ភ្នំពេញៈ ​គណៈកម្មការ​ទន្លេ​មេគង្គ​ (MRC) ​កាល​ថ្ងៃទី​ ៣១ ខែមីនា បាន​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ស្ថានីយ​តាមដាន​កម្រិត​ទឹកទន្លេ​មេគង្គ​ទី​ ១ នៅ​ផ្នែក​ខាងលើ​អាង​ទន្លេមេគង្គ​ក្រោម សំដៅ​កាត់បន្ថយ​ភាពងាយ​រងគ្រោះ សម្រាប់​ប្រជាជន​អាស៊ីអាគ្នេយ៍​រាប់លាន​នាក់​នៅ​ផ្នែក​ខាងក្រោម​ទន្លេ​ដែល​ងាយ​រង​ឥទ្ធិពល​បំផុត​ពី​រំហូរ​ទឹក​។

MRC បញ្ជាក់​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃទី​ ១ ខែមេសា​ថា ស្ថានីយ​តាមដាន​ថ្មី​ក្នុងស្រុក​សៀង​កុក ស្ថិតនៅ​ព្រំប្រទល់​ភាគ​ខាងជើង​ឡាវ​ជាប់​នឹង​ប្រទេស​មីយ៉ាន់ម៉ា​នឹង​ជំរុញ​កិច្ចសហប្រតិបត្តិការ​ដែល MRC ចង់​បានជា​យូរ​មកហើយ​។ ក្នុងករណីនេះ ប្រទេស​មីយ៉ាន់ម៉ា​មានឱកាស​ចូលរួម​ប្រមូល​ទិន្នន័យ​ការបញ្ចេញ​ទឹក រួមគ្នា​ជាមួយ​នឹង​សហការី​ឡាវ ដែល​ប្រជាជន​រាប់លាន​នាក់​រស់នៅ​ខាងក្រោម​ទន្លេ នឹង​ទទួលបាន​សម្រាប់​​ប្រើប្រាស់​យ៉ាង​ឆាប់រហ័ស​។

សេចក្តី​ប្រកាស​ព័ត៌មាន​ដកស្រង់​សម្ដី​លោក​ AnoulakKittikhoun​ នាយក​ប្រតិបត្តិ​លេខាធិការដ្ឋាន MRC ថា​ស្ថានីយ​ថ្មី​នេះ នឹង​កត់ត្រា​រំហូរ​ទឹក​ពី​ផ្នែក​ខាងលើ​នៃ​ទន្លេមេគង្គ ដែល​នៅ​ប្រទេស​ចិន គេ​ហៅថា ទន្លេ​ឡាងឆា ចម្ងាយ​ប្រមាណ ​១៣០ ​គីឡូម៉ែត្រ​ពី​ស្ថានីយ​នេះ​។

លោក​ថ្លែងថា​៖ «​នេះ​ជា​ស្ថានីយ​តាមដាន​បែប​យុទ្ធសាស្ត្រ​មួយ​។ ​ប្រសិនបើ​មានការ​ប្រែប្រួល​ណាមួយ​ពី​ការបញ្ចេញ​ទឹក ការបិទច្រក​ទ្វារ​ ឬ​ភ្លៀង​ធ្លាក់​ភ្លាមៗ យើង​នឹង​ទទួលបាន​ដំណឹង​នេះ​​ភ្លាម​។ ជាមួយ​នឹង​សមត្ថភាព​កាន់តែ​ប្រសើរ យើង​អាច​ផ្តល់ព័ត៌មាន​ច្រើន​ទៅឱ្យ​ប្រទេស​ជា​សមាជិក និង​សហគមន៍​តាម​មូលដ្ឋាន​។ ប៉ុន្តែ​វា​ក៏​ទាមទារ​ឱ្យ​ប្រទេស​នីមួយៗ ចែករំលែក​ព័ត៌មាន​កាន់តែច្រើន​ពី​ប្រតិបត្តិការ​ទំនប់​ផងដែរ​»​។

ស្ថានីយ​សៀងកុក ជា​ស្ថានីយ​​មួយ​ក្នុងចំណោម​ស្ថានីយ​តាម​ដាន​ថ្មីៗ​ជាច្រើន ដែល​ការ​សាងសង់​ត្រូវបាន​ពន្យារពេល​ដោយសារ​ជំងឺ​កូវីដ​។ វា​ធ្វើឱ្យ​ការដឹក​ជញ្ជូន​សម្ភារ និង​គ្រឿងបន្លាស់​ចាំបាច់ មាន​ភាពយឺតយ៉ាវ​។

ទោះជា​យ៉ាងនេះ​ក្តី សព្វថ្ងៃនេះ ស្ថានីយ​បែបនេះ​ជាច្រើន​កំពុង​និង​ដំណើរការ​ថ្មី ព្រោះថា​ប្រទេស​​ជា​សមាជិក​ទាំង​ ៤​ រួមមាន កម្ពុជា ឡាវ ថៃ និង​វៀតណាម បាន​ជំរុញ​ឱ្យ​សមត្ថភាព​តាមដាន និង​​ព្យាករ​តាម​តំបន់​កាន់តែ​ប្រសើរ​។

MRC បញ្ជាក់ថា ជាយូរ​មកហើយ ជីវិត​តាម​ដង​ទន្លេមេគង្គ​ក្រោម ងាយ​រងគ្រោះ​ដោយសារ​រំហូរ​ទឹក មិន​ថា ដោយសារ​កត្តា​មនុស្ស ឬ​ធម្មជាតិ​នោះទេ​។ ភូមិ​ស្រុក​ជាច្រើន ត្រូវបាន​លិចលង់​ជា​បន្តបន្ទាប់ បង្កឱ្យមាន​ផលវិបាក​មហន្តរាយ​សម្រាប់​ក្រុមគ្រួសារ​ដែល​រស់នៅ​ទីនោះ​។

ចាប់ពី​ឆ្នាំ​ ២០០៨ ដល់​ឆ្នាំ​ ២០១២​ នៅ​ដំណាក់កាល​ទី​ ១​ នៃ​គម្រោង​ប្រព័ន្ធ​អង្កេត​តាមដាន​វដ្ត​ជលសាស្ត្រ​ (HYCOS) គេ​បាន​សាងសង់​ស្ថានីយ​ចំនួន​ ៤៩ តាម​ដង​ទន្លេមេគង្គ និង​ដៃទន្លេ​នេះ ដើម្បី​វាស់ស្ទង់​ជា​បន្តបន្ទាប់​ពី​កម្រិត​ទឹក និង​បរិមាណ​ភ្លៀង​ធ្លាក់​។

MRC បន្តថា ស្ថានីយ​ចំនួន​ ១២ ​ក្នុង​ ១ ​ប្រទេស ត្រូវបាន​ស្ថាបនា​នៅ​កម្ពុជា ឡាវ និង​វៀតណាម ១១​ នៅ​ថៃ និង ២ ​នៅ​ភាគខាងត្បូង​ប្រទេស​ចិន​ដែល​​ភាគច្រើន​ទន្លេ​ហូរ​កាត់​។ ទីភ្នាក់ងារ​អភិវឌ្ឍន៍​ប្រទេស​បារាំង​ (AFD) ​ជា​អ្នកផ្តល់​មូលនិធិ​។

ក្នុងចំណោម​ស្ថានីយ​ទាំង​ ៤៩ ​នេះ ស្ថានីយ​ចំនួន ៤៥ នៅ​ដំណើរការ​នៅឡើយ​។ ប៉ុន្តែ​គេ​ត្រូវការ​ស្ថានីយ​ច្រើន​បន្ថែមទៀត​។ តាមរយៈ​គម្រោង HYCOS ការពង្រីក និង​ការធ្វើ​បច្ចុប្បន្នភាព​ស្ថានីយ​នឹង​ទទួល​បាន​នូវ​ស្ថានីយ​សរុប​ចំនួន ៥៦ ​តាម​ដង​ទន្លេមេគង្គ​ក្នុងពេល​​ឆាប់ៗ​នេះ ជាមួយនឹង​ស្ថានីយ​ ១៣ ​បន្ថែមទៀត​លើ​ដៃទន្លេ​មេគង្គ ក្រោម​គម្រោង​គ្រប់គ្រង​គ្រោះរាំងស្ងួត​របស់​ជប៉ុន និង​ ២​ ទៀត​ក្រោម​គម្រោង​សាកល្បង​​តាមដាន​បរិស្ថាន​រួម​របស់​ MRC​។

ប្រភព​ដដែល​បន្តថា កន្លងមក​ក្នុងប្រទេស​កម្ពុជា MRC បាន​សាងសង់​បញ្ចប់​នូវ​ស្ថានីយ​ថ្មី​មួយ និង​ជួសជុល​កែលម្អ​ស្ថានីយ​មួយ​។ ឡាវ​បាន​កែលម្អ​ស្ថានីយ​ចំនួន​ ២ ​ដោយមាន​ការសាងសង់​នូវ​ស្ថានីយ​ថ្មី​​ចំនួន​ ២ រួមទាំង​ស្ថានីយ​សៀងកុក​។ ដោយសារ​ជំងឺ​កូវីដ​បាន​ធូរស្រាល ស្ថានីយ​ដែល​ទើបនឹង​សាងសង់​បញ្ចប់​ថ្មីៗ​នេះ ក៏​កំពុង​​ដំណើរការ​ដែរ​ក្នុងប្រទេស​ថៃ និង​វៀតណាម​។

លោក រ៉ូ វណ្ណៈ សហស្ថាបនិក​វិទ្យាស្ថាន​ប្រជាធិបតេយ្យ​-​កម្ពុជា​ថ្លែងប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី ៣ ខែមេសា​ថា ប្រទេស​ទាំងអស់​ដែល​អាស្រ័យ​លើ​ទន្លេមេគង្គ​នឹង​ទទួលបាន​ផលប្រយោជន៍ ប្រសិនបើ​ស្ថានីយ​នេះ​ប្រព្រឹត្ត​ទៅដោយ​តម្លាភាព គណនេយ្យភាព និង​ដោយមាន​ការចូលរួម​ពេញលេញ​ពី​ប្រទេស​ទាំងអស់នេះ ខណៈ​ប្រទេស​ចិន​គឺជា​ប្រភព​នៃ​ការហូរ​នៃ​ទឹកទន្លេ​មេគង្គ​។

លោក​ថ្លែងថា​៖ «​ថា​តើ​ប្រទេស​ចិន​មាន​សមានចិត្ត មាន​សុច្ឆន្ទៈ​នៅក្នុង​ការគិតគូរ​ពី​ផលប្រយោជន៍​របស់​បណ្តា​ប្រទេស​ដែល​ស្ថិតនៅក្រោម​ខ្សែទឹក​ទន្លេមេគង្គ​ដែរឬទេ ដោយសារ​តែ​ចិន​គាត់​បានធ្វើ​វារីអគ្គិសនី​ច្រើន​នៅក្នុង​ផ្ទៃ​ទន្លេមេគង្គ​ខាងលើ​ដែល​ឱ្យគេ​ហៅថា​មានការ​ប្រែប្រួល​ទៅលើ​ប្រព័ន្ធ​អេកូឡូស៊ី​ការប្រែប្រួល​កម្រិត​នៃ​ទឹកទន្លេ​មេគង្គ​។ អ៊ីចឹង​ចិន​គាត់​ជា​អ្នក​កាន់​ក្បាល​រ៉ូប៊ីណេ​»​។

លោក រ៉ូ វណ្ណៈ បាន​បន្តថា កម្ពុជា​នឹង​ទទួលបាន​ផលប្រយោជន៍​ច្រើន ប្រសិនបើ​ស្ថានីយ​​នេះ​ត្រូវបាន​បង្កើតឡើង​ហើយ​មាន​ប្រសិទ្ធភាព​ហើយ​វា​ជា​ចំណុច​ចាប់ផ្តើម​ល្អ​មួយ​សម្រាប់​ប្រទេស​ទាំងអស់​នៅតាម​ដង​ទន្លេមេគង្គ​៕