គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បានឱ្យដឹងថា គិត​ត្រឹម​ថ្ងៃទី​៣០ ខែមីនា ឆ្នាំ​២០២២ ការចាប់​ឆ្នោត​កំណត់​លំដាប់​លេខ​រៀង​បញ្ជី​បេក្ខជន​លើ​សន្លឹកឆ្នោត សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​សង្កាត់ អាណត្តិ​ទី​៥ ឆ្នាំ​២០២២ សម្រេចបាន​ចំនួន ១៦២២ ឃុំ សង្កាត់ នៃ​ចំនួន​ឃុំ សង្កាត់​សរុប ១៦៥២​។​

​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​ពី​លទ្ធផល​បណ្តោះអាសន្ន​នៃ​ការចាប់​ឆ្នោត​កំណត់​លំដាប់​លេខ​រៀង​លើ​សន្លឹកឆ្នោត សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី​៥ ឆ្នាំ​២០២២ បានឱ្យដឹងថា ក្នុងចំណោម​រាជធានី​-​ខេត្ត​ទាំង ២៥ មាន​ខេត្ត ចំនួន ១៩ បានបញ្ចប់​ទាំងស្រុង​នូវ​ការចាប់​ឆ្នោត កំណត់​លំដាប់​លេខ​រៀង​បញ្ជី​បេក្ខជន​លើ​សន្លឹកឆ្នោត​នៃ​ឃុំ សង្កាត់​នីមួយៗ​។​

​ខេត្ត​ដែល​បានបញ្ចប់​ការចាប់​ឆ្នោត​កំណត់​លំដាប់​លេខ​រៀង​ទាំងនោះ រួមមាន ខេត្តបាត់ដំបង កំពង់ចាម កំពង់ឆ្នាំង កំពង់ស្ពឺ កំពត កណ្តាល កោះកុង ក្រចេះ មណ្ឌលគិរី ព្រះវិហារ ព្រៃវែង សៀមរាប ព្រះសីហនុ ស្ទឹងត្រែង តាកែវ កែប ប៉ៃលិន ឧ​ត្ត​រ​មានជ័យ និង​ខេត្ត​ត្បូងឃ្មុំ​។​

​តាម​បទបញ្ជា និង​នីតិវិធី​សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី​៥ ឆ្នាំ​២០២២ បន្ទាប់ពី​បញ្ជី​បេក្ខជន​ដំបូង ក្លាយជា​បញ្ជី​បេក្ខជន​ផ្លូវការ​ហើយ គណៈកម្មការ​ឃុំ សង្កាត់​រៀបចំ​ការបោះឆ្នោត (​គឃ​.​សប​) ត្រូវធ្វើ​ការចាប់​ឆ្នោត ដើម្បី​កំណត់​លំដាប់​លេខ​រៀង​បញ្ជី​បេក្ខជន​លើ​សន្លឹកឆ្នោត ជា​សាធារណៈ​ដោយ​ព្រះសង្ឃ ឬ​ឥស្សរជន ចូលនិវត្តន៍ ឬ​ចាស់ព្រឹទ្ធាចារ្យ​ដែលមាន​ជំហរ​អព្យាក្រឹត និង​ដែល​អាច​ទទួលយកបាន​ពី​គ្រប់ គណបក្សនយោបាយ​។​

​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បាន​បន្ថែមថា ការចាប់​ឆ្នោត​កំណត់​លំដាប់​លេខ​រៀង​បញ្ជី​បេក្ខជន​លើ​សន្លឹកឆ្នោត គឺ​ដើម្បី​អាចឱ្យ គ​.​ជ​.​ប បោះពុម្ព​សន្លឹកឆ្នោត​សម្រាប់​ឃុំ សង្កាត់​នីមួយៗ ដោយ​ផ្អែក​តាម​ចំនួន​បញ្ជី​បេក្ខជន ផ្លូវការ​នៅក្នុង​ឃុំ សង្កាត់​នោះ និង​លទ្ធផល​នៃ​ការចាប់​ឆ្នោត​។​

​គួរ​បញ្ជាក់ថា ការទទួល​ពាក្យសុំ​ចុះបញ្ជី​បេក្ខជន​នៃ​គណបក្សនយោបាយ សម្រាប់​ឈរឈ្មោះ បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី​៥ ដែល​បាន​ប្រព្រឹត្តទៅ​រយៈពេល​៣​ថ្ងៃ​ចាប់ពី​ថ្ងៃទី​៤ ដល់​ថ្ងៃទី​៦ ខែមីនា ឆ្នាំ​២០២២ កន្លងទៅ មាន​គណបក្សនយោបាយ​ដាក់​ពាក្យសុំ​ចំនួន​១៧​គណបក្ស​៕