ក្នុងអំឡុង​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ ឆ្នាំ​ ២០២២ ដែល​នឹង​ប្រព្រឹត្តទៅ​រយៈពេល​ ៣​ ថ្ងៃ​ចាប់ពី​ថ្ងៃទី​ ១៤-១៦ ខែមេសា​នេះ ក្រសួង​សុខាភិបាល​បានធ្វើការ​អំពាវនាវ​ដោយ​ទទូច​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវ​បន្ត​បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់ ដោយ​អនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន​នូវ​វិធានការ​សុខាភិបាល ៣ ​ការពារ និង​ ៣ ​កុំ​។

លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល នៅ​ថ្ងៃទី ​០១ ខែមេសា នេះ​បានចេញ​សេចក្តី​ណែនាំ​ពី​ការការពារ​សុខភាព រួមទាំង​ការការពារ​ការចម្លង​វីរុស​កូវីដ​ ១៩ ក្នុងអំឡុង​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ ឆ្នាំ​ ២០២២ បន្ទាប់ពី​ប្រមុខ​រាជរដ្ឋាភិបាល​បានប្រកាស​អនុញ្ញាត​ឱ្យ​ប្រារព្ធ​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ​ក្នុងឆ្នាំនេះ​ជាធម្មតា បន្ទាប់ពី​មាន​ការខកខាន​អស់​រយៈពេល ២ ​ឆ្នាំ​កន្លងមកហើយ​។

លោក ម៉ម ប៊ុនហេង ថា៖ «​សូម​បុគ្គល​គ្រប់រូប ក្រុមគ្រួសារ និង​អ្នកគ្រប់គ្រង ព្រមទាំង​ម្ចាស់​ទីតាំង​ទាំងអស់ បន្ត​អនុវត្ត​ការការពារ​ការចម្លង​ជំងឺ ដោយ​លើកទឹកចិត្ត​អនុវត្ត​ការធ្វើ​តេស្ត​រហ័ស​ក្នុងករណី​សង្ស័យ​វិជ្ជមាន​កូវីដ​ ១៩ និង​ត្រូវអនុវត្ត​ធ្វើតេស្ត​រហ័ស​ដោយ​ខ្លួនឯង​ក្នុង​ករណី​ដែលមាន​រោគសញ្ញា​ណាមួយ​ដែល​សង្ស័យ​ ដើម្បី​ចៀសវាង​ការចម្លង​ទៅកាន់​បុគ្គល​ដទៃទៀត ដែល​អាច​បង្កឱ្យមាន​ការចម្លង​ទ្រង់ទ្រាយ​ធំ​នៅក្នុង​សហគមន៍​»​។

លោក ម៉ម ប៊ុនហេង ក៏បាន​ណែនាំ​ឱ្យ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ មន្ទីរ​សុខាភិបាល​រាជធានី​-​ខេត្ត និង​អាជ្ញាធរ​មូលដ្ឋាន​រៀបចំ​ទីតាំង​ផ្តល់​សេវា​ធ្វើតេស្ត​រហ័ស​រក​វីរុស​កូវីដ​ ១៩ ដល់​ប្រជាពលរដ្ឋ​ដែល​មិនមាន​លទ្ធភាព​ក្នុងការ​ធ្វើតេស្ត​ដោយ​ខ្លួនឯង​ផងដែរ​។

គួរបញ្ជាក់​ផងដែរ​ថា វិធានការ​ ៣ ​ការពារ​រួមមាន ពាក់​ម៉ាស់​, លាងដៃ​ឱ្យ​ញឹកញាប់​ជាមួយ​សាប៊ូ​ក្នុង​រយៈពេល ៤០ វិនាទី ឬ​ជាមួយ​អាល់កុល​ដែល​ក្នុង​រយៈពេល ២០ ​វិនាទី និង​រក្សា​គម្លាត​សុវត្ថិភាព​បុគ្គល​ពីមួយ​ម៉ែត្រ​កន្លះ​ឡើង​។

ចំណែក វិធានការ​ ៣​ កុំ​គឺ កុំទៅ​កន្លែង​មាន​មនុស្ស​ច្រើន​, កុំទៅ​កន្លែង​បិទ​ជិត​គ្មាន​ខ្យល់​ចេញចូល និង​ប្រើ​ម៉ាស៊ីនត្រជាក់​ច្រើន និង​កុំ​ប៉ះពាល់​គ្នា កុំ​ចាប់ដៃគ្នា កុំ​កៀក​ស្មា​គ្នា ពេល​ជួប​ភ្ញៀវ សូម្បីតែ​សមាជិក​គ្រួសារ សាច់ញាតិ ដែល​មានការ​ស្នាក់​នៅក្នុង​គេហដ្ឋាន​ផ្សេង​ពី​លោកអ្នក ឬ​មិត្តភក្តិ​ជិតស្និទ្ធ ជាដើម​។

ទន្ទឹមនឹង​នេះដែរ រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​ក៏បាន​ណែនាំ​ពី​ការអនុវត្ត​វិធានការ​សុខាភិបាល​នៅតាម​ទីវត្ត​អារ៉ាម​ផងដែរ​ដោយ​ត្រូវ​ពាក់​ម៉ាស់ រក្សា​អនាម័យ​ដៃ និង​រក្សា​គម្លាត​សុវត្ថិភាព​បុគ្គល​, ការជួបជុំ​គ្រួសារ​ឬ​ដំណើរ​កម្សាន្ត​ដោយ​ត្រូវ​ជ្រើសរើស​ការធ្វើដំណើរ​ដាច់​ដោយឡែក ជា​លក្ខណៈ​គ្រួសារ​តូចៗ​ដែល​មិនមាន​ការជួបជុំ​គ្នាច្រើន​៕

វីដេអូ៖