​កាកបាទក្រហមកម្ពុជា បាន​ឆ្លើយតប​ទៅនឹង​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយ​គ្រោះធម្មជាតិ ក្នុង​ខែមីនា ឆ្នាំ​២០២២​នេះ ជិត​១០០០ គ្រួសារ និង​នៅ​បន្តធ្វើ​ការជួយ​សង្គ្រោះ​ក្រុមគ្រួសារ​ដែល​នៅ​ជួប​ការលំបាក​និង​រងគ្រោះ​បន្តទៀត​។​

​យោងតាម​កាកបាទក្រហម​កម្ពុជា​បានឱ្យដឹងថា ក្នុង​ខែមីនា នេះ គ្រោះធម្មជាតិ​ខ្យល់​កន្ត្រាក់ បាន​បង្កឱ្យមាន​ការប៉ះពាល់​ដល់ផ្ទះ​របស់​ប្រជាពលរដ្ឋ​រហូតដល់ ចំនួន ១ ២៩៤ ខ្នង ដោយ​ក្នុងនោះ កាកបាទក្រហមកម្ពុជា​បាន​ជួយ​ជា​ស្បៀង​និង​ការ​ជួសជុលផ្ទះ​ឡើងវិញ​បាន​ចំនួន​៩៧៩ គ្រួសារ​ផងដែរ និង​កំពុង​ឆ្លើយតប​ជា​បន្តទៀត​ផងដែរ​។​

​កាកបាទក្រហមកម្ពុជា​បាន​លើកឡើងថា ៖ «​ទាំងអស់គ្នា​រួមជាមួយ​កាកបាទក្រហមកម្ពុជា ដោះស្រាយ​បញ្ហា​ប្រឈម​នានា និង​បន្ត​ពង្រឹង​ភាព​ធន់​សហគមន៍​»​។​

​ជាក់ស្តែង គ្រួសារ​ចំនួន ៦០​គ្រួសារ​ដែល​រងគ្រោះ​ដោយសារ​ខ្យល់​កន្ត្រាក់​បាក់​រលំ​ផ្ទះ ចំនួន ៦០​គ្រួសារ ក្នុងនោះ​រងគ្រោះ​ខូចខាត​ទាំងស្រុង ចំនួន ១០​គ្រួសារ ខូចខាត​មធ្យម ចំនួន ៤៩​គ្រួសារ និង​របួសស្រាល ១​នាក់ នៅ​ភូមិ​ចំនួន ៥ ក្នុង​ឃុំ​កន្សោម​អក ស្រុក​កំពង់ត្របែក ក្នុង​ខេត្តព្រៃវែង បានទទួល​អំណោយ​មនុស្សធម៌​ពី​លោក ជា សុ​មេធី អភិបាលខេត្ត និង​ជា​ប្រធាន​គណៈកម្មាធិការ​សាខា​ខេត្ត​ព្រែ​វែង កាលពី​ថ្ងៃទី​២៨ ខែមីនា កន្លងទៅនេះ​។​

​លោក​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវមាន​ការប្រុងប្រយ័ត្ន​ចំពោះ ផ្គរ រន្ទះ នៅពេល​មាន​ភ្លៀង​ត្រូវ​បិទ​ទូរទស្សន៍ បិទ​ទូរស័ព្ទ និង​ស្វែងរក​កន្លែង​ដែលមាន​សុវត្ថិភាព​៕