ភ្នំពេញៈ អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ (​អ.ប.ព​) បានចេញ​លិខិត​កោះហៅ​បុគ្គល​ ១ ​រូប​នៃ​សម្ព័ន្ធ​យុវជន​អាហារូបករណ៍ ស​ ២ ឱ្យចូល​បំភ្លឺ ពាក់ព័ន្ធ​ភាពមិនប្រក្រតី​ក្នុងការ​អនុវត្ត​តួនាទី​ភារកិច្ច និង​បាន​ព្រមាន​ប្រើ​កម្លាំង​សាធារណៈ​បង្ខំ​ឱ្យ​នាំខ្លួន​ក្នុង​ករណី​មិន​ចូល​តាម​ការកោះអញ្ជើញ​។

លោក ជា សំអាត អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ប្រតិបត្តិការ និង​ជា​មន្ត្រីនគរបាល​យុត្តិធម៌​នៃ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​កាលពី​ថ្ងៃទី​ ៣១ ខែមីនា ឆ្នាំ​ ២០២២ បានចេញ​លិខិត​កោះហៅ​ឈ្មោះ ហាក់ សុឃាង ភេទ​ប្រុស សញ្ជាតិ​​ខ្មែរ មុខរបរ​ជា​ជំនួយការ​ផ្ទាល់​ប្រធាន​ក្រុមប្រឹក្សាភិបាល (​ស-យអក) ទទួលបន្ទុក​ជា​ប្រធាន​សម្ព័ន្ធ​យុវជន​អាហារូបករណ៍ ស​ ២ ប្រចាំខេត្ត​ព្រះសីហនុ ឱ្យចូល​បំភ្លឺ​នៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​នៅ​ថ្ងៃទី​ ៦ ខែមេសា ឆ្នាំ ២០២២ វេលា​ម៉ោង ៨ ​ព្រឹក​។

ក្នុង​លិខិត​កោះហៅ ពុំបាន​បញ្ជាក់​ពី​មូលហេតុ​ច្បាស់លាស់​នោះទេ ប៉ុន្តែ​បានបញ្ជាក់​ការកោះហៅ​នេះ​ថា​៖ «​ដើម្បី​ឆ្លើយបំភ្លឺ​ពី​ដំណើររឿង ភាពមិន​ប្រក្រតី​ក្នុងការ​អនុវត្ត​តួនាទី​ភារកិច្ច​»​។

ក្នុង​លិខិត​កោះហៅ បានឱ្យដឹងថា អ.ប.ព ធ្លាប់​បានចេញ​លិខិត​កោះហៅ​ឈ្មោះ ហាក់ សុឃាង ឱ្យចូល​ខ្លួន​ឆ្លើយបំភ្លឺ​ម្តង​រួចហើយ កាលពី​ថ្ងៃទី​ ៩ ខែកុម្ភៈ ឆ្នាំ​ ២០២២ ប៉ុន្តែ​សាមីខ្លួន​បាន​ព្យាយាម​គេចវេះ​មិនបាន​ទទួល​លិខិត​កោះហៅ ដូច្នេះ (​អ.ប.ព​) ធ្វើ​ការចេញលិខិត​កោះហៅ​សាមីខ្លួន និង​ធ្វើការ​ជូនដំណឹង​អំពី​ការ​កោះហៅ​នេះ​ជា​សាធារណៈ​តាមរយៈ​ផេច​ហ្វេសប៊ុក​ផ្លូវការ (Page Facebook) និង​គេហទំព័រ​របស់ អ.ប.ព.។

ទន្ទឹមនឹង​ការកោះហៅ​នេះ អ.ប.ព បាន​ព្រមាន​ថា​៖ «​ក្នុងករណី ដែល​សាមីខ្លួន​មិន​ចូលខ្លួន​ឆ្លើយបំភ្លឺ តាម​កាលបរិច្ឆេទ ដែល​បានកំណត់​ខាងលើ​ទេ យើង​នឹង​ចេញ​លិខិត​បញ្ជា​ឱ្យចូល​ខ្លួន​ដែល​អនុញ្ញាត​ឱ្យ​មន្ត្រី​នគរបាល​យុត្តិធម៌​ប្រើប្រាស់​កម្លាំង​សាធារណៈ ដើម្បី​បង្ខំ​ឱ្យចូល​បង្ហាញខ្លួន​»​។

អ.ប.ព ក៏បាន​ប្រាប់​ឱ្យ​សាមី​ខ្លួន​ត្រូវ​មកឱ្យ​ទាន់ពេលវេលា ដោយ​ភ្ជាប់​មក​ជាមួយ​នូវ​ឯកសារ​បើ​មាន​។

ភ្នំពេញ​ប៉ុស្តិ៍​មិនទាន់​អាច​សុំ​ការអត្ថាធិប្បាយ​ពី​លោក ហាក់ សុឃាង បាន​នៅឡើយ​ទេ​គិត​ត្រឹម​ថ្ងៃទី​ ៣ ខែមេសា​នេះ​។ ចំណែក​អគ្គនាយករង​នៃ​សម្ព័ន្ធ​យុវជន​អាហារូបករណ៍ ស​ ២ ប្រចាំខេត្ត​ព្រះសីហនុ ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ដោយ​សុំ​មិន​បញ្ចេញ​ឈ្មោះថា លោក​មិនទាន់​ឃើញ​លិខិត​នេះ​នៅឡើយ​ទេ​។

លោក​ថា​៖ «​ខ្ញុំ​អត់​ទាន់​បានទទួល​លិខិត​នេះ​ទេ គ្រាន់តែ​ឮ​ល្ហិចល្ហៀង​ថា​មាន​បញ្ហា ហើយ​ខ្ញុំ​ក៏​អត់​ដឹងថា​រឿង​អី​ដែរ​»​។

នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា លោក ប៉ិច ពិសី បាន​សម្តែង​ការគាំទ្រ​ចំពោះ​ចំណាត់​ការ​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ ចំពោះ​នីតិវិធី​កោះហៅ​នេះ ជាពិសេស​ការ​កោះហៅ​អ្នកពាក់ព័ន្ធ​ ឬ​ជន​សង្ស័យ​ក្នុងការ​ស្រាយ​បំភ្លឺ ដោយ​ចាត់ទុកថា​ជា​នីតិវិធី​ស្របតាម​ច្បាប់​ជា​ធរមាន​។

លោក​ថា​៖ «​នេះ​ជា​ចំណាត់​ការ​មួយ​ល្អ​ហើយ​ជា​ដំណើរ​វិជ្ជមាន​មួយ​ទាក់ទង​ទៅនឹង​ការប្រយុទ្ធ​ប្រឆាំង​អំពើពុករលួយ​របស់​កម្ពុជា ជាការ​លើកទឹកចិត្ត​ដែល​យើង​ត្រូវអនុវត្ត​ច្បាប់​ឱ្យមាន​ប្រសិទ្ធភាព​ជាពិសេស​មាន​តម្រុយ​ផ្សេងៗ​ពាក់ព័ន្ធ​​បទល្មើស​គឺ​យើង​ត្រូវការ​ស៊ើប​អង្កេត​បន្ថែម ហើយ​បើ​មាន​ភ័ស្តុតាង​គ្រប់គ្រាន់​អាចដាក់​បន្ទុក​អ្នកពាក់ព័ន្ធ​»​។

លោក​ថ្លែងថា ការអនុវត្ត​ច្បាប់​ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់​នឹង​ធ្វើឱ្យ​អ្នកផ្សេង​រាងចាល មិន​ហ៊ាន​ប្រព្រឹត្ត​ពុករលួយ ដូច្នេះ​ជាការ​ចាំបាច់​ណាស់​ដែល​អាជ្ញាធរ​ពាក់ព័ន្ធ អនុវត្ត​ច្បាប់ និង​ចាត់វិធានការ​ប្រកប​ដោយ​តម្លាភាព និង​ប្រសិទ្ធភាព​។ លោក​ថា វា​ជា​ការចាំបាច់​ដែល​អ្នកពាក់ព័ន្ធ ឬ​អ្នក​ត្រូវបាន​កោះហៅ​យក​ឱកាស​នេះ​ក្នុង​ការចូលទៅ​ស្រាយ​បំភ្លឺ ឬ​មាន​ភ័ស្តុតាង​ផ្សេងៗ​ដែល​អាច​បញ្ជាក់​ខ្លួន​មិន​ពាក់ព័ន្ធ ព្រោះ​គាត់​មិនមែនជា​ជនល្មើស​នៅឡើយ​ទេ​។

អ.ប.ព បានឱ្យដឹងថា ការចេញ​លិខិត​កោះហៅ​នេះ ដោយ​យោង​មាត្រា​ ១១១ មាត្រា​ ១១២ និង​មាត្រា​បន្តបន្ទាប់​នៃ​ក្រមនីតិវិធី​ព្រហ្មទណ្ឌ និង​យោង​មាត្រា ២៥ មាត្រា​ ២៦ និង​មាត្រា​បន្តបន្ទាប់​នៃ​ច្បាប់​ស្ដីពី​ការប្រឆាំង​អំពើពុករលួយ​។

អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​កាលពី​ថ្ងៃទី​ ៣១ ខែមករា ឆ្នាំ​ ២០២២ បានប្រកាស​ពី​សកម្មភាព​ការងារ​មួយចំនួន​របស់ខ្លួន ដែល​សម្រេចបាន​ក្នុង​រយៈពេល​កន្លងមក​ក្នុង​អាណតិ្ត​ទី​ ៣ ដោយ​ក្នុងនោះ​សំណុំរឿង​ពុករលួយ​ប្រមាណ​ ៥០ ត្រូវបាន​ប្តឹង​មក​ស្ថាប័ន​នេះ​ឱ្យ​ចុះ​ធ្វើការ​ស្រាវជ្រាវ និង​ស៊ើបអង្កេត​ជា​បន្តបន្ទាប់​។

អង្គភាព​នេះ​ថា ចំពោះ​ពាក្យ​បណ្តឹង​ទាំង ​៥០ អង្គភាព​ប្រឆាំង​អំពើពុករលួយ​បាន​ចាត់ការ​លើ​ពាក្យ​ប្ដឹង​ចំនួន ២៧ ដោយបាន​ស្រាវជ្រាវ និង​បញ្ចប់​ហើយ​បាន​ឆ្លើយតប​ទៅ​ម្ចាស់​បណ្តឹង​រួចហើយ​៕