ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រាប់​អ្នក​រិះគន់​លោក​ទុកជាមុន​ថា សូមកុំ​ចាត់ទុក​ការសាងសង់​ព្រលានយន្តហោះ​អន្តរជាតិ​ថ្មី​នៅ​ខេត្តសៀមរាប​ជា​ផ្នែក​មួយ​ដើម្បី​ពង្រឹងសមត្ថភាព​កងទ័ព​ចិន ដោយ​លោក​អះអាងថា កម្ពុជា​មិនត្រូវ​ការ​យោធា​បរទេស​នៅលើ​ទឹកដី​កម្ពុជា​នោះទេ​។

លោក​ថ្លែងថា​៖ «​សុំឱ្យ​ក្រុមអ្នកវិភាគ​ទាំងឡាយ តិច​នាំគ្នា​វិភាគ​ថា អានេះ​មូលដ្ឋាន​សម្រាប់​ចុះ​យន្តហោះ​ចិន​។ តិច​នាំគ្នា​វិភាគ​អា​ធុន​ហ្នឹង​។ បើ​គេ​ចង់​ចុះ គេ​ចុះ​នៅ​ពោធិ៍ចិនតុង​ក៏បាន​ដែរ កុំទៅ​ឆ្ងល់​ពេក គេ​ចុះ​នៅឯណា​ក៏បាន​ដែរ បើសិនជា​គេ​ចង់​ចុះ​។ ឧបមា​ថា​គេ​បើក​ប្រតិបត្តិការ​យោធា អ៊ីចឹង​ចុះ គេ​ចុះ​នៅឯណា​ក៏​គេ​ចុះ​បានដែរ​»​។

លោក ហ៊ុន សែន ថ្លែង​ដូច្នេះ ក្នុងឱកាស​លោក​ចុះ​ពិនិត្យ​ការដ្ឋាន​សាងសង់​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​ថ្មី ដែល​ស្ថិតនៅក្នុង​ឃុំ​តាយ៉ែក ស្រុក​សូទ្រនិគម ខេត្តសៀមរាប​។

លោក​បន្តថា​៖ «​សង្ឃឹមថា អ្នកធ្វើ​អត្ថាធិប្បាយ និង​អ្នកវិភាគ មិន​ចាត់ទុកការ​ធ្វើ​ព្រលាន​យន្តហោះ​អន្តរជាតិ​សៀមរាប​នេះ ជា​ផ្នែក​មួយ​នៃ​ការពង្រឹង​សមត្ថភាព​យោធា​ចិន​នៅក្រៅ​ប្រទេស នៅក្នុង​ប្រទេស​កម្ពុជា​ទេ​។ ផ្ញើ​សារ​ជូន​ទុកឱ្យហើយ​។ កុំឱ្យ​វិភាគ​បែប​ឆ្កួត​។ កម្ពុជា​អត់​ត្រូវការ​យោធា​បរទេស​ទេ ត្រូវការ​ទេសចរ​បរទេស​មកឱ្យ​ច្រើន​»​។ លោកនាយក​រដ្ឋមន្ត្រី​ថ្លែងថា កម្ពុជា​មិន «​ល្ងង់​» រហូត​ទៅដល់​ឱ្យ​កងទ័ព​បរទេស​បោះទីតាំង​នៅលើ​ទឹកដី​របស់​ខ្លួន ដោយ​ខុសពី​ធម្មនុញ្ញ​របស់​ខ្លូន​ហើយក៏​មិន​ត្រូវការ​ទីប្រឹក្សា​យោធា​នៅ​កម្ពុជា​ផងដែរ តែ​កម្ពុជា​ទទួលយក​អនុព័ន្ធ​យោធា​ដោយ​លោក​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖ «​យក​កងទ័ព​ចិន យក​កងទ័ព​បរទេស​មក​ដាក់​ស្រុក​ធ្វើ​អី​»​។ លោក​ ហ៊ុន សែន ថ្លែងថា​៖ «​នៅ​ចុះ​អនុព័ន្ធ​យោធា​នៅបាន​ ប៉ុន្តែ​កងទ័ព​បរទេស​នៅ​អត់​បានទេ​។ យោធា​បរទេស​នៅបាន ប៉ុន្តែ​នៅក្នុង​ឋានៈ​ជា​អនុព័ន្ធ​»​។

លោក​លើកឡើងថា នៅ​រាល់ពេល​ដែលមាន​ការសាងសង់​ព្រលានយន្តហោះ​ដែលមាន​ជំនួយ​ពី​ចិន អ្នក​រិះគន់​លោក​តែងតែ​ចាត់ទុក​ព្រលាន​យន្តហោះ​នោះ ជា​កន្លែង​សម្រាប់​ចុះចត​នៃ​កងទ័ព​ចិន​។

លោក​បញ្ជាក់ថា​៖ «​សង្ឃឹមថា អ្នកវិភាគ​មិន​វិភាគ​ទៅ​ជ្រុល​។ ឱ្យ​តែឯង​ធ្វើ​ជាមួយ​ចិន ដឹងថា​ដាក់​កងទ័ព​ចិន​តែម្តង​។ នែ​វា​ទៅ​អ៊ីចេះ​។ បរទេស​ខ្លះទៅ ខ្មែរ​ខ្លះទៅ ហើយ​យូរៗ​ទៅ​អានេះ​ឡប់​បណ្តោយ ចូល​អាក្បួន​ឡប់​។ បើ​គិតពី​យុទ្ធសាស្ត្រ​យោធា​ទៅវិញ ចុះ​អា​ព្រលាន​យន្តហោះ​មាន​ស្រាប់​ចុះ​បាន ម៉េច​មិន​ចុះ​។ និយាយ​តាម​អ៊ីចេះ​ហ្មង​ទៅ​»​។

លោកនាយក​រដ្ឋមន្ត្រី​បន្តថា អ្នក​រិះគន់​លោក​មួយចំនួន​លើកឡើងថា ព្រលាន​យន្តហោះ​អន្តរជាតិ​តារា​សាគរ ក្នុង​ខេត្តកោះកុង គឺជា​ព្រលាន​យន្តហោះ​មួយ សម្រាប់​ទទួល​យោធា​ចិន​ហើយ​លោក​ប្រតិកម្ម​វិញ​ថា​៖ «​ឆ្កួត​ទេ​អី​! ចុះ​ម៉េច​ក៏​មិន​ចុះ​នៅ​ព្រលានយន្តហោះ​កងកេង (​ខេត្ត​ព្រះសីហនុ​) បណ្តោយ​ទៅ​មិន​ស្រួល​! អី​ក៏​វា​យ៉ាប់​មាំ​ម៉េស​! បើ​បានជា​ជ្រុល​មួលបង្កាច់​ហើយ មួលបង្កាច់​ឱ្យ​វា​ច្បាស់​ហ្មង​ថា​ព្រលាន​យន្តហោះ​ទាំងអស់ នៅ​ស្រុក​ខ្មែរ​ត្រៀម​ចុះ [​ទទួល​] ​យោធា​ចិន​ទាំងអស់​អ៊ីចឹង​ហ្មង​ទៅ​»​។

អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​អង្គរ គ្រោង​ចំណាយ​ទុនវិនិយោគ​ប្រមាណ ៨៨០ ​លាន​ដុល្លារ​អាមេរិក​។ អាកាស​យានដ្ឋាន​នេះ បានចាប់ផ្តើម​ដំណើរការ​សាងសង់​កាលពី​ខែមីនា ឆ្នាំ​ ២០២០ ហើយ​គ្រោង​ប្រើ​រយៈពេល​សាងសង់​សរុប​ចំនួន ៣៦ ​ខែ ឬ ៣ ​ឆ្នាំ ដោយបាន​ប្រើប្រាស់​កម្មករ​ប្រមាណ​ជាង ១ ០០០ ​នាក់ ក្នុងនោះ ៧០ ​ភាគរយ​ជា​ពលករ​ខ្មែរ​។

តាម​គម្រោង​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​អង្គរ គ្រោង​នឹង​បញ្ចប់​ការសាងសង់​នៅ​ខែមីនា ឆ្នាំ​ ២០២៣ និង​ដំណើរការ​សាកល្បង ជា​លើកដំបូង​នៅ​ខែតុលា ឆ្នាំ​ ២០២៣​។ បច្ចុប្បន្ន​ការសាងសង់​សម្រេចបាន​ប្រមាណ ២២ ​ភាគរយ​នៃ​ផែន​ការសរុប​។

លោក គិន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណិ្ឌត្យ​សភា ប្រាប់​ភ្នំពេញ​-​ប៉ុស្តិ៍​នា​ថ្ងៃទី​ ៣ ខែមេសា ថា អ្វីដែល​លោក ហ៊ុន សែន លើកឡើង​នេះ គឺជា​ការសម្ដែង​អារម្មណ៍​ធុញទ្រាន់​ទៅនឹង​ការចោទប្រកាន់​ម្តង​ហើយ​ម្តងទៀត ដោយ​មិនមាន​មូលដ្ឋាន​ថា កម្ពុជា​មាន​មូលដ្ឋាន​កងទ័ព​បរទេស​។ បើទោះបីជា​កម្ពុជា​ខិតខំ​ប្រឹងប្រែង​បង្ហាញ​នូវ​តម្លាភាព​ជាច្រើន​លើក​ច្រើនសា​ហើយក៏​ដោយ ក៏​ការសង្ស័យថា កម្ពុជា​មាន​មូលដ្ឋាន​យោធា​បរទេស​នេះ ហាក់ដូចជា​មិនត្រូវ​បាន​លាងជម្រះ​។

លោក​ថ្លែងថា​៖ «​ការសង្ស័យ​នេះ គឺជា​ការសង្ស័យ​ដែល​រៀបចំ​ឡើងជា​សារ​មួយ​សម្រាប់​ទប់ស្កាត់​ការប៉ុនប៉ង​ណាមួយ​របស់​ប្រទេស​ចិន​ក្នុង​ការពង្រីក​មូលដ្ឋាន​យោធា​របស់ខ្លួន​នៅ​អាស៊ីអាគ្នេយ៍ ឬក៏​នៅ​កម្ពុជា ដែលជា​ការគិត​ក្នុង​សេណារីយោ​របស់​សហរដ្ឋអាមេរិក​ទេ​។ មែនទែន​ជា​ល្បែង​ភូមិសាស្ត្រ​នយោបាយ​រវាង​ចិន និង​សហរដ្ឋ​អាមេរិក​ទេ​។ សហរដ្ឋ​អាមេរិក​និយាយ​បង្ការ​ហើយ​ទោះជា​ពិត​ ឬ​មិន​ពិត​ក៏ដោយ គឺជា​ការបង្ការ​ច្រើនជាង​មូលដ្ឋាន​ពិត​ដែលមាន​»៕