ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បាន​ណែនាំ​ដល់​ក្រសួង​ស្ថាប័ន កងកម្លាំង​មាន​សមត្ថកិច្ច​គ្រប់ផ្នែក​ពាក់ព័ន្ធ និង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ត្រូវខិតខំ​ធានា​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ​ឱ្យបាន​ល្អប្រសើរ​ជូន​ប្រជាពលរដ្ឋ​ក្នុងឱកាស​នៃ​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ​ខាងមុខនេះ​។​

​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើង​ដូចនេះ​ក្នុងសម័យ​ប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី​នា​ព្រឹក​ថ្ងៃទី​០១ ខែមេសា ឆ្នាំ​២០២២ បន្ទាប់ពី​សម្រេច​អនុម័ត​នូវ​សេចក្តីព្រាងច្បាប់​ចំនួន​២​គឺ សេចក្តីព្រាងច្បាប់​ស្តីពី​វិសោធនកម្ម​មាត្រា​១៤០ នៃ​ច្បាប់​ស្តីពី​ការគ្រប់គ្រង​រដ្ឋបាល​រាជធានី ខេត្ត​ក្រុង ស្រុក​ខណ្ឌ និង​សេចក្តីព្រាងច្បាប់​ស្តីពី​សុវត្ថិភាព​ម្ហូបអាហារ​។​

​លោក ហ៊ុន សែន បាន​លើកឡើងថា ៖ «​អាជ្ញាធរ​ត្រូវ​បន្ត​ជំរុញ​ការផ្សព្វផ្សាយ​សេចក្តីណែនាំ​របស់​ក្រសួងសុខាភិបាល ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ និង​រដ្ឋបាល​ដែនដី ស្តីពី​វិធានការ​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​១៩»​។​

​ទន្ទឹមនឹង​នេះដែរ រាជរដ្ឋាភិបាល​បាន​ណែនាំ​ដល់​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ សហការ​ជាមួយ​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ រៀបចំ​ធ្វើការ​ព​ន្លឿ​ន​ការលើក​កម្រិត​ប្រាក់​សោធន​និវត្តន៍​របស់​អតីតមន្ត្រី​រាជការ​និង​អតីតយុទ្ធជន​ចូលនិវត្តន៍ ដែល​ទទួលបាន​ប្រាក់​សោធន​និវត្តន៍​ទាប​ឱ្យបាន​កើន​ខ្ពស់ជាង​មុន ដើម្បី​បង្កើនល្បឿន​នៃ​ការ​ត្បិត​គម្លាត​ប្រាក់​សោធន​និវត្តន៍​រវាង​អ្នក​ចូលនិវត្តន៍​ចាស់​និង​អ្នក​ចូលនិវត្តន៍​ថ្មី​។

​លោក​ថា ជាមួយគ្នានេះ ប្រាក់​សោធន​និវត្តន៍​ត្រូវ​បើក​ជូន​អតីតមន្ត្រី​រាជការ​និង​អតីតយុទ្ធជន​ចូលនិវត្តន៍​ឱ្យបាន​ទៀងទាត់ ដើម្បី​ពួកគាត់​អាច​យក​ថវិកា​នេះ​ផ្គត់ផ្គង់​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ និង​ប្រើប្រាស់​តាម​តម្រូវការ​បាន​ទាន់ពេលវេលា​៕​