ឧត្ដរមានជ័យៈ មន្ត្រី​ជំនាញ​នៃ​​ឧទ្យាន​សួនសត្វ​ និង​មជ្ឈមណ្ឌល​សង្គ្រោះ​សត្វព្រៃ​ភ្នំ​តាម៉ៅ​បានឱ្យដឹង​នៅ​ថ្ងៃទី​ ៣១ មីនា​ថា សត្វ​ខ្ទីង​ឈ្មោល​ ១ ក្បាល​ដែល​បាន​ចេញពី​ព្រៃ​ដេញ​វ័ធ​ពលរដ្ឋ​ ៣ នាក់ នៅ​ខេត្ត​ឧត្តរមានជ័យ​ឱ្យ​រងរបួស​ត្រូវបាន​ក្រុមមន្ត្រី​ជំនាញ​ចាប់បាន​ហើយ និង​កំពុង​នាំមក​កាន់​ឧទ្យាន​សួន​សត្វ​ភ្នំ​តាម៉ៅ​ ដើម្បី​ផ្សាំង​ទុក​បង្កាត់​ពូជ​។

លោក​ សាន់ សុភ័ក្តិ មន្ត្រី​ជំនាញ​នៃ​ឧទ្យាន​សួនសត្វ និង​​មជ្ឈមណ្ឌល​សង្គ្រោះ​សត្វព្រៃ​ភ្នំ​តាម៉ៅ​ដែល​បាន​ដឹកនាំ​ក្រុម​ការងារ​ចំនួន​ ៥​ នាក់​ទៅ​ចូលរួម​ជាមួយ​ក្រុមមន្ត្រី​ឧទ្យានុរក្ស និង​អាជ្ញាធរខេត្ត​ឧត្តរមានជ័យ​ក្នុង​​ការចុះ​បង្ក្រាប​ចាប់​សត្វ​ខ្ទីង​នោះ​​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា សត្វ​ខ្ទីង​នោះ​មាន​វ័យ​ជំទង់ ដែល​អាច​បង្កាត់​ពូជ​បាន​។

លោក​បាន​បញ្ជាក់ថា​៖ «​នៅពេល​នេះ វា​ត្រូវបាន​ចាប់​ដាក់​ក្នុង​ទ្រុង​សុវត្ថិភាព​ និង​ដាក់​លើ​ឡាន​រួចជាស្រេច ដើម្បី​នាំទៅ​កាន់​ឧទ្យាន​សួនសត្វ​ និង​មជ្ឈមណ្ឌល​សង្គ្រោះ​សត្វព្រៃ​ភ្នំ​តាម៉ៅ ដើម្បី​ថែបំប៉ន​ទុក​សម្រាប់​បង្កាត់​ពូជ​ជាមួយ​មេខ្ទីង​មួយចំនួន​នៅក្នុង​ឧទ្យាន​សួនសត្វ​នេះ​»​។

បើតាម​លោក សុភ័ក្តិ នៅក្នុង​ប្រតិបត្តិ​ការបង្ក្រាប​ចាប់​សត្វ​ខ្ទីង​ ១ ​ក្បាល​នេះ ក្រុមការងារ​របស់​លោក​ដែលមាន​ការជួយ​គាំទ្រ​​ពី​កម្លាំង​ឧទ្យានុរក្ស​នៃ​មន្ទីរ​បរិស្ថាន​ខេត្ត​ឧត្តរមានជ័យ អាជ្ញាធរ​មូលដ្ឋាន និង​អ្នកភូមិ​សរុប​ជាង​ ៥០​ នាក់​បាននាំគ្នា​ព័ទ្ធ និង​កៀង​វា​ឱ្យចូល​ស៊ង ដើម្បី​ងាយស្រួល​បាញ់ថ្នាំ​សណ្ដំ​ចាប់​វា​។

លោក​បាន​បន្ថែមថា​៖ «​ក្រុមការងារ​យើង​បាន​ចំណាយពេល​អស់​ប្រមាណ ​៤ ​ម៉ោង ទម្រាំ​វា​ហត់​ហើយ​រត់​ចូល​ទៅក្នុង​ទីតាំង​ដែល​យើង​បាន​ពួនស្ទាក់​ និង​ត្រៀម​ថ្នាំ​សណ្ដំ​សម្រាប់​បាញ់​វា​។

ថ្វីបើ​ការងារ​នេះ​មាន​ការលំបាក​​ និង​ហត់នឿយ​បន្តិច​ក្ដី ប៉ុន្តែ​យើង​រីករាយ​នៅពេល​លទ្ធផល​បាន​ជោគជ័យ​ហើយ​អាច​នាំ​វា​ទៅកាន់​មជ្ឈមណ្ឌល​របស់​យើង​បាន​ដោយ​សុវត្ថិភាព​»​។

កាលពី​ព្រឹក​ថ្ងៃទី​ ៣០ ខែមីនា ឆ្នាំ​ ២០២២ អ្នកភូមិ​ថ្នល់​បត់​នៃ​ឃុំ​គោក​មន ស្រុក​បន្ទាយ​អម្ពិល ខេត្ត​ឧត្តរមានជ័យ មាន​ការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ដោយ​សត្វ​ខ្ទីង​ឈ្មោល​ ១ ​ក្បាល​បានចេញ​​ពី​ក្នុងព្រៃ​មក​ដេញ​វ័ធ​ពួកគេ​ដែល​កំពុង​នាំគ្នា​ដក​ដំឡូងមី​នៅ​​ក្នុង​ចម្ការ​។ ​នៅក្នុង​ហេតុការណ៍​នោះ អ្នកភូមិ​ ៣ ​នាក់ ត្រូវបាន​សត្វ​ខ្ទីង​ដ៏ក្រេវក្រោធ​នោះ​វ័ធ​ឱ្យ​រងរបួស​ធ្ងន់​ និង​ស្រាល​ផងដែរ​។ នេះ​បើតាម​ការប្រាប់​ឱ្យដឹងពី​អាជ្ញាធរ​មូលដ្ឋាន​។

លោក ហ៊ាន គីត នាយ​នគរបាល​ប៉ុស្តិ៍​គោកមន បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា លោក យន់ វឿ អាយុ​ ៥៤​ ឆ្នាំ មាន​លំនៅ​ក្នុងភូមិ​ថ្នល់​បត់ ឃុំ​គោកមន ត្រូវបាន​សត្វ​ខ្ទីង​ស្ទាវ​នោះ​វ័ធ​ត្រូវចំ​ភ្លៅ​ខាងស្តាំ​បណ្ដាលឱ្យ​រងរបួស​ធ្ងន់ ខណៈ​ប្រពន្ធ​របស់គាត់​គឺ​អ្នកស្រី ស្នែ នៀវ អាយុ​ ៥៥ ​ឆ្នាំ រងរបួស​ដៃ​ខាងស្តាំ​។ ចំណែក​លោក ទិ គ្រឹង អាយុ​ ៣១ ​ឆ្នាំ មាន​លំនៅ​ក្នុងភូមិ​គូរ ឃុំ​គោកមន បាន​រងរបួស​ក្រោម​ជង្គង់​ខាងស្តាំ​។

ក្រោយ​កើតហេតុ​ជនរងគ្រោះ​ទាំង​ ៣​ នាក់​ត្រូវបាន​សាច់ញាតិ ដឹក​យក​ទៅ​មន្ទីពេទ្យ​បង្អែក​ខេត្ត ដើម្បី​ព្យាបាល​របួស​។

លោក គីត បាន​បញ្ជាក់ថា​៖ «​នៅក្នុង​ភូមិសាស្ត្រ​ទឹកដី​ឃុំ​គោកមន មិន​ធ្លាប់មាន​សត្វ​ខ្ទីង​នោះទេ​កាល​ពីមុនមក​»​។

កាលពី​រសៀល​ថ្ងៃទី​ ៣១ ខែ​​មីនា ឆ្នាំ​ ២០២២ លោក​ ទិ គ្រឹង ដែល​កំពុង​សម្រាក​ព្យាបាល​របួស​នៅក្នុង​មន្ទីរពេទ្យបង្អែក​ខេត្ត​ឧត្តរមានជ័យ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា គាត់​បាន​រង​របួសស្រាល​ជាង លោក វឿ ​ដោយ​សត្វ​ខ្ទីង​នោះ​វា​រត់​មក​បុក​គាត់​ហើយ​វ័ធ​គាត់​ចំ​ស្មងជើង ប៉ុន្តែ​មិន​បាក់​នោះទេ​។

លោក​ថ្លែងថា​៖ «​ខ្ញុំ​កំពុងតែ​ដក​មើម​ដំឡូងមី​ ដើម្បី​យកទៅលក់ ស្រាប់តែ​ឃើញ​វា​រត់​ស្ទុះ​ចេញពី​ក្នុងព្រៃ​មក​ដេញ​ជល់​ខ្ញុំ​តែម្ដង​។ មុនដំបូង ខ្ញុំ​ស្មានតែ​ក្របី​គេ​រួចមក​រកស៊ី​ស្លឹក​ដំឡូង​ក៏​មិន​រត់​ព្រោះ​ចាំ​ដេញ​វា ប៉ុន្តែ​វា​មិន​ខ្លាច​យើង​ទេ គឺ​រត់​ចូលមក​ជល់​តែម្ដង​»​។

លោក​បន្តថា ការពិត​លោក​មិន​ស្គាល់​សត្វ​ខ្ទីង​នោះទេ ព្រោះ​មិន​ធ្លាប់​ជួបប្រទះ​ទេ តាំងពី​លោក​ដឹងក្ដី​មក​។ លុះដល់​វា​វ័ធ​ឱ្យ​រងរបួស ហើយ​មាន​មន្ត្រី​បរិស្ថាន ដែល​គេ​បានឃើញ​វា​គេ​ស្គាល់​ហើយ​បាន​ប្រាប់ថា​​វា​ជា​សត្វ​ខ្ទីង​៕