ភ្នំពេញៈ គិត​ត្រឹម​ថ្ងៃទី​ ៣០ ខែមីនា ឆ្នាំ​ ២០២២ ការចាប់​ឆ្នោត​កំណត់​លំដាប់​លេខ​រៀង​បញ្ជី​បេក្ខជន​លើ​សន្លឹកឆ្នោត​សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ សង្កាត់ អាណត្តិ​ទី​ ៥ ឆ្នាំ​ ២០២២ សម្រេចបាន​ចំនួន​ ១ ៦២២​ ឃុំ សង្កាត់ នៃ​ចំនួន​ឃុំ សង្កាត់​សរុប ១ ៦៥២​។

បើតាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់ គ.ជ.ប កាលពី​ថ្ងៃទី​ ៣១ ខែមីនា​បញ្ជាក់ថា ក្នុងចំណោម​រាជធានី ខេត្ត​ទាំង ​២៥ គឺមាន​ខេត្ត ចំនួន ១៩ បានបញ្ចប់​ទាំងស្រុង​នូវ​ការចាប់​ឆ្នោត កំណត់​លំដាប់​លេខ​រៀង​បញ្ជី​បេក្ខជន​លើ​សន្លឹកឆ្នោត​នៃ​ឃុំ សង្កាត់​នីមួយៗ​ដែល​ខេត្ត​ទាំងនោះ រួមមាន ខេត្តបាត់ដំបង កំពង់ចាម កំពង់ឆ្នាំង កំពង់ស្ពឺ កំពត កណ្ដាល កោះកុង ក្រចេះ មណ្ឌលគិរី ព្រះវិហារ ព្រៃវែង សៀមរាប ព្រះសីហនុ ស្ទឹងត្រែង តាកែវ កែប​ប៉ៃលិន ឧត្ដរមានជ័យ និង​ខេត្ត​ត្បូងឃ្មុំ​។ គ.ជ.ប ពន្យល់ថា តាម​បទបញ្ជា និង​នីតិវិធី​សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី​ ៥ បន្ទាប់ពី​បញ្ជី​បេក្ខជន​ដំបូង ក្លាយជា​បញ្ជី​បេក្ខជន​ផ្លូវការ​ហើយ គឃ.សប ត្រូវធ្វើ​ការចាប់​ឆ្នោត​ដើម្បី​កំណត់​លំដាប់​លេខ​រៀង បញ្ជី​បេក្ខជន​លើ​សន្លឹកឆ្នោត​ជា​សាធារណៈ​ដោយ​ឱ្យ​ព្រះសង្ឃ ឬ​ឥស្សរជន​ចូលនិវត្តន៍ ឬ​ចាស់ព្រឹទ្ធាចារ្យ ដែលមាន​ជំហរ​អព្យាក្រឹត និង​ដែល​អាច​ទទួល​យកបាន​ពី​គ្រប់​គណបក្ស​នយោបាយ គឺជា​អ្នក​ចាប់ឆ្នោត​កំណត់​លេខ​រៀង​។ គ.ជ.ប​បន្តថា​៖ «​ការចាប់ឆ្នោត​កំណត់​លំដាប់​លេខ​រៀង​បញ្ជី​បេក្ខជន​លើ​សន្លឹកឆ្នោត គឺ​ដើម្បី​អាចឱ្យ គ.ជ.ប បោះពុម្ព​សន្លឹកឆ្នោត​សម្រាប់​ឃុំ សង្កាត់​នីមួយៗ ដោយ​ផ្អែក​តាម​ចំនួន​បញ្ជី​បេក្ខជន​ផ្លូវការ​នៅក្នុង​ឃុំ សង្កាត់​នោះ និង​លទ្ធផល​នៃ​ការចាប់​ឆ្នោត​»​។

លោក ហង់ ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ៣ ខែមេសា​ថា ការចាប់ឆ្នោត​កំណត់​លំដាប់​លេខ​រៀង​បញ្ជី​បេក្ខជន​លើ​សន្លឹកឆ្នោត សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី​ ៥ ត្រូវធ្វើ​នៅតាម​ឃុំ​សង្កាត់​នីមួយៗ ពីព្រោះ​បេក្ខជន​ឈរឈ្មោះ​របស់​គណបក្ស​នយោបាយ មិន​ដូចគ្នា​ទេ ដោយ​ឃុំ សង្កាត់​ខ្លះ មាន​គណបក្ស​នយោបាយ​ច្រើន និង​ឃុំ សង្កាត់​ខ្លះទៀត មាន​ចំនួន​តិច​។

លោក​បន្តថា ដូច្នេះ​នៅក្នុង​ការចាប់​ឆ្នោត​កំណត់​លំដាប់​លេខ​រៀង​បញ្ជី​បេក្ខជន​លើ​សន្លឹកឆ្នោត​នេះ គណៈកម្មការ​ឃុំ- សង្កាត់​រៀបចំ​ការបោះឆ្នោត​អញ្ជើញ​តែ​គណបក្សនយោបាយ​ណា ដែល​បានដាក់​បេក្ខជន​ឈរឈ្មោះ ប៉ុណ្ណោះ​។ ជាមួយគ្នានេះ​ក៏មាន​ការអញ្ជើញ​ភាគី​ពាក់ព័ន្ធ ទាំង​អាជ្ញាធរ គណបក្សនយោបាយ និង​អ្នកសង្កេតការណ៍ ដើម្បី​មក​ពិនិត្យមើល​ក្នុង​ការចាប់ឆ្នោត​កំណត់​លេខ​រៀង​នេះ​ផងដែរ​។

លោក​បាន​បន្តថា ចំពោះ​ឃុំ សង្កាត់​មួយចំនួន ដែល​មិនទាន់​បានរៀបចំ​ការចាប់​ឆ្នោត​កំណត់​លំដាប់​លេខ​រៀង បញ្ជី​បេក្ខជន​លើ​សន្លឹកឆ្នោត​នេះ ដោយសារ ឃុំ សង្កាត់​នោះ មាន​ពាក្យបណ្តឹង​ពី​ប្រជាពលរដ្ឋ និង​គណបក្ស​នយោបាយ ជុំវិញ​ភាពមិនប្រក្រតី​នៃ​បញ្ជី​បេក្ខជន​ឈរឈ្មោះ​។ ដូច្នេះ នៅពេលដែល គ.ជ.ប ដោះស្រាយ​បណ្តឹង​រួចរាល់ គណៈកម្មការ​ឃុំ សង្កាត់​រៀបចំ​ការបោះឆ្នោត​នោះ​អាច​រៀបចំ ការចាប់​ឆ្នោត​កំណត់​លំដាប់​លេខ​រៀង​បញ្ជី​បេក្ខជន​លើ​សន្លឹកឆ្នោត បាន​ហើយ​។

លោក​ថ្លែងថា​៖ «​គិត​ត្រឹម​ថ្ងៃទី ២ ខែមេសា​នេះ អត់​មាន​អ្នក​ប្តឹង​ទៀត​ទេ អ៊ីចឹង រាល់​បណ្តឹង​ដែល​បានដាក់​នៅ គជប យើង​ដោះស្រាយ​ចប់​អស់ហើយ និង​បិទផ្លូវ​តវ៉ា អត់​មាន​ប្តឹង​ទៀត​ទេ​។ ដូច្នេះ នៅពេល គជប ដោះស្រាយ​បណ្តឹង​រួច គឺ​គេ​អាច​រៀបចំ ការចាប់​ឆ្នោត​កំណត់​លំដាប់លេខ​រៀង​បញ្ជី​បេក្ខជន​លើ​សន្លឹកឆ្នោត​បាន​ហើយ​»​។

លោក ញឿន រ៉ាដែន អ្នក​នាំពាក្យ​គណបក្ស​ហ៊ុនស៊ិនប៉ិច ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​៣ ខែមេសា​ថា គណបក្ស​ហ្វុនស៊ិនប៉ិច បានដាក់​បេក្ខជន​ឈរឈ្មោះ​បាន​ជាង ៧០០ ​ឃុំ សង្កាត់ ដោយ​ក្នុងនោះ គណបក្ស​សង្កេតឃើញថា ដំណើរការ​នៃ​ការចាប់​ឆ្នោត​កំណត់​លំដាប់​លេខ​រៀង​បញ្ជី​បេក្ខជន​លើ​សន្លឹកឆ្នោត សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី​ ៥ ឆ្នាំ​ ២០២២ មាន​ភាពត្រឹមត្រូវ និង​ទទួលយក​បាន​។

លោក​ថ្លែងថា​៖ «​ទាំង​ជាង ៧០០ ​ឃុំ​សង្កាត់ ដោយ​ឃុំ​សង្កាត់​ខ្លះ គណបក្ស​បានទទួល​លេខ​រៀង​ទី​ ២ ឃុំ​សង្កាត់​ខ្លះ​​ទទួលបាន​លេខ​រៀង​ទី​ ១ ​និយាយ​រួម​វា​ចម្រុះ វា​អត់​ដូច​បោះឆ្នោត​តំណាងរាស្ត្រ បើ​វា​លេខ​ ១ វា​នៅតែ​លេខ​ ១​។ ដូច្នេះ វា​ផ្លាស់ប្តូរ​ទៅតាម​ការចាប់​ឆ្នោត​»​។

បើតាម គ.ជ.ប មាន​គណបក្ស​នយោបាយ​ចំនួន​ ១៧ បានដាក់​ពាក្យសុំ​ចុះបញ្ជី​បេក្ខជន សម្រាប់​ឈរឈ្មោះ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី​ ៥ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​ ៥ ខែមិថុនា ឆ្នាំ​ ២០២២៕