ភ្នំពេញៈ គណៈកម្មកា​រអន្តររដ្ឋាភិបាល​អាស៊ាន​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស (អាយឆា) បាន​បញ្ជប់​កិច្ច​ប្រជុំ​លើក​ទី ៣៤ ដោយ​រលូន​និង​ជោគជ័យ។ តំណាង​នៃ​ប្រទេស​អាស៊ាន​ទាំង​អស់​ប្រចាំ អាយឆា នឹង​រួមសហការ​គ្នា​ក្នុង​ការ​អនុវត្ត​នូវ​ផែនការ​សកម្មភាព​អាទិភាព​របស់​អាយឆា​ឆ្នាំ២០២២ ក្នុង​ទិសដៅ​នៃ​ការ​លើក​កម្ពស់​សិទ្ធិ​មនុស្ស​ក្នុង​តំបន់​អាស៊ាន។

យោង​តាម​លិខិត​ប្រកាស​ព័ត៌មាន​របស់ អាយឆា ដែល​ភ្នំពេញប៉ុស្តិ៍​ទទួល​បាន​នៅ​ថ្ងៃទី ២ ខែ​មេសា បាន​ឱ្យ​ដឹង​ថា គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា ក្នុង​នាម​ជា​ប្រធាន​គណៈកម្មការ​អន្តររដ្ឋាភិបាល​អាស៊ាន ទទួល​បន្ទុក​សិទ្ធិមនុស្ស (អាយឆា) ឆ្នាំ២០២២ បាន​រៀបចំ​កិច្ច​ប្រជុំលើក​ទី​៣៤ របស់​គណៈកម្មការ អន្តររដ្ឋាភិបាល​អាស៊ាន (អាយឆា) តាម​ប្រព័ន្ធ​វីដេអូ ដែល​មាន​រយៈពេល ២​ថ្ងៃ ចាប់​ពី​ថ្ងៃទី​ ៣០-៣១ ខែ​មីនា ឆ្នាំ​២០២២។

កិច្ច​ប្រជុំ​នេះ​ដឹក​នាំ​ដោយ លោក កែវ រ៉េមី រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា ជា​តំណាង​កម្ពុជាប្រចាំ​អាយឆា និង​ជា​ប្រធាន​អាយឆា ឆ្នាំ​២០២២ ដែល​មាន​ការ​ចូលរួម​ពី​តំណាង​ប្រទេស​សមាជិក​អាស៊ាន​ទាំងអស់ និង​លេខាធិការដ្ឋាន​អាស៊ាន​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស។

លិខិត​ដដែល​បាន​ឱ្យ​ដឹង​ថា កិច្ច​ប្រជុំ​លើក​ទី​៣៤ នេះ អាយឆា បាន​ពិនិត្យ​លើ​ការ​អនុម័ត​របាយការណ៍​សង្ខេប​ចំនួន ៥ អំពី​សកម្មភាព របស់​អាយឆា ក្នុង​ឆ្នាំ ២០២១ ការ​ជម្រាប​ជូន​ពី​វឌ្ឍនភាព​ថ្មីៗ​និង​គំនិត​ផ្តួចផ្តើម​ពាក់ព័ន្ធ​នឹង​សិទ្ធិ​មនុស្ស របស់​ប្រទេស​សមាជិក​អាស៊ាន​មួយ​ចំនួន។

ជាមួយគ្នានោះ ក៏​មាន​ការ​បន្ដ​ពិភាក្សា​លើ​ឯកសារ​ទស្សន​ទាន​ជាច្រើន​នៃ​កម្មវិធី​អាទិភាព របស់​អាយឆា​ដែល​គ្រោង​អនុវត្ត​ក្នុង​ឆ្នាំ ២០២២។ ការ​ពិភាក្សា​ពី​កម្មវិធី​អាទិភាព​របស់​អាយឆា សម្រាប់​អនុវត្ត​នៅ​ឆ្នាំ ២០២៣ ការ​រាយការណ៍​ពី​ការ​តាមដាន​និង​វាយ​តម្លៃ​លើ​ក្របខ័ណ្ឌ​ការងារនៃ​ផែនការ​៥ ឆ្នាំ​របស់​អាយឆា (២០២១-២០២៥) ព្រម​ទាំង​ការ​លើក​ឡើង​ពី​គម្រោង​រៀបចំ​ការ​ប្រារព្ធ​អបអរ​ខួប ១០​ឆ្នាំ នៃ​សេចក្តី​ប្រកាសសិទ្ធិ​មនុស្ស​អាស៊ាន និង​សេចក្តី​ថ្លែងការណ៍​ទីក្រុង​ភ្នំពេញ​ស្តីពី​ការ​អនុម័ត សេចក្តី​ប្រកាស​សិទ្ធិ​មនុស្ស​អាស៊ាន។

ក្នុង​លិខិត​សរសេរ​ថាៈ«ផែនការ​សកម្មភាព​អាទិភាព​របស់​អាយឆា ឆ្នាំ ២០២២ បាន​ផ្តោត​លើ សិទ្ធិកុមារ សិទ្ធិ​ជន​មាន​ពិការភាព ធុរកិច្ច​និងសិទ្ធិ​មនុស្ស ការ​បង្ការ​ទារុណកម្ម សេរីភាព​ជំនឿ សាសនា សេរីភាព​ក្នុង​ការ​បញ្ចេញមតិ សិទ្ធិ​ទទួល​បាន​ទឹក​ស្អាត​និង​អនាម័យ បម្រែ​បម្រួលអាកាសធាតុ ការ​ជួញដូរ​មនុស្ស សិទ្ធិ​ទទួល​បាន​សេវាសុខាភិបាល និង​សិទ្ធិ​ទទួល​បាន​សញ្ជាតិ»។

កិច្ចប្រជុំ​ក៏​បាន​ធ្វើ​បច្ចុប្បន្នភាព​លើ​កម្មវិធី និង សកម្មភាព​អាទិភាព​របស់ អាយឆា ឆ្នាំ ២០១៤-២០២១ ដែល​អាយឆា​បាន​អនុម័ត​រួច​ហើយ តែ​មិន​ទាន់​បាន​រៀប​​ចំ​ធ្វើ​ដោយសារ​តែ​បញ្ហា​ជំងឺ​កូវីដ១៩។ ទន្ទឹម​នឹងនេះ ក៏​មាន​ការ​ធ្វើ​បច្ចុប្បន្នភាព​ទៅ​លើ​សេច​ក្តីព្រាង​របាយការណ៍​ចំនួន ៥ ស្តីពីក​ម្មវិធី និង សកម្មភាព​ដែល​អាយឆា បាន​អនុវត្ត​នាពេលកន្លងមក ព្រម​ទាំង​វឌ្ឍនភាព​នៃ​ការ​សិក្សា និង​ប្រធានបទ​សិក្សា​របស់ អាយឆាចំនួន ៥ សកម្មភាព​ទៀត។

កិច្ចប្រជុំ​បាន​ពិភាក្សា​លើ​ទម្រង់ឯកសារ​ចំនួន៣ សម្រាប់​ជំនួប​ប្រចាំ​ឆ្នាំ​ជាមួយ​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន ដែល​រួម​ទាំង​របាយការណ៍សកម្មភាព​របស់ អាយឆា ត្រៀម​ធ្វើ​ការ​រាយការណ៍​ជូន​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​នៅ​អំឡុង​ ខែ​កក្កដា ឆ្នាំ ២០២២ ខាង​មុខ​នេះ​ផងដេរ៕