សហភាព​សហព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា (​ស.ស.ស.ក) បាន​លើកឡើងថា គណៈកម្មាធិការ​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ​ធ្វើការ​វាយតម្លៃ​ដោយ​លម្អៀង​អំពី​ស្ថានភាព​សិទ្ធិ​នៃ​ការបញ្ចេញមតិ និង​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា ដោយ​បាន​វាយតម្លៃ​ដោយ​លម្អៀង ខ្វះ​ភ័ស្តុតាង​ច្បាស់លាស់ គ្មាន​ការពិត​ពេញលេញ​ក្នុង​គោលបំណង​ហាក់​ចង់​ផាត់​ពណ៌​កម្ពុជា​ឱ្យ​អាក្រក់​។

ស.ស.ស.ក បានចេញ​សេចក្តី​ថ្លែងការណ៍ ដោយ​បង្ហាញ​ពី​ការសោកស្ដាយ​ចំពោះ​ការវាយតម្លៃ​ដែលមាន​លក្ខណៈ​មិន​ពេញលេញ សម្រាប់​របាយការណ៍​អំពី​ស្ថានភាព​កម្ពុជា​របស់​គណៈកម្មាធិ​ការ​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ​ប្រចាំ​កម្ពុជា ដែល​បានចេញ​ផ្សាយ​នៅ​ថ្ងៃទី​ ៣០ ខែមីនា ឆ្នាំ​ ២០២២ ហើយ​របាយការណ៍​នេះ​ក៏ត្រូវ​បាន​ផ្សាយ​បន្ទរ​ដោយ អ្នករាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ស្តីពី​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ផងដែរ​។

ស.ស.ស.ក បាន​លើកឡើងថា៖ «​យើង​បាន​រកឃើញថា របាយការណ៍​នេះ​វាយតម្លៃ​ដោយ​លម្អៀង ដោយ​ខ្វះ​ភ័ស្តុតាង​ច្បាស់លាស់ គ្មាន​ការពិត​ពេញលេញ និង​បាន​ទាត់ចោល​នូវ​អ្វី​ដែលជា​តម្រូវការ​ក្នុង​បរិបទ​ជាក់ស្តែង​របស់​សង្គម​កម្ពុជា ព្រមទាំង​ព្យាយាម​បន្ទោស​ទៅ​ភាគី​ផ្សេង​ភ្ជាប់​ទៅ​លម្ហ​នយោបាយ និង​ការបោះឆ្នោត​នាពេល​ខាងមុខ ក្នុង​គោលបំណង​ហាក់​ចង់​ផាត់​ពណ៌​កម្ពុជា​ឱ្យ​អាក្រក់​»​។

សេរីភាព​សារព័ត៌​មាននៅ​កម្ពុជា​មាន​លក្ខណៈ​កាន់តែ​ល្អប្រសើរ​ឡើង​នៅក្នុង​ដំណាក់កាល​នៃ​ប្រទេសជាតិ​មាន​សន្តិភាព ពោលគឺ​ល្អ​ជាង​នៅក្នុង​កាលៈទេសៈ​ដែល​កម្ពុជា​មាន​ជម្លោះ​ប្រដាប់អាវុធ​ដ៏រ៉ាំរ៉ៃ​អូសបន្លាយ​។ កម្ពុជា​បានក្លាយ​ជា​ប្រទេសមួយ​ក្នុង​ចំណោម​ប្រទេស​បើកចំហ​បំផុត​នៅលើ​ពិភពលោក ដែល​បើក​ឱ្យមាន​សេរីភាព​សារព័ត៌មាន និង​សិទ្ធិ​ក្នុងការ​បញ្ចេញមតិ​។

ស.ស.ស.ក បាន​បញ្ជាក់ថា៖ «​បច្ចុប្បន្ននេះ ប្រជាជន​កម្ពុជា​ទទួល​បាន​ព័ត៌មាន​ប្រចាំថ្ងៃ​តាមរយៈ​អ៊ីនធឺណិត និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ហើយ​ពួកគេ​អាច​សិក្សា​ស្វែងយល់ និង​អាច​ចែករំលែក​នូវ​ព័ត៌មាន​សំខាន់ៗ សម្រាប់​ការរីកចម្រើន​លូតលាស់​ផ្នែក​ប្រាជ្ញា​ស្មារតី ការងារ អាជីវកម្ម និង​អាចធ្វើ​ការវាយតម្លៃ​ពី​វឌ្ឍនភាព​សង្គម ហើយ​ធ្វើការ​សម្រេចចិត្ត​ដោយ​សេរី និង​ដោយ​ឯករាជ្យ​»​។

សេចក្តី​ថ្លែងការណ៍​ដដែល​នេះ​បានលើកឡើង​ផងដែរ​ថា ស.ស.ស.ក សង្កេតឃើញថា ចំណុច​ដែល​របាយការណ៍​លើកឡើងថា មាន​ករណី​ការគំរាមកំហែង ការបំភិតបំភ័យ និង​ការ​រឹតត្បិត ឬ​ការចាប់ខ្លួន​តាម​អំពើ​ចិត្ត នៅក្នុង​រយៈពេល​នៃ​ការធ្វើ​របាយ​រាយការណ៍ ការពិត​ករណីនេះ​គឺមាន​តិចតួច​បំផុត​។

ស.ស.ស.ក ថា ៖ «​យើង​ត្រូវ​ទទួលស្គាល់ថា ឧប្បត្តិហេតុ​មួយចំនួន​ដែល​ប្រព្រឹត្ត​ដោយ​អ្នកសារព័ត៌មាន គឺជា​បទល្មើស​ដែល​ធ្ងន់ធ្ងរ​ហួស​ពី​ក្របខ័ណ្ឌ​សារព័ត៌មាន​ឬ​ជាការ​បញ្ចេញមតិ ហើយ​សំណុំរឿង​កំពុងស្ថិត​នៅក្រោម​យុត្តាធិការ តុលាការ ដែល​ចាំបាច់​ត្រូវ​ដោះស្រាយ​តាមផ្លូវ​ច្បាប់​ដោយ​ផ្អែកលើ​លក្ខណៈ​នៃ​ឧប្បត្តិហេតុ​ជាក់ស្តែង​»​។

នៅ​កម្ពុជា អត្រា​ចុះបញ្ជី​បើក​អង្គភាព​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​រហូត​ជិត​ ២ ០០០​ អង្គភាព គឺមាន​កម្រិត​ខ្ពស់ បើ​ប្រៀបធៀប​បណ្តា​ប្រទេស​ក្នុង​អាស៊ាន ដែល​ក្នុងនោះ​រួមមាន​អង្គភាព វិទ្យុ កាសែត ទស្សនាវដ្ដី ទូរទស្សន៍ អនឡាញ និង​ទូរទស្សន៍​ខ្សែកាប​ជាដើម​៕

វីដេអូ៖