ព្រះវិហារៈ ក្មេងប្រុស​អាយុ​ ៨ ​ឆ្នាំ​ម្នាក់​បាន​ស្លាប់​ពេល​នាំទៅ​ដល់​មន្ទីរពេទ្យ​ដោយសារ​ការផ្ទុះ​គ្រាប់​បេ​ ១ ​គ្រាប់​ដែល​គេ​រើស​បាន​ក្នុងពេល​ទៅ​ងូតទឹក​ស្រះ​ជាមួយ​ក្មេងប្រុស​ស្រី​ ៣ ​នាក់​ផ្សេងទៀត​កាលពី​ថ្ងៃទី​ ៣០ មីនា នៅ​ភូមិ​អានសេះ ឃុំ -​ស្រុក​ជាំក្សាន្ត ខេត្ត​ព្រះវិហារ​។ នេះ​បើតាម​លោក​អភិបាលរង​ស្រុក​ជាំ​ក្សាន្ត​។

លោក លិញ យុត អភិបាលរង​ស្រុក​ជាំក្សាន្ត​បានឱ្យដឹង​នៅ​ថ្ងៃទី ​៣១ មីនា ថា ក្មេងរងគ្រោះ​ស្លាប់​ឈ្មោះ សុខ ដារ៉ា អាយុ​ ៨ ​ឆ្នាំ ហើយ​មាន​ក្មេង​ ៣ ​នាក់​​ទៀត ​(​ស្រី​ម្នាក់​) ​ជា​បងប្អូន​បង្កើត​នឹង​គ្នា​មាន​អាយុ​ចន្លោះ​ពី​ ៥ ​ឆ្នាំ ដល់​ ១៣​ ឆ្នាំ​ក៏បាន​ទៅ​ងូត​លេង​ទឹក​ជាមួយ​ក្មេងរងគ្រោះ​ដែរ​។ ពួកគេ​រស់នៅ​ក្នុងភូមិ​អានសេះ ឃុំ​-​ស្រុក​ជាំក្សាន្ត ខេត្ត​​ព្រះវិហារ​។

លោក​ថ្លែងថា​៖ «​ក្មេងរងគ្រោះ​ត្រូវ​​របួស​ដោយ​អំបែង​គ្រាប់​នៅពេល​គាត់​រើស​គ្រាប់​យកមក​បោក ប៉ុន្តែ​វា​ធ្លាក់​នៅក្បែរ​ខ្លួន​ក៏​ផ្ទុះ​ទៅ​។ ​ក្មេងរងគ្រោះ​មាន​របួសធ្ងន់​ពេក​គាត់​ដាច់ខ្យល់​ស្លាប់​នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​ជាំក្សាន្ត​»​។

លោក​បន្តថា​ភូមិ​ដែល​កុមារ​រងគ្រោះ​ស្លាប់​នោះ​គឺជា​ភូមិ​ដែល​ទើប​បង្កើត​ថ្មី​ និង​ជា​តំបន់​ស្ថិតនៅតាម​បន្ទាត់​ព្រំដែន ហើយក៏​ប្រឈម​នឹង​បញ្ហា​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ខ្លាំង​ជាង​ភូមិសាស្ត្រ​ដទៃ​ដែរ នៅក្នុង​ស្រុក​ជាំក្សាន្ត​ទាំងមូល​។ ចំពោះ​ការផ្សព្វផ្សាយ​អប់រំ​ស្តីពី​បញ្ហា​គ្រោះថ្នាក់​ដោយ​គ្រាប់​អាវុធយុទ្ធភណ្ឌ​នេះ គឺ​ខាង​អាជ្ញាធរ​ស្រុក​សហការ​ជាមួយ​នគរបាល​តែងតែ​ឃោសនា​ជាប្រចាំ​ផងដែរ​។ ​ការងារ​ផ្សព្វផ្សាយ​នេះ​គឺ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ស្រុក​បានធ្វើ​ទៅតាម​ពិធីបុណ្យ​បែប​សាសនា តាម​វេទិកា​ភូមិ​ឃុំ​មាន​សុវត្ថិភាព ចុះ​តាម​សាលារៀន​នៅ​​ពេល​សិស្ស​គោរព​ទង់ជាតិ និង​តាម​ទិវា​អប់រំ​យល់ដឹង​ពី​មីន​ជាដើម​។

លោក ទន់ ទិន នាយ​នគរបាល​ប៉ុស្តិ៍​ជាំក្សាន្ត​បាន​រៀបរាប់​ប្រាប់​តាម​សម្ដី​សាច់ញាតិ​ក្មេងរងគ្រោះ​នៅ​ថ្ងៃទី​ ៣១ មីនា​ថា មុន​កើតហេតុ​វេលា​ម៉ោងជាង​ ២ ​រសៀល ថ្ងៃទី​ ៣០ មីនា ក្មេងរងគ្រោះ​ឈ្មោះ សុខ ដារ៉ា និង​ក្មេងប្រុស​ស្រី​ ៣ ​នាក់​ទៀត​ដែលជា​បងប្អូន​បង្កើតបាន​បបួលគ្នា​ទៅ​ងូត​ទឹកស្រះ​ក្នុងភូមិ​លេង​។ រីឯ​មនុស្សចាស់​ដែលជា​សាច់ញាតិ​ក្មេង​ទាំងនោះ​​ក៏​មិនបាន​ហាមប្រាម​អី​ដែរ ព្រោះថា​ស្រះ​ទឹក​នោះ​មាន​មនុស្ស​ចុះ​ងូត​រាល់ថ្ងៃ ហេតុ​ដូច្នោះ​ក៏​គ្មាន​នរណា​ចាប់អារម្មណ៍​ពី​បញ្ហា​គ្រោះថ្នាក់​នេះដែរ​។

លោក​បន្តថា បន្ទាប់ពី​ពួកក្មេងៗ​​នាំគ្នា​ងូតទឹក​បាន​មួយសន្ទុះ​ក្រោយមក ក៏​ឮស្នូរ​សំឡេង​ផ្ទុះ​ហើយ​អ្នកភូមិ​បាននាំគ្នា​រត់​សំដៅទៅ​កន្លែង​ផ្ទុះ​នោះ​ក៏​ឃើញ​ក្មេងរងគ្រោះ​ សុខ ដារ៉ា ដេក​ស្តូកស្តឹង​នៅលើ​ដី ខណៈ​ក្មេងប្រុស​ស្រី​ ៣ ​នាក់​ទៀត រត់​សំដៅ​មក​ភូមិ​។

នៅពេល​នោះ សាច់ញាតិ​ក្មេងរងគ្រោះ​បាន​ដឹក​ទៅ​មន្ទីរពេទ្យបង្អែក​ស្រុក​ជាំក្សាន្ត តែដោយសារ​របួសធ្ងន់​ពេក​ក៏​ដាច់ខ្យល់​ស្លាប់ ក្រោយ​ដឹក​ដល់​មន្ទីរពេទ្យ​បន្តិច​តែម្ដង​។

លោក​ប្រាប់​តាម​សម្តី​ក្មេងៗ​ដែល​ទៅ​ងូតទឹក​ជាមួយ​ជនរងគ្រោះ​ថា​៖ «​វា​នាំគ្នា​ចុះ​ងូតទឹក​លេង​ហើយ​ក្មេងរងគ្រោះ​រើស​បាន​គ្រាប់​បេ​ ១ ​គ្រាប់​នៅក្នុង​​ទឹក​រាក់​។ ​ពេលនោះ​វា​កាន់​គ្រាប់​លេង រីឯ​ក្មេង​ ៣ ​នាក់​ទៀត​រត់​ចេញពី​ក្មេងរងគ្រោះ ស្រាប់តែ​ឃើញ​ក្មេង​ឈ្មោះ សុខ ដារ៉ា បោះ​គ្រាប់​ទៅលើ​ដី​ក៏ផ្ទុះ​តែម្តង​»​។

លោក សំ សាមឿន ស្នងការរង​ទទួល​ផែន​ការងារ​នគរបាល​គ្រប់គ្រង​អាវុធ​ជាតិ​ផ្ទះ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះវិហារ​បានឱ្យដឹង​នៅ​ថ្ងៃទី ​៣១ មីនា​ថា នៅក្នុង​ភូមិសាស្ត្រ​ខេត្តព្រះវិហារ​នេះ តំបន់​ដែល​សម្បូរ​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ច្រើន​គឺ​តាម​ព្រំដែន​កម្ពុជា​-​ថៃ​។ តំបន់​នោះបាន​បន្សល់ទុក​នូវ​គ្រាប់មីន​ជាច្រើន​ដែល​បាន​ដាក់​កាលពី​សម័យ​សង្គ្រាម​ប្រទាញប្រទង់​គ្នា​រវាង​កងកម្លាំង​ទាហាន​រដ្ឋាភិបាល​កម្ពុជា​ជាមួយ​ក្រុម​ខ្មែរក្រហម​។

លោក​បន្តថា ចំពោះ​នៅតាម​តំបន់​មួយចំនួន​ទៀត ត្រូវបាន​ខាង​ស៊ីម៉ាក់​បោសសម្អាត​បាន​ផ្ទៃដី​ច្រើន​ហើយ​ ដើម្បី​ទុក​ជូន​ប្រជាកសិករ​ធ្វើស្រែ​ចម្ការ​។

ម្យ៉ាងទៀត​កម្លាំង​ស៊ីម៉ាក់​បាន​ដោះមីន​នៅ​កន្លែង​ណា​ដែល​ប្រជាពលរដ្ឋ​បង្ក​បង្កើន​ផល​ស្រូវ​ដា​ណាំ​ផ្សេង​។

លោក​ថ្លែងថា​៖ «​នៅតាម​ជាយដែន​ដែល​នៅសល់​គ្រាប់មីន​មិនទាន់​ដោះ​នោះ ដោយសារ​ជា​កន្លែង​មានព្រៃ​ក្រាស់​ជា​ភូមិសាស្ត្រ​ស្មុគស្មាញ​។ ​យើង​តែង​​តែ​ធ្វើការ​ផ្សព្វផ្សាយ​ពី​គ្រោះថ្នាក់​ដោយ​គ្រាប់មីន​តាមរយៈ​គោលនយោបាយ​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព​»៕