ​សេចក្តី​ថ្លែងការណ៍​របស់​ថ្នាក់ដឹកនាំ​អាស៊ាន​។ ​អង្គប្រជុំ​បាន​ឯកភាព​លើ​សំណើ​របស់​កម្ពុជា ក្នុងការ​ពន្លឿន​បេសកកម្ម​ស្វែងរក​ការពិត​ក្នុងប្រទេស Timor-Leste ដែល​នឹង​ដឹកនាំ​ដោយ​ឧត្តមមន្ត្រី​សហគមន៍​សង្គម-​វប្បធម៌​អាស៊ាន​សម្រាប់​កម្ពុជា ឱ្យបាន​ក្នុង​ត្រីមាស​ទី​ ៣ ឆ្នាំ​២០២២ និង​បាន​ជំរុញ​លើកទឹកចិត្ត​ឱ្យ​ស្ថាប័ន​នានា​របស់​អាស៊ាន​អញ្ជើញ​ប្រទេស​នេះ​ចូលរួម​ក្នុង​គំនិត​ផ្តួចផ្តើម ដែល​មិន​ពាក់ព័ន្ធ​នឹង​ការរៀបចំ​គោលនយោបាយ​»​។

លទ្ធផល​ដដែល​នេះ​បាន​បន្ថែមថា អង្គប្រជុំ​កត់សម្គាល់​ដោយ​ការពេញចិត្ត​នូវ​ឯកសារ​លទ្ធផល​ចំនួន​ ៣៥ ដែល​ត្រូវបាន​បង្កើតឡើង​ក្នុងអំឡុង​ពេល​នៃ​ភាពជា​ប្រធាន​សហគមន៍​សង្គម-​វប្បធម៌​អាស៊ាន​របស់​កម្ពុជា​។ សម្រាប់​កិច្ចប្រជុំ​លើក​ទី​ ៥ នៃ​ក្រុមការងារ​អាស៊ាន​សម្រាប់​ការអនុវត្ត​សេចក្តី​ថ្លែងការណ៍​ស្តីពី​វប្បធម៌​នៃ​ការបង្ការ (5thWG on CoP) ​និង​កិច្ចប្រជុំ​ឧត្តម​មន្ត្រី​សហគមន៍​សង្គម-​វប្បធម៌​អាស៊ាន លើក​ទី​ ៣២ (32nd SOCAMeeting) ត្រូវ​បាន​ដឹកនាំ​ការប្រជុំ​ដោយ លោក ឌី ខាំបូលី ប្រធាន​ឧត្តមមន្ត្រី​សហគមន៍​-​សង្គម-​វប្បធម៌​អាស៊ាន (SOCA Chair)​។ ចំណែក​កិច្ចប្រជុំ​ក្រុមប្រឹក្សា​សហគមន៍​សង្គម-​វប្បធម៌​អាស៊ាន​លើក​ទី​ ២៧ (27th ASCC Council Meeting) ត្រូវបាន​ដឹកនាំ​ដោយ​រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា លោក ហង់ជួន ណារ៉ុន​។ ទាក់ទង​នឹង​កិច្ចប្រជុំ​ក្រុមការងារ​អាស៊ាន សម្រាប់​ការអនុវត្ត​សេចក្តី​ថ្លែងការណ៍​ស្តីពី​វប្បធម៌​នៃ​ការបង្ការ លើក​ទី​ ៥ គឺ​អង្គ​ប្រជុំបាន​គាំទ្រ​ទៅលើ​ការផ្សព្វផ្សាយ​ឯកសារ​ព័ត៌មាន​ស្តីពី​វប្បធម៌​នៃ​ការបង្ការ​លើ​គេហទំព័រ​អាស៊ាន ដើម្បី​ផ្តល់​ជា​ព័ត៌មាន​ដល់​មន្ត្រីរាជការ​សាធារណៈ សាធារណជន និង​អ្នកស្រាវជ្រាវ អំពី​វឌ្ឍនភាព​នៃ​ការអនុវត្ត វប្បធម៌​នៃ​ការបង្ការ​។ អង្គ​ប្រជុំបាន​គាំទ្រ​ការបង្កើត​សៀវភៅ​ណែនាំ​ស្តីពី​វប្បធម៌​នៃ​ការបង្ការ​សម្រាប់​អាស៊ាន ដោយ​ផ្តោតលើ​ចំណុច​អាទិភាព រួមមាន ការផ្លាស់ប្តូរ​រវាង​មនុស្ស និង​មនុស្ស ការប្រាស្រ័យ​ទាក់ទង​បែប​យុទ្ធសាស្ត្រ ការធ្វើ​ឌីជីថលូបនីយកម្ម ការលើកកម្ពស់​អត្តសញ្ញាណ ការជំរុញ​ការចូលរួម​ពី​យុវជន ការបញ្ជ្រាប យេនឌ័រ និង​ការអភិវឌ្ឍ​បុគ្គល​។ អង្គប្រជុំ​បាន​គាំទ្រ​ឱ្យមាន​ការរៀបចំ​កិច្ចសន្ទនា​ស្តីពី​វប្បធម៌​នៃ​ការបង្ការ​សម្រាប់​អាស៊ាន​ផងដែរ​។ កិច្ចប្រជុំ​ឧត្តមមន្ត្រី​សហគមន៍​សង្គម​-​វប្បធម៌​អាស៊ាន លើក​ទី​ ៣២ ​អង្គ​ប្រជុំបាន​ពិភាក្សា​លើ​ចំណុច​សំខាន់​ចំនួន​ ៣ ហើយ​អង្គ​ប្រជុំបាន​កត់សម្គាល់​លើ​ការធ្វើ​បច្ចុប្បន្នភាព​នៃ​ការអនុវត្ត​ផែនការ​សកម្មភាព​ស្តីពី​វប្បធម៌​នៃ​ការបង្ការ​សម្រាប់​អាស៊ាន និង​បាន​អនុម័ត​ការបន្ថែម​ចំណុច​អាទិភាព​ថ្មី​ស្តីពី «​ការលើក​កម្ពស់​ការអនុវត្ត​ហេដ្ឋារចនាសម្ព័ន្ធ​ដែលមាន​ភាពធន់​» ទៅក្នុង​ផែនការ​សកម្មភាព​ស្តីពី​វប្បធម៌​នៃ​ការបង្ការ​៕