ភ្នំពេញៈ អង្គការ​សន្សំ​ម្លប់​ព្រៃ​កំពុង​ប្រកាស​ជ្រើសរើស​កសិករ សម្រាប់​ចូលរួម​ជា​សមាជិក-​កសិករ IBIS ដោយ​ឥតគិតថ្លៃ ដើម្បី​អនុវត្ត​ការដាំដុះ​ស្រូវ​សរីរាង្គ​មិត្តភាព​សង្គ្រោះ​សត្វព្រៃ នៅ​ខេត្ត​ចំនួន​ ៤ គឺ​ខេត្តស្ទឹងត្រែង រតនគិរី មណ្ឌលគិរី និង​ខេត្តព្រះវិហារ ដែល​ការជ្រើសរើស​នេះ​នឹង​ធ្វើឡើង​ត្រឹម ខែមេសា ២០២២​។

លោក​ កែវ សុជាតិ នាយក​ប្រតិបត្តិ​អង្គការ​សន្សំ​ម្លប់​ព្រៃ​ឱ្យដឹង នៅ​ថ្ងៃទី​ ៣ មេសា​ថា ការជ្រើសរើស កសិករ សម្រាប់​ចូល​ជា​សមាជិក-​កសិករ IBIS​នេះ​ធ្វើឡើង​ដោយ​មិន​គិតថ្លៃ​ឡើយ​។ ការជ្រើសរើស​នៅ​បណ្តា​ខេត្ត​ទាំង​ ៤​ នោះ ក៏​មិន​កំណត់​ចំនួន​គ្រួសារ​ប្រជាពលរដ្ឋ​នោះដែរ សំខាន់​ពលរដ្ឋ​ធ្វើបាន​ត្រឹមត្រូវ​តាម​លក្ខន្តិកៈ​ដែល​បានកំណត់​។ គម្រោង​នេះ​មាន​គោលបំណង​លើកកម្ពស់​ជីវភាព​ប្រជាពលរដ្ឋ ដែល​រស់នៅក្នុង​សហគមន៍ ឬ​តំបន់​ការពារ​ធម្មជាតិ​ឱ្យមាន​ជីវភាព​ប្រសើរឡើង និង​ចូលរួម​សកម្មភាព​អភិរក្ស​។

លោក​ថ្លែងថា​៖ «​ការចូលរួម​ជា​សមាជិក​ហ្នឹង អត់​គិត​កម្រៃ​អី​ទេ ហើយ​យើង​នឹង​ផ្តល់​ពូជស្រូវ ដែលមាន​គុណភាព​ល្អ​ឱ្យ​គាត់​ថែមទៀត​។ ការជ្រើសរើស​ហ្នឹង ក៏​យើង​មាន​គណៈកម្មការ​តាមភូមិ​នីមួយៗ​ក្នុង​ការផ្សព្វផ្សាយ និង​ធានា​ក្នុង​ការ​ជ្រើសរើស​សមាជិក​ផងដែរ ហើយ​ការដាំដុះ​នោះ គឺ​ដាំ​ទីណា​ក៏បាន សំខាន់​គាត់​មិន​ប៉ះពាល់​ដល់​ការកាប់​រានទន្ទ្រាន​ដីព្រៃ​ថ្មី​»​។

លោក​ កែវ សុជាតិ ប្រាប់ថា បច្ចុប្បន្ន​​មាន​ប្រជាពលរដ្ឋ​ប្រមាណ​ជិត​ ១ ៥០០ ​គ្រួសារ​កំពុង​អនុវត្ត​ការដាំ​ស្រូវ​សរីរាង្គ​មិត្តភាព​សង្គ្រោះ​សត្វព្រៃ​។ ជាទូទៅ​សម្រាប់​ប្រជាពលរដ្ឋ​ដែល​បាន​អនុវត្តតាម​លក្ខខន្តិកៈ ទាំង​សរីរាង្គ ទាំង​មិត្តភាព​សង្គ្រោះ​សត្វព្រៃ​នោះ​អង្គការ​នឹង​ផ្តល់ជូន​តម្លៃលើស​ទីផ្សារ​ពី ២០ ទៅ​ ៣០ ​ភាគរយ ហើយ​ពេលខ្លះ មាន​រហូត​ដល់​ ៥០ ទៅ​ ៦០ ​ភាគរយ​ផងដែរ​។

ហ្វេសប៊ុក​អង្គការ​សន្សំ​ម្លប់​ព្រៃ សរសេរ​នៅ​ថ្ងៃទី​ ២៨ ខែមីនា ឱ្យដឹងថា បើ​មាន​ចំណាប់អារម្មណ៍​បង្កើន​ចំណូល​ពី​ការដាំដុះ​ស្រូវ​សរីរាង្គ​មិត្តភាព​សង្គ្រោះ​សត្វព្រៃ​កសិករ​ដែល​កំពុង​ប្រកបមុខរបរ​កសិកម្ម​ដំណាំ​ស្រូវ​នៅ​តាម​បណ្តា​តំបន់​មួយចំនួន ដូចជា ដែនជម្រកសត្វព្រៃ​លំផាត់ និង ឧទ្យាន​ជាតិ​វើ​ន​សៃ​-​សៀម​ប៉ាង ខេត្តរតនគិរី ដែនជម្រក​សត្វព្រៃ​កែវសីមា ខេត្តមណ្ឌលគិរី ក៏ដូចជា ដែនជម្រក​សត្វព្រៃ​សៀមប៉ាង និង​ព្រៃឡង់​នៅ​ខេត្ត​ស្ទឹងត្រែង ជាពិសេស​គឺ​ដែនជម្រក​សត្វព្រៃ​គូលែន​ព្រហ្មទេព ព្រៃ​ព្រះរកា និង​ដែនជម្រក​សត្វព្រៃ​ស្រុក​ឆែប ដែល​ស្ថិតនៅ​ខេត្តព្រះវិហារ អាច​ធ្វើការ​ទំនាក់ទំនង​ទៅកាន់​អ្នក​សម្របសម្រួល​គម្រោង​នៅតាម​តំបន់​គោលដៅ​នីមួយៗ​បាន​ ដើម្បី​ស្វែងយល់​បន្ថែម​ពី​ដំណើរការ​នៃ​កម្មវិធី​ទាំងមូល​ឱ្យបាន​មុន​ដាច់​ខែមេសា​។

ហ្វេសប៊ុក​ដដែល​បន្តថា អត្ថប្រយោជន៍​នៃ​ការដាំដុះ​ស្រូវ​នេះ គឺមាន​ទីផ្សារ​ច្បាស់លាស់ និង​តម្លៃ​ខ្ពស់ បង្កើន​ចំណូល​បន្ថែម​ក្នុង​គ្រួសារ អាហារ​មាន​សុវត្ថិភាព ចូលរួម​ការពារ​ព្រៃឈើ និង​សត្វព្រៃ រួមទាំង​ទប់ស្កាត់​ការប្រែប្រួល អាកាសធាតុ​ ង​ទទួលបាន​បច្ចេកទេស​កសិកម្ម​ថ្មីៗ​ផងដែរ​។

លោក​ លីន សម្បត្តិ បុគ្គលិក​ទីវាល​នៃ​អង្គការ​សន្សំ​ម្លប់​ព្រៃ​ឱ្យដឹងថា ក្នុងនាម​ជា​បុគ្គលិក​ទីវាល លោក​បានរួម​ចំណែក​កិច្ចការងារ​ចម្បង​ក្នុង​ការត្រួតពិនិត្យ​គ្រាប់ស្រូវ​តាម​ដំណាក់កាល​នីមួយៗ​រហូត​ស្រូវ​ត្រូវបាន​ដឹកជញ្ជូន​ដល់​រោងម៉ាស៊ីន​ធំ​។ ការត្រួតពិនិត្យ​ធ្វើតាម​របៀប​បច្ចេកទេស​ពិនិត្យ​គុណភាព​ស្រូវ គឺ​មើល​ទៅលើ​ទំហំ ពណ៌ ការបាក់​ និង​ភាពស្វិត ជាពិសេស​ការបកសម្បក​មើល​គ្រាប់ និង​ការពិនិត្យ​លើ​សំណើម​ផងដែរ​។

លោក​ សម្បត្តិ លើកឡើង​ថា ចំណុច​ទាក់ទាញ​ដែល​ធ្វើឱ្យ​លោក​សម្រេច​ប្តូរ​ការងារ​ពី​ក្រុមហ៊ុន​ប្រេង​ធំ​មួយ​ក្នុងស្រុក មក​ធ្វើការ​ជាមួយ​អង្គការ​សន្សំ​ម្លប់​ព្រៃ​នេះ ដោយសារ​ការមើលឃើញ​គុណតម្លៃ​នៃ​គោលការណ៍​ ៤ ​សំខាន់ៗ មានដូចជា ១ មិន​ប្រើ​ថ្នាំ​គីមី និង​ជីគីមី​គ្រប់​ប្រភេទ ២ ​មិន​រាន​ដីព្រៃ​ថ្មី និង​ដី​ខុសច្បាប់​។ ៣ មិន​កាប់ឈើ​ និង​ជួញដូរ​ឈើ​ខុសច្បាប់ និង​ ៤ មិន​បរបាញ់​សត្វព្រៃ និង​ជួញដូរ​សត្វព្រៃ​ខុសច្បាប់​។

លោក​ថ្លែងថា​៖ «​ខ្ញុំបាទ​រំពឹងថា​ទៅ​ថ្ងៃមុខ ពួកគាត់​នៅ​បន្ត​ចូលរួម​ក្នុង​កម្មវិធី​ស្រូវ​មិត្តភាព​សង្គ្រោះ សត្វព្រៃ រួមទាំង​មាន​ជីវភាព​កាន់តែ ប្រសើរ និង​មានលទ្ធភាព​បញ្ជូន កូនៗ​ទៅ​សិក្សា​រហូត​ចប់​ថ្នាក់​បរិញ្ញាបត្រ ឬ​ថ្នាក់បណ្ឌិត​ផងដែរ ហើយ​ខ្ញុំ​ក៏​សង្ឃឹមថា កិច្ចការពារ​សត្វព្រៃ​ និង​ព្រៃឈើ នឹង​បន្សល់ទុក​ឱ្យ​ក្មេងៗ​ជំនាន់​ក្រោយ​បានឃើញ​បាន​យល់​បាន​ស្គាល់​ពី​ស្នាដៃ​បងៗ ដែល​ខិតខំ​អភិរក្ស​កន្លងមក​»៕