The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - គជប សម្រេច​លុបឈ្មោះ​បេក្ខជន​បក្ស​ភ្លើងទៀន​ចេញពី​បញ្ជី​បោះឆ្នោត​ឃុំ-សង្កាត់ ចំនួន​ ៨៦ ​រូប

គជប សម្រេច​លុបឈ្មោះ​បេក្ខជន​បក្ស​ភ្លើងទៀន​ចេញពី​បញ្ជី​បោះឆ្នោត​ឃុំ-សង្កាត់ ចំនួន​ ៨៦ ​រូប

Content image - Phnom Penh Post
លោក ប្រាជ្ញ ចន្ទ ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​។ រូបថត គជប

គជប សម្រេច​លុបឈ្មោះ​បេក្ខជន​បក្ស​ភ្លើងទៀន​ចេញពី​បញ្ជី​បោះឆ្នោត​ឃុំ-សង្កាត់ ចំនួន​ ៨៦ ​រូប

ភ្នំពេញៈ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ.ជ.ប​) បានសម្រេច​លុបឈ្មោះ​បេក្ខជន​គណបក្ស​ភ្លើងទៀន ចេញពី​បញ្ជី​ឈរឈ្មោះ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់​អាណត្តិ​ទី​ ៥ ឆ្នាំ​ ២០២២ ចំនួន ៨៦ ​រូប ដោយ​ក្នុងនោះ បេក្ខជន​មិន​គ្រប់​លក្ខខណ្ឌ មាន​ចំនួន ៣៣ ​រូប និង​បេក្ខជន ដែល​មិនបាន​ដឹងខ្លួន​មាន​ឈ្មោះ​នៅក្នុង​បញ្ជី​បេក្ខជន ចំនួន​ ៥៣ ​រូប​។

គណបក្ស​ភ្លើងទៀន​បាន​សម្តែង​ការសោកស្តាយ និង​បាន​ចាត់ទុក​ថា ​«​ជា​រឿង​អយុត្តិធម៌​» ​ចំពោះ​ការ​លុបឈ្មោះ​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត​នេះ​។

លោក សោម សូរីដា អ្នកនាំពាក្យ គ.ជ.ប ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី ​៤ ខែមេសា​ថា បណ្តឹង​ពាក់ព័ន្ធ​នឹង​គណបក្ស​ភ្លើងទៀន មាន​ ២​ ករណី​សំខាន់ៗ គឺ​ទី​ ១ ករណី​បេក្ខជន​មិន​គ្រប់​លក្ខខណ្ឌ​តាមច្បាប់​តម្រូវ​ត្រូវបាន គ.ជ.ប លុប​ចេញពី​បញ្ជី​បេក្ខជន​ឈរឈ្មោះ​មាន​ចំនួន ៣៣ ​រូប និង​មួយទៀត បេក្ខជន​ដែល​មិនបាន​ដឹងខ្លួន​ត្រូវបាន​គេ​ដាក់ឱ្យ​ឈរឈ្មោះ​ជា​បេក្ខជន​មាន​រហូត​ទៅ ៦២ ​បណ្តឹង ដោយ​ក្នុងនោះ បេក្ខជន​ ៥៣ ​រូប​ត្រូវបាន​សម្រេច​លុបចេញ​ពី​បញ្ជី​។ លោក​បន្តថា ពាក់ព័ន្ធ​នឹង​បេក្ខជន​មិនបាន​ឈរឈ្មោះ​ជា​បេក្ខជន​នេះ គឺ គ.ជ.ប មាន​ឯកសារ​គ្រប់គ្រាន់ និង​ផ្អែកលើ​ប្រវត្តិរូប និង​សេចក្តីប្រកាស​ជា​បេក្ខជន​គឺ​បេក្ខជន​មិនបាន​បំពេញ និង​ផ្តិតមេដៃ និង​ចុះហត្ថលេខា​លើ​ប្រវត្តិរូប​របស់ខ្លួន​នោះដែរ​។

លោក​ថ្លែងថា​៖ «​ចំពោះ​ការបដិសេធ​ចុះបញ្ជី​បេក្ខជន​គណបក្ស​ភ្លើងទៀន​កន្លងមកនេះ យើង​ពិនិត្យ​ទៅលើ​អង្គហេតុ គណបក្ស​ភ្លើងទៀន​នេះ​បានជ្រើសរើស​ប្រជាពលរដ្ឋ ដែល​មិនចេះ អាន និង​មិនចេះ​សរសេរ​អក្សរ​ខ្មែរ យកមក​ធ្វើជា​បេក្ខជន​។ មួយទៀត ជីវប្រវត្តិ​ និង​សេចក្តីប្រកាស​របស់​បេក្ខជន ត្រូវបាន​បំពេញ​ជំនួស​ដោយ​តំណាង​គណបក្ស​ភ្លើងទៀន​»​។

បើតាម​លោក​ សោម សូរីដា គណបក្ស​ភ្លើងទៀន​បាន​ចុះបញ្ជី​បេក្ខជន​គណបក្ស​នយោបាយ​នៅក្នុង​ឃុំ សង្កាត់​ចំនួន ១ ៦៤៩​ឃុំ-​សង្កាត់ ដោយ​ក្នុងនោះ គ.ជ.ប បដិសេធ​ការចុះបញ្ជី ចំនួន ៦ ​ឃុំ សង្កាត់ និង​បដិសេធ​បញ្ជី​បេក្ខជន​ចំនួន ៥ ​ឃុំ សង្កាត់ ពោលគឺ គណបក្ស​នេះ​បាត់អស់ ១១ ​ឃុំ សង្កាត់ នៅសល់ ១ ៦៣៨ ឃុំ សង្កាត់ លើ ១ ៦៥២ ​ឃុំ សង្កាត់​នៅ​ទូទាំងប្រទេស​។

លោក សុន ឆ័យ អនុប្រធាន​គណបក្ស​ភ្លើងទៀន​ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌មាន នៅ​ថ្ងៃទី​ ៤ ខែមេសា​ថា គណបក្ស​ភ្លើងទៀន សោកស្តាយ​យ៉ាងខ្លាំង ចំពោះ គ.ជ.ប ដែល​បានសម្រេច​សេចក្តី​ដោយ​អយុត្តិធម៌​ក្នុង​ការលុប​បញ្ជី​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត​ឃុំ​-​សង្កាត់​របស់​គណបក្ស​ភ្លើងទៀន​មួយ​ចំនួន​មិនឱ្យ​ចូលរួម​ប្រកួត​ក្នុង​ការបោះឆ្នោត​។ គ.ជ.ប បានសម្រេច​លុប​បញ្ជី​បេក្ខជន​ឈរឈ្មោះ​របស់​គណបក្ស​ភ្លើងទៀន​ចំនួន ១១ ​ឃុំ​-​សង្កាត់ រួមមាន ភ្នំពេញ មាន​ ៨ ​សង្កាត់​ (​សង្កាត់​ទួលស្វាយព្រៃ​១ សង្កាត់​មនោរម្យ សង្កាត់​ផ្សារ​ដើមគ សង្កាត់​ព្រែកលៀប សង្កាត់​ក្បាលកោះ សង្កាត់​អូរប្ញស្សី​ទី​ ១ សង្កាត់​អូរប្ញស្សី​ ២ សង្កាត់​ផ្សារ​ដេប៉ូ​ទី​ ១)​។ ខេត្ត​កំពង់ចាម មាន​ ២​ សង្កាត់ ​(​សង្កាត់​កំពង់ចាម សង្កាត់​បឹងកុក​)​។ ខេត្ត​ពោធិ៍សាត់​មាន​ចំនួន​ ១​ ឃុំ​ (​ឃុំ​កណ្ដៀង​)​។

លោក​ថ្លែងថា​៖ «​ការសម្រេច​លុប​បញ្ជី​បេក្ខជន​គណបក្ស​ភ្លើងទៀន ដែល​គណៈកម្មការ​រៀបចំ​ការបោះឆ្នោត​ឃុំ-​សង្កាត់ បានទទួល​ស្គាល់​រួចហើយ ​ដោយ​ជឿ​លើ​តែ​ការអះអាង​របស់​អ្នក​ប្ដឹង​នៃ​បេក្ខជន​ម្នាក់ ឬ​ ២​ នាក់​ដែល​ព្យាយាម​សុំ​លាឈប់​មុននឹង​ការបិទផ្សាយ​បញ្ជី​បេក្ខជន​ផ្លូវការ ធ្វើឱ្យ​ប៉ះពាល់​ដល់​សិទ្ធិ​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត​ជាច្រើន​ផ្សេងទៀត ដែល​មាន​ឈ្មោះ និង​លក្ខខណ្ឌ​ត្រឹមត្រូវ​ក្នុង​បញ្ជី​បេក្ខជន​ឈរឈ្មោះ​រួចហើយ ដែលជា​ការបង្ហាញ​ឱ្យ​ឃើញ​ថា គជប ខ្វះ​សុភ​វិនិច្ឆ័យ និង​មាន​ចេតនា​បំបិទ​សិទ្ធិ និង​រារាំង​គណបក្ស​នយោបាយ​ក្នុង​ការចូលរួម​ប្រកួតប្រជែង​ការបោះឆ្នោត ស្រប​តាម​គោលការណ៍ ប្រជាធិបតេយ្យ សេរីពហុបក្ស និង​ការជ្រើសរើស​ឡើង​តាម​ប្រព័ន្ធ​បោះឆ្នោត​សមាមាត្រ​»​។

គណបក្ស​ភ្លើងទៀន​បាន អំពាវនាវ​​ដល់ គ.ជ.ប សូម​ប្រកាន់​ជំហរ និង អនុវត្ត​នូវ​តួនាទី​របស់​ខ្លួន​ឱ្យបាន​ខ្ជាប់ខ្ជួន ដូច​មានចែង​ក្នុង​មាត្រា​ ៣ នៃ​ច្បាប់​ស្តីពី​ការរៀបចំ និង​ការប្រព្រឹត្តទៅ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត និង​សូម​ស្នើ​ដោយ​ទទូច​ដល់ គជប ពិនិត្យ និង​ពិចារណា​ឡើងវិញ​ក្នុង​ការផ្ដល់ឱកាស​ដល់​គណបក្ស​ភ្លើងទៀន ទាំង ១១​ ឃុំ​-​សង្កាត់ ដែល គ.ជ.ប បានសម្រេច​លុប​បញ្ជី​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត​ឱ្យបាន​ចូលរួម​ប្រកួតប្រជែង​ក្នុង​ការបោះឆ្នោត ដោយ​រក្សាទុក​បញ្ជី​បេក្ខជន​ឈរឈ្មោះ​គណបក្ស​ភ្លើងទៀន​។

ប៉ុន្តែ​លោក​ សោម សូរីដា បញ្ជាក់ថា ការលើកឡើង​របស់​គណបក្ស​ភ្លើងទៀន គឺជា​ការមិន​ទទួល​ខុសត្រូវ​ទៅលើ​ទង្វើ​របស់ខ្លួន​ក្នុង​ការរៀបចំ​បញ្ជី​បេក្ខជន គណបក្សនយោបាយ​ឈរ​ឈ្មោះ​បោះឆ្នោត​។ គ.ជ.ប មាន​យន្តការ និង​ពិនិត្យ​ដោះស្រាយ​បណ្តឹង​ច្បាស់លាស់​តាមរយៈ​ការចុះ​ស្រាវជ្រាវ និង​ស៊ើបអង្កេត នៅតាម​ទីតាំង​ដែល​កើតហេតុ​។ ដូច្នេះ​រាល់​ការសម្រេច​របស់ គ.ជ.ប ផ្អែកទៅលើ​ភ័ស្តុតាង និង​ឯកសារ​បញ្ជាក់​ច្បាស់លាស់ និង​បិទផ្លូវ​តវ៉ា​ពោលគឺ​មិនអាច​ធ្វើតាម​ការស្នើសុំ​របស់​គណបក្ស​ភ្លើងទៀន​បានទេ​។

លោក​ថ្លែងថា​៖ «​ស្ថាប័ន គជប ប្រកាន់​ជំហរ​ឯករាជ្យ អព្យាក្រឹត គឺ​មិន​យក​ផលប្រយោជន៍​នយោបាយ ឬក៏​មិន​យក​អារម្មណ៍​នយោបាយ​គាំទ្រ​គណបក្ស​ណា​មក​ធ្វើ​ជាហេតុ​ដើម្បី​ជា​ការចេញ​សេចក្តីសម្រេច​ទៅលើ​ការ​ដោះស្រាយ​បណ្តឹង​របស់ខ្លួន​ទេ គជប គឺជា​ស្ថាប័ន​អនុវត្ត​ច្បាប់ អត់​មាន​ធ្វើ​អ្វី​ខុស​ក្រៅពី​ច្បាប់​ទេ​»​។

យោងតាម​របាយការណ៍​របស់ គ.ជ.ប បង្ហាញថា ការដាក់​ការទទួល និង​ការដោះស្រាយ​ពាក្យបណ្តឹង​ក្នុង​ដំណាក់កាល​ចុះបញ្ជី​បេក្ខជន​នៃ​គណបក្ស​នយោបាយ ឈរឈ្មោះ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​សង្កាត់ អាណត្តិ​ទី​ ៥ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​ ៥ ខែមិថុនា ឆ្នាំ​ ២០២២ មាន​បណ្តឹង​សរុប​ចំនួន ១៤៧ ​បណ្តឹង​ក្នុង​ចំណោម​ពាក្យបណ្តឹង​ទាំង​ ១៤៧ នោះ គ.ជ.ប បាន​លុប​បញ្ជី​បេក្ខជន​របស់​គណបក្ស​នយោបាយ​ចំនួន ៧ ​បណ្តឹង ស្មើនឹង ៣ គណបក្ស គឺ​គណបក្ស​ភ្លើងទៀន គណបក្ស​សំបុក​ឃ្មុំ សង្គម​ប្រជាធិបតេយ្យ និង​គណបក្ស​ឆន្ទៈ​ខ្មែរ​សរុប​ចំនួន ១១៥ ​រូប​៕

វីដេអូ៖

អត្ថបទគួរចាប់អារម្មណ៍