The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - នគរបាល​កំពុង​រៀបចំ​សំណុំរឿង​បញ្ជូន​ស្ត្រី​សង្ស័យ​ម្នាក់​ទៅ​តុលាការ ករណី​បោះ​កូនស្រី​បង្កើត​ចូលក្នុង​ទឹក

នគរបាល​កំពុង​រៀបចំ​សំណុំរឿង​បញ្ជូន​ស្ត្រី​សង្ស័យ​ម្នាក់​ទៅ​តុលាការ ករណី​បោះ​កូនស្រី​បង្កើត​ចូលក្នុង​ទឹក

Content image - Phnom Penh Post
ស្រី្ត​ត្រូវបាន​ចាប់ខ្លួន​ករណី​បោះ​កូនស្រី​បង្កើត​ចូលក្នុង​ទឹក ពីថ្ងៃ​ទី​ ២ មេសា នៅ​ខេត្តបាត់ដំបង​។​រូប ប៉ូលិស​បាត់ដំបង

នគរបាល​កំពុង​រៀបចំ​សំណុំរឿង​បញ្ជូន​ស្ត្រី​សង្ស័យ​ម្នាក់​ទៅ​តុលាការ ករណី​បោះ​កូនស្រី​បង្កើត​ចូលក្នុង​ទឹក

បាត់ដំបងៈ នគរបាល​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​ខេត្តបាត់ដំបង​នៅ​ថ្ងៃទី​ ៣ ​មេសា កំពុង​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ស្ត្រី​សង្ស័យ​ម្នាក់​ទៅ​សាលាដំបូង​ខេត្ត បន្ទាប់ពី​ចាប់ខ្លួនបាន​ ១​ ថ្ងៃ ករណី​បោះ​កូនស្រី​បង្កើត​របស់ខ្លួន​អាយុ​ ១ ខែ​ ១០​ ថ្ងៃ​ទៅក្នុង​ទឹកប្រឡាយ​នៅ​ភូមិ​ព្រៃ​កូនសេក សង្កាត់​អូរចារ ក្រុង-ខេត្ត​បាត់ដំបង​។

លោក​វរសេនីយ៍ឯក កោ ស៊ុនកាំង នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​ឱ្យដឹង​នៅ​ថ្ងៃទី​ ៣ ​មេសា​ថា សមត្ថកិច្ច​របស់លោក​នៅ​ថ្ងៃទី​ ៣​ មេសា កំពុង​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ស្ត្រី​សង្ស័យ​ឈ្មោះ ហន សាម៉េន អាយុ​ ២២ ​ឆ្នាំ ទៅ​សាលា​ដំបូង​ខេត្តបាត់ដំបង​។ ស្ត្រីសង្ស័យ​បាន​បោះ​កូនស្រី​តូច​របស់ខ្លួន​អាយុ ​១ ​ខែ​ ១០​ ថ្ងៃ​ចូលទៅក្នុង​ទឹក​ប្រឡាយ​កាលពី​ថ្ងៃទី​ ២ ​មេសា ឆ្នាំ​ ២០២២​។

លោក​ថ្លែងថា​៖ «​នៅ​ថ្ងៃទី​ ៣ មេសា​នេះ ខាង​ជំនាញ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​ខ្ញុំ កំពុង​រៀបចំ​កសាង​សំណុំរឿង​ដើម្បី​បញ្ជូន​ស្ត្រី​សង្ស័យ​ទៅ​តុលាការ​។ នៅក្នុង​កំណត់ហេតុ​របស់​យើង​បាន​ចោទ​គាត់​បឋម​ក្នុង​បទឃាតកម្ម យោងតាម​មាត្រា​ ១៩៩​ នៃ​ក្រម​ព្រហ្មទណ្ឌ​»​។

លោក​រៀបរាប់​តាម​សម្តី​ស្ត្រី​ម្តាយ​ក្មេងរងគ្រោះ​ថា ស្ត្រី​សង្ស័យ ឈ្មោះ​ ហន សាម៉េន មាន​ប្តី​ឈ្មោះ​ ជៀប ចំណាប់ ហៅ ម៉ៅ អាយុ​ ៤៥​ ឆ្នាំ​មានកូន​ចំនួន​ ២ ​នាក់ ប្រុស​ម្នាក់ ស្រី​ម្នាក់​។ កូនប្រុស​ច្បង​អាយុ​ ១១ ​ខែ មិនទាន់​ផ្តាច់ដោះ រីឯ​កូនស្រី​ប្អូន​អាយុ​ ១​ ខែ​ ១០ ថ្ងៃ​ (​ក្មេងរងគ្រោះ​)​។ តាំងពី​ចាប់​កំណើត​មក គឺ​ក្មេងស្រី​រងគ្រោះ​ម្នាក់នេះ​យំ​រហូត បើ​ពេលយប់​ពី​ម៉ោង​ ៨​ យប់​ដល់​ម៉ោង ​៤ ​ទៀបភ្លឺ គ្មាន​លស់​ថ្ងៃ​ណា​ឡើយ ហើយ​ឪពុកម្តាយ​ត្រូវតែ​ផ្លាស់ប្តូរ​វេន​គ្នា ដើម្បី​មើល​កូន​ម្នាក់នេះ​។

លោក​បន្តថា ស្ត្រី​ជា​ម្តាយ​តែងតែ​គិត​ក្នុងចិត្ត​ថា កូន​របស់ខ្លួន​តាំងពី​ចាប់កំណើត​មក គឺ​មិន​ដែល​ឱ្យ​ម្តាយ​ឪពុក​បាន​សុខស្រួល​ម្តងណា​ឡើយ ហើយ​ដោយសារតែ​កូន​ម្នាក់នេះ​ទើប​ធ្វើឱ្យ​ជីវភាព​របស់គាត់​ក្រីក្រ​។ ដោយសារតែ​យល់ឃើញ​ដូច្នេះ​ទើប​ព្រឹក​ថ្ងៃទី​ ២ មេសា ឆ្នាំ​ ២០២២ ពេល​បុរស​ជា​ឪពុក​កំពុង​ពកូន​ប្រុស​ច្បង​ចេញទៅ​ក្រៅ​ផ្ទះ ចំ​ពេលដែល​ក្មេងរងគ្រោះ​កំពុង​ដេក​លក់​ក្នុង​អង្រឹង ស្រាប់តែ​ស្ត្រី​សង្ស័យ​បី​ក្មេងរងគ្រោះ​ដើរទៅ​ខាងក្រោយ​ផ្ទះ ហើយ​បោះចូល​ក្នុង​ទឹក​ប្រឡាយ ដែលមាន​ជម្រៅ​ត្រឹម​ចង្កេះ​មនុស្ស​ចាស់​។ ពេល​បោះ​ចូល​ទឹក ក្មេងរងគ្រោះ​អណ្តែត​ឡើងលើ​ម្តង បន្ទាប់មក​ក៏​លិចទៅ​បាត់​។

លោក​ថា បន្ទាប់ពី​ស្ត្រី​សង្ស័យ​បោះ​កូន​ចូល​ក្នុង​ទឹក​ប្រឡាយ​រួចមក​បាន​ដើរ​ត្រឡប់មក​អង្គុយ​ក្នុង​អង្រឹង​ដែលជា​អង្រឹង​កូន​ដេក​នោះ​វិញ ហើយ​ប្រាប់​ម្តាយមីង​បង្កើត និង​ប្តី​របស់ខ្លួន​ថា មាន​នរណា​មក​លួច​កូន​របស់គាត់​បាត់​ពី​អង្រឹង​ហើយ​។ ភ្លាមៗ​នោះ​ម្តាយមីង​របស់​ស្ត្រី​សង្ស័យ​រួមទាំង​ឪពុក​របស់​ក្មេង និង​ស្ត្រី​សង្ស័យ​បាននាំគ្នា​ទៅប្តឹង​មេភូមិ និង​ចៅសង្កាត់​អូរចារ និង​នាយ​នគរបាល​ប៉ុស្តិ៍​សង្កាត់​អូរចារ​ក្រុង​បាត់ដំបង ដើម្បី​ឱ្យជួយ​អន្តរាគមន៍​រក​កូន​របស់​ពួកគេ​។

បើតាម​លោក​ ស៊ុនកាំង បន្ទាប់​ទទួលបាន​បណ្តឹង​ផ្ទាល់មាត់ អាជ្ញាធរ​សង្កាត់​អូរចារ​បាន​រាយការណ៍​ទៅ​នគរបាល​ក្រុង​បាត់ដំបង ហើយ​នគរបាល​ក្រុង​បាត់ដំបង​បាន​រាយការណ៍​បន្តទៅ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​។ បន្ទាប់ពី​ទទួលបាន​សេចក្តីរាយការណ៍ លោក​បាន​សុំ​គោលការណ៍​ពី​លោក​ឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការ​នគរបាល​ខេត្តបាត់ដំបង និង​សុំ​គោលការណ៍​ពី​អយ្យការ​អម​សាលាដំបូង​ខេត្តបាត់ដំបង​សហការ​ជាមួយ​លោក​អធិការ​នគរបាល​ក្រុង​បាត់ដំបង ចុះ​ស្រាវជ្រាវ​ដល់ទី​តាំង​កើតហេតុ​នៅ​ថ្ងៃទី​ ២ ​មេសា​ដដែល​នោះ​។

លោក​បញ្ជាក់ថា នៅ​ថ្ងៃ​ដដែល​កម្លាំង​សមត្ថកិច្ច​របស់លោក​បាន​ហៅ​ម្តាយ​ក្មេងរងគ្រោះ​មក​សាកសួរ​នៅ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​ខេត្តបាត់ដំបង​។ នៅពេលនោះ​ស្ត្រី​សង្ស័យ​បាន​ឆ្លើយប្រាប់​សមត្ថកិច្ច​ថា កូនស្រី​របស់​គាត់​មិនមែន​បាត់​ ដោយសារ​ចោរលួច​ទេ តែ​គាត់​បាន​យក​កូន​គាត់​ទៅ​ទម្លាក់​ក្នុង​ទឹក​ប្រឡាយ ព្រោះ​គាត់​គិតថា កូន​របស់​គាត់​កើតមក​ចង្រៃ​ធ្វើឱ្យ​ឪពុកម្តាយ​ក្រ ទើប​គាត់​សម្រេចចិត្ត​យក​កូន​ម្នាក់នេះ​ទៅ​បោះ​ចូល​ទឹក​ប្រឡាយ​ចោល​ទៅ​។ ចំណែកឯ​ក្មេងស្រី​រងគ្រោះ​ក៏ត្រូវ​បាន​ឪពុក​របស់​នាង​ចុះរាវរក​នៅ​ថ្ងៃទី​ ២​ មេសា​ដដែល​នោះ​នៅ​ទីតាំង​ដែល​ប្រពន្ធ​របស់គាត់​បោះចោល ហើយ​រកឃើញ​មកវិញ តែ​ក្មេងរងគ្រោះ​បាន​ដាច់ខ្យល់​ស្លាប់​បាត់​ទៅហើយ​៕

វីដេអូ៖

អត្ថបទគួរចាប់អារម្មណ៍