ភ្នំពេញៈ​​រដ្ឋសភា​កម្ពុជាបាន​ចុះ​ហត្ថ​លេខា​លើ​អនុស្សរ​ណៈ​យោគ​យល់​គ្នា (MoU) ជាមួយ​សភា​អន្តរ​ជាតិ ​ដើម្បី​ភាព​អត់​ឱន​ និង​សន្តិ​ភាព (IPTP) ដើម្បី​ជំរុញ​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ជា​មួយ​ប្រទេស​ជា​សមា​ជិក ​ដើម្បី​សន្តិ​ភាព ទប់​ស្កាត់​សង្គ្រាម ​និង​ស្តារ​ប្រទេស​ឡើង​វិញ​ ក្រោយ​សង្គ្រាម​។

ចាប់​ពី​ថ្ងៃទី ​២៥ ​ដល់​ថ្ងៃទី ២៩ ​ខែមីនា គណៈ​ប្រតិភូ​សភា​កម្ពុជា​ដឹក​នាំ​ដោយ​លោក ​សួស យ៉ា​រ៉ា ប្រធាន​គណៈ​កម្ម​ការ​កិច្ច​ការ​បរ​ទេស សហ​ប្រតិ​បត្តិ​ការ​អន្តរ​ជាតិ​ឃោស​នា​ការ និង​ព័ត៌​មាន​នៃ​រដ្ឋ​សភា​បាន​ចូលរួម​សម័យ​ប្រជុំ​ពេញ​អង្គ​លើក​ទី ៩ នៃ​សភា​អន្តរ​ជាតិ​ IPTP នៅ​ទីក្រុង​អា​ប៊ុយដា​ប៊ី និង​ឌូ​បៃនៃ​ប្រទេស​អារ៉ាប់​រួម​។

កិច្ច​ប្រជុំ​នេះ​ប្រព្រឹត្ត​ទៅ​ក្រោម​អធិបតី​ភាព​លោក​Saqr Ghubash ប្រធាន​ក្រុម​ប្រឹក្សា​ជាតិ​សហ​ព័ន្ធ​អារ៉ាប់​រួម និង​សន្និ​សីទ​អន្តរ​ជាតិ​ស្តីពី​ភាព​អត់​ឱន​និង​សន្តិភាព (ITCC) និង​អ្នក​អង្គ​ម្ចាស់ Sheikh​ Nahyan bin Mubarak Al Nahyan រដ្ឋ​មន្ត្រី​ក្រសួង​ភាព​អត់​ឱន​ និង​ការ​រួម​រស់​នៃ​ប្រទេស​អារ៉ាប់​រួម​។

កិច្ចប្រ​ជុំ​នេះ​មាន​ការ​ចូលរួម​ពី​សមា​ជិក​សភា​មកពី​ជាង ​៨០ ​ប្រទេស មកពី​ទ្វីប​អាស៊ី ​អាហ្វ្រិក អាមេរិក​ឡាទីន និង​អឺរ៉ុប​ព្រមទាំង​តំណាង​អង្គការ​ជាតិ​ និង​អន្តរ​ជាតិ​ដើម្បី​លើក​កម្ពស់​គុណ​តម្លៃ​នៃ​ភាព​អត់​ឱន សន្តិ​ភាព និង​ការ​រួមរស់​ជា​មួយ​គ្នា​នៅ​ក្នុង​តំបន់ និង​ពិភព​លោក​។

សេចក្តី​ប្រកាស​ព័ត៌មាន​រដ្ឋ​សភា​កម្ពុជា​បញ្ជាក់​នៅ​ថ្ងៃទី​ ៣១​ ខែមីនា ថា៖ «រដ្ឋសភា​​កម្ពុជា​ដែល​តំណាង​ដោយ​ ឯក​ឧត្តម​សួស យ៉ា​រ៉ា ក៏​បាន​ចុះ​ហត្ថ​លេខា​លើ​អនុស្ស​រណៈ​​យោគ​យល់​គ្នា​ជា​មួយ​សភា​អន្តរ​ជាតិ ​IPTP»។

ក្រៅពី​ចុះ​ MoU នេះ លោក​ក៏បាន​ជួប​ពិភាក្សា​ការ​ងារ​ជា​មួយ​លោក​ Ahmed bin Moha​mmed​ Al Jarwan ប្រធាន​ក្រុម​ប្រឹក្សា​សកល​ដើម្បី​ភាព​អត់​ឱន ​និង​សន្តិ​ភាព​ដែល​ជា​ស្ថា​ប័ន​កំពូល​នៃ​សភា​អន្តរ​ជាតិ ​IPTP ​ដើម្បី​ជំរុញ​ការ​តភ្ជាប់​ទំនាក់​ទំនង​ និង​កិច្ច​សហ​ប្រតិ​បត្តិការ​រ​វាង​ស្ថាប័ន ​និង​ប្រទេស​ទាំង ២​ ក្នុង​កិច្ច​សហ​ប្រតិប​ត្តិការ​ជាមួយ​ប្រទេស​ជា​សមា​ជិក ​និង​បណ្តា​ស្ថា​ប័ន​នានា​លើ​ការ​ជំរុញ​ភាព​អត់​ឱន​និង​សន្តិ​ភាព​ ការ​ទប់​ស្កាត់​សង្គ្រាម ការ​ដោះ​ស្រាយ​ជម្លោះ និង​ការ​ស្ថាប​នា​និង​ស្តារ​ប្រទេស​ឡើង​វិញ​ក្រោយ​សង្គ្រាម​។

លោក សួ​ស យ៉ា​រ៉ា បាន​លើក​ឡើង ​៥​ ចំណុច​ ដើម្បី​សម្រេច​បាន​សន្តិ​ភាព​ដោយ​ចីរភាព​រួម​មាន​ទី ​១- កិច្ច​សហ​ប្រតិ​បត្តិការ​ពហុ​ភាគី ​ទី ២-​ ការ​អភិវឌ្ឍ​យុវ​ជន ​ទី ៣- ភាពជា​ដៃគូ​រវាង​រដ្ឋាភិ​បាល សង្គម​ស៊ីវិល និង​វិស័យ​ឯក​ជន​ ទី ៤- ការ​គោរព​ចំពោះ​ទស្សនៈ​និង​ជំនឿ​ខុសៗ​គ្នានិង​ទី៥-ការ​ជំរុញ​ការសិ​ក្សា​ស្រាវ​ជ្រាវនិង​សហ​ប្រតិ​បត្តិការ​រវាង​ធនា​គារ​ខួរ​ក្បាល​។

កិច្ច​ប្រជុំ​បាន​អនុម័​ត​ជា​ឯកច្ឆន្ទ​នូវ​សេចក្តី​សម្រេច​ចិត្ ត​ដើម្បី​លើក​កម្ពស់​ភាព​អត់​ឱន ​និង​សន្តិ​ភាព ​នៅ​ក្នុង​តំបន់ និង​សកល​លោក​។

លោក ​សួស យ៉ា​រ៉ា មិន​អាច​ទាក់​ទង​​បាន​ ដើម្បី​សុំ​ការប​ញ្ជាក់​បន្ថែម​បាន​ទេ កាល​ពី​ថ្ងៃទី​ ៣ ខែ​មេសា ៕​