
ទីតាំងកន្លែងកើតហេតុនៅខេត្តកំពង់ស្ពឺ។ រូបថត ហ្វេសប៊ុក
កំពង់ស្ពឺៈ ស្ត្រីញៀនស្រាស្រវឹងខួបម្នាក់សង្ស័យដុតផ្ទះខ្លួនឯងបណ្តាលឱ្យស្លាប់នៅក្នុងភ្នក់ភ្លើង កាលពីព្រឹកថ្ងៃទី ១ មេសា ស្ថិតក្នុងភូមិប៉ាងណា ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ នេះបើតាមមន្ត្រីនគរបាលប៉ុស្តិ៍ឃុំជង្រុក។
លោក សំ ហេង នាយនគរបាលប៉ុស្តិ៍ឃុំជង្រុក ឱ្យដឹងនៅថ្ងៃទី ៣ មេសា ថា ជនរងគ្រោះឈ្មោះ ហែម ពេជ្រចិន្តា អាយុ ៥៦ ឆ្នាំ ជាស្ត្រីមេម៉ាយ រស់នៅជាមួយកូនប្រុសម្នាក់អាយុ ៣០ ឆ្នាំ ក្នុងភូមិប៉ាងណា ឃុំ ជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ ស្ត្រីរងគ្រោះជាមនុស្សញៀនស្រាស្រវឹងខួបហើយបានដុតសម្លាប់ខ្លួនឯងនៅក្នុងផ្ទះរបស់គាត់កាលពីថ្ងៃទី ១ មេសា។ ការស្លាប់របស់ស្ត្រីរងគ្រោះសមត្ថកិច្ចជំនាញរកមិនឃើញតម្រុយណាមួយបញ្ជាក់ថា ការស្លាប់របស់ស្ត្រីរងគ្រោះជាអំពើមនុស្សឃាតឡើយ។ ពីព្រោះសាកសពគ្មានស្លាកស្នាម ឬសញ្ញាណាមួយដែលអាចសង្ស័យថាមានអ្នកផ្សេងមកធ្វើឃាតជនរងគ្រោះទេ។
លោកប្រាប់ថា៖ «រឿងនេះមិនមែនជាអំពើឃាតកម្ម ហើយក៏គ្មាននរណាម្នាក់មកសម្លាប់គាត់ដែរគឺគាត់ដុតសម្លាប់ខ្លួនឯង។ គាត់ផឹកស្រាក្លាយទៅជាមនុស្សសរសៃប្រសាទទៅហើយ»។
លោក ថោង ផាត មេឃុំជង្រុកបានរៀបរាប់ប្រាប់តាមសាច់ញាតិរបស់ស្ត្រីរងគ្រោះថា ស្ត្រីឈ្មោះ ហែម ពេជ្រចិន្តា មានប្តី តែប្តីរបស់គាត់បានស្លាប់ប៉ុន្មានឆ្នាំមកហើយដោយសារជំងឺ។ ស្ត្រីរងគ្រោះមានកូនប្រុសម្នាក់អាយុ ៣០ ឆ្នាំ។ ពួកគេរស់នៅក្នុងផ្ទះតៀមផ្ទាល់ដីសង់ពីឈើប្រក់ស័ង្កសីទំហំ ៤ ម៉ែត្រគុណនឹង ៦ ម៉ែត្រហើយម្តាយ កូនប្រុសសុទ្ធតែជាមនុស្សផឹកស្រារហូតញៀនស្រាស្ទើរតែក្លាយជាមនុស្សសរសៃប្រសាទទៅហើយ។ ស្ត្រីរងគ្រោះប៉ងសម្លាប់ខ្លួន ២ ដងមកហើយ ប៉ុន្តែត្រូវបានសាច់ញាតិ និងអ្នកភូមិរស់នៅក្បែរខាងបានជួយទាន់ពេលវេលា។
មុនកើតហេតុវេលាម៉ោងជាង ៦ ព្រឹក ថ្ងៃទី ១ មេសា ឆ្នាំ ២០២២ កូនប្រុសរបស់ស្ត្រីរងគ្រោះបានទិញគុយទាវឱ្យម្តាយហូប បន្ទាប់មកស្ត្រីរងគ្រោះបានដេញកូនចេញមិនឱ្យនៅក្នុងផ្ទះទេ។ មួយសន្ទុះក្រោយមកស្រាប់តែគេឃើញអណ្តាតភ្លើងឆេះចេញពីផ្ទះ ហើយអ្នកភូមិបាននាំគ្នាដងទឹកជះតែដោយអំណាចភ្លើងខ្លាំងពេកផ្ទះក៏ឆេះអស់ទៅ។
លោកប្រាប់ថា៖ «បើតាមកូនប្រុសរបស់គាត់និយាយប្រាប់យើងថា ម្តាយរបស់គេបានប្រមូលសម្លៀកបំពាក់មុងភួយ និងយកភ្លើងដុត។ កូនគាត់ឃាត់ម្តាយដែរតែត្រូវបានម្តាយដេញចេញពីផ្ទះ និងចាក់គន្លឹះទ្វារពីខាងក្នុង។ អ៊ីចឹងសង្ស័យថា គាត់ដុតមុងភួយសម្លៀកបំពាក់នោះហើយទើបបានជាឆេះស្លាប់ខ្លួនឯងហ្នឹង»។
បើតាមលោក ថោង ផាត បន្ទាប់ពីផ្ទះត្រូវភ្លើងឆេះអស់ហើយនោះ ប្រជាពលរដ្ឋបាននាំគ្នាទៅមើលសាកសពឃើញមានឆេះផ្នែកខ្លះនៅលើដងខ្លួន និងផ្នែកខ្លះនៅសល់ហើយអ្នកភូមិបានសម្រេចយកសសរផ្ទះដែលឆេះមិនទាន់អស់យកទៅគរលើសាកសពហើយដុតរំលាយសាកសពរហូតឆេះអស់រើសយកធាតុប្រគល់ឱ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីទៅ។ ស្ត្រីរងគ្រោះមានជីវភាពក្រីក្រហើយជាស្ត្រីមេម៉ាយផងនោះទើបលោកអភិបាលខេត្តកំពង់ស្ពឺ ចាត់ឱ្យកម្លាំងអាជ្ញាធរស្រុកគងពិសីរៀបចំជាអំណោយខ្លះ ដើម្បីចូលរួមបុណ្យសពជាការជួយសម្រាលបន្ទុកដល់បងប្អូនខ្វះខាត៕