សៀមរាបៈ ​ក្នុង​ត្រីមាស​ទី​ ១ ឆ្នាំនេះ​អាជ្ញាធរ​ជាតិ​អប្សរា​បាន​ឯកភាព​លើ​សំណើ​របស់​ពលរដ្ឋ​ចំនួន​ ៣១៤ ​សំណើ​ក្នុងចំណោម​ ៤៣៩ ​សំណើ​ដែល​បាន​ស្នើសុំ​ជួសជុល និង​សាងសង់​ផ្ទះ​ក្នុង​តំបន់​ឧទ្យាន​អង្គរ និង​ក្រៅ​តំបន់​ឧទ្យាន​អង្គរ​។ ​អាជ្ញាធរ​នេះ​អះអាងថា នឹង​បន្ត​ផ្សព្វផ្សាយ​អប់រំ​បន្ថែមទៀត​ដើម្បីឱ្យ​ពលរដ្ឋ​បាន​យល់​កាន់តែច្បាស់​ពី​ការ​ជួសជុល សាងសង់ និង​ប្រើប្រាស់​ដី​តំបន់​អង្គរ​។

អាជ្ញាធរ​ជាតិ​អប្សរា​បានឱ្យដឹងថា​លទ្ធផល​ប្រចាំត្រីមាស​ទី​ ១ ឆ្នាំ ​២០២២ ​នេះ​ក្រុមការងារ​សហគមន៍រ​បស់​អាជ្ញាធរ​ជាតិ​អប្សរា​បាន​ចុះ​ផ្សព្វផ្សាយ​អប់រំ​ និង​ពិនិត្យ​ការស្នើសុំ​ជួសជុលផ្ទះ រួមទាំង​ការសាងសង់​តូចតាច​ទាំង​ ៥ ​ស្រុក​/​ក្រុង​ទាំង​ក្នុង និង​ក្រៅ​តំបន់​ឧទ្យាន​អង្គរ​បាន​ចំនួន​ ៤៣៩ ​សំណើ ក្នុងនោះ​បានអនុញ្ញាត​ជូន​ពលរដ្ឋ​ចំនួន ៣១៤ ​សំណើ​។

អាជ្ញាធរ​នេះ បញ្ជាក់ថា​ «​ក្នុងករណី​អនុញ្ញាត​ជូន​ប្រជាពលរដ្ឋ​ខាងលើ​រួម​មាននៅ​ស្រុក​ប្រាសាទ​បាគង​បាន​ចំនួន​ ៣២​ សំណើ ស្រុក​អង្គរធំ​បាន​ចំនួន​ ២៥ ​សំណើ ស្រុក​ពួក​បាន​ចំនួន​ ៦៧ ​សំណើ និង​ក្រុង​សៀមរាប​បាន​ចំនួន​ ១៤១​ សំណើ ស្រុក​បន្ទាយស្រី​ ៤៨ ​សំណើ​។ ក្រុមការងារ​ក្រៅ​ឧទ្យាន​បាន​ចំនួន​ ១ ​សំណើ សរុប​ចំនួន ​៣១៤ ​សំណើ​»​។

ទោះជា​យ៉ាងណា បញ្ហា​ប្រឈម​ដែល​ក្រុមការងារ​សហគមន៍​បាន​ជួប​ប្រទះ មានដូចជា ការជួសជុល​ ឬ​ការសាងសង់​មុន​ការចុះពិនិត្យ​របស់​ក្រុមការងារ ការប្រកាស​លក់​ដី​ក្នុង​តំបន់​ការពារ​តាមរយៈ​បណ្តាញ​សង្គម​ហ្វេកប៊ុក និង​ការដាក់​ស្លាក​ (​ដី​លក់​)​ ផ្ទាល់​ក្នុង​តំបន់​អង្គរ​។ នេះ​បើតាម​អាជ្ញាធរ​អប្សរា​។

អាជ្ញាធរ​ជាតិ​អប្សរា​បញ្ជាក់ទៀតថា​ «​ជា​គោលដៅ​បន្ត​ក្រុមការងារ​សហគមន៍​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​នឹង​បន្ត​ផ្សព្វផ្សាយ​អប់រំ​ប្រជាពលរដ្ឋ​ឱ្យ​យល់​កាន់តែច្បាស់​ពី​តួនាទី ភារកិច្ច​របស់​អាជ្ញាធរ​ជាតិ​អប្សរា ការប្រើប្រាស់​ដីធ្លី​ក្នុង​តំបន់​ការពារ​នៃ​រមណីយដ្ឋាន​អង្គរ នីតិវិធី​នៃ​ការដាក់​ពាក្យស្នើសុំ​ជួសជុល និង​សាងសង់​ផ្ទះ​ក្នុង​ឧទ្យាន​អង្គរ​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​ទាន់ពេលវេលា​» ។

លោក​ ឡុង កុសល អ្នកនាំពាក្យ​អាជ្ញាធរ​ជាតិ​អប្សរា ធ្លាប់បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា រាល់​សំណើ​របស់​ពលរដ្ឋ​ត្រូវបាន​ក្រុមការងារ​សហគមន៍​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​យកមក​ពិនិត្យ និង​ផ្តល់​ការអនុញ្ញាត​ឱ្យ​សាងសង់ និង​សំណើ​មួយចំនួនទៀត​ក៏ត្រូវ​បាន​បដិសេធ​ដែរ ។

លោក​ថា​៖ «​សំណើ​ដែល​ត្រូវបាន​បដិសេធ គឺ​មិនបាន​បំពេញ​លក្ខខណ្ឌ​ត្រឹមត្រូវ និង​ទំហំ​នៃ​សំណើ​មាន​លក្ខណៈ​ធំ​ហួស​ពី​លទ្ធភាព​ពី​ក្រុមការងារ​សម្រេច​ជូន​គឺមាន​ដំណោះស្រាយ​ផ្សេងទៀត​ជូន​ពួកគាត់​ ដើម្បីឱ្យ​ការរស់នៅ​របស់​ពួកគាត់​មាន​ភាពប្រសើរ និង​រក្សាបាន​នូវ​អត្តសញ្ញាណ​បែបបទ​ខ្មែរ​» ។

ទោះជា​យ៉ាងណា លោក​ថា សំណើ​ដែល​ត្រូវបាន​បដិសេធ​គឺ​ពួកគាត់​មិនមាន​ការតវ៉ា​ឬ​ជំទាស់​នោះទេ គឺ​មានតែ​គោរព​តាម​ការណែនាំ និង​ការពន្យល់​របស់​ក្រុមការងារ​សហគមន៍​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​។ បើតាម​លោក ឡុង កុសល រាល់​ការជួសជុល និង​សាងសង់​ផ្ទះ​ក្នុង​តំបន់​ឧទ្យាន​អង្គរ ពលរដ្ឋ​ចាំបាច់​ត្រូវតែ​សុំ​ពី​អាជ្ញាធរ​ជាតិ​អប្សរា ព្រោះ​ចំណុច​សំខាន់​គឺ​ត្រូវ​រក្សា​ឱ្យបាន​នូវ​អត្តសញ្ញាណ​បែបបទ​ខ្មែរ និង​អនុលោម​តាម​បេតិកភណ្ឌ​ពាក់ព័ន្ធ​នឹង​កម្ពស់ និង​រចនាប័ទ្ម​ជាដើម ។

លោក​ កុសល បាន​បន្ថែមថា ចំពោះ​ពលរដ្ឋ​ដែល​ទទួលបាន​ការអនុញ្ញាត​ ប៉ុន្ដែ​បែរជា​សង់​ខុសពី​សំណើ គឺ​អាជ្ញាធរ​ជាតិ​អប្សរា​តម្រូវឱ្យ​រុះរើ​វិញ​ដាច់ខាត​។

លោក​ថ្លែងថា​៖ «​កន្លងមក​ក្រៅពី​​ការ​លួច​សង់​ដោយ​គ្មាន​ច្បាប់​ក៏មាន​ពលរដ្ឋ​ខ្លះ​ដែល​ទទួល​បានការ​អនុញ្ញាត​ឱ្យ​សាងសង់​ហើយ ប៉ុន្ដែ​បែរជា​សង់​ខុសពី​សំណើ​ទៅវិញ​ក៏មានដែរ ដែល​ករណីនេះ អាជ្ញាធរ​ជាតិ​អប្សរា​បាន​តម្រូវឱ្យ​រុះរើ​វិញ ចំណែក​សំណង់​ខុសច្បាប់​ដែល​គ្មាន​ការអនុញ្ញាត​ត្រូវ​បាន​ក្រុមការងារ​ជំនាញ​យើង​ចុះ​ទប់ស្កាត់ និង​ឱ្យ​រុះរើ​ចេញ​វិញ​តែម្តង​»​។

លោក​ ឡុង កុសល បញ្ជាក់​ទៀត​​ថា រាល់​ការស្នើ​សុំច្បាប់​ជួសជុល គឺ​ពុំ​មានការ​តម្រូវឱ្យ​បង់ប្រាក់​នោះទេ​។ ចំណែក​សំណើ​ដែល​ក្រុមការងារ​សហគមន៍​បាន​ចុះ​ពិនិត្យ និង​ដោះស្រាយ​មានដូចជា ការជួសជុល​ផ្ទះ ការជួសជុល ឬ​ប្តូរ​ដំបូល ប្តូរ​ជញ្ជាំង ប្តូរ​សសរ ប្តូរ​សំយាប ជួសជុល​ជណ្តើរ ជួសជុល​របង​ផ្ទះ បន្ទប់​ក្រោមផ្ទះ និង​សំណង់​តូចតាច​ដែល​បាន​សាងសង់​ដូចជា បង្គន់ ទ្រុងមាន់ ទា ជ្រូក ជង្រុក​ស្រូវ តូប ឬ​រោង​លក់ដូរ​នៅមុខ​ផ្ទះ ​និង​ការចាក់ដី​លុប​ជង្ហុក​ក្នុង​បរិវេណ​ក្រោមផ្ទះ​ជាដើម​៕