ពោធិ៍សាត់ៈ លោក​ទេសរដ្ឋមន្ត្រី គន់ គីម អគ្គលេខាធិការ​សមាគម​អតីតយុទ្ធជន​កម្ពុជា បានស្នើ​តាមរយៈ​មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិ​សម្បទា ខេត្តពោធិ៍សាត់ ត្រូវ​ពន្លឿន​ការផ្តល់​បណ្ណសម​ធម៌​ជូន​អតីតយុទ្ធជន​ឱ្យបាន​ទាន់ពេលវេលា និង​ណែនាំ​ដល់​អាជ្ញាធរ​មូលដ្ឋាន ត្រូវ​ថែទាំ និង​យកចិត្តទុកដាក់​ពី​សុខទុក្ខ ជូន​អតីតយុទ្ធជន​ឱ្យបាន​គ្រប់ៗ​គ្នា ខណៈ​អតីតយុទ្ធជន​បាន​ពលី និង​លះបង់ ដើម្បី​ជាតិ​មាតុភូមិ​។ លោក​ទេសរដ្ឋមន្ត្រី គន់ គីម បានស្នើ​បែបនេះ ក្នុងពេល​ជួប​សំណេះសំណាល សួរ​សុខទុក្ខ សមាជិកសមាគម​អតីត​យុទ្ធជន​កម្ពុជា​ស្ថិតនៅ​បុរី​វប្បធម៌​កោះ​សំពៅ​មាស ខេត្តពោធិ៍សាត់ ជាមួយ​ជនពិការ​ប្រភេទ ក​ ១ និង​ក​ ២ ប្រមាណ ១៥០ ​នាក់​។

ជំនួប​នេះ ក៏មាន​ការចូលរួម​ពី​លោក ជាវ តាយ អភិបាល​ខេត្តពោធិ៍សាត់ និង​ជា​ប្រធាន​កិត្តិយស សមាគម​អតីត​យុទ្ធជន​កម្ពុជា ខេត្ត​ពោធិ៍សាត់ ក្រុមប្រឹក្សា​ខេត្ត អភិបាលរង​ខេត្ត ថ្នាក់ដឹកនាំ​មន្ទីរ​អង្គភាព​នានា​ជុំវិញ​ខេត្ត និង​កងកម្លាំង​ប្រដាប់​អាវុធ​ផងដែរ​។

លោក គន់ គីម បាន​ថ្លែងអំណរគុណ​ដល់​សមាគម​អតីតយុទ្ធជន​កម្ពុជា ខេត្ត​ពោធិ៍សាត់ ដែល​តែង​យកចិត្ត​ទុកដាក់​ជួយ​ឧបត្ថម្ភ​ថវិកា ស្បៀង ព្រមទាំង​សម្ភារ​ប្រើប្រាស់​ដល់​អតីតយុទ្ធជន ដែលមាន​ជីវភាព​ក្រីក្រ ជាពិសេស​បាន​ចុះ​ប្រគល់​ថវិកា​បេឡា​មរណៈ​សង្គ្រោះ​ជូន​ដល់​គ្រួសារ​សមាជិក​សមាគម​បាន​ទាន់ពេលវេលា​។

លោក​បាន​ស្នើថា​៖ «​សមាគម​អតីតយុទ្ធជន ខេត្ត​ពោធិ៍សាត់​ត្រូវ​បន្ត​ពិនិត្យ​ស្ថានភាព​រស់នៅ​របស់​អតីតយុទ្ធជន ខណៈ​កាលពី​ថ្មីៗ​នេះ ខេត្ត​ពោធិ៍សាត់​បានប្រគល់​បង្គ្រប់​ផ្ទះ និង​ដីសម្បទាន​សង្គមកិច្ច ជូន​អតីត​យុទ្ធជន​ចំនួន​ជាង ៦០០ ​នាក់​»​។

លោក​បន្តថា​៖ «​ក្រោម​ការដឹកនាំ​របស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​ជា​ប្រធាន​សមាគម​អតីតយុទ្ធជន​កម្ពុជា តែងតែ​បន្ត​យកចិត្តទុកដាក់ ចំពោះ​អតីតយុទ្ធជន​គ្រប់រូប​ជាប្រចាំ ដូចជា​ការផ្តល់​ដីសម្បទាន​សង្គមកិច្ច ការសាងសង់​ផ្ទះ ការផ្តល់​របប​សន្តិសុខ​សង្គម ជាពិសេស​ការពិនិត្យ​សុខភាព ដោយ​ឥតគិតថ្លៃ និង​ការទទួល​ប្រាក់​សោធន​និវត្តន៍​ជា​រៀងរាល់​ខែ​»​។

បើតាម​លោក គន់ គីម តាម​ការធ្វើ​បច្ចុប្បន្នភាព​របស់​សមាគម​អតីតយុទ្ធជន​កម្ពុជា​តាំងពី​ឆ្នាំ​ ២០១៦ រហូតដល់​ឆ្នាំ​ ២០២១ នៅ​ទូទាំងប្រទេស​មាន​អតីតយុទ្ធជន​មាន​ប្រមាណ​ជាង​ ១០ ម៉ឺន​នាក់ ក្នុងចំណោម​នោះ​មាន​អតីតយុទ្ធជន​ជិត ៩ ០០០ គ្រួសារ​ជួប​ការខ្វះខាត​ដីធ្លី ខ្វះ​ផ្ទះ ឬ​ជម្រក​ស្នាក់នៅ​ហើយ​ស្ថិតនៅក្នុង​បន្ទាត់​នៃ​ភាពក្រីក្រ​។

តាមរយៈ​លទ្ធផល​នៃ​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រីកាលពី​ថ្ងៃទី​ ១ ខែមេសា ឆ្នាំ​ ២០២២ រាជរដ្ឋាភិបាល​បាន​ណែនាំ​ដល់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ សហការ​ជាមួយ​ក្រសួង-​ស្ថាប័ន​ពាក់ព័ន្ធ​រៀបចំ​ការ​ពន្លឿន​ការលើក​កម្រិត​ប្រាក់​សោធន​និវត្តន៍​របស់​អតីតមន្ត្រី​រាជការ និង​អតីតយុទ្ធជន​ចូលនិវត្តន៍ ដែល​ទទួលបាន​ប្រាក់​សោធន​និវត្តន៍​ទាប​ឱ្យបាន​កើន​ខ្ពស់ជាង​មុន ដើម្បី​បង្កើនល្បឿន​នៃ​ការភ្ជិត​គម្លាត​ប្រាក់​សោធន​និវត្តន៍​រវាង​អ្នក​ចូលនិវត្តន៍​ចាស់ និង​អ្នក​ចូលនិវត្តន៍​ថ្មី​។

លោកនាយក​រដ្ឋមន្ដ្រី​ក៏បាន​ណែនាំ​ឱ្យ​បើកប្រាក់​សោធន​និវត្តន៍​ត្រូវ​បើក​ជូន​អតីតមន្ត្រី​រាជការ និង​អតីតយុទ្ធជន​ចូលនិវត្តន៍​ឱ្យបាន​ទៀងទាត់ ដើម្បី​ពួកគាត់​អាច​យក​ថវិកា​ទាំងនោះ​ប្រើប្រាស់​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ និង​ប្រើប្រាស់​តាម​តម្រូវការ​បាន​ទាន់​ពេលវេលា​៕