​រដ្ឋមន្ត្រីក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ លោក អ៊ិ​ត សំហេង បាន​លើកឡើងថា ពេញ​មួយ​សប្តាហ៍​របស់​ប្រតិភូ​បេសកកម្ម​ដោយផ្ទាល់​របស់​អង្គការ​អន្តរជាតិ​ខាង​ការងារ (ILO) នឹង​ពិនិត្យឃើញ​យ៉ាងច្បាស់​ពី​ការវិវត្ត​វិស័យ​ទំនាក់ទំនង​វិជ្ជាជីវៈ​នៅ​កម្ពុជា​។​

​លោក​បាន​ថ្លែង​ដូចនេះ នា​ថ្ងៃទី​០១ ខែមេសា ឆ្នាំ​២០២២ នៅក្នុង​កិច្ចប្រជុំ​ត្រីភាគី ដែលមាន​ការចូលរួម​ពី​តំណាង​ក្រសួង ស្ថាប័ន ពាក់ព័ន្ធ តំណាង​សហជីព និង​តំណាង​និយោជក ជាមួយ​ប្រតិភូ​បេសកកម្ម​ដោយផ្ទាល់​នា​ទីស្តីការក្រសួង​។​

​គណៈប្រតិភូ​បេសកកម្ម​ផ្ទាល់​របស់​អង្គការ​អន្តរជាតិ​ខាង​ការងារ បាន​សម្ដែង​នូវ​អំណរគុណ ចំពោះ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ដែល​ផ្តល់​កិច្ចសហការ​យ៉ាង​ពេញលេញ ក្នុងការ​បំពេញបេសកកម្ម​នៅ​កម្ពុជា​ដំណើរ​ទៅដោយ​រលូន ហើយ​បានសម្រេច​ទៅតាម​គោលបំណង​នៃ​បេសកកម្ម​របស់ខ្លួន​។

​លោក អ៊ិ​ត សំហេង លើកឡើង​ដោយ​លោក​ជឿជាក់ថា តាមរយៈ​កិច្ចប្រជុំ​ដ៏​មមាញឹក​ពេញ​មួយ​សប្តាហ៍​ជាមួយ​ភាគី និង​ស្ថាប័ន​ពាក់ព័ន្ធ​កន្លងទៅ បេសកកម្ម​បាន​ពិនិត្យឃើញ​យ៉ាងច្បាស់​អំពី​ស្ថានភាព​ពិត​នៃ​ការវិវត្ត​វិស័យ​ទំនាក់ទំនង​វិជ្ជាជីវៈ​នៅ​កម្ពុជា​។​

​លោក អ៊ិ​ត សំហេង បានឱ្យដឹងថា៖ «​ដោយសារតែ​កម្ពុជា​បាន​អនុវត្តបាន​យ៉ាង​ល្អ​នូវ នយោបាយ​ពាណិជ្ជកម្ម​អន្តរជាតិ​ផ្សារភ្ជាប់​នឹង​បទដ្ឋាន​ការងារ​អន្តរជាតិ និង​កិច្ចសហប្រតិបត្តិកា​រយ៉ា​ង​ល្អ​ជាមួយ​អង្គការ​អន្តរជាតិ​ខាង​ការងារ ដែល​ធានាបាន​នូវ​លក្ខខណ្ឌ​ការងារ​ល្អប្រសើរ ធានា​នូវ​ការការពារ​សិទ្ធិ​ការងារ សិទ្ធិសេរីភាព​អង្គការ​វិជ្ជាជីវៈ បានជា​វិស័យ​កាត់ដេរ ផលិត​ស្បែកជើង និង​កាបូប បាន​រីកចម្រើន​យ៉ាងខ្លាំង​»​។​

​លោក​ថា វិស័យនេះ​បាន​ដើរតួ​ជា​ជ​ន្ទ​ល់​សេដ្ឋកិច្ច​យ៉ាងសំខាន់ ក្នុងការ​ចូលរួមចំណែក​អភិវឌ្ឍ​សេដ្ឋកិច្ច សង្គម​កម្ពុជា ចាប់តាំងពី​ទសវត្សរ៍​ឆ្នាំ​១៩៩០​។ ជាក់ស្តែង វិស័យនេះ​បានចាប់ផ្តើម​ជាមួយនឹង​រោងចក្រ​ចំនួន ៦៤ ដែលមាន​កម្មករនិយោជិត​ចំនួន​ប្រមាណ ៨​ ម៉ឺន​នាក់​នៅក្នុង​ឆ្នាំ​ ១៩៩៧ ប៉ុន្តែ​បច្ចុប្បន្ន​បាន​កើនឡើង​ជាង​១២០០​រោងចក្រ ដែលមាន​កម្មករនិយោជិត​ប្រមាណ​៨០​ម៉ឺន​នាក់​។ តម្លៃ​នៃ​ការនាំចេញ​នៅក្នុង​វិស័យនេះ​បាន​កើនឡើង​ពី ២២៧ លាន​ដុល្លារ​អាមេរិក ដល់ ៩ ៧៦៨ លាន​ដុល្លារ​អាមេរិក ក្នុង​រយៈពេល​ដូចគ្នា​។

​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​លើកឡើងថា គិត​ត្រឹម​ខែមករា ឆ្នាំ​ ២០២២ ​នេះ មាន​អង្គការ​វិជ្ជាជីវៈ​បាន​ចុះបញ្ជី​ចំនួន ៥ ៧៧៣ ក្នុងនោះ​មាន​សហជីព​មូលដ្ឋានចំនួន ៥ ៤៦៤, សហព័ន្ធ​សហជីព​ចំនួន ២៥៧, សហភាព​សហជីព​ចំនួន ៤០, និង​សមាគម​និយោជក​ចំនួន ១២​។ ដោយឡែក​នៅក្នុង​ឆ្នាំ​ ២០២១ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ចុះ​បញ្ជិកា​សហជីព​ថ្មី​ចំនួន ២៦២​។​

​ជាមួយគ្នានេះដែរ លោក អ៊ិ​ត សំហេង បានបញ្ជាក់​បន្ថែមថា ការអនុវត្ត​សេរីភាព​សមាគម​នៅ​កម្ពុជា​អាចធ្វើ​ឡើង​បាន​តាមរយៈ​ច្បាប់​ស្តីពី​សហជីព និង​ច្បាប់​ផ្សេងទៀត​ដែលមាន​ដូចជា ច្បាប់​ស្តីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល (LANGO)​។

​លោក​ថា ប្រទេស​កម្ពុជា​ មិន​ត្រឹម​តែមាន​ប្រព័ន្ធ​ច្បាប់​ដែល​ធានា​យ៉ាង​ទូលំទូលាយ​នូវ​ការអនុវត្ត​សេរីភាព​ក្នុងការ​បង្កើត​សមាគម​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ផ្តល់នូវ​ជម្រើស​ជាក់ស្តែង​សម្រាប់​ការអនុវត្ត​សេរីភាព​នៃ​សមាគម​ផងដែរ​។

​ប្រទេស​កម្ពុជា​មិន​ហាមឃាត់ ឬ​រឹតត្បិត​សេរីភាព​របស់​ជនណាម្នាក់​ក្នុងការ​ចូលរួម​សហជីព​ណាមួយ ដោយ​ផ្អែកលើ​ឆន្ទៈ​របស់​ពួកគេ​ឡើយ​។ សេរី​ភាពជា​មូលដ្ឋាន ក៏ដូចជា​សេរីភាព​ក្នុងការ​ចូលរួម ឬ​បង្កើត​សហជីព​ដែលមាន​ចែង​ក្នុង​ក្របខ័ណ្ឌ​ច្បាប់​អន្តរជាតិ ត្រូវបាន​ទទួលស្គាល់ និង​ធានា​ក្រោម​ច្បាប់​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​៕​