មេបញ្ជាការ​កងទ័ពជើងគោក កម្ពុជា-​ចិន បាន​ចុះហត្ថលេខា​រួមគ្នា​តាម​ប្រព័ន្ធ​អនឡាញ​លើ​អនុស្សរណៈ​នៃ​ការយោគយល់​ស្តីពី​កិច្ចសហប្រតិបត្តិការ​រវាង​កងទ័ពជើងគោក​នៃ​ប្រទេស​ទាំង ​២ កាលពី​ថ្ងៃទី​ ៣១ ខែមីនា ឆ្នាំ ​២០២២ នៅ​បញ្ជាការដ្ឋាន​កងទ័ពជើងគោក​នៃ​កងយោធពល​ខេមរភូមិន្ទ​។

នាយកដ្ឋាន​ព័ត៌មាន ក្រសួង​ការពារជាតិ​បាន​ឱ្យដឹង​នៅ​ថ្ងៃទី​ ០១ ខែមេសា នេះ​ថា លោក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង​នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក បាន​ជួបពិភាក្សា​ទ្វេភាគី​តាម​ប្រព័ន្ធ​អន​ឡាញ​ជាមួយនឹង​លោក លីវ ចេន លី (Liu Zhen Li) មេបញ្ជាការ​កងទ័ពជើងគោក​នៃ​កងទ័ព​រំដោះប្រជាជន​ចិន​។

ក្នុងជំនួប​នេះ ភាគី​ទាំង​ ២​ បាន​សម្តែង​នូវ​មោទនភាព​ចំពោះ​ទំនាក់ទំនង​មិត្តភាព​ប្រកប​ដោយ​ការជឿទុកចិត្ត និង​ការគោរព​គ្នា​ទៅវិញ​ទៅមក​រួមជាមួយ​នឹង​កិច្ចសហប្រតិបត្តិការ​ជិតស្និទ្ធ​លើ​គ្រប់​វិស័យ​រវាង​ប្រទេស និង​ប្រជាជន​ទាំង​ ២ កម្ពុជា​-​ចិន​។

ទំនាក់​ទំនង​នង​នេះ​បាន​នាំមក​នូវ​ផលប្រយោជន៍​ទៅវិញ​ទៅមក ការអភិវឌ្ឍ​រីកចម្រើន​រួមគ្នា និង​ការ​រួមសុខ​រួមទុក្ខ​លើ​មូលដ្ឋាន​នៃ​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ មិត្តភាព​ដែកថែប និង​ការកសាង​សហគមន៍​វាសនា​រួម​កម្ពុជា​-​ចិន ដូចដែល​ស្តែងឡើង​តាមរយៈ កិច្ចខិតខំ​ប្រឹងប្រែង​ជួយ​គ្នា និង​ឧបត្ថម្ភ​គាំទ្រ​គ្នា​ទៅវិញ​ទៅមក ក្នុង​កាលៈទេសៈ​នៃ​ការរាតត្បាត​សកល​នៃ​ជំងឺ​កូវីដ​ ១៩ កន្លង​មកនេះ​។

ក្រសួង​ការពារជាតិ នៅក្នុង​ឱកាស​នោះ​ផងដែរ ភាគី​ទាំង ​២ ​ក៏បាន​ផ្លាស់ប្តូរ​ទស្សនៈ​គ្នា​ទៅវិញ​ទៅមក​លើ​បញ្ហា​សន្តិសុខ​សកល និង​តំបន់​ដែល​កំពុង​កើតមានឡើង និង​បានបង្ហាញ​ឆន្ទៈ​ក្នុង​ការគាំទ្រ ជំរុញ និង​លើកកម្ពស់​ដល់​កិច្ចសហប្រតិបត្តិការ​រវាង​កងទ័ពជើងគោក​នៃ​ប្រទេស​ទាំង​ ២ ដើម្បី​បន្ត​ចូលរួមចំណែក​ថែរក្សា​សន្តិភាព សន្តិសុខ ស្ថិរភាព និង​វិបុលភាព​សម្រាប់​ទាំងអស់គ្នា​។

នៅក្រោយ​ជំនួប​ពិភាក្សា​ទ្វេភាគី​នេះ​មេបញ្ជាការ​កងទ័ពជើងគោក កម្ពុជា​-​ចិន បានសម្រេច​ចុះហត្ថលេខា​រួមគ្នា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​ស្តីពី​កិច្ចសហប្រតិបត្តិការ​រវាង​កងទ័ពជើងគោក​នៃ​កងយោធពល​ខេមរភូមិន្ទ និង​កងទ័ពជើងគោក​នៃ​កងទ័ព​រំដោះប្រជាជន​ចិន​។

ការចុះហត្ថលេខា​នេះ​ក្នុង​គោលបំណង​ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ និង​ទំនាក់ទំនង​ជិតស្និទ្ធ​យូរអង្វែង​រវាង​កងទ័ព​ជើងគោក​ទាំង​ ២ ​ដោយ​ឈរលើ​មូលដ្ឋាន​សមភាព និង​ផលប្រយោជន៍​ទៅវិញទៅមក​។

ក្រសួង​ការពារជាតិ​បាន​បញ្ជាក់ថា៖ «​ឯកសារ​នេះ​គឺជា​មូលដ្ឋាន​មួយ​ដ៏សំខាន់​នៅក្នុង​ការត្រួសត្រាយ​ផ្លូវ​ ដើម្បី​ឈានទៅ​លើកកម្ពស់​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​សំខាន់ៗ​ឱ្យមាន​កម្រិត​កាន់តែ​ខ្ពស់​ឡើង​បន្ថែមទៀត ហើយ​ព្រឹត្តិការណ៍​នេះ អាច​ចាត់ទុកថា​ជា​ការបើក​ទំព័រ​ប្រវត្តិសាស្ត្រ​ថ្មី​មួយទៀត​នៃ​កិច្ចទំនាក់ទំនង​រវាង​កងទ័ព​ជើងគោក​ទាំង​ ២ ​ផងដែរ​»៕