​សេចក្តីព្រាងច្បាប់​ស្តីពី ការការពារ​រុក្ខជាតិ និង​ភូតគាម​អនាម័យ ត្រូវបាន​រដ្ឋសភាជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​សម្រេច​អនុម័ត​យល់ព្រម​លើ​សេចក្តីព្រាងច្បាប់​ទាំងមូល ដែលមាន​ចំនួន​៩២​សំឡេង​នៃ​ចំនួន​សមាជិក​រដ្ឋសភា​ទាំងមូល​។​

​នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន របស់​អគ្គលេខាធិការ​ដ្ឋា​ន​នៃ​រដ្ឋសភាជាតិ ពី​លទ្ធផល​សម័យប្រជុំ​រដ្ឋ​សភា​លើក​ទី​៧ នីតិកាល​ទី​៦ នា​ព្រឹក​ថ្ងៃទី​០១ ខែមេសា ឆ្នាំ​២០២២​នេះ​។​

​សេចក្តីព្រាងច្បាប់​ស្តីពី ការការពារ​រុក្ខជាតិ និង​ភូតគាម​អនាម័យ មាន ១៥​ជំពូក និង​១១៣​មាត្រា​។ នា​សម័យប្រជុំ​នេះ លោក ឡូយ សុផាត ប្រធាន​គណៈកម្មការ​ផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និង​ធនធានទឹក នៃ​រដ្ឋសភា បានធ្វើការ​រាយការណ៍​ជូន​អង្គសភា​អំពី លទ្ធផល​នៃ​ការ ពិនិត្យ​សិក្សា​សេចក្តីព្រាងច្បាប់​។​

​ជាមួយគ្នា​នោះ​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​សហការី ជា​តំណាង​រាជរដ្ឋាភិបាល បាន​ការពារ​សេចក្តីព្រាង​ច្បាប់​នេះ ហើយ​អង្គសភា ក៏បាន​អនុម័ត​យល់ព្រម​លើ​សេចក្តីព្រាងច្បាប់​ទាំងមូល​នេះ​ផងដែរ​។​

​សម័យប្រជុំ​រដ្ឋសភា​លើក​ទី​៧ នីតិកាល​ទី​៦ បាន​ផ្អាក​នៅវេលា​ម៉ោង ១២:៥៥​នាទី ថ្ងៃខែ​ឆ្នាំ ដដែល​ផងដែរ​។​

​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ កាលពី​ថ្ងៃទី​២៥ ខែមីនា កន្លងទៅនេះ បាន​លើកឡើងថា ដោយ​យល់ច្បាស់​ពី​សេចក្តីត្រូវការ​ចាំបាច់​អំពី​ឯកសារ​គតិយុត្ត​របស់​កម្ពុជា រាជរដ្ឋាភិបាល​ដែលមាន​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ជា​សេនាធិការ ចាំបាច់​និង​ជាបន្ទាន់​ត្រូវបង្កើត​ច្បាប់​ស្តីពី «​ការការពារ​រុក្ខជាតិ និង​ភូតគាម​អនាម័យ​» នេះ​ឡើង​។

​គួរ​បញ្ជាក់ថា សេចក្តីព្រាងច្បាប់​ស្តីពី ការការពារ​រុក្ខជាតិ និង​ភូតគាម​អនាម័យ ត្រូវបាន​គណៈរដ្ឋមន្ត្រី​អនុម័ត កាលពីដើម​ខែកុម្ភៈ ឆ្នាំ​២០២២ ហើយ​សេចក្តីព្រាងច្បាប់​ស្តី​នេះ គឺជា​សមិទ្ធផល​ថ្មី​មួយទៀត ក្នុងការ​អភិវឌ្ឍ​បទដ្ឋាន​គតិយុត្ត​របស់​វិស័យ​កសិកម្ម ក្នុង​ក្របខ័ណ្ឌ​បង្កើន​ផលិតភាព ពិពិធ​កម្ម​កសិកម្ម និង​ក​សិ​-​ធុរកិច្ច​៕