ភ្នំពេញៈ សេចក្តី​ព្រាងច្បាប់​ស្តីពី «​ការការពារ​រុក្ខជាតិ និង​ភូតគាម​អនាម័យ​» ត្រូវបាន​រដ្ឋសភា អនុម័ត​តាម​សំណើរ​របស់​រាជរដ្ឋាភិបាល​ ដើម្បី​ឆ្លើយតប​ទៅនឹង​និន្នាការ​នៃ​ការរីកចម្រើន​វិស័យ​កសិកម្ម ខណៈ​ច្បាប់​នេះ​ក៏​ជា​ផ្នែក​មួយ​នៃ​ការបង្កើន​ការនាំចេញ​កសិផល​របស់​កម្ពុជា​ទៅកាន់​ទីផ្សារ​អន្តរជាតិ​ផងដែរ​។

សេចក្តី​ព្រាងច្បាប់​នេះ ត្រូវបាន​សម័យប្រជុំ​ពេញអង្គ​រដ្ឋសភា​លើក​ទី​ ៧ នីតិកាល​ទី ​៦ សម្រេច​បោះឆ្នោត​អនុម័ត​កាលពី​ព្រឹក​ថ្ងៃទី​ ១ ខែមេសា ឆ្នាំ​ ២០២២ ដោយមាន​សំឡេងគាំទ្រ​ជា​ឯកឆន្ទ​ចំនួន​ ៩២ លើ​ ៩២ ​សំឡេង​។ សេចក្តី​ព្រាងច្បាប់​នេះ មាន ១៥ ​ជំពូក និង​ ១១៣​ មាត្រា​។

នា​សម័យប្រជុំ​នោះ លោក ឡូយ សុផាត ប្រធាន​គណៈកម្មការ​ផែនការ​វិនិយោគ កសិកម្ម អភិវឌ្ឍន៍​ជនបទ បរិស្ថាន និង​ធនធានទឹក​នៃ​រដ្ឋសភា​បានធ្វើការ​រាយការណ៍​ជូន​អង្គសភា​អំពី​លទ្ធផល​នៃ​ការពិនិត្យ​សិក្សា​សេចក្តី​ព្រាងច្បាប់​នេះ​។

ជាមួយ​គ្នា​នោះ​លោក វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បាន​ដឹកនាំ​ក្រុមការងារ​ជំនាញ​ក្នុង​នាម​ជា​តំណាង​រាជរដ្ឋាភិបាល​បាន​ឡើង​ការពារ​សេចក្តី​ព្រាងច្បាប់​ស្តីពី «​ការការពារ​រុក្ខជាតិ និង​ភូតគាម​អនាម័យ​»​នៅ​ចំពោះមុខ​អង្គសភា​ទាំងមូល​។

លោក​រដ្ឋមន្ត្រី​បាន​ជម្រាបជូន​អង្គសភា​ថា សេចក្តី​ព្រាងច្បាប់​នេះ គឺជា​សមិទ្ធផល​ថ្មី​មួយទៀត​ក្នុង​ការកសាង​ឯកសារ​បទដ្ឋាន​គតិយុត្ត សម្រាប់​ធ្វើការ​អភិវឌ្ឍ​វិស័យ​កសិកម្ម ដូច​មានចែង​យ៉ាងច្បាស់​នៅក្នុង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​ ៤ របស់​រាជរដ្ឋាភិបាល​នីតិកាល​ទី​ ៦ នៃ​រដ្ឋសភា ដើម្បី​បង្កើន​ផលិតភាព ពិពិធ​ភាវូបនីយកម្ម និង​ពាណិជ្ជូបនីយកម្ម​កសិកម្ម​ក្នុង​បរិបទ​នៃ​បដិវត្តន៍​ឧស្សាហកម្ម​ទី​ ៤ និង​បច្ចេកវិទ្យា​ឌីជីថល​។

លោក​បាន​គូសបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖ «​ប្រវត្តិ​នៃ​ដំណើរការ​រៀបចំ​សេចក្តី​ព្រាង​ច្បាប់​នេះ​ត្រូវបាន​រៀបចំ​យ៉ាង​លម្អិត​ជា​បន្តបន្ទាប់ ដោយបាន​បញ្ជាក់​យ៉ាងច្បាស់​អំពី​ដំណើរការ​នៃ​ការកសាង​ច្បាប់ ស្របទៅតាម​និន្នាការ​នៃ​ការវិវឌ្ឍ​រីកចម្រើន​របស់​ប្រទេស​ជាតិ ទាំង​សេដ្ឋកិច្ច និង​សង្គម ឆ្លើយតប​តាម​អនុសញ្ញា​អន្ដរជាតិ​ស្តីពី «​ការការពារ​រុក្ខជាតិ​»​នៅ​ថ្ងៃទី​ ១០ ខែមិថុនា ឆ្នាំ​ ១៩៥២ និង​កាតព្វកិច្ច​ក្នុងនាម​ជា​ប្រទេស​ជា​សមាជិក​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ (WTO) ជាពិសេស​លក្ខខណ្ឌ​តម្រូវ​ភូតគាម​អនាម័យ​នៃ​ទីផ្សារ​នាំចេញ និង​នាំចូល​កសិផល និង​រុក្ខជាតិ​មក​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​»​។

លោក​បន្តទៀតថា ដោយ​យល់ច្បាស់​ពី​សេចក្តី​ត្រូវការ​ចាំបាច់​អំពី​ឯកសារ​គតិយុត្ត​របស់​កម្ពុជា​រាជរដ្ឋាភិបាល ដែលមាន​ក្រសួងកសិកម្ម ជា​សេនាធិការ ចាំបាច់ និង​ជាបន្ទាន់ ត្រូវបង្កើត​ច្បាប់​ស្តីពី "​ការការពារ​រុក្ខជាតិ និង​ភូតគាម​អនាម័យ​" នេះ​ឡើង​។

លោក​ឱ្យដឹង​ដែរ​ថា សេចក្តី​ព្រាង​ច្បាប់​នេះ ទទួល​បានការ​សហការ និង​គាំទ្រ​ពី​គ្រប់​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ គណ:រដ្ឋមន្ត្រី គណ:កម្មាធិការ​ទី​ ៣ និង​គណ:កម្មការ​ផ្សេងៗ​ទៀត​នៃ​រដ្ឋសភា​បាន​ពិនិត្យ ពិភាក្សា និង​វាយតម្លៃ​លើ​ទម្រង់ ខ្លឹមសារ​គតិយុត្ត និង​បានអនុម័ត​ជា​ឯកច្ឆន្ទ​អនុញ្ញាត​ឱ្យ​ដាក់​សេចក្តី​ព្រាងច្បាប់​នេះ​ចូលក្នុង​របៀបវារៈ​នៃ​សម័យ​ប្រជុំ​ពេញអង្គ​រដ្ឋសភា​នាពេលនេះ​។ សេចក្តី​ព្រាងច្បាប់​នេះ ត្រូវបាន​អង្គសភា ធ្វើការ​ពិនិត្យ ពិភាក្សា និង​លើក​ជា​សំណួរ​ក្នុងន័យ​ស្ថាបនា​ដែល​ផ្តល់​ធាតុ​ចូល​សម្រាប់​ជា​មូលដ្ឋានគ្រឹះ និង​គាំទ្រ​លើ​ខ្លឹមសារ​បច្ចេកទេស និង​មូលដ្ឋាន​គតិយុត្ត​នៃ​ច្បាប់​នេះ​បន្ថែមទៀត​ផងដែរ​។

ប្រធាន​សម្ព័ន្ធ​សហគមន៍​កសិករ-​កម្ពុជា​លោក​ ថេង សាវឿង មើលឃើញ​ថា ច្បាប់​នេះ​នឹង​ផ្តល់​ផលប្រយោជន៍​ជាច្រើន​សម្រាប់​កម្ពុជា​ទាំង​ការនាំចេញ​កសិផល និង​នាំចូល​ម្ហូបអាហារ​ដែលមាន​គុណភាព​អាច​ធានា​ដល់​អ្នក​បរិភោគ និង​សុខភាព​សាធារណៈ​។ លោក​ថា ច្បាប់​នេះ​បាន​កំណត់​អំពី​ការគ្រប់គ្រង​សុខភាព​រុក្ខជាតិ ហើយ​សង្ឃឹមថា ច្បាប់​ដែល​បង្កើតឡើង​នេះ​អាច​ចូលរួម​អភិរក្ស រុក្ខជាតិ​កម្រ​បុរាណ​របស់​ខ្មែរ​ផងដែរ​។ ទន្ទឹមនេះដែរ លោក​ស្នើឱ្យ​រដ្ឋាភិបាល​មានការ​ផ្សព្វផ្សាយ​ច្បាប់​នេះ​ជា​សាធារណៈ​ឱ្យបាន​ទូលំទូលាយ​ដល់​ប្រជាពលរដ្ឋ ជាពិសេស​កសិករ ដើម្បីឱ្យ​ពួកគាត់​បាន​យល់ដឹង​បន្ថែម ចៀសវាង​គាត់​អត់​បាន​យល់ដឹង​ពី​ច្បាប់ ហើយ​អនុវត្ត​មិនបាន​ត្រឹមត្រូវ​ដែល​ធ្វើឱ្យ​កសិផល​របស់​កសិករ​បរាជ័យ​។ លោក​ថា​៖ «​ច្បាប់​នេះ​មាន​ផលខាត ក៏មាន​ផលចំណេញ​ដែរ បើ​ច្បាប់​នេះ​ទៅពិនិត្យ​សុខភាព​នៃ​ការដាំដុះ​ ឬ​ប្រភេទ​នៃ​ការនាំចេញ​បែប​លក់​បែប​គ្រួសារ ឬ​ការដាំដុះ​របស់​ប្រជាពលរដ្ឋ នោះ​នឹង​បង្កើន​ការរំខាន​ដល់​ពួកគាត់​។ ប៉ុន្តែ​បើ​ច្បាប់​នេះ ប្រើ​សម្រាប់​ឧស្សាហកម្ម និង​កសិកម្ម​ធំៗ​សម្រាប់​ការនាំ​ចេញទៅ​ក្រៅប្រទេស គឺមាន​ភាពល្អ​ប្រសើរ ព្រោះ​ធានាបាន​នូវ​គុណភាព និង​សក្តានុភាព​ផលិតភាព​កសិកម្ម​»​។

លោក​បន្តថា មួយវិញទៀត​យើង​ក៏​អាច​ប្រើប្រាស់​ច្បាប់​នេះ​សម្រាប់​ត្រួតពិនិត្យ​គ្រប់​ម្ហូបអាហារ ឬ​គ្រឿង​រុក្ខជាតិ​ដែល​នាំចូល​ពី​ក្រៅប្រទេស​មក​លក់​ក្នុងប្រទេស ដូចជា​បន្លែ ត្រី សាច់ ដែល​នាំចូល​ពី​ប្រទេស​ជិតខាង​ជាដើម ដើម្បី​ធានាបាន​នូវ​សុខភាព​សាធារណៈ​ដល់​អ្នកប្រើប្រាស់ និង​មិន​ប៉ះពាល់​ដល់​សុខភាព​។

ក្រសួង​កសិកម្ម​បានឱ្យ​ដឹងថា នៅក្នុង​រយៈពេល​ ៣ ​ខែ ដើមឆ្នាំ ២០២២ ​នេះ ការនាំចេញ​កសិផល​ទៅ​ក្រៅប្រទេស​ដែល​អគ្គនាយកដ្ឋាន​កសិកម្ម​ទទួលបាន​ផ្អែកលើ​ប្រព័ន្ធ​ទិន្នន័យ​គ្រឹះ​ភូតគាម​អនាម័យ​ជាតិ មាន​បរិមាណ​សរុប ៣ ៤៣៤ ០៧០,៦៣ ​តោន ទៅកាន់​ទិសដៅ ៥៧ ​ប្រទេស គឺមាន​ការកើនឡើង​ចំនួន ៣៤៤ ៨៦០,៧១ ​តោន ស្មើនឹង ១១,១៦% បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ ២០២១ ។ ក្រសួង​បន្តថា ផលិតផល​កសិផល​ដែល​កម្ពុជា​នាំចេញ​រួមមាន អង្ករ ស្រូវ ចំណិត​ដំឡូងមី​ក្រៀម ដំឡូងមី​ស្រស់ ម្សៅដំឡូងមី គ្រាប់ស្វាយចន្ទី​ឆៅ និង​កែច្នៃ គ្រាប់ពោត គ្រាប់​សណ្តែកបាយ ផ្លែ​ចេក​ស្រស់ ផ្លែក្រូច​ត្លុង ផ្លែស្វាយ​ស្រស់ និង​កែច្នៃ ម្រេច​ស្រស់ និង​កែច្នៃ ថ្នាំជក់ បន្លែ​ចម្រុះ ម្ទេស​ស្រស់ និង​ក្រៀម ជាដើម​៕