ភ្នំពេញៈ តាម​របាយការណ៍​ពី​គណៈកម្ម​ការឃុំ សង្កាត់​រៀបចំ​ការបោះឆ្នោត គិត​ត្រឹម​ថ្ងៃទី​ ៣ ខែមេសា ឆ្នាំ​ ២០២២ មាន​គណបក្ស​នយោបាយ​ចំនួន​ ១៧ បានដាក់​ពាក្យស្នើសុំ​ចុះឈ្មោះ ភ្នាក់ងារ​សង្កេតការណ៍ ដើម្បី​សង្កេតមើល​ពី​ដំណើរការ​បោះឆ្នោត និង​ការរាប់​សន្លឹកឆ្នោត​សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី​ ៥ ឆ្នាំ​ ២០២២ សរុប​មាន​ចំនួន ៧៨ ៤៥៧ ​នាក់ ក្នុងនោះ​ស្ត្រី​មាន​ចំនួន​ ២២ ៥៩៦ ​នាក់​។

តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គជប​) នៅ​ថ្ងៃទី​ ៤ ខែមេសា បានឱ្យដឹងថា ភ្នាក់ងារ​គណបក្ស​នយោបាយ ដែល​ត្រូវបាន​អនុញ្ញាត​មាន​ចំនួន ១៧ រួមមាន គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​ភ្លើងទៀន គណបក្ស​ហ៊្វុនស៊ិនប៉ិច គណបក្ស​ខ្មែរ​រួបរួម​ជាតិ គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ គណបក្ស​សញ្ជាតិ​កម្ពុជា គណបក្ស​យុវជន​កម្ពុជា គណបក្ស​ឆន្ទៈ​ខ្មែរ គណបក្ស​កែទម្រង់​កម្ពុជា គណបក្ស​កម្ពុជា​និយម គណបក្ស​ខ្មែរ​តែមួយ គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ គណបក្ស​ជនជាតិដើម​ប្រជាធិបតេយ្យ​កម្ពុជា គណបក្ស​ឯកភាព​ជាតិ​​ខ្មែរ គណបក្ស​រស្មី​ខេមរា និង​គណបក្ស​ខ្មែរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​។

សេចក្តី​ប្រកាស​ព័ត៌មាន​នេះ បន្តថា យោង​តាម​ច្បាប់​ស្ដីពី​ការបោះឆ្នោត ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ គណបក្ស​នយោបាយ​ដែលមាន​បញ្ជី​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ ត្រូវដាក់​ពាក្យសុំ​ចុះឈ្មោះ​ភ្នាក់ងារ​របស់ខ្លួន​ទៅ​គណៈកម្មការឃុំ សង្កាត់​រៀបចំ​ការបោះឆ្នោត ក្នុង​រយៈពេល​យ៉ាងយូរ ៧ ​ថ្ងៃ បន្ទាប់ពី​កាលបរិច្ឆេទ​នៃ​ការបិទ​ផ្សាយ​បញ្ជី​បេក្ខជន​ផ្លូវការ​។

គ.ជ.ប បញ្ជាក់ថា សមាជិក​ក្រុមប្រឹក្សា​ឃុំ សង្កាត់​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត​មេភូមិ ជំនួយការ​មេភូមិ ប្រជា​ការពារ​ភូមិ និង​កម្លាំង​ប្រដាប់​អាវុធ មិនត្រូវ​បានអនុញ្ញាត​ឱ្យធ្វើជា​ភ្នាក់ងារ​គណបក្ស​នយោបាយ សង្កេតមើល​ដំណើរការ​បោះឆ្នោត និង​ការរាប់​សន្លឹកឆ្នោត​ឡើយ​។

បើតាម គ.ជ.ប ភ្នាក់ងារ​គណបក្ស​នយោបាយ ដែល​ចូលរួម​សង្កេតមើល​ដំណើរការ​បោះឆ្នោត ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ សង្កាត់​ត្រូវគោរព​ច្បាប់ បទបញ្ជា​ដែល​ពាក់ព័ន្ធ​ជា​ធរមាន និង​ប្រកាន់ខ្ជាប់​នូវ​ក្រមសីលធម៌ សម្រាប់​គណបក្ស​នយោបាយ បេក្ខជន និង​ភ្នាក់ងារ​គណបក្ស​នយោបាយ​ក្នុង​ដំណើរការ​បោះឆ្នោត​។

លោក​ ឡឹក សុធារ អ្នកនាំពាក្យ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ៤ ខែមេសា​ថា គណបក្ស​បានដាក់​អ្នកសង្កេតការណ៍​របស់​ខ្លួន នៅតាម​ឃុំ សង្កាត់​ដែល​ខ្លួន​បាន​ឈរឈ្មោះ​សម្រាប់​ការបោះឆ្នោត ដើម្បី​ឃ្លាំមើល​ដំណើរការ​បោះឆ្នោត និង​រាប់​សន្លឹកឆ្នោត ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​ ៥ ខែមិថុនា ឆ្នាំ​ ២០២២​។

ប៉ុន្តែ​អ្វីដែល​គួរឱ្យ​កត់សម្គាល់ គឺ​តំណាង​គណបក្សនយោបាយ​បានដាក់​អ្នក​សង្កេតការណ៍​មាន​ចំនួន​ច្រើនជាង​អង្គការ​សង្គម​ស៊ីវិល​។

ទោះជា​យ៉ាងណា លោក មិនទាន់​ហ៊ាន​វាយតម្លៃ​យ៉ាងណា​នៅឡើយ​ទេ ចំពោះ​ភ្នាក់ងារ​គណបក្ស​នយោបាយ ដើម្បី​សង្កេតមើល​ដំណើរការ​បោះឆ្នោត​នេះ​។ មួយវិញទៀត ការមិន​មាន​អង្គការ​សង្គម​ស៊ីវិល​ចូលរួម​សង្កេតការណ៍​ច្រើន អាចពាក់ព័ន្ធ​នឹង​ថវិកា ក្នុង​ការចំណាយ​លើ​ការធ្វើ​កិច្ចការ​ការងារ​នេះ​។ លោក​ថ្លែងថា​៖ «​តំណាង​គណបក្សនយោបាយ គឺជា​តំណាង​ស្របច្បាប់​ដែល​អាចដាក់​បណ្តឹង​បន្ទាប់ពី​ឃើញ​ព្រឹត្តិការណ៍​មិន​ប្រក្រតី​ណាមួយ​កើតឡើង នៅក្នុង​អំឡុងពេល​បោះឆ្នោត​ និង​រាប់​សន្លឹកឆ្នោត​» ។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះដែរ លោក ខឺយ ស៊ីនឿន អនុប្រធាន​គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា យោងតាម​ច្បាប់ និង​នីតិវិធី​នៃ​ការបោះឆ្នោត គណបក្ស​ដែល​បាន​ចុះបញ្ជី​គណបក្ស​នយោបាយ​មាន​សិទ្ធិ​ដាក់​ភ្នាក់ងារ​ឃ្លាំង​មើល​ ឬ​សង្កេតការណ៍​នៅក្នុង​ឃុំ​-​សង្កាត់​ណា​ដែល​ខ្លួន​មាន​បេក្ខជន​ចូលរួម​បោះឆ្នោត​។ ដោយឡែក​ឃុំ​ណា ដែល​អត់​បានដាក់​បេក្ខជន​គឺ​មិន​អាចដាក់​ភ្នាក់ងារ​សង្កេតការណ៍​បាន​នោះទេ

លោក​ថ្លែងថា​៖ «​មកទល់ពេលនេះ គណបក្ស​នៅតែ​បន្ត​ដាក់ (​ចប់​ត្រឹម​ថ្ងៃទី​ ៥ ខែមេសា ) ព្រោះ​នៅមាន​ឃុំ សង្កាត់​មួយចំនួន​មាន​ការប្តឹងតវ៉ា​យើង​បានទទួល​បេក្ខជន​ឃុំ សង្កាត់​មកវិញ​ក្រោយ​ប្តឹងតវ៉ា​ទៅ​គណៈកម្មការឃុំ សង្កាត់​រៀបចំ​ការបោះឆ្នោត យើង​នឹង​បន្ត​ដាក់​ភ្នាក់ងារ​បន្តទៀត​»​។

លោក សំ សុគន្ធាមី ប្រធាន​អង្គការ​ឃ្លាំមើល​ការបោះឆ្នោត​និកហ្វិច ថ្លែងថា អង្គការ​របស់​លោក​ក៏មាន​គម្រោង​ចូលរួម​សង្កេតការណ៍​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​សង្កាត់​ខាង​មុខនេះ​ដែរ ប៉ុន្តែ​ប្រហែល​ដាក់​អ្នក​សង្កេតការណ៍​មិនបាន​ច្រើន​នោះទេ​ព្រោះ​មិនមាន​ថវិកា​គ្រប់គ្រាន់​។ ទោះជា​យ៉ាងណា​សម្រាប់​ការបោះឆ្នោត​នេះ លោក​ក៏​កំពុង​ចុះ​តាម​បណ្តា​ខេត្ត​គោលដៅ ដើម្បី​រៀបចំ​ដាក់​ភ្នាក់ងារ​អ្នក​សង្កេតការណ៍​។ លោក​ថ្លែង ថា​៖ «​យើង​ដាក់​បាន​តិច​ដែរ​ទេ ដោយសារតែ​ថវិកា​មាន​កំណត់ អត់​មាន​លុយ​បើក​ឱ្យ​ភ្នាក់ងារ​។ នេះ គឺជា​បញ្ហា​។ តែ​យ៉ាងណា យើង​ដាក់​តាម​លទ្ធភាព និង​តាម​អ្នកស្ម័គ្រចិត្ត​របស់​យើង គេ​ចំណាយ​លុយ​ខ្លួនគេ​»៕