ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន និង​ប្រេសិត​ពិសេស​អង្គការ​សហប្រជាជាតិ​ (UN)​ បញ្ជាក់​ពី​សកម្មភាព ដែល​ភាគី​ទាំង​ ២​ ត្រូវធ្វើ​ជាបន្ទាន់​នោះ គឺ​ការបញ្ឈប់​អំពើហិង្សា​នៅ​មីយ៉ាន់ម៉ា និង​នាំយក​ជំនួយ​មនុស្សធម៌​ជូន​​ដល់​ប្រជាជន​មីយ៉ាន់ម៉ា ដែល​កំពុង​​ត្រូវការ​។

ក្នុងជំនួប​ជាមួយ​លោក​ ហ៊ុន សែន នា​ថ្ងៃទី ​១​ មេសា លោកស្រី​ Noeleen Heyzer ប្រេសិត​ពិសេស​របស់​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​ទទួល​បន្ទុក​លើ​បញ្ហា​មីយ៉ាន់ម៉ា​បាន​ប្រាប់​លោក​ ហ៊ុន សែន នូវ​កិច្ចការ​ដែល​លោកស្រី​បានធ្វើ​នា​រយៈពេល​ ៣ ​ខែ​កន្លងមក​ក្នុងនាម​ជា​ប្រេសិត​ពិសេស​។ នេះ​បើ​យោងតាម​ហ្វេសប៊ុក​លោក ហ៊ុន សែន នា​ថ្ងៃទី​ ១ ខែមេសា​។

កិច្ចការ​ដែល​លោកស្រី​ប្រាប់​លោក​ ហ៊ុន សែន រួមមាន​ការពិចារណា​ដោះស្រាយ​បញ្ហា​មីយ៉ាន់ម៉ា​តាមរយៈ​ការបង្កើត​ក្របខ័ណ្ឌ​ពហុច្រក​ឈរលើ​មូលដ្ឋាន​ទស្សនទាន​រង្វង់ ៣ ​ស្រទាប់​។ ស្រទាប់​ទី​ ១​ នៅ​កណ្ដាល​រង្វង់ គឺ​ដំណើរការ​រក​ដំណោះស្រាយ ដែល​ដឹកនាំ​ដោយ​មីយ៉ាន់ម៉ា និង​ជា​កម្មសិទ្ធិ​របស់​មីយ៉ាន់ម៉ា ដែល​ឆ្លុះបញ្ចាំង​ពី​ឆន្ទៈ​របស់​ប្រជាជន​មីយ៉ាន់ម៉ា​។

ស្រទាប់​ទី​ ២ គឺ​ដំណើរ​ការដឹកនាំ​ដោយ​សហគមន៍​តំបន់​ដែលមាន​អាស៊ាន និង​បណ្ដា​ប្រទេស​ជាប់​ព្រំដែន​មីយ៉ាន់ម៉ា​ទាំងអស់​ចូលរួម និង​ស្រទាប់​ទី​ ៣ ស្រទាប់​ខាងក្រៅ​បង្អស់ គឺ​សហគមន៍-​អន្តរជាតិ ដែល​ភាគច្រើន​ជា​ប្រទេស​លោកខាងលិច​។

បើ​យោងតាម​ហ្វេសប៊ុក​ដដែល លោកស្រី Heyzer ថ្លែងថា ក្របខ័ណ្ឌ​នេះ​មិន​ខុសពី​ការព្រមព្រៀង​ជា​ឯកច្ឆន្ទ​ ៥ ​ចំណុច​របស់​អាស៊ាន​នោះទេ​។ រួមមាន​ការផ្ដោត​ការខិតខំ​ទៅលើ​ការផ្តល់​ជំនួយ​មនុស្សធម៌ ការការពារ​ប្រជាជន និង​ការវិល​ទៅរក​ការគ្រប់គ្រង​ស៊ីវិល​ដែលជា​ការចាំបាច់​ត្រូវមាន​ការកសាង​ទំនុកចិត្ត​។

លោក​ ហ៊ុន សែន ថ្លែងថា​៖ «​យើង​មាន​ចំណុច​រួមគ្នា នោះ​គឺ​ជួយ​ស្វែងរក​ជូន​ប្រជាជន​មីយ៉ាន់ម៉ា​នូវ​សន្តិភាព ស្ថិរភាព និង​ការរីកចម្រើន ហើយ​អ្វីដែល​ត្រូវធ្វើ​ជាបន្ទាន់​នោះ គឺ​បញ្ឈប់​អំពើហិង្សា​។ នាំ​អំណោយ​មនុស្សធម៌​ជូន​ដល់​ប្រជាជន​ទាំងអស់​ដែល​កំពុង​ត្រូវការ និង​បង្កលក្ខណៈ​ជឿទុកចិត្ត​គ្នា​ដោះស្រាយ​បញ្ហា ជាពិសេស តាមរយៈ​ការព្រមព្រៀង​ជា​ឯកច្ឆន្ទ ៥ ​ចំណុច​របស់​អាស៊ាន​»​។

ដោយឡែក លោក​ ប្រាក់ សុខុន រដ្ឋមន្ត្រី​ការបរទេស និង​ជា​ប្រេសិត​ពិសេស​របស់​ប្រធាន​អាស៊ាន​ស្តីពី​មីយ៉ាន់ម៉ា និង​លោកស្រី Heyzer ក្នុង​កិច្ចប្រជុំ​កាលពី​ថ្ងៃទី​ ៣១ ខែមីនា នៅ​ទីស្តីការ​ក្រសួង​ការបរទេស បាន​ឯកភាព​ធ្វើការ​រួមគ្នា​ក្នុង​ការជួយ​ប្រទេស​មីយ៉ាន់ម៉ា​ឱ្យ​រួច​ផុតពី​វិបត្តិ​នេះ តាមរយៈ​កិច្ចព្រមព្រៀង​ជា​ឯកច្ឆន្ទ​ ៥​ ចំណុច​របស់​អាស៊ាន​។

លោក​ប្រាប់​លោកស្រី Heyzer អំពី​ជំហាន​ចំនួន​ ៣​ នៃ​ការងារ​បន្ទាប់​របស់លោក ក្នុងនាម​ជា​ប្រេសិត​ពិសេស​។ ទី​ ១ ការត្រៀម​រៀបចំ​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​អំពី​ជំនួយ​មនុស្សធម៌ ដែល​គ្រោង​នឹង​រៀបចំ​នៅ​ដើមខែ​ឧសភា ដើម្បី​ធ្វើការ​ផ្លាស់ប្តូរ​ទស្សនៈ​ជាមួយ​ភាគី​ផ្សេងៗ​លើ​របៀប​ក្នុងការ​ចែកចាយ​ជំនួយ​មនុស្សធម៌ ប្រកបដោយ​ប្រសិទ្ធភាព​ឱ្យទៅដល់​ប្រជាជន​ដែល​ត្រូវការ​ជំនួយ​បំផុត​ដោយ​គ្មាន​ការរើសអើង​។ ជំហាន​ទី​ ២ គឺ​អំពី​គម្រោង​រៀបចំ​ជំនួប​តាម​ប្រព័ន្ធ​វីដេអូ​រវាង​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន និង​មេដឹកនាំ​យោធា មីយ៉ាន់ម៉ា លោក​ មីន អ៊ុងឡាំង និង​ទី​ ៣ អំពី​ដំណើរ​ទស្សនកិច្ច​ជា​លើក​ទី​ ២​ របស់​លោក​ទៅ​កាន់​ប្រទេស​មីយ៉ាន់ម៉ា​។

ភាគី​ទាំង​ ២​ បាន​ពិភាក្សាគ្នា​អំពី​ការរៀបចំ​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​អំពី​ជំនួយ​មនុស្សធម៌ និង​ការបង្កើត​ច្រករបៀង​មនុស្សធម៌ ដើម្បី​ធានា​ដំណើរការ​ផ្តល់ជំនួយ​ដោយ​រលូន និង​សុវត្ថិភាព​។

សេចក្តី​ប្រកាស​ព័ត៌មាន​ក្រសួង​ការរបរទេស​បានឱ្យ​ដឹងថា លោកស្រី Heyzer បាន​ធានា​ចំពោះ​លោក ប្រាក់ សុខុន អំពី​ការគាំទ្រ និង​ការចូលរួម​យ៉ាង​ពេញលេញ​របស់​អង្គការ​សហប្រជាជាតិ​។ ប្រេសិត​ពិសេស​ទាំង​ ២ ​ក៏បាន​ពិភាក្សាគ្នា​ផងដែរ អំពី​តួនាទី​របស់​ប្រទេសមួយ​ចំនួន​ក្នុង​តំបន់ និង​សហគមន៍​អន្តរជាតិ​ទាំងមូល ក្នុង​ការស្វែងរក​ដំណោះស្រាយ​ចំពោះ​វិបត្តិ​មីយ៉ាន់ម៉ា​។

ភាគី​ទាំង​ ២ ក៏បាន​ពិភាក្សាគ្នា​ផងដែរ អំពី​ទម្រង់​សហប្រតិបត្តិការ​បំពេញ​បន្ថែម​ឱ្យ​គ្នា​ទៅវិញ​ទៅមក ដែល​ត្រូវអនុវត្ត​ដោយ​អាស៊ាន និង​អង្គការ​សហប្រជាជាតិ និង​ដោយ​ប្រេសិត​ពិសេស​ទាំង ​២ ក្នុង​ដំណើរការ​ជា​ជំហានៗ​ដោយ​ចាប់ផ្តើម​ពី​ការចែកចាយ​ជំនួយ​មនុស្សធម៌​ទៅកាន់​ប្រទេស​មីយ៉ាន់ម៉ា​។

លោក​ ហេង គីមគង់ អ្នកស្រាវជ្រាវ​ជាន់ខ្ពស់​នៃ​មជ្ឈមណ្ឌល​អភិវឌ្ឍន៍-​កម្ពុជា​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ នា​ថ្ងៃទី​ ៣ ខែមេសា ថា វិបត្តិ​នៅ​មីយ៉ាន់ម៉ា​ចាំបាច់​ត្រូវ​ដោះស្រាយ​ជាបន្ទាន់​។ កម្ពុជា​ក្នុង​នាម​ជា​ប្រធាន​អាស៊ាន គឺមាន​ជំហរ​ល្អ​ក្នុង​ការនាំមក​នូវ​ដំណោះស្រាយ​ចំពោះ​វិបត្តិ​នេះ​។

លោក​ថ្លែងថា​៖ «​កម្ពុជា​អាច​សម្រេច​បាន​នូវ​ចំណុច​នេះ តាមរយៈ​ការធ្វើការ​ជាមួយ​ភាគី​ពាក់ព័ន្ធ​ផ្សេងទៀត ដើម្បី​នាំមក​នូវ​សន្តិភាព ស្ថិរភាព និង​វិបុលភាព​នៅក្នុង​ប្រទេស​មីយ៉ាន់ម៉ា​»៕